វេទិកាថ្នាក់តំបន់រយៈពេលពីរថ្ងៃដែលពិភាក្សាអំពីទំនប់វារីអគ្គិសនីថ្មីរបស់ឡាវ ឈ្មោះ ប៉ាក់ បេង (Pak Beng) បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការលើកឡើងពីការព្រួយបារម្ភមួយចំនួនអំពីទំនប់វារីអគ្គិសនីថ្មីនេះ។
ទោះជាយ៉ាងណា មន្ត្រីឡាវនិយាយថាបញ្ហាទាំងនោះ ត្រូវបានដោះស្រាយរួចហើយនិងថាភាគីឡាវនឹងបន្តដំណើរការស្ថាបនាទំនប់នេះ។
វេទិកាពិភាក្សាថ្នាក់តំបន់ក្នុងទីក្រុងហ្លួងព្រះបាង(Luang Prabang) ប្រទេសឡាវ បានអនុញ្ញាតឲ្យភាគីពាក់ព័ន្ធ ក្នុងនោះមានសង្គមស៊ីវិលដែលធ្វើការលើបរិស្ថាននិងអ្នកស្រាវជ្រាវ ចែករំលែកការព្រួយបារម្ភនិងផ្ដល់មតិយោបល់លើការស្នើសុំសាងសង់ទំនប់វារីអគ្គិសនីថ្មីនេះ។
លោក ហុក ម៉េងហ៊ាន់ អ្នកគ្រប់គ្រងកម្មវិធីបរិស្ថាននៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGO Forum on Cambodia) ដែលបានចូលរួមវេទិកានេះ មានប្រសាសន៍ថារហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍សិក្សាស៊ីជម្រៅលើទំនប់វារីអគ្គិសនី ប៉ាក់ បេង នៅឡើយទេ។
លោកបន្តថានៅក្នុងវេទិកានេះ គណៈកម្មការទន្លេមេគង្គ គ្រាន់តែបានបង្ហាញពីឯកសារពាក់ព័ន្ធនិងនីតិវិធីសម្រាប់ការជូនដំណឹង ការពិគ្រោះយោបល់ជាមុនដែលហៅថា(PNPCA)ប៉ុណ្ណោះ។
លោកបន្តថាចំពោះទំនប់ ប៉ាក់ បេង លោកចង់ឲ្យមានការសិក្សាភ្ជាប់ជាមួយការសិក្សាទំនប់ផ្សេងៗទៀតនិងការសិក្សាថាតើនឹងអាចបាត់បង់ពូជត្រីដែរឬទេ។
លោកមានប្រសាសន៍ថា៖
«មិនអាចសិក្សាតែ ប៉ាក់ បេង មួយទេ ព្រោះកាលណាគម្រោង ប៉ាក់ បេងមួយ ផលប៉ះពាល់វា វាអាចភ្ជាប់ទៅនឹងគម្រោងដន សាហុង និងគម្រោងសាយ៉ាប៊ូរី ហើយនិងទាក់ទងទៅនឹងលំហូរទឹកទៅស្រុកខ្មែរ។ ជាពិសេសពូជត្រីមួយចំនួនដែលវាត្រូវការធ្វើបម្លាស់ទីពីបឹងទន្លេសាបមកតំបន់ដងទន្លេមេគង្គនៅខាងលើហ្នឹង។ អញ្ចឹងសួរថានីតិវិធីហ្នឹងធានាបានទេថាពូជត្រីមួយចំនួនមិនត្រូវបានបាត់បង់។ អញ្ចឹងអាហ្នឹងនៅតែជាសំណួរនៅឡើយទេ»។
ទំនប់វារីអគ្គិសនី ប៉ាក់ បេង ដែលផ្ដល់ថាមពលក្នុងបរិមាណ៩១២មេហ្គាវ៉ាត់និងមានតម្លៃប្រមាណ ២៣៧២ លានដុល្លារអាមេរិក ស្ថិតនៅចម្ងាយប្រហែល ១៥៤០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា~ឡាវ។ បើយោងទៅតាមគម្រោងស្ថាបនាទំនប់នេះ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។
តំណាងសង្គមស៊ីវិលវៀតណាមឈ្មោះថាបណ្ដាញទន្លេវៀតណាម(Vietnam Rivers Networ) ដែលមានសមាជិកចូលរួមក្នុងវេទិកានោះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយលើកឡើងថាដំណើរការPNPCA ត្រូវបានអនុវត្តទៅតាមទំនប់វារីអគ្គិសនីមួយៗ ហើយមិនអនុញ្ញាតឲ្យមានការវាយតម្លៃទាំងស្រុងទៅលើឥទ្ធិពលដែលបង្កដោយសារទំនប់ទាំងអស់នោះទេ។
សង្គមស៊ីវិលវៀតណាមបារម្ភថាដំណើរការPNPCAលើទំនប់វារីអគ្គិសនី ប៉ាក់ បេងនេះ នឹងដូចគ្នាទៅនឹងទំនប់ពីររបស់ឡាវពីមុន ដែលមិនបានដោះស្រាយបញ្ហាព្រួយបារម្ភពីភាគីវៀតណាមនិងកម្ពុជា។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «គណៈកម្មការទន្លេមេគង្គ បានបិទដំណើរការពិភាក្សាដោយពុំមានការជូនដំណឹង ទាក់ទងនឹងការសម្រេចចុងក្រោយលើគម្រោងទាំងពីរនេះ។ ករណីទាំងនេះបង្ហាញថាប្រសិនបើដំណើរការពិភាក្សាលើទំនប់ ប៉ាក់ បេង ដូចគ្នា វា(ការពិភាក្សា)នឹងមិនមានសារសំខាន់ដ៏មានអត្ថន័យនិងជាក់ស្ដែងនោះទេ»។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់គណៈកម្មការទន្លេមេគង្គដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Pham Tuan Phan នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គបានថ្លែងថាគណៈកម្មការនេះនឹងចែករំលែកឯកសារដែលមានទៅគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឲ្យពួកគេចែករំលែកការព្រួយបារម្ភ។
លោកមានប្រសាសន៍ថា៖ «យើងកំពុងតែព្យាយាមឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីគាំទ្រប្រទេសជាសមាជិកទន្លេមេគង្គក្នុងការបំពេញសេចក្ដីត្រូវការសម្រាប់អភិវឌ្ឍប្រទេស ប៉ុន្តែធ្វើឲ្យមានតុល្យភាពនៃផលប្រយោជន៍និងសេចក្ដីត្រូវការ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចិរភាពនិងស្របតាមការគ្រប់គ្រងទន្លេមេគង្គ»។
ទោះជាយ៉ាងណា លោក ដាវង់ ផនកែវ (Daovong Phonekeo) លេខាអចិន្ត្រៃយ៍នៃក្រសួងថាមពលនិងរ៉ែរបស់ប្រទេសឡាវ មានប្រសាសន៍ថារដ្ឋាភិបាលស្វាគមន៍មតិយោបល់ទាំងនោះ តែលោកថាបញ្ហាព្រួយបារម្ភទាំងនោះ ត្រូវបានដោះស្រាយរួចហើយ។
លោកមានប្រសាសន៍ថា៖
«យើងស្វាគមន៍ការបារម្ភសមស្របណាមួយហើយយើងនឹងពិនិត្យមើលការបារម្ភទាំងនោះ។ តើវាសមស្របទេ ឬគ្រាន់តែលើកឡើង ដោយពុំមានការពន្យល់ណាមួយ»។
លោកបញ្ជាក់ថាការព្រួយបារម្ភត្រូវបានដោះស្រាយរួចហើយនៅពេលធ្វើការសិក្សា រួមមានបញ្ហាកំណកកករ សុវត្ថិភាពទំនប់ ការបម្លាស់ទីត្រីនិងការចរាចរណ៍តាមផ្លូវទឹកជាដើម។ លោកបញ្ជាក់ថាទំនប់ ប៉ាក់ បេង នេះនឹងត្រូវសាងសង់។
លោកមានប្រសាសន៍ថា៖ «បាទ ហេតុអីមិនសាងសង់? ខ្ញុំមិនឃើញមានបញ្ហាអ្វីនោះទេ ដែលមិនត្រូវសាងសង់ទំនប់ ប៉ាក់ បេង។ វាលុះតែក្នុងករណី ឧទាហរណ៍ដូចជាមានវិបត្តិហិរញ្ញវត្ថុ ឬពុំមានតម្រូវការ។ ប្រសិនបើនៅតែមានតម្រូវការ មនុស្សប្រើប្រាស់អគ្គិសនី យើងត្រូវតែអភិវឌ្ឍ»។
លោកបញ្ជាក់បន្ថែមថាមុនការស្នើសុំសាងសង់ទំនប់នេះ មានការសិក្សាពីការវាយតម្លៃស្ដីពីផលប៉ះពាល់បរិស្ថានយ៉ាងល្អិតល្អន់រួចទៅហើយ។
ទាក់ទងនឹងវេទិកានេះ អង្គការទន្លេអន្តរជាតិ(International Rivers )ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសព័ត៌មានមួយរិះគន់ថាការសិក្សាគម្រោង ប៉ាក់ បេង មិនទាន់បានទូលំទូលាយនៅឡើយទេ ហើយពេលវេលាសម្រាប់ការវាយតម្លៃក៏មានរយៈពេលតិចតួចដែរ។
សេចក្ដីប្រកាសដដែលនេះបញ្ជាក់ថា៖ «វាត្រូវការកំណែទម្រង់ដ៏មានអត្ថន័យនិងការសិក្សាពេញមួយអាងទន្លេមេគង្គ មុនការឈានដល់ការសាងសង់ទំនប់ថ្មីនៅទន្លេមេគង្គ»។
អង្គការអន្តរជាតិមួយនេះ ធ្លាប់ឲ្យដឹងថាទំនប់វារីអគ្គិសនី ប៉ាក់ បេង នឹងមានផលប៉ះពាល់ច្រើនទៅលើសហគមន៍ក្រៅតំបន់ក្នុងប្រទេសថៃនិងពេញតំបន់ទន្លេមេគង្គ រួមនឹងការប៉ះពាល់នៃគម្រោងវារីអគ្គិសនីដែលមានស្រាប់»។
បើយោងតាមអង្គការអន្តរជាតិមួយនេះ មនុស្សប្រមាណ៦៧០០នាក់ នឹងត្រូវផ្លាស់ប្ដូរទីលំនៅដោយសារការសាងសង់ទំនប់ទាំងនេះ។
មន្ត្រីឡាវលើកឡើងថាប្រទេសឡាវត្រូវការថាមពលអគ្គិសនីដើម្បីកាត់បន្ថយភាពក្រីក្រនិងដើម្បីលើកតម្កើងកំណើនសេដ្ឋកិច្ចរបស់ខ្លួនទៅដល់៧,៥ភាគរយនៅត្រឹមឆ្នាំ២០២០។
បើតាមមន្ត្រីឡាវ រដ្ឋាភិបាលឡាវបានព្រមព្រៀងជាមួយប្រទេសជិតខាងដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងនោះមានលក់ថាមពលទៅឲ្យប្រទេសថៃចំនួន៩០០០ មេហ្គាវ៉ាត់នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាចំនួន១៥០០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២៥ និងប្រទេសវៀតណាមចំនួន៥០០០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០៣០៕