រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បន្ទាប់ពីមានការផ្ទុះឆ្លងដាលឆ្លងជំងឺកូវីដ១៩ នៅតាមបណ្តាវត្តអារាមមួយចំនួន ក្នុងពេលកាន់បិណ្ឌថ្ងៃដំបូង។ ព្រះសង្ឃមួយចំនួនបានសម្តែងភាពពេញចិត្តនឹងចំណាត់ការមួយនេះ ក៏ប៉ុន្តែបានត្អូញត្អែរអំពីកង្វះខាតចង្ហាន់ និងបច្ច័យ ដោយសារមិនមានពុទ្ធបរិស័ទច្រើននោះទេមកវត្តអារាម ក្នុងពេលដែលប្រទេសកំពុងជួបវិបត្តិជំងឺកូវីដ១៩នេះ។
ការព្រួយបារម្ភរបស់រដ្ឋាភិបាល បន្ទាប់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ទៅលើព្រះសង្ឃនិងពុទ្ធបរិស័ទ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ។
នៅក្នុងសារជាសំឡេងមួយ កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការឆ្លងជំងឺកូវីដ១៩ នៅតាមវត្តអារាមជា«កង្វល់ធំ»មួយ ក្រោយប្រជាពលរដ្ឋបានសម្រុកទៅវត្ត កាលពីថ្ងៃទី២២ ខែកញ្ញា ដែលជាថ្ងៃបិណ្ឌទីមួយ។ លោកក៏បានបញ្ជាឲ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ«ពិនិត្យជាបន្ទាន់» ហើយអាចពិចារណាផ្អាកពិធីនេះ ឬកាត់បន្ថយតាមរបៀបណាមួយ ដើម្បីធានាកុំឲ្យមានការឆ្លងទ្រង់ទ្រាយធំ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌចប់។
លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ប្រសិនបើយើងបន្ត អាចថាលទ្ធផលដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅនេះ គឺនឹងមានការរីករាលដាលធ្ងន់ធ្ងរហួសពីការគិត ដែលយើងបានគិតនៅមុនពេលបុណ្យ»។
បន្ទាប់ពីមានការព្រួយបារម្ភនៃឆ្លងរីករាលដាលនៃជំងឺ១៩នេះ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីដែលតា(Delta) ក្រសួងធម្មការ និងសាសនា និងរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី«ការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩» ចាប់ពីបិណ្ឌ៤ គឺចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃភ្ជុំបិណ្ឌធំ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី២៣ ខែកញ្ញា ឲ្យដឹងថាក្នុងរយៈពេល២ថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅ រដ្ឋាភិបាលបានពិនិត្យឃើញថាមានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានាបាននូវការអនុវត្តត្រឹមត្រូវ តាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលអាចប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងថ្មីដែលតា(Delta)ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។
សេចក្តីសម្រេចបានឲ្យដឹងទៀតថា គណៈអភិបាលរាជធានី ខេត្ត ត្រូវធ្វើការសម្របសម្រួល និងធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុមួយចំបាច់មួយចំនួន ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តនានាដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។
ការផ្អាកប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ នាំឲ្យព្រះសង្ឈមួយចំនួនត្អូញត្អែរអំពីកង្វះខាតចង្ហាន់ និងបច្ច័យ បើទោះបង្ហាញការពេញចិត្តនឹងចំណាត់ការរបស់រដ្ឋាភិបាល។
ព្រះអង្គ រឹម ណាំឈាវ គង់នៅវត្តមហាមន្រ្តីក្នុងរាជធានីភ្នំពេញ មានសង្ឃដីកាប្រាប់វីអូអេថា ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការផ្អាកការជួបជុំតាមវត្តអារាម គឺជារឿងល្អ ដើម្បីកុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩កាន់តែខ្លាំង ដែលអាចធ្វើឲ្យមានផលលំបាកដល់សង្ឃមួយចំនួន ដែលគង់នៅក្នុងវត្ត។ ព្រះអង្គបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះ ព្រះសង្ឃគ្រប់អង្គ និងអ្នកដែលស្នាក់នៅក្នុងវត្ត ត្រូវបានក្រុមគ្រូពេទ្យចុះមកពិនិត្យសំណាក ដើម្បីធានាថាវត្តអារាមមិនមានការឆ្លងជំងឺកូវីដ១៩។
ព្រះអង្គបានបន្ថែមថា ទាក់ទងចង្ហាន់គឺពុទ្ធបរិស័ទអាចយកមកប្រគេនបាន ប៉ុន្តែត្រូវរក្សាគម្លាត និងអនុវត្តតាមវិធានសុខាភិបាល និងការណែនាំរបស់អាជ្ញាធរ។
ព្រះអង្គមានសង្ឃដីកាថា៖ «វិធានការនេះ អាត្មាគិតថាល្អសម្រាប់ចំណាត់ការបែបនេះ ពីព្រោះដើម្បីអាចការពារបាននូវសុវត្ថិភាពទាំងគ្រហស្ថ ទាំងព្រះសង្ឃ គឺយើងចាំបាច់ត្រូវតែធ្វើបែបនេះហើយ។ ប៉ុន្តែបើសិនករណីនេះយូរទៅមុខទៀត ព្រះសង្ឃ ដូចអ្វីដែលអាត្មាបានជម្រាបកាលពីព្រឹកមិញអញ្ចឹង ព្រះសង្ឃក៏អាចជួបនឹងបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ។ ឧទាហរណ៍ដូចជាការអត់បច្ច័យនៅក្នុងការបង់ថ្លៃសិក្សារៀនសូត្រ ហើយតាមបណ្តាកុដិមួយចំនួនទៀត អត្តខាត់នៅក្នុងចង្ហាន់ អាចនិយាយបានថា មានការថយចុះម្តងបន្តិចៗដែរ មិនសម្បូរចង្ហាន់ដូចលើកមុន ដូចសព្វមួយដងដែរ»។
ព្រះអង្គបន្ថែមថា៖ «សម្រាប់ព្រឹកនេះមិនទទួល[ទេយ្យទាន]ទេ ដោយសារតែព្រះសង្ឃ ទូទាំងវត្តរួមទាំងអាចារ្យ គណៈកម្មាធិកា កូនសិស្សលោក ដែលស្នាក់នៅក្នុងវត្តនេះ គឺរួមគ្នាទៅទទួលយកសំណាកពីក្រុមគ្រូពេទ្យ ដែលគាត់ចុះមកយកសំណាកនៅក្នុងវត្ត។ ប៉ុន្តែមិនមែនដាច់អហង្ការ ដាច់ណាត់ថាមិនទទួលទេយ្យទានដែលសម្រាប់ញាតិញោមដែលគាត់យកមកនោះទេ គឺយើងទទួល ដោយទទួលត្រឹមខ្លោងទ្វារ[វត្ត]ដូចសព្វមួយដងដែលយើងបានធ្វើអញ្ចឹង»។
ចំណែកព្រះអង្គ យ៉ាន សារុន គង់នៅវត្តថាន់ ក្នុងរាជធានីភ្នំពេញ មានសង្ឃដីកាថាវិធានការបិទខ្ទប់បានមុនបែបនេះ ក៏ល្អដែរ ប៉ុន្តែវាក៏មានផលវិបាកផងដែរ ដោយសារតែព្រះសង្ឃមួយចំនួនរស់អាស្រ័យលើការបិណ្ឌបាតពីញាតិញោមពុទ្ធបរិស័ទ។ ហើយព្រឹកមិញ វត្តរបស់ព្រះអង្គ ក៏មានក្រុមគ្រូពេទ្យចុះយកសំណាកទៅពិនិត្យដូចគ្នានឹងវត្តមហាមន្ត្រីផងដែរ។ ព្រះអង្គបន្ថែមថាទាក់ទងការរៀបចំទទួលចង្ហាន់និងទេយ្យទានបែបណាទៀតនោះ គឺនឹងធ្វើទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ និងការសម្រេចរបស់គណៈសង្ឃបន្តទៀត។
ព្រះអង្គមានសង្ឃដីកាថា៖ «ដោយសារលោកប្រាស្រ័យទាក់ទងជាមួយញាតិញោមដើរបិណ្ឌបាតបានបន្តិចបន្តួច គ្រាន់តែបង់ថ្លៃទឹក ថ្លៃភ្លើងអញ្ចឹងទៅ។ ប៉ុន្តែដល់ពេលបិទអញ្ចឹងទៅ ព្រះសង្ឃដាច់ទាំងបច្ច័យ៤ផង ដាច់ទាំងចង្ហាន់...លោកតែងតែត្អូញថាខ្វះចង្ហាន់ ហើយទឹក ហើយភ្លើងចេះតែឡើងទៀត។ ជាពិសេសភ្លើង ហើយទឹកតែម្តង មួយខែៗ មិនក្រោម២០ទៅ៣០ម៉ឺនរៀលទេ។ អញ្ចឹងព្រះសង្ឃអត់អញ្ចឹង គឺពិបាករស់នៅដែរ វាមានបញ្ហាអញ្ចឹងដែរ»។
ព្រះចៅអធិការវត្តនាគវ័ន ព្រះបវរមុនី ងិន ឃីម មានសង្ឃដីកាថាកាលពីបិណ្ឌទីមួយ មានតែអាចារ្យវត្តម្នាក់ប៉ុណ្ណោះ ដែលបានពិនិត្យឃើញថាមានឆ្លងវីរុសកូវីដ១៩ ប៉ុន្តែស្ថានភាពក្នុងវត្ត ពេលនេះ មានភាពប្រក្រតីជាធម្មតា។ ព្រះអង្គក៏សម្តែងការព្រួយបារម្ភថាអាចនឹងប្រឈមបញ្ហាខ្វះចង្ហាន់នាពេលខាងមុខផងដែរ ប៉ុន្តែព្រះអង្គបានបញ្ជាក់ថា ទោះបីជាមិនមានការអនុញ្ញាតឲ្យពុទ្ធបរិស័ទចូលក្នុងបរិវេណវត្ត ប៉ុន្តែប្រជាពលរដ្ឋនៅតែអាចប្រគេនចង្ហាន់នៅខាងមុខបរិវេណវត្តបាន។
ព្រះអង្គមានសង្ឃដីកាថា៖ «ដំបូងៗហ្នឹង វាចេះតែមាន[ចង្ហាន់មកពី]លិចកើត នាយអាយពីដើមមកខ្លះ គ្រាន់តែពេលតទៅមុខទៀត ដូចយ៉ាប់ដែរ» ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់វីអូអេថាលោកមិនទាន់មានអ្វីបញ្ជាក់បន្ថែមពីលើសេចក្តីសម្រេចរបស់រដ្ឋាភិបាលពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះនៅឡើយទេ។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ថាទោះបីជាមានការផ្អាកមិនឲ្យមានការជួបជុំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែបណ្តាវត្តអារាមទាំងអស់ រួមទាំងវត្តដែលមានករណីឆ្លងវីរុសកូវីដ១៩ក្តី បរិស័ទដែលជាអ្នកតំណាងកាន់វេនតាមថ្ងៃបិណ្ឌនីមួយៗ អាចប្រគេនចង្ហាន់ទៅដល់ព្រះសង្ឃ តាមរយៈតំណាងវត្ត ឬអាជ្ញាធរមូលដ្ឋានប្រចាំវត្ត ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។
លោកថ្លែងថា៖ «អ្នកនៅក្នុងវត្តនៅក្នុងវត្តទៅ ឧបមារព្រះសង្ឃ ឬអាចារ្យប្រចាំនៅក្នុងវត្តហ្នឹងឲ្យនៅក្នុងវត្តទៅ ហើយរៀបចំកុំឲ្យគៀកគ្នា ឲ្យគម្លាតសុវត្តិភាព ពាក់ម៉ាស់ ពាក់អីត្រឹមត្រូវ។ ហើយពុទ្ធបរិស័ទដែលមកពីឆ្ងាយ ជិតនឹងកាន់វេន(បិណ្ឌ) កាន់អីក៏ដោយ យើងថាចាត់តែតំណាងម្នាក់ ពីរនាក់ ប្រគេនចង្ហាន់ ហើយទៅដាក់នឹងតុចឹងហើយ អាចារ្យលោកមកទទួល ហើយចាត់ចែងទៅព្រះសង្ឃក្នុងវត្តអាចឆាន់បានហើយ អត់អីទេ» ។
គួរបញ្ជាក់ថាក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃសុក្រនេះថា កាលពីថ្ងៃទី២៣ ខែកញ្ញា មានករណីឆ្លងជំងឺកូវីដ១៩ថ្មី រហូតដល់៨២២នាក់ ដែលកើនឡើងច្រើន បើធៀបនឹងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕