យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ក្មេងអាយុពី៦ឆ្នាំទៅ១២ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងសារជាសំឡេងមួយដែលបង្ហោះលើហ្វេសប៊ុករបស់លោកនៅថ្ងៃពុធ។
លោក ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលនឹងប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដែលផលិតដោយក្រុមហ៊ុនចិនSinovac Biotech Ltdសម្រាប់ចាក់ក្មេងនៅទូទាំងប្រទេស អាយុចន្លោះពី៦ឆ្នាំដល់១២ឆ្នាំ ដែលមានការប៉ាន់ប្រមាណជាង១លាន៨សែននាក់។ លោកបន្ថែមថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ហើយការចាក់វ៉ាក់សាំងដល់ពួកគេ ដើម្បីឲ្យក្មេងដែលស្ថិតក្នុងវ័យសិក្សាថ្នាក់បឋមសិក្សា អាចចូលរៀនបាន។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឲ្យក្មេងអាយុពី៦ឆ្នាំទៅ១២ឆ្នាំ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ៦ឆ្នាំទៅ១២ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ»។
បើតាមលោក ហ៊ុន សែន វ៉ាក់សាំងត្រូវបានសិក្សានៅតាមប្រទេសនានា ហើយគេក៏បានប្រើប្រាស់សម្រាប់ក្មេងក្រោមអាយុ១២ឆ្នាំរួចមកហើយ។
លោកបន្ថែមថា៖ «ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឲ្យចាក់ ឯម្ខាងទៀត យើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច»។
នៅថ្ងៃទី១៥ ខែកញ្ញានេះ សាលារៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានបើកដំណើរការ ដោយកម្រិតចំនួនសិស្ស១៥នាក់នៅក្នុងថ្នាក់រៀន។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានថ្លែងថាការស្វែងរកវ៉ាក់សាំងចាក់ដល់ក្មេងជារឿងមួយប្រសើរ ដែលរដ្ឋាភិបាលយកចិត្តទុកដាក់ ប៉ុន្តែលោកចោទជាសំណួរអំពីវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខាភិបាលពិភពលោក(WHO)សម្រាប់ចាក់ឲ្យក្មេង ដើម្បីជៀសវាងការប្រថុយប្រថាន។
លោកប្រាប់វីអូអេថា៖ «ក្មេងនៅក្នុងអាយុហ្នឹង គឺជាប្រឈមខ្លាំងនៅក្នុងការឆ្លងកូវីដ១៩ខ្ពស់ទេ ហើយក៏វាមិនសូវមានដែរ ភាគរយតិចណាស់ អញ្ចឹងបើសិនជាយើងរង់ចាំរហូតដល់ការសិក្សាបានចប់សព្វគ្រប់ វាជាការប្រសើរ កុំឲ្យថាក្រុមហ៊ុនចាត់ទុកកម្ពុជាជាកន្លែងដែលសាកល្បង[វ៉ាក់សាំង]បាទ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីតំណាងអង្គការសុខភាពពិភពលោក(WHO) អ្នកស្រី Li Ailan តាមសារអ៊ីមែលនៅថ្ងៃពុធនេះបាននៅឡើយទេ។
អ្នកស្រី Foroogh Foyouzat នាយិកាអង្គការយូនីសេហ្វ(Unicef)ប្រចាំកម្ពុជា ប្រាប់វីអូអេតាមសារអ៊ីម៉េលនៅថ្ងៃពុធថា វាអាស្រ័យលើការសម្រេចរបស់រដ្ឋាភិបាលថាតើក្រុមមនុស្សប្រភេទណាត្រូវចាក់វ៉ាក់សាំង ហើយចាក់នៅពេលណាទៅតាមបរិបទខាងក្នុងស្រុក និងការសិក្សាបែបវិទ្យាសាស្រ្តអំពីជំងឺ។ អ្នកស្រីបន្ថែមថារហូតមកដល់ពេលនេះ មានតែវ៉ាក់សាំងប្រភេទPfizer/BioNTech ដែលត្រូវបានអនុញ្ញាតដោយអង្គការសុខភាពពិភពលោកសម្រាប់ចាក់ឲ្យក្មេងអាយុចន្លោះ១២ទៅ១៧ឆ្នាំ ហើយមិនទាន់មានវ៉ាក់សាំងណាមួយដែលត្រូវបានអនុញ្ញាតសម្រាប់ក្មេងក្រោមអាយុ១២ឆ្នាំនៅឡើយទេ។
អ្នកស្រីបញ្ជាក់ថា៖ «ប្រទេសដែលពិចារណាការចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សវ័យក្មេង ចាំបាច់ត្រូវគិតពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ក្មេង ដោយមើលទៅលើហានិភ័យស្រួចស្រាល់ និងអត្ថប្រយោជន៍» ។
អ្នកស្រី Foroogh Foyouzat បន្ថែមថាចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតជំងឺជាសាកល ភ័ស្តុតាងបង្ហាញថា ជំងឺកូវីដ១៩នេះ មិនបង្កហានិភ័យខ្ពស់ដល់ក្មេងនោះទេ។
គួរបញ្ជាក់ថា ប្រទេសមួយចំនួនបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដល់ក្មេង ដូចជាប្រទេសឈីលីជាដើម ហើយក្រុមហ៊ុនSinovac Biotech Ltd ក៏បានប្រកាសថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពសម្រាប់ក្មេងដែលមានអាយុ៣ឆ្នាំឡើង។
គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យ៉ាងតិចមួយដូសដល់ពលរដ្ឋបានជាង១១,៥លាននាក់ ក្នុងនោះកុមារអាយុចន្លោះ១២ទៅ១៨ឆ្នាំ បានជាង១,៧លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕