សាលារៀននៅរាជធានីភ្នំពេញចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ នាថ្ងៃពុធនេះ បន្ទាប់ពីបិទទ្វាររាប់ខែមកហើយ។ ប៉ុន្តែសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលមួយចំនួន នៅតែព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩បំប្លែងថ្មី បើទោះពួកគេចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ។
យុវតី អូន ស្រីណុច អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១នៅវិទ្យាល័យឥន្ទ្រទេវី បានបង្ហាញអារម្មណ៍ភ័យលាយឡំនឹងក្តីរំភើបផងដែរសម្រាប់ថ្ងៃដំបូងនៃការចូលរៀនឡើងវិញ បន្ទាប់ពីអាក់ខានជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។
កញ្ញាប្រាប់វីអូអេមុនចូលថ្នាក់រៀនថា៖ «ចាស៎! មានភ័យខ្លះៗដែរបង។ ដោយសារមកពីជំងឺអត់ទាន់ស្ងាត់ទេ ប៉ុន្តែក្រសួងប្រកាសថានឹងបើកសាលាឲ្យសិស្សានុសិស្សចូលរៀនវិញ»។
យុវតីដែលទទួលបានការចាក់វ៉ាក់សាំងចំនួន២ដូសរួចហើយ បានឲ្យដឹងទៀតថាឪពុកម្តាយមានការព្រួយបារម្ភពីសុវត្ថិភាពរបស់កញ្ញា នៅគ្រាត្រឡប់ចូលរៀនក្នុងថ្នាក់ដោយផ្ទាល់ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ ស្របពេលដែលមានការលេចចេញវីរុសបំប្លែងថ្មីជាបន្តបន្ទាប់។ ប៉ុន្តែកញ្ញានៅតែមកសាលារៀន ដោយអនុវត្តតាមវិធានការសុខាភិបាល។
កញ្ញាបន្ថែមថា៖ «គាត់(ឪពុកម្តាយ)ឲ្យឧស្សាហ៍បាញ់អាល់កុល ហើយកុំនៅជិតអ្នកដែលយើងអត់ស្គាល់ចឹងហា៎ នៅឲ្យឆ្ងាយៗពីគេតិចទៅ។ ហើយយើងត្រូវការពារខ្លួនយើងដែរ ចឹងហា៎»។
សាលារៀននៅកម្ពុជាត្រូវបានបិទមួយរយៈ ហើយបើកឡើងវិញ អាស្រ័យលើស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក កម្ពុជាបានប្រឈមនឹងការឆ្លងជំងឺកូវីដ១៩យ៉ាងខ្លាំង ដែលនាំឲ្យមានការបិទសាលារៀនទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេស ដែលនាំឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សប្រមាណ៣លាន២សែននាក់។
យុវជន អេង សុភា អាយុ១៤ឆ្នាំ ដែលរៀនថ្នាក់ទី៨ នៅសាលាអនុវិទ្យាល័យឥន្ទ្រទេវី ក៏បានសម្រេចចិត្តមកថ្នាក់រៀនដែរនៅថ្ងៃពុធនេះ។
សុភាប្រាប់វីអូអេនៅខាងមុខខ្លោងទ្វារសាលាដែរថា៖ «មានអារម្មណ៍ថាភ័យអរៗ ព្រោះអីពេលកូវីដនឹងរៀនអត់ដូចនៅសាលាចឹងទៅ ពេលប្រឡងលំបាកដែរ។ ហើយត្រូវកូវីដចឹងទៀតត្រូវមានបញ្ហាចឹងហា៎»។
ទោះជាយ៉ាងណា យុវជន សុភា ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ អះអាងថាខ្លួនមិនសូវមានការព្រួយបារម្ភប៉ុន្មានទេ ព្រោះយល់ថាអាជ្ញាធរបានរៀបចំការសម្អាត និងការរក្សាគម្លាតនៅក្នុងថ្នាក់រៀន។ សុភាបានបញ្ជាក់ថាខ្លួនមានក្តីរីករាយក្នុងការមករៀននៅក្នុងថ្នាក់រៀនផ្ទាល់ នាពេលនេះ ជាជាងការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ដែលមិនសូវមានគុណភាព។
សុភានិយាយថា៖ «រៀននៅសាលាបង ព្រោះអីរៀននៅសាលាយើងចង់សួរគ្រូអីក៏បានដែរ។ តែបើរៀនតាមហ្សូម Zoom ឬ ហ្គូហ្គលមីតGoogle Meet សំណួរតែពីរឡើងពិបាកស្តាប់គ្នាហើយបង។ ហើយត្រូវអ៊ីនធឺណិត ឬWifiធ្វើបាបទៀតទៅហើយបង»។
ចំណែកយុវជន មាស រឹទ្ធី ជាសិស្សរៀនថ្នាក់ទី១២នៅសាលាវិទ្យាល័យសន្ធរម៉ុក បានប្រាប់វីអូអេនៅព្រឹកថ្ងៃពុធថាខ្លួនក៏មានការព្រួយបារម្ភដែរពីការឆ្លងរាលដាលនៃជំងឺកូវីដ នៅពេលមករៀននៅក្នុងថ្នាក់។ យុវជនអាយុ១៨ឆ្នាំរូបនោះបញ្ជាក់ថាខ្លួនមិនទាន់បានធ្វើតេស្តរហ័ស ដើម្បីស្វែងរកជំងឺកូវីដ១៩ មុនពេលចូលរៀននៅថ្ងៃពុធនេះទេ។ ប៉ុន្តែយុវជនរូបនោះត្រូវបានគ្រូប្រាប់ឲ្យទៅផ្ទះវិញ ដោយសារក្នុងថ្នាក់មានសិស្សច្រើន ខណៈសិស្សមិនទាន់ទទួលបានព័ត៌មានអំពីម៉ោងសិក្សាត្រឹមត្រូវ។
លោកនិយាយថា៖ «បានចូល(ចូលរៀន) មុននឹងបន្តិច ហើយថ្នាក់ខ្ញុំសិស្សច្រើនពេកទៅគ្រូឲ្យចេញមកពាក់កណ្តាលខ្លះវិញបង ឲ្យចេញមកពាក់កណ្តាលវិញសិន»។
កាលពីដើមខែមិថុនា អង្គការសង្គមស៊ីវិលមួយចំនួន រួមមានអង្គការលីកាដូបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថាកុមារដែលនៅក្នុងគ្រួសារក្រីក្រឬរៀននៅសាលារៀនដែលមានធនធានតិចតួច និងកុមារដែលរស់នៅតាមជនបទ ត្រូវបានមើលរំលង ដោយពួកគេមិនមានមធ្យោបាយសមស្រប និងគ្រប់គ្រាន់ ដើម្បីទទួលបានការអប់រំនោះទេ។ បើតាមសេចក្តីថ្លែងការណ៍ ក្រសួងអប់រំក្នុងកិច្ចសហការជាមួយក្រុមការងារក្នុងវិស័យអប់រំ និងអង្គការដទៃទៀត បានចេញផ្សាយការវាយតម្លៃមួយ កាលពីខែមីនា ឆ្នាំ២០២១ ដោយបង្ហាញថាសិស្សានុសិស្សយ៉ាងតិច១៦%បានប្រឈមនឹងការបោះបង់ការសិក្សា ហើយ៦%ធ្វើការពេញម៉ោង ក្រោយពីការបិទសាលារៀន។
អ្នកស្រី ទុន សុខេម៉ា អាយុ៥០ឆ្នាំ ជាគ្រូផ្នែកជីវវិទ្យានៅវិទ្យាល័យជា ស៊ីម សន្ធរម៉ុក បានប្រាប់វីអូអេតាមទូរស័ព្ទនៅថ្ងៃពុធថាការសិក្សាផ្ទាល់នៅថ្នាក់រៀនពិតជាសំខាន់សម្រាប់ការបង្ហាត់បង្រៀនសិស្សប្រកបដោយគុណភាព និងមានប្រសិទ្ធភាព។
អ្នកស្រីបញ្ជាក់ថា៖ «សំខាន់ណាស់ៗ ព្រោះបានគេ គេបើក(បើកសាលា) ចឹងអ្នកគ្រូអរ អ្នកគ្រូអរជាង ព្រោះអីយើងបានគ្រប់គ្រង បានណែនាំសិស្សយើងបានមើលសិស្សណារៀនមិនរៀនអីចឹងហា៎»។
នៅថ្ងៃដំបូងនៃការបើកដំណើរការសាលារៀនឡើងវិញនេះ សិស្សតម្រូវឲ្យបង្ហាញកាតចាក់វ៉ាក់សាំង មុនពេលអនុញ្ញាតឲ្យចូលក្នុងសាលារៀន។ សិស្សត្រូវបាញ់ទឹកអាល់កុលសម្អាត វាស់កម្តៅ និងរក្សាគម្លាតជាដើម៕