ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធី​កំណត់​ពិន្ទុ​ជាប់​ឬ​ធ្លាក់​ ត្រូវ​បាន​ប្រើប្រាស់​គ្រា​ដែល​ការសិក្សា​តាម​អនឡាញ​មាន​ភាព​រញ៉េរញ៉ៃ


រូបឯកសារ៖ និស្សិត​កំពុង​ដើរ​នៅ​ជិត​បណ្ណាល័យ Widener នៅ​សាកល​វិទ្យាល័យ Harvard រដ្ឋ Massachusetts កាល​ពីឆ្នាំ ២០១៩។
រូបឯកសារ៖ និស្សិត​កំពុង​ដើរ​នៅ​ជិត​បណ្ណាល័យ Widener នៅ​សាកល​វិទ្យាល័យ Harvard រដ្ឋ Massachusetts កាល​ពីឆ្នាំ ២០១៩។

ការផ្លាស់​ប្តូរ​ពី​ការ​សិក្សា​នៅក្នុង​ថ្នាក់រៀន ទៅ​តាម​អនឡាញ ​កំពុង​ជួប​ប្រទះ​ភាព​​ច្របូក​ច្របល់​មួយចំនួន។ ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​​ច្របូក​ច្របល់​ទាំង​នោះ មហា​វិទ្យាល័យ​ជាង ​១៩០ នៅ​សហរដ្ឋ​អាមេរិក ​បាន​ប្រើ​ប្រាស់​វិធី​កំណត់​ពិន្ទុ​ដល់​សិស្ស ដើម្បី​អាច​ឲ្យ​ពួក​គេ​អាច​បត់​បែន​បាន។

នៅ​ក្នុង​ពេល​ដែល​មាន​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ដែល​បង្ក​ទៅ​ជា​ជំងឺ​កូវីដ​១៩​នេះ សាលារៀន​នានា បាន​បិទទ្វារ​ជាបណ្តោះ​អាសន្ន ដែល​នាំ​ឲ្យ​សិស្សានុសិស្ស និង​និស្សិត​បន្ត​សិក្សា​តាម​អនឡាញ។ ក៏ប៉ុន្តែ ការ​សិក្សា​តាម​អនឡាញ​នេះ​ខ្លះ មាន​ភាព​រញ៉េរញៃ ​និង​បង្ក​ឲ្យ​មានភាព​ច្របូក​ច្របល់​មួយ​ចំនួន។

ការផ្លាស់​ប្តូរ​ពី​ការ​សិក្សា​នៅក្នុង​ថ្នាក់រៀន ទៅ​តាម​អនឡាញ ​កំពុង​ជួប​ប្រទះ​ភាពច្របូក​ច្របល់​មួយចំនួន។ ដើម្បី​ជួយ​កាត់​បន្ថយ​ភាពច្របូក​ច្របល់​ទាំង​នោះ មហា​វិទ្យាល័យ​ជាង ​១៩០ នៅ​សហរដ្ឋ​អាមេរិក ​បាន​ប្រើ​ប្រាស់​វិធី​កំណត់​ពិន្ទុ​ដល់​សិស្ស ដើម្បី​អាច​ឲ្យ​ពួក​គេ​អាច​បត់​បែន និង​គ្រប់​គ្រង​លើ​លទ្ធផល​នៃ​ការសិក្សា​របស់​ពួកគេ​បាន។

សាកល​វិទ្យាល័យ​ជាច្រើន​បាន​ប្តូរ​ទៅ​ប្រើប្រាស់​វិធី​ផ្តល់​ជម្រើស​ ជាប់ ឬ ធ្លាក់​នេះ ដែល​វិធី​នេះ​ អនុញ្ញាត​ឲ្យ​និស្សិត​ជ្រើសរើស​មុខ​វិជ្ជា​ណា​ដែល​នឹង​ផ្តល់​ពិន្ទុ​ដែល​អាច​ត្រូវ​រាប់​បញ្ចូល​ក្នុង​ពិន្ទុ​មធ្យមភាគ ​GPA​ របស់​ពួក​គេ និង​មុខវិជ្ជា​ណា​ ដែល​ពួកគេ​អាចទទួល​លទ្ធផល​ជាប់​ឬ​ធ្លាក់​ ​ដោយ​មិន​មានចេញ​ពិន្ទុ។

នៅ​ពេល​ដែល​មហា​វិទ្យាល័យ និង​សាកល​វិទ្យាល័យ​បាន​បិទ​ទ្វារ ហើយ​និស្សិត​ទាំង​អស់​ត្រូវ​ផ្លាស់​ប្តូរ​ការរៀន​សូត្រ​របស់​ពួកគេ​ទៅ​រៀន​តាម​អនឡាញ​នោះ និស្សិត​ជាច្រើន​ក្រុម បាន​ដាក់​ញត្តិ​ទៅ​សាកល​វិទ្យាល័យ​របស់​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​កំណត់​ពិន្ទុ​ជាប់ ឬ ធ្លាក់ សម្រាប់​វគ្គ​សិក្សា​នេះ។

ជាទូទៅ វគ្គ​សិក្សា​តាម​អនឡាញ​នេះ កន្លង​មកបាន​ធ្វើ​ឲ្យ​និស្សិត និង​សាស្រ្តាចារ្យ​មាន​ការ​ខក​ចិត្ត និង​មាន​ការមិន​ពេញ​ចិត្ត។

នាង Sarah Kurian ដែល​ជា​និស្សិត​ឆ្នាំ​ទី៣ នៅ​សាកល​វិទ្យាល័យ ​George Mason ក្នុង​រដ្ឋ​ Virginia​ សហរដ្ឋ​អាមេរិក ​បាន​ថ្លែង​ក្នុង​សម្តីដើម​ថា៖ «ខ្ញុំ​មិន​ពូកែ​រៀន​តាម​អនឡាញ​ទេ។ វាមាន​ការពិបាក​ក្នុង​ការទាក់ទង​គ្នា និង​កាន់តែ​ពិបាក​ទៅ​ទៀត ក្នុង​ការទទួល​ព័ត៌មាន»។

និស្សិត​នៅ​សាកល​វិទ្យាល័យ​ភាគ​ច្រើន បាន​សម្តែង​ការគាំទ្រ​ដល់​សាកល​វិទ្យាល័យ​ឲ្យ​ប្រើប្រាស់​វិធី​កំណត់​ពន្ទុ​ជាប់ ឬ ធ្លាក់​នេះ ក្នុង​អំឡុង​ពេល​មាន​មាន​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​នេះ។

នាង Emma Davenport ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ Central Arkansas បាន​សរសេរ​សារ​លើ​ទំព័រ​ធ្វីតធឺរ​ថា៖ «អ្វី​ដែល​ពួក​យើង​ចង់​បាន​ គឺ​ជម្រើស​មួយ។ កុំ​បង្ខំ​ប្រើ​ប្រាស់​ប្រព័ន្ធ​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ពិន្ទុ និង​ពិន្ទុ​មធ្យមភាគ​ (GPA) ដែល​មាន​ស្រាប់​របស់​ពួក​យើង ដែល​យើង​ប្រឹង​ប្រែងយ៉ាងខ្លាំង​ក្នុង​ការ​រក្សា​ពិន្ទុ​ឲ្យ​បាន​ល្អ​រហូត​ដល់​ពេល​នេះ។ សូម​ឲ្យ​យើង​អាច​ជ្រើសរើស​បាន រវាង​ការកំណត់​ពិន្ទុ​ជាប់ ឬ ធ្លាក់ និង​ការ​កំណត់​និទ្ទេស​ A B ឬ C»។

និស្សិត​ម្នាក់​ទៀត នៅ​សាកល​វិទ្យាល័យ Stephen F. Austin ក្នុង​រដ្ឋតិចសាស បាន​សរសេរ​សារ​លើ​ទំព័រ​ធ្វីតធឺរ​ថា៖ «ថ្ងៃ​នេះ​ នៅ​ផ្ទះ​ខ្ញុំ​ដាច់​ភ្លើង ខ្ញុំ​ត្រូវ​ប្រើ​កុំព្យូទ័រ នៅ​ក្នុង​ឡាន។ ក្នុង​គ្រាដែល​ទូរស័ព្ទ​ខ្ញុំ​ដោត​បញ្ចូល​ថ្ម​ទូរស័ព្ទ ខ្ញុំ​អាច​ភ្ជាប់​អ៊ីនធឺណេត​ពី​ទូរស័ព្ទ​ទៅ​កុំព្យូទ័រ​របស់​ខ្ញុំ​បាន។ ខ្ញុំ​ត្រូវ​ធ្វើ​ដូច្នេះ ព្រោះខ្ញុំ​ត្រូវ​បញ្ចប់​កិច្ចការ​សាលា។ អ្នក​ខ្លះ​មិន​មាន​លទ្ធភាព​ដូច្នេះ​ផង។ និយាយ​ឲ្យ​ចំ​ទៅ នោះ​ហើយ​ជាមូលហេតុ​ដែល​ការប្រាស់​វិធី​កំណត់​ពិន្ទុ​ជាប់ ឬ ធ្លាក់​នេះ គឺ​សំខាន់​ខ្លាំង​ណាស់»។

នាង Youjin Cho និស្សិត​ឆ្នាំទី៤ នៅ​សាកល​វិទ្យាល័យ George Mason បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ក្នុង​ពេល​ឥឡូវ​នេះ និស្សិត​ម្នាក់ៗ​កំពុង​ឆ្លងកាត់​ស្ថានភាព​ខុសៗ​គ្នា ហេតុដូច្នេះ​ហើយ វា​ជា​រឿង​ចាំបាច់ ដែល​សាកល​វិទ្យាល័យ​ប្រើប្រាស់​វិធី​កំណត់​ពិន្ទុ​ជាប់ ឬ ធ្លាក់​នេះ»។

នាង Youjin Cho បាន​ថ្លែង​បន្ត​ទៀត​ថា៖ «មុន​ដំបូង​ខ្ញុំ​ចង់​បន្ត​ជាមួយ​នឹង​វិធី​កំណត់​និទ្ទេស A B ឬ Cដែរ តែ​ក្រោយ​មក​ខ្ញុំ​បាន​សម្រេចចិត្ត​ភ្លាមៗ ថា​ទៅ​ប្រទេស​កូរ៉េ​វិញ ដោយសារតែ​ការរាតត្បាត​វីរុស​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​កាន់តែ​មាន​សភាព​ខ្លាំង​ឡើងៗ។ ដូច្នេះ សម្រាប់​ខ្ញុំ ការ​មាន​ជម្រើស​រវាង​ការកំណត់​ពិន្ទុ​ជាប់ ឬ ធ្លាក់​នេះ និង​ការកំណត់​និទ្ទេស ​A B ឬ C ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ អាច​ជួយ​ឲ្យ​ខ្ញុំ​ស្ងប់​ចិត្ត​បាន»។

សាកល​វិទ្យាល័យ​ផ្សេងៗ​ទៀត​បាន​អនុម័ត​គោលការណ៍​ប្រើ​ប្រាស់​វិធី​កំណត់​ពិន្ទុ​ជាប់ ឬ ធ្លាក់​នេះ សម្រាប់​ឆមាស​នេះ ជា​ជាង​ការផ្តល់​ជម្រើស​ដល់​និស្សិត។

រហូត​មក​ដល់​ពេល​នេះ​មាន​សាលា​ល្បីៗ​បំផុត​មួយ​ចំនួន ដូចជា Yale Harvard Columbia និងDartmouth ជាដើម បានសម្រេច​តម្រូវ​ឲ្យ​ប្រើ​វិធី​កំណត់​ពិន្ទុ​ជាប់ (ឬ) ធ្លាក់​នេះ។ សាលា​ច្បាប់​កំពូលៗ​ របស់​សហរដ្ឋ​អាមេរិក​ដូចជា​ Columbia Harvard និង Stanford ​ក៏ប្រើវិធី​កំណត់​ពិន្ទុ​ជាប់ ឬ ធ្លាក់​នេះ​ដែរ។

និស្សិត​មួយ​ចំនួន​ក៏​បាន​បង្ហាញ​អំពី​ការព្រួយបារម្ភ​របស់​ពួកគេ​ផងដែរ​ទាក់ទង​នឹងការ​តម្រូវ​ឲ្យពិន្ទុ​ជាប់​ធ្លាក់​នេះ។

នាង Jasmine McCollum ជា​និស្សិត​នៅ​សាកល​វិទ្យាល័យTuskegee University ក្នុង រដ្ឋAlabama បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ប្រព័ន្ធ​កំណត់​ពិន្ទុ​ជាប់ ឬ ធ្លាក់​នេះ គឺ​អាច​ធ្វើ​ឲ្យ​និស្សិត​ដែល​បាន​ខិតខំ​សិក្សា​រៀនសូត្រ​ហើយ​បាន​និទ្ទេសA រហូត​មក មាន​ភាពអាម៉ាស។ សម្រាប់​ខ្ញុំ នេះ​គឺ​ជា​ឆមាស​ដ៏ល្អ​បំផុត​ពីព្រោះ​ការប្រើប្រាស់​ប្រព័ន្ធ​កំណត់​ពិន្ទុ​ជាប់ ឬ ធ្លាក់​នេះ ធ្វើឲ្យ​មិនបាច់​ខ្វល់​ពី​ពិន្ទុ​មធ្យមភាគ GPA ដ៏​ល្អ ដែល​ត្រូវការ​សម្រាប់​កន្លែងចុះ​កម្មសិក្សា និង​ឱកាសវិជ្ជាជីវៈ​ជាច្រើន​ទៀត​នោះ​ទេ»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG