ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖​អាមេរិក​ជឿ​ថា​ចិន​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ពី​ការឆ្លើយតប​វីរុស​កូរ៉ូណា​នៅ​ស.រ.អា


វិថី 42nd Street នៅ​កណ្ដាល​ទីក្រុង​ញូវយ៉ក។ អភិបាល​រដ្ឋ​ញូវយ៉ក​ លោក Andrew Cuomo បាន​ពន្យារ​ការ​បិទ​ទីក្រុង​នេះ​រហូត​ដល់​ថ្ងៃ​ទី ១៥ ឧសភា ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ១៩។
វិថី 42nd Street នៅ​កណ្ដាល​ទីក្រុង​ញូវយ៉ក។ អភិបាល​រដ្ឋ​ញូវយ៉ក​ លោក Andrew Cuomo បាន​ពន្យារ​ការ​បិទ​ទីក្រុង​នេះ​រហូត​ដល់​ថ្ងៃ​ទី ១៥ ឧសភា ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ១៩។

ក្រុម​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​សន្និដ្ឋាន​សរុប​ថា​ ក្រុម​ភ្នាក់ងារ​ចិន​បាន​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ដែល​បាន​អះអាង​ថា​ រដ្ឋបាល​លោក​ប្រធានា​ធិបតី ត្រាំ​ មាន​ផែន​ការ​ដាក់​បំរាម​នៅ​ទូទាំងប្រទេស​ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា។ នេះ​បើ​តាម​ការផ្សាយ​របស់​កាសែត​ The New York Times។​

កាសែត​ The New York Times​ បាន​ផ្សាយ​ថា​សារ​ទាំង​នោះ​បាន​លេច​ចេញ​ជា​លើក​ដំបូង​កាល​ពី​ខែ​មុន​តាម​រយៈ​សារលើ​ប្រព័ន្ធ​ទូរស័ព្ទ​និង​បណ្តាញ​សង្គម​ ហើយ​បានអះអាង​ថា ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​នឹង​ប្រកាស​ពីការ​ដាក់​បំរាម​ភ្លាម​នៅ​ពេល​ណា​ដែល​ទាហានត្រូវបាន​ដាក់​ពង្រាយ​រួច​រាល់​ហើយ​«ដើម្បី​ទប់ស្កាត់​ចោរ​លួចចោរ​ប្លន់»។ សារ​នោះ​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​គ្នា​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈ​ពីរ​ថ្ងៃ​រហូត​ទាល់​តែ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​តាម​បណ្តាញ​សង្គម​ថា​គឺជា​សារ​ក្លែងក្លាយ​ទេ។​

សារព័ត៌មាន​នេះ​បានរាយការណ៍​ដោយ​ផ្អែក​លើ​ប្រភព​ព័ត៌មានពី​មន្ត្រី​ចំនួន​៦​រូប​ដែល​មក​ពី​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ចំនួន​៦​ផ្សេងៗ​គ្នាដែល​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។ មន្ត្រី​ពីរ​នាក់​បាន​និយាយ​ថា ​ពួកគេ​ជឿ​ថា​ក្រុម​ភ្នាក់​ងារ​ចិន​មិន​មែន​ជា​អ្នក​បង្កើត​សារ​នោះ​ទេ​ប៉ុន្តែ​ជា​អ្នក​ផ្សាយ​បន្ត។

ក្រសួង​ការបរទេស​ចិន​បាន​ហៅ​ការចោទ​ប្រកាន់នោះ​ថា​«គ្មាន​បាន​ការ​អ្វី​ទាំងស្រុងហើយ​មិន​សក្តិសម​នឹង​ឆ្លើយ​តប​ទេ»​។

លោក​ Mike Pompeo​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាស​កាលពី​ថ្ងៃព្រហស្បតិ៍​ជាមួយ​នឹង​លោក​ Sean Hannity ​នៃ​ទូរទស្សន៍​ Fox News ​ថា​«ប្រទេស​ចិន​បាន​បង្ក​ការ​ឈឺ​ចាប់​ដ៏ធំ​សម្បើម ​ការ​បាត់បង់​ជីវិត ហើយ​ឥឡូវ​មាន​ការប្រឈម​ដ៏ធំ​ដល់​សេដ្ឋកិច្ច​ពិភព​លោក​និង​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ផងដែរ​ដោយសារតែ​ការមិន​ព្រម​ចែក​រំលែក​ព័ត៌មាន​ដែល​ខ្លួនមាន»។

លោករដ្ឋ​មន្ត្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា​គណបក្ស​កុម្មុយនីស្ត​ចិន​នឹង​សងវិញ​នូវ​អ្វី​ដែល​ពួកគេ​បាន​បង្ក​នៅទីនេះ ​ដោយ​ពិតប្រាកដ​ណាស់​ពី​សហរដ្ឋ​អាមេរិក។ ខ្ញុំ​បាន​ជជែក​គ្នា​នឹង​អ្នកជំនួញ​នៅ​ទូទាំង​ប្រទេស។ ខ្ញុំ​បាន​ជជែក​ជាមួយ​នឹង​ពលរដ្ឋ​ធម្មតា​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ក្នុង​រយៈពេល​ប៉ុន្មានសប្តាហ៍​កន្លង​មកនេះ។ ពួកគេ​ដឹង​ថា​នេះ​គឺជា​លទ្ធផល​នៃ​វីរុស​ដែល​ចេញ​មក​ពី​ទីក្រុង​វូហាន​ប្រទេស​ចិន​ហើយ​ពួកគេ​ដឹង​ថា​រដ្ឋាភិបាល​ចិន​មិន​បាន​ធ្វើ​អ្វី ដែល​ចាំបាច់​ទេ។ វា​នឹង​មាន​តម្លៃ​មួយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ»៕

XS
SM
MD
LG