បំណងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការប្រកាសថាលោកនឹងកាត់ប្រាក់ជំនួយរបស់ស.រ.អា. ឱ្យអង្គការសុខភាពពិភពលោកបាននាំឱ្យមានការយកចិត្តទូកដាក់ថ្មីមួយទៅលើមុខនាទីរបស់ទីភ្នាក់ងារនេះរបស់អ.ស.ប.ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលជាសាកលនៃមេរោគវីរុសកូរ៉ូណានិងអំពីថាតើអង្គការនេះមានការគោរពខ្លាំងពេកដល់ប្រទេសចិនដែលមេរោគនេះបានផ្ទុះដំបូងនៅទីនោះ។
អង្គការសុខភាពពិភពលោកហៅកាត់ថា WHO ជាអង្គការមួយក្នុងចំណោមអង្គការមួយចំនួនដែលបានត្រូវបង្កើតឡើងជាផ្នែកមួយនៃអ.ស.ប.នៅក្នុងពេលប៉ុន្មានឆ្នាំក្រោយសង្គ្រាមលោកលើកទីពីរ។ ក្នុងរយៈពេល៧០ឆ្នាំអង្គការនេះបានបំពេញមុខនាទីសំខាន់មួយក្នុងការឆ្លើយតបនឹងវិបត្តិសុខភាពសាកល។ កន្លងមក អង្គការ WHO បានជួយកម្ចាត់ជំងឺអុត,កាត់បន្ថយករណីអ្នកកើតជំងឺស្វិតដៃជើងបាន៩៩% ហើយជាអង្គការនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលជំងឺនានាដូចជាជំងឺ Ebola ជាដើម។
ក៏ប៉ុន្តែរឿងចម្រូងចម្រាស់អំពីលោក ត្រាំ កាត់បន្ថយវិភាគទានប្រចាំឆ្នាំរបស់ស.រ.អា.ចំនួន៤៤៥លានដុល្លារទៅក្នុងថវិកាចាយវាយ ចំនួន៤ពាន់៨រយលានដុល្លាររបស់អង្គការ WHO ដែលជាទឹកប្រាក់វិភាគទានច្រើនជាងប្រទេសឯទៀតៗ កើតមានឡើងនៅពេលដ៏សំខាន់នេះ។ មកទល់នឹងពេលនេះ ពុំទាន់មានថ្នាំព្យាបាលឬថ្នាំវ៉ាក់សាំងដើម្បី ដោះស្រាយវបត្តិនៃជំងឺ កូវីដ១៩ ដែលរហូតមកដល់ពេលនេះបានបណ្តាលឱ្យមនុស្សជាង១សែន៣ម៉ឺន៣ពាន់នាក់ស្លាប់នៅទូទាំងពិភពលោក។ ការផលិតថ្នាំព្យាបាល ឬ វ៉ាក់សាំងត្រូវគេរំពឹងថា នឹងត្រូវរង់ចាំរាប់ខែ ឬមួយឆ្នាំទៀត។
លោក ត្រាំ ដែលបានបន្ទោសពួកអភិបាលរដ្ឋក្នុងស.រ.អ.ថាមិនបានស្តុកទុកឧបករណ៍វេជ្ជសាស្ត្រដែលគេត្រូវការដើម្បីព្យាបាលពួកអ្នកជំងឺកូវីដ១៩។ ខ្លួនលោកផ្ទាល់មិនបានផ្តល់សារៈសំខាន់ដល់ការគំរាមកំហែងនៃវីរុសកូរ៉ូណាលើស.រ.អា.កាលពីប៉ុន្មានសប្តាហ៍នៅដើមឆ្នាំនេះ មុននឹងលោកបានប្រកាសភាពមានអាសន្ននៅទូទាំងប្រទេសជាតិកាលពីពាក់កណ្តាលខែមីនា។
ក្នុងការសម្រេចកាត់ការគាំទ្ររបស់ស.រ.អ.ដល់អង្គការ WHO លោក ត្រាំ បានបន្ទោសថាអង្គការនេះមានការគោរពខ្លាំងពេកដល់ប្រទេសចិនដែលជាប្រទេសមួយផ្តល់ប្រាក់កាសច្រើនគួរសមដែរដល់ទីភ្នាក់ងារនេះ។ លោកបាននិយាយថាអង្គការ WHO បានធ្វើមិនឱ្យពិភពលោកមានប្រតិកម្មឆាប់រហ័សដល់ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
សកម្មភាពរបស់អង្គការ WHO បាននាំឱ្យមានការសាកសម្យខ្លះដែរ នៅក្នុងការវាយតម្លៃរបស់លោក ត្រាំ។
ក្រោយពេលដែលប្រទេសចិនបានរាយការណ៍ដំបូងអំពីករណីជំងឺរលាកសួតមួយចំនួនតូចកាលពីថ្ងៃទី៣១ខែធ្នូ ដែលកាលពីពេលនោះ គេនៅមិនទាន់ដឹងថាជាជំងឺអ្វីនោះ អង្គការ WHO បាននិយាយកាលពីដើមខែមករាថាខ្លួនបានសុំព័ត៌មានថែមទៀតពីរដ្ឋាភិបាលក្រុងប៉េកាំងក៏ប៉ុន្តែខ្លួនបានណែនាំ« ប្រឆាំងនឹងការអនុវត្តន៍ការរឹតត្បិតខាងការធ្វើដំណើរនិងខាងពាណិជ្ជកម្មលើប្រទេសចិនដោយផ្អែកលើព័ត៌មានដែលមាននៅពេលនោះអំពីជំងឺនេះ»។
កាលពីចុងខែមករា លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃ អង្គការ WHO បានអង្គុយជិតប្រធានាធិបតីចិន Xi Jinping នៅក្នុងមហាសាលរបស់ប្រជាជននៅក្នុងក្រុងប៉េកាំង ហើយលោកបានសរសើរការឆ្លើយតបរបស់ប្រទេសចិនដល់វិបត្តិមេរោគវីរុសកូរ៉ូណា។ លោក Tedros បាននិយាយថា៖ « យើងសរសើរនិងអរគុណដល់ភាពម៉ត់ចត់របស់ប្រទេសចិននៅពេលមានការរាលដាលមេរោគវីរុសនេះ ជាពិសេសការប្តេជ្ញាពីពួកអ្នកដឹកនាំកំពូល និងតម្លាភាពដែលពួកគេបានបង្ហាញ»។ បណ្តាញផ្សាយព័ត៌មានជាផ្លូវការនៃប្រទេសចិនបានដកស្រង់អត្ថាធិប្បាយនេះមកផ្សាយជាច្រើនសប្តាហ៍។
នៅក្នុងសន្និសិទកាសែតកាលពីយប់ថ្ងៃអង្គារទី១៤ខែមេសាអំពីមេរោគវីរុសកូរ៉ូណា លោក ត្រាំ បាននិយាយថា៖ «ជាមួយការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩យើងមានកង្វល់ខ្លាំងអំពីថាតើសប្បុរសធ៌មរបស់ប្រទេសអាមេរិកដល់អង្គការ WHO បានត្រូវយកទៅប្រើប្រាស់យ៉ាងល្អបំផុតឬទេ»។
ប្រវត្តិអង្គការ WHO
ទីភ្នាក់ងារនេះបានត្រូវបង្កើតកាលពីឆ្នាំ១៩៤៨ ហើយនៅពេលនេះត្រូវចាត់ចែងកិច្ចការដោយរដ្ឋជាសមាជិកចំនួន១៩៤។ អង្គការនេះបានត្រូវបង្កើតឡើងដើម្បីសម្របសម្រួលគោលនយោបាយសុខភាពអន្តរជាតិសម្រាប់អ.ស.ប. ជាពិសេសអំពីជំងឺឆ្លង។
ប្រទេសនីមួយៗបញ្ជូនពួកអ្នកជំនាញខាងសុខភាពឱ្យទៅតំណាងខ្លួននៅក្នុងមហាសន្និបាតសុខភាពពិភពលោកដែលជាអង្គការខាងការធ្វើសេចក្តីសម្រេចនិងខាងធ្វើគោលនយោបាយរបស់ WHO។ អង្គការ WHO បើកការប្រជុំប្រចាំឆ្នាំនៅក្នុងក្រុងហ្សឺណែវ។
អង្គការ WHO មានទីស្នាក់ការក្នុងតំបន់នៅក្នុងទ្វីបអាហ្វ្រិក, ទ្វិបអាមេរិកខាងជើងនិងខាងត្បូង, អាស៊ីអាគ្នេយ៍, ទ្វីបអឺរ៉ុប, ប៉ែកខាងកើតនៃតំបន់សមុទ្រមេឌីទែរ៉ានេ និងផ្នែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក។ អង្គការនេះមានបុគ្គលិក ៧ពាន់នាក់ធ្វើការនៅក្នុងការិយាល័យ១៥០ នៅទូទាំងពិភពលោក។
ទោះណាជាអង្គការ WHO មានជោគជ័យក្នុងការបំបាត់ជំងឺអុតនិងជំងឺស្វិតដៃជើងក៏ដោយ ក៏មានការរិះគន់ដល់អង្គការនេះជាច្រើនឆ្នាំមកហើយថា មានការិយាធិបតេយ្យច្រើនពេក, មានទម្រង់មិនល្អហើយពឹងពាក់ខ្លាំងពេកទៅលើប្រទេសដែលឱ្យជំនួយច្រើនៗ។
អង្គការ WHO បានទទួលស្គាល់អំពីការឆ្លើយតបមិនគ្រប់គ្រាន់របស់ខ្លួនដល់ការរាលដាលជំងឺ Ebola ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦នៅក្នុងប៉ែកខាងលិចនៃទ្វីបអាហ្វ្រិក។ ទីភ្នាក់ងារនេះបានរង់ចាំ៥ខែ មុននឹងប្រកាសថាជំងឺ Ebola ជាជាភាពមានអាសន្នខាងសុខាភិបាលសាធារណៈមួយដែលនាំឱ្យមានកង្វល់កម្រិតអន្តរជាតិ។ ការវាយតម្លៃមួយដោយពួកអ្នកបង្រៀនក្នុងសាកលវិទ្យាល័យបាននិយាយថា ការពន្យារពេលនេះ«បាននាំឱ្យមានកម្រិតនៃការរាតត្បាតដែលមិនធ្លាប់មានពីពេលមុនៗ»។
កាលពីឆ្នាំ២០១៤ លោក Charles Cliff ដែលជាអតីតអ្នកពិគ្រោះយោបល់របស់អង្គការ WHO បានសរសេរថាទីភ្នាក់ងារនេះ«មានទាក់ទិនខ្លាំងនឹងនយោបាយនិងការិយាធិបតេយ្យហើយបានត្រូវគ្របដណ្តប់ខ្លាំងពេកដោយពួកបុគ្គលិកជាពេទ្យដែលស្វះស្វែងរកដំណោះស្រាយខាងវេជ្ជសាស្ត្រដល់អ្វីដែលជាញឹកញាប់ជាបញ្ហាខាងសង្គម និងខាងសេដ្ឋកិច្ច។ អង្គការនេះញញើតញញើមក្នុងការរកវិធីដោះស្រាយបញ្ហាចម្រូងចម្រាស់, បានពង្រីកកិច្ចការច្រើនពេកហើយមានការយឺតយូរណាស់ក្នុងការធ្វើកំណែទម្រង់»។
អង្គការ WHO បានទទួលប្រាក់កាសពីទូទាំងពិភពលោក ក៏ប៉ុន្តែបានដោយផ្នែកពីប្រទេសនីមួយៗដែរ។ អង្គការអន្តរជាតិ, ពួកអ្នកផ្តល់ជំនួយជាឯកជននិងអ.ស.ប.ក៏បានផ្តល់ប្រាក់កាសឱ្យ WHO ដែរ។ រដ្ឋជាសមាជិកនីមួយៗនៅក្នុងអង្គការ WHO បានបង់ប្រាក់សមាជិកភាពដោយផ្អែកលើធនធាននិងចំនួនប្រជារាស្ត្ររបស់ផងខ្លួន។ ក៏ប៉ុន្តែប្រាក់សមាជិកភាពនេះមានតែប្រមាណ២៥ភាគរយនៃការផ្តល់ប្រាក់សម្រាប់អង្គការនេះតែប៉ុណ្ណោះ។
ទឹកប្រាក់សល់ពីនេះបានមកពីការធ្វើវិភាគទានស្ម័គ្រចិត្តគឺវិភាគទានមកពីប្រទេសនៅទូទាំងពិភពលោកនិងពួកអ្នកផ្តល់ជំនួយជាបុគ្គល។
ស.រ.អា.ជាប្រទេសដែលផ្តល់ជំនួយច្រើនជាងគេគឺមានចំនួន ៨៩៣ លានដុល្លារក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩។ ក្នុងចំនួនទឹកប្រាក់នេះ ២៣៧ លានដុល្លារជាប្រាក់សម្រាប់សមាជិកភាពហើយ ៦៥៦លានដុល្លារជាវិភាគទាន។
ប្រទេសដែលបង់ប្រាក់ច្រើនជាងគេទីពីរគឺចក្រភពអង់គ្លេសដែលបានបង់ប្រាក់ ៤៣៤ លាន៨សែនដុល្លារជាប្រាក់សមាជិកភាពនិងវិភាគទានក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ដែរ។ ប្រទេសចិនបានធ្វើវិភាគទានជិត៨៦លានដុល្លារ។
ការធ្វើវិភាគទានស្ម័គ្រចិត្តដោយស.រ.អា.មានជិត១៥% នៃទឹកប្រាក់សរុបដែលពិភពលោកបានផ្តល់ឱ្យអង្គការ WHO។ អ្នកផ្តល់វិភាគទានច្រើនទីពីរគឺមូលនិធិ Bill and Melinda Gates ដែលផ្អែកលើធនថានរបស់លោក Bill Gates ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft ដ៏ធំមហិមានោះ៕
ប្រែសម្រួលដោយ ឈឹម សុមេធ