ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pence និង​អ្នកស្រី Pelosi ខ្វែង​គំនិត​គ្នា​រឿង​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩


លោក​អនុប្រធានាធិបតី Mike Pence ថ្លែង​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
លោក​អនុប្រធានាធិបតី Mike Pence ថ្លែង​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និយាយ​ថា រដ្ឋបាល​របស់​លោក​កំពុង​ធ្វើ​ការ​ដើម្បី​ឲ្យ​មាន​តម្បារ​សំឡី​បន្ថែម​ទៀត​សម្រាប់​ការ​ធ្វើ​តេស្ត​វីរុស​កូរ៉ូណា ស្រប​ពេល​ដែល​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ និង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា ពួកគេ​ជិត​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​លើ​កញ្ចប់​ថវិកា​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​អាជីវកម្ម​តូចតាច។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​វិធានការ​របស់​លោក Trump ចំពោះ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ ជាពិសេស​លើ​អ្វី​ដែល​ពួកគេ​និយាយ​ថា​ជា​ការ​ខ្វះខាត​នូវ​ការ​ធ្វើ​តេស្ត ដើម្បី​ដាក់​អ្នក​កើត​ជំងឺ​កូវីដ១៩ ឲ្យ​នៅ​ដាច់​ដោយ​ឡែក និង​ស្វែង​រក​អ្នក​ដែល​ធ្លាប់​មាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​កើត​ជំងឺ​នេះ។

លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​របស់​សេតវិមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ការ​ព្រមព្រៀង​មួយ​ជិត​សម្រេច​បាន​ជាមួយ​នឹង​ក្រុមហ៊ុន​អាមេរិក​មួយ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នោះ​បង្វែ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ផលិត​តម្បារ​សំឡី​ចំនួន ១០ លាន​ក្នុង​មួយ​ខែ ហើយ​រដ្ឋាភិបាល​នឹង​ប្រើ​អំណាច​របស់​ខ្លួន​ដើម្បី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​មួយ​ទៀត​បង្កើន​ផលិតកម្ម​តម្បារ​សំឡី​របស់​ខ្លួន​ឲ្យ​បាន​ជាង ២០ លាន​ក្នុង​មួយ​ខែ។

លោក​អនុ​ប្រធានាធិបតី Mike Pence ដែល​ដឹកនាំ​ក្រុម​ការងារ​សេតវិមាន​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ បាន​បញ្ជាក់​ក្នុង​កម្មវិធី «Fox News Sunday» ថា លោក​ជឿ​ថា មាន​ឧបករណ៍​ធ្វើ​តេស្ត​គ្រប់គ្រាន់​សម្រាប់​រដ្ឋ​នីមួយៗ​នៅ​ក្នុង​ការ​ចាប់ផ្ដើម​ដំណាក់កាល​ដំបូង​នៃ​គោលការណ៍​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បើក​ប្រទេស​ឡើង​វិញ​បណ្ដើរៗ។

ប៉ុន្តែ​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi វិញ បាន​បញ្ជាក់​ក្នុង​កម្មវិធី «This Week» របស់​ទូរទស្សន៍ ABC News ថា៖ «ចំណុច​សំខាន់​នៅ​ក្នុង​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ គឺ​ការ​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩។ យើង​មិន​ទាន់​ធ្វើ​វា​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ»៕

XS
SM
MD
LG