អាណាព្យាបាលមួយចំនួនរបស់កុមារដែលបាត់បង់ជីវិតដោយសារការលិចទូកដ នៅស្រុកលើកដែកកាលពីពេលថ្មីៗនេះ បង្ហាញភាពសោកសង្រេងចំពោះការបាត់បង់កូនៗ ដែលសុទ្ធតែជាសិស្សប្រឹងប្រែងក្នុងរៀនសូត្រ ទោះបីមានឧបសគ្គក្នុងការធ្វើដំណើរ។
កំពុងអង្គុយឱបរូបថតកូនស្រីដែលបានស្លាប់ដោយការលិចទូកដក្នុងឃុំកំពង់ភ្នំ កាលពីសប្តាហ៍មុន អ្នកស្រី សួង ប៊ុនថា បាននិយាយទាំងអារម្មណ៍ក្តុកក្តួលថា នៅមុនពេលកើតហេតុនេះ អ្នកស្រីបានសូមអង្វរកូនឱ្យឈប់រៀនមួយរយៈដែរ ព្រោះព្រួយបារម្ភអំពីការធ្វើដំណើររបស់កូន ប៉ុន្តែកូនគាត់បែរជាទៅសុំអង្វរឪពុកថា រៀនអង់គ្លេសតែ ២ថ្ងៃទៀតតែប៉ុណ្ណោះ នឹងផ្អាករៀនហើយ ប៉ុន្តែស្រាប់តែថ្ងៃនោះជួបឧប្បត្តិវហេតុបែបនេះតែម្តងទៅ។
អ្នកស្រីរៀបរាប់ប្រាប់វីអូអេថា៖ «ដល់ពេលរៀនគួអង់គ្លេសហ្នឹង ខ្ញុំថាផ្អាករៀនគួទៅយប់ ខ្លាចងងឹត។ ដល់ពេលគាត់អត់ព្រមទេ គាត់ឱបដៃប៉ា គាត់ថាប៉ាកូនសុំតែ ២ថ្ងៃទៀតទេ។ ប៉ាក៏ឃើញកូនអត់ដាច់ចិត្ត ឃើញកូនចង់រៀនក៏ឱ្យកូនទៅ ពេលកូនទៅត្រឡប់មកវិញក៏ជួបបញ្ហាហ្នឹងទៅ [គាត់លិចទូកយប់ថ្ងៃព្រហស្បតិ៍]។ [ដោយសារ]កូនចង់រៀន»។
ស្ត្រីអាយុ ៤០ឆ្នាំ ជាម្តាយកូន ២នាក់គឺ ប្រុសម្នាក់និងស្រីម្នាក់ ហើយដែលកំពុងរស់នៅក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានឱ្យដឹងទៀតថា កូនស្រីដែលស្លាប់នោះគឺកូនច្បងអាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៅវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ។
បើតាម អ្នកស្រី សួង ប៊ុនថា កូនគាត់គឺជាសិស្សពូកែ និងខិតខំរៀនសូត្រណាស់។ អ្នកស្រីតក់ស្លុតយ៉ាងខ្លាំងពេលទទួលបានដំណឹងថាមានការលិចទូកដចម្លងកូនសិស្សដែលចេញពីរៀនកាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែតុលា។
អ្នកស្រីថ្លែងថា៖ «ថ្ងៃ[លិចទូកដ]ហ្នឹង គ្រាន់តែឮប្អូនខ្ញុំតេមកប្រាប់ ប៉ាវាក៏ស្ទុះទៅ ជិះម៉ូតូមករកកូន មានឃើញគេហែល[ទឹក] ប៉ាវាហែលរកមួយស្របក់ដែរ [តែ]អត់ឃើញកូនទេ អស់សង្ឃឹមពេលហ្នឹងហើយ។ ទាល់តែពេលព្រឹកឡើងម៉ោង៧ បានរកកូនឃើញ ពេលរកកូនឃើញ មានអារម្មណ៍ស្តាយក្រោយ ព្រោះកូនខ្ញុំ ខ្ញុំស្រឡាញ់ណាស់ ធ្វើការរាល់ថ្ងៃដើម្បីតែកូន មកពីធ្វើការវិញឃើញកូនក៏សប្បាយចិត្ត មកដល់ផ្ទះម៉ោង៤ មុនកូន ចាំមើលផ្លូវកូនមកហូបបាយជុំគ្នា តែថ្ងៃហ្នឹងធ្វើបាយធ្វើម្ហូបហើយ អត់បានជុំគ្នាទេ កូនក៏បាត់បង់ទៅ»។
ផ្តើមចេញពីការលិចទូកដដ៏ប្រល័យនោះ អ្នកស្រី ប៊ុនថា ស្នើសុំឱ្យមានការសាងសង់ស្ពានឆ្លងកាត់ពីសាលារៀនទៅកោះចំម្រើន ដើម្បីបង្កការងាយស្រួលដល់ប្រជាពលរដ្ឋ និងចៀសវាងកុំឱ្យកើតមានគ្រោះថ្នាក់បែបនេះបន្តទៀត។
អ្នកស្រីថ្លែងថា៖ «សុំស្នើសុំឱ្យសម្តេច ជួយធ្វើស្ពានឱ្យដើម្បីប្រជាជន និងសិស្សដទៃទៀត កុំឱ្យមានបញ្ហាអ៊ីចឹង ច៎ា!»។
កាលពីថ្ងៃសុក្រកន្លងទៅ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តកណ្តាលបានឱ្យដឹងថា មានឧប្បតិ្តហេតុលិចទូកដ ក្នុងស្រុកលើកដែក ដែលបានសម្លាប់សិស្សសាលាយ៉ាងហោចណាស់ ១០ នាក់ ហើយសិស្សម្នាក់ទៀតបានបាត់ខ្លួន។ ប៉ុន្តែក្រោយមក អាជ្ញាធរមានសមត្ថកិច្ចឱ្យដឹងថាសិស្សដែលបានខ្លួននោះ ក៏បានស្លាប់ផងដែរ។
អធិការនគរបាលស្រុកលើកដែក លោក អាំ ធូ ប្រាប់វីអូអេកាលពីថ្ងៃសុក្រថា ការលិចលង់ទូកដនោះបានកើតឡើង នៅពេលទូកមានសភាពឃ្លីងឃ្លោង ពេលបើកឆ្លងកាត់ផ្ទៃទឹកទន្លេមេគង្គក្បែរស្ពានអ្នកលឿង។
នៅក្នុងភូមិកោះចំរើន ទូកដចាស់ទ្រុឌទ្រោម ដែលលិចលង់កាលពីយប់ថ្ងៃព្រហស្បតិ៍ត្រូវបានគេលើកយកមកដាក់លើមាត់ច្រាំងទន្លេមេគង្គ ដែលហូរឆ្ពោះទៅស្ពានអ្នកលឿង។ សៀវភៅរបស់កូនសិស្សដែលបានស្លាប់នោះ ក៏គេឃើញនៅរាយប៉ាយក្បែរទូកដែលស្រង់ចេញពីទឹកទន្លេ។
អ្នកស្រី សុន គន្ធី ជាម្តាយម្នាក់ទៀតដែលបានបាត់បង់កូនប្រុសម្នាក់ទៅក្នុងហេតុការណ៍លិចទូកកាលពីយប់ថ្ងៃព្រហស្បតិ៍នោះ។
អ្នកស្រីប្រាប់អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) ថា កូនប្រុសច្បងរបស់អ្នកស្រី ដែលបាត់បង់ជីវិតមានអាយុ១៤ឆ្នាំ រៀនថ្នាក់ទី០៨ ហើយជាសិស្សពូកែម្នាក់ផងដែរ។ អ្នកស្រីមិនទាន់អាចបំភ្លេចកូនបាននៅឡើយ ព្រោះមិននឹកស្មានថាកូនត្រូវបាត់បង់ជីវិតដោយសារតែការចង់ចេះ ចង់ដឹងបែបនេះនោះទេ។
ស្រ្តីដែលមានកូនប្រុសពីរនាក់រូបនេះលើកឡើងថា៖ «គាត់ខំឆ្លងទឹកទៅរៀន ដើម្បីបានចំណេះ តែស្មានមិនដល់ថាគាត់បានបាត់បង់ជីវិត ដោយសារការសិក្សារបស់គាត់។ ខ្ញុំសង្វេគគាត់ អាណិតគាត់ ហេតុតែចង់ចេះចង់ដឹង ត្រូវបាត់បង់ជីវិតដោយសារការសិក្សា ស្តាយគាត់ អាណិតគាត់ត្រង់ហ្នឹង»។
អ្នកស្រីបន្ថែមថា៖ «គាត់រៀនពូកែ ខ្ញុំអត់ដែលឱ្យគាត់រៀនគួសូម្បីតែមួយម៉ោង សូម្បីតែមួយមុខវិជ្ជា គាត់មិនដែលរៀនគួទេ កូនគេបានរៀនគួ តែគាត់គាត់អត់រៀនគួទេ ដូចថាគាត់ឃើញម៉ែអត់ គាត់សុខចិត្តអត់ទៅរៀនទេ គាត់រៀនធម្មតាតាមសមត្ថភាពរបស់គាត់ តែគាត់រៀនពូកែ គាត់មិនរៀនគួរពិតមែន តែគាត់បានលេខ៨ ឬ៩ ឬលេខ២ ឱ្យម៉ាក់»។
នៅក្នុងឧប្បត្តិតលិចទូកដនោះ មានកុមារ ៤នាក់ ដែលជាសិស្សសាលាបានរស់រានមានជីវិត ក្នុងចំណោមសិស្សសាលាចំនួន ១៥នាក់ ដែលស្ថិតនៅលើទូក ជាមួយ កម្មករទូក ២នាក់ និងអ្នករួមដំណើរជាកសិករពីរនាក់ទៀត ដែលបានរួចផុតពីការស្លាប់ដោយសារការលិចទូកនោះដែរ។
កុមារចំនួន ៣នាក់ ក្នុងចំណោមអ្នកដែលរួចផុតពីគ្រោះថ្នាក់នៃការលិចទូកដនោះ ប្រាប់អ្នកសារព័ត៌មានវីអូអេនៅថ្ងៃទី១៦ ខែតុលាថា ពួកគេចង់ឱ្យមានស្ពានដើម្បីងាយស្រួលក្នុងការឆ្លងចេញពីកោះឆ្ពោះទៅសាលារៀន ដែលអាចបញ្ចៀសគ្រោះថ្នាក់បែបនេះម្តងទៀត។ កុមារខ្លះ និយាយទៀតថា ម្តាយពួកគេឱ្យផ្អាកទៅរៀនមួយរយៈ រង់ចាំដល់ពេលទឹកស្រក។ ចំណែកកុមារខ្លះ លើកឡើងថាឪពុកម្តាយពួកគេ នឹងជូនទៅរៀន ដោយលែងឱ្យធ្វើដំណើរតាមទូកចម្លងដូចមុនទៀតហើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានទេនៅថ្ងៃចន្ទនេះ ដោយលោកប្រាប់តាមទូរសព្ទថាជាប់រវល់។
យ៉ាងណាក៏ដោយ ក្រោយហេតុការណ៍លិចទូកដនោះ នគរបាលក្នុងខេត្តកណ្តាលបានឃាត់ខ្លួនម្ចាស់ទូក និងអ្នកធ្វើការនៅទូកពីរនាក់ ក្នុងនោះមានក្មេងអាយុ ១៥ឆ្នាំម្នាក់ដើម្បីសាកសួរ។ ក៏ប៉ុន្តែ អ្នកទាំងបីត្រូវបានព្រះរាជអាជ្ញាតុលាការខេត្តកណ្តាលអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ ដោយទុកពេលឱ្យនគរបាលយុត្តិធម៌កសាងសំណុំរឿង។ នេះបើយោងតាមព្រះរាជអាជ្ញារងលោក ឯក ស៊ុនរស្មី។
លោក ឡេង ពៅ អាយុ ៣៨ឆ្នាំ ជាកូនប្រសារបស់អ្នកស្រី ឆឹង ស្រីនាង អាយុ៦៣ឆ្នាំ ជាម្ចាស់ទូកដ ដែលទូកដនេះមានចំណែករបស់អ្នកស្រី ឆឹង វណ្ណា ដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកស្រី ស្រីនាង។
លោកបានប្រាប់វីអូអេនៅរសៀសថ្ងៃចន្ទនេះថា មនុស្ស ៣នាក់ដែលអាជ្ញាធរបាននាំខ្លួនទៅសួរនាំ គឺស្នងការនគរបាលខេត្តកណ្តាល បានឱ្យធ្វើកិច្ចសន្យាត្រឡប់មកផ្ទះវិញនៅថ្ងៃចន្ទនេះ។ ប៉ុន្តែលោកមិនទាន់ដឹងច្បាស់ថាមាន ការកសាងសំណុំរឿងនេះដើម្បីបញ្ជូនទៅតុលាការបន្តទៀត ឬយ៉ាងណានោះទេ។ ហើយលោកក៏ស្នើសុំតុលាការមិនឱ្យមានការចោទប្រកាន់អ្នកទាំង ៣នាក់ បន្តទៀត។
លោកបញ្ជាក់ថា៖ «ឥឡូវម្តាយខ្ញុំគេបានលែងមកវិញហើយ ដោះលែងមកវិញហើយជាមួយមីងខ្ញុំ។ សូមជម្រាបបងប្អូនប្រជាពលរដ្ឋនៅកោះចំរើន គេក៏មិនជា យកទោសអូសដំណើរគាត់ដែរ ព្រោះអីគាត់ជាអ្នកចិត្តល្អនៅកោះចំរើន ហើយគេក៏ទទួលស្គាល់មួយភូមិ ថាគាត់ហ្នឹង គ្រួសារចិត្តល្អ ពេលខ្លះអាចឱ្យលុយចម្លងទូកក៏បាន មិនឱ្យក៏គាត់មិនថាអី ហើយជាពិសេសគ្រួសារសព ១១គ្រួសារ គេមិនយកទោសអូសដំណើរព្រោះវាជាឧប្បត្តិហេតុ ដោយយើងមើលអត់ឃើញ»។
បើតាមការអះអាងរបស់កូនប្រសាររបស់អ្នកស្រី ឆឹង ស្រីនាង ការរត់ទូកដនេះ គឺមានតែក្នុងពេលទឹកឡើងតែប៉ុណ្ណោះ ពោលគឺចាប់ពីខែកក្កដា ទៅដល់ខែមករា ជាអំឡុងពេលទឹកឡើង និងទឹកស្រកទៅវិញ ហើយជារៀងរាល់ឆ្នាំ គឺក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ក៏មិនដែលមានគ្រោះថ្នាក់ណាមួយកើតឡើងនោះឡើយ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចូលរួមសោកស្តាយជាមួយក្រុមគ្រួសារដែលមានសមាជិកបាត់បង់ជីវិតនេះ។ លោកថានេះជាបទពិសោធន៍មួយ សម្រាប់ពិចារណា និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងត្រូវការការពារកុមារឱ្យបានខ្ពស់ ដើម្បីឱ្យពួកគេទទួលបានការអប់រំមួយដោយសុវត្ថិភាព។
លោកបន្ថែមថា រូបភាពប៉ះពាល់ដល់កុមារបែបនេះ ក៏ជាបញ្ហាជិះឥទ្ធិពលដល់កុមារកម្ពុជាពីសំណាក់សហគមន៍អន្តរជាតិផងដែរ។ ដូច្នេះកម្ពុជា ដែលជាភាគីផ្តល់សច្ចាប័នស្តីពីការការពារសិទ្ធិកុមារ ត្រូវតែយកចិត្តទុកដាក់ ពង្រឹងយន្តការការពារកុមារ ដែលស្តែងតាមសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាល។
លោកថ្លែងថា៖ «ដូច្នេះហើយអាជ្ញាធររួមទាំងរដ្ឋាភិបាលត្រូវពិនិត្យមើលឡើងវិញ ទាំងនៅមូលដ្ឋានរបស់ខ្លួន ទាំងនៅថ្នាក់ជាតិ ថាតើយន្តការនៃការ ការពារ និងការបង្កាទប់ស្កាត់អ្វីខ្លះដែលគួរត្រូវធ្វើ ដើម្បីយ៉ាងណាការពារនឹងទប់ស្កាត់កុំឱ្យមាន គ្រោះមហន្តរាយ ឬក៏គ្រោះថ្នាក់ផ្សេងៗទៀត ដែលអាចនឹងកើតមានឡើងលើកុមារកម្ពុជាបន្តទៀត»។
ចំណែក មេឃុំកំពង់ភ្នំ លោក នៅ ទូច មានការសោកស្តាយផងដែរចំពោះការបាត់បង់អាយុជីវិតក្មេងៗបែបនេះ ដែលលោកថាពួកគេសុទ្ធសឹងតែជាកុមារដែលរៀនពូកែនៅក្នុងភូមិ។ លោកបន្ថែមថា គម្រោងសាងស្ពានគឺអាជ្ញាធរ បានគ្រោងនឹងសាងសង់នៅឆ្នាំនេះ ប៉ុន្តែបែរជាជួបគ្រោះបែបនេះមុនទៅវិញ។
លោកប្រាប់វីអូអេថា៖ «គណៈអភិបាលខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានជម្រាបបងប្អូនដែល[មានសាច់ញាតិ]ស្លាប់ហ្នឹង [ថា]មិនមែនថា ស្ពានមិនធ្វើទេ គឺត្រូវធ្វើឆ្នាំហ្នឹង ក៏ប៉ុន្តែធ្វើម៉េចបងប្អូនបានស្លាប់ទៅហើយ មិនមែនបានន័យថាមានគ្រោះហើយបានធ្វើទេ។ អ៊ីចឹងស្ពានហ្នឹងគម្រោងសិក្សាធ្វើ ដោយក្នុងនាមខ្ញុំជាមេឃុំ បានថវិកាវិភាគ[ទាន]របស់រាជរដ្ឋាភិបាល ក៏បានដាក់គម្រោងជាប្រចាំទាំងថ្នាក់ស្រុក ទាំងថ្នាក់ខេត្ត ទាំងថ្នាក់ជាតិ គឺយើងដាក់រាល់ឆ្នាំនៃការសំណើរដើម្បីឱ្យបានស្ពាន។ អ៊ីចឹងស្ពាននឹងបាននៅពេលខ្លីខាងមុខហ្នឹង ដែលថ្នាក់ដឹកនាំត្រូវតែគិតអំពីហានិភ័យដែលកើតឡើង មិនឱ្យកើតឡើងទៀត»។
បើតាមលោកមេឃុំ នៅ ទូច នៅលើកោះចម្រើន គឺមានតែមួយភូមិប៉ុណ្ណោះ គឺភូមិកោះចម្រើននេះ ដែលជាជម្រករបស់ពលរដ្ឋចំនួន៥២៩គ្រួសារ ដែលស្មើនឹងចំនួនប្រជាជនរស់នៅសរុប១០៩០នាក់ ហើយពលរដ្ឋភាគច្រើនដែលរស់នៅលើកោះនោះ ពឹងអាស្រ័យលើរបរកសិកម្ម៕