អាជ្ញាធរវៀតណាម កាលពីសប្តាហ៍មុន បានរកឃើញសាកសពជនជាតិចិនដែលបាត់ខ្លួន ដោយសារលិចទូកឈើមួយគ្រឿងក្នុងដែនសមុទ្រកម្ពុជា។
សាកសពជនជាតិចិន៧នាក់ត្រូវបានរកឃើញនៅក្នុងដែនឆ្នេរសមុទ្រកោះត្រល់ ដែលវៀតណាមហៅថា ភូកុក (Phu Quoc) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នេះបើតាមសារព័ត៌មាន VNExpress ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
សារព័ត៌មាននេះឱ្យដឹងទៀតថា ប្រជាពលរដ្ឋវៀតណាមបានប្រទះឃើញសាកសពអណ្តែតលើឆ្នេរ Bai Truong នៃកោះ Phu Quoc ក្នុងដែនទឹកវៀតណាម។
សារព័ត៌មាន VNExpress បានចុះផ្សាយថា៖ «សាកសពចំនួន៧នាក់ត្រូវបានរកឃើញអណ្តែតចេញពីកោះ Phu Quoc ក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេស កាលពីថ្ងៃព្រហស្បតិ៍ នៅម៉ោង១១ព្រឹក។ អ្នកស្រុកបានឃើញសាកសព២នាក់ដំបូងគេ ដែលបានរសាត់ចូលទៅក្នុងតំបន់ឆ្នេរ Bai Truong នៃកោះ Phu Quoc ។ ចំណែកសាកសព៥នាក់ទៀតត្រូវបានរកឃើញបន្ទាប់មក នៅក្បែរនោះ។ សាកសពទាំងអស់មានសភាពហើមស្អុយរលួយ និងខោអាវរហែក»។
ដោយឡែក បើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជានៅលើបណ្តាញសង្គមហ្វេសប៊ុក សាកសពជនជាតិចិនចំនួន៨នាក់ត្រូវបានរកឃើញនៅឆ្នេរសមុទ្រកោះត្រល់។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទូកឈើដែលដឹកជនជាតិចិនចំនួន៤១នាក់បានលិចក្នុងដែនទឹកកម្ពុជា ហើយភ្លាមៗនោះ អាជ្ញាធរកម្ពុជា និងវៀតណាមបានរកឃើញមនុស្ស៣នាក់ស្លាប់ ជួយសង្រ្គោះមួយចំនួន និងបាត់ខ្លួន៨នាក់។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកក៏មិនទាន់ទទួលបានព័ត៌មានច្បាស់ការណ៍ណាមួយនៅឡើយទេ គ្រាន់តែឃើញតាមសារព័ត៌មានវៀតណាម។ ដោយឡែកទាក់ទងជនជាតិចិនប្រើប្រាស់ទូកឈើ ឬជាទូកនេសាទចូលមកកម្ពុជា លោកបញ្ជាក់ថា ករណីនេះជាការឆ្លងដែនខុសច្បាប់។
លោកបញ្ជាក់ថា៖ «ហើយការចូលមកកម្ពុជា[ដោយជនជាតិចិនចំនួន៤១នាក់] តាមរយៈទូកឈើហ្នឹង [បើ]តាមយើងដឹងគឺជាការឆ្លងដែនខុសច្បាប់ហ្នឹងហើយ»។
ចំណែកលោក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដែលទទួលបន្ទុកកិច្ចការនេះ បានបដិសេធមិនអត្ថាធិប្បាយជុំវិញករណីនេះទេ៕