ជនជាតិចិន ៣ នាក់បានស្លាប់ និងមួយចំនួនទៀតនៅបន្តបាត់ខ្លួន នៅក្នុងហេតុការណ៍លិចទូកឈើមួយគ្រឿងក្នុងដែនសមុទ្រកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទូកនោះត្រូវបានរាយការណ៍ថាបានដឹកជនជាតិចិនចំនួន ៤១ នាក់ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។ នេះបើតាមអភិបាលរងខេត្តព្រះសីហនុ។
អាជ្ញាធរខេត្តព្រះសីហនុបានឱ្យដឹងថា គិតត្រឹមរសៀល ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ ជនជាតិចិន ៨ នាក់ នៅបន្តបាត់ខ្លួន ខណៈអាជ្ញាធរកម្ពុជាបានជួយសង្គ្រោះមនុស្ស ២១ នាក់។ អាជ្ញាធរកម្ពុជាក៏បានរកឃើញសាកសពជនជាតិ ៣ នាក់ផងដែរ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាជ្ញាធរវៀតណាមក៏បានជួយសង្គ្រោះជនជាតិចិន ៩ នាក់ នៅក្នុងដែនទឹករបស់ខ្លួនដែលនៅជាប់កម្ពុជា។ លោកថ្លែងបន្តថា ជនជាតិចិនទាំងនោះបានធ្វើដំណើរតាមទូកចូលមកកម្ពុជាដោយខុសច្បាប់ ដោយសារពួកគេមិនមានលិខិតឆ្លងដែនអ្វីឡើយ។
លោកបានថ្លែងថា៖ «ឆ្លងដែនមកខុសច្បាប់ហ្នឹងឯង គឺមកហ្នឹង អត់មានក្រដាសស្នាមមានអីទេ។ ហើយឆ្លងមកអ៊ីចឹងបានន័យថាខុសច្បាប់ហើយ។ មិនអាចឱ្យគាត់ឆ្លងទូកមកអ៊ីចឹង អត់មានការផ្តល់ដំណឹងផ្តល់អី»។
កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១០:៣០ នាទីព្រឹក ទូកឈើមួយគ្រឿងដែលដឹកជនជាតិចិនទាំងអស់ សរុប ៤១ នាក់ ដែលមានស្រី ៣ នាក់ បានលិចក្នុងសមុទ្រស្ថិតនៅចំណុចមួយនៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ។ នេះបើតាមអាជ្ញាធរខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា អាជ្ញាធរមិនទាន់ដឹងទេថា តើពួកគេចូលមកកម្ពុជាមានគោលបំណងអ្វីឡើយ។
សារព័ត៌មាន South China Morning Post ដែលបានសម្ភាសន៍អ្នករស់រៀនមួយចំនួន ឲ្យដឹងថា ជនជាតិចិនទាំងនោះមិនបានដឹងថា ពួកគេធ្វើដំណើរឆ្ពោះមកកាន់កម្ពុជាឡើយ ខណៈទូរសព្ទរបស់ពួកគេត្រូវបានរឹបអូសយក។ ជនរងគ្រោះបញ្ជាក់ថា ពួកគេត្រូវបានអូសទាញឱ្យធ្វើដំណើរតាមសមុទ្រ ជាមួយការសន្យាផ្តល់ប្រាក់កម្រៃចាប់ពី ២.៨០០ ដុល្លារ នៅក្នុងដំណើរនេសាទមួយ ដែលមានរយៈពេល ២០ ថ្ងៃ។
បើតាមសារព័ត៌មានដដែល ទូកមួយគ្រឿងនេះបានចេញដំណើរពីខេត្តក្វាងទុង(Guangdong) នៃប្រទេសចិន កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំនៅកម្ពុជា តាមសារអ៊ីម៉ែលបាននៅឡើយទេ។ ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ក៏បានទៅសួរសុខទុក្ខអ្នករស់រានមានជីវិត ដែលស្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេថា ជនបរទេសទាំងនោះមិនទាន់ត្រូវបានបញ្ជូនមកផ្នែកអន្តោប្រវេសន៍នៅឡើយទេ។ លោកថ្លែងបន្ថែមថា បើសិនជនជាតិចិនទាំងនោះចូលមកកម្ពុជាដោយខុសច្បាប់ ពួកគេនឹងត្រូវបណ្តេញចេញទៅកាន់ប្រទេសកំណើតវិញ។
លោកបានថ្លែងថា៖ «ហ្នឹងហើយ បើសិនជាគាត់អត់មានលិខិតឆ្លងដែន យើងខ្ញុំបណ្តេញចេញហើយ។ ប៉ុន្តែទាល់តែបញ្ជូនមនុស្សហ្នឹងមកសិន បានខាងខ្ញុំពិនិត្យហើយហ៊ានអះអាង»។
មួយរយៈចុងក្រោយនេះ មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់អំពីជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីស្វែងរកការងារ ជាមួយការសន្យាថានឹងបានប្រាក់ខែខ្ពស់។ ជនបរទេសទាំងនោះត្រូវបានបង្ខាំងទុក មិនឱ្យមានសេរីភាព រងការធ្វើទារុណកម្ម និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្នុងរូបភាពជួញដូរមនុស្សជាដើម។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាក៏ត្រូវបានរាយការណ៍ថាជាកន្លែងប្រើប្រាស់កម្លាំងបរទេសឲ្យធ្វើសកម្មភាពខុសច្បាប់ ដូចជាការបោកបញ្ឆោតតាមបច្ចេកវិទ្យា ឬហៅថា Scam៕