ទូកទេសចរណ៍ដេករណែលតាមផ្លូវដីនៅក្នុងតំបន់នេសាទមួយកន្លែងជាប់បឹងទន្លេសាប។ កៅអីទូកខ្លះ ត្រូវគេយកមកដាក់ចោលលើផ្ទៃដី ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ម្ចាស់ទូកទាំងនោះ គឺជាពលរដ្ឋនៅឃុំកំពង់ភ្លុក ទីដែលមានអ្នកនេសាទជាង៩០០គ្រួសាររស់នៅ។
ក្នុងចំណោមទូករាប់សិបគ្រឿងដែលចតចោលនោះ គឺមានទូកប្រមាណ២០% ត្រូវបានជួសជុលរង់ចាំដឹកអ្នកទេសចរ ខណៈទូកខ្លះទៀតបានផ្តល់សេវាដល់អ្នកទេសចរបណ្តើរៗហើយ។
កំពុងជួសជុលទូកទេសចរណ៍មួយនៃទូករបស់លោកចំនួន៥គ្រឿង លោក គន់ ថា អាយុ៣៧ឆ្នាំបានប្រាប់វីអូអេថា នៅដំណាក់កាលដំបូងនេះភ្ញៀវទេសចរខ្មែរមកលេងឃុំកំពង់ភ្លុកច្រើនជាងភ្ញៀវបរទេស។
បុរសដែលបានប្រកបមុខរបរនេះ៧ឆ្នាំមកហើយនោះបានឱ្យដឹងថា លោកបានជួសជុលទូកបាន៣គ្រឿងហើយក្នុងចំណោមទូករបស់លោក៥គ្រឿង ដើម្បីត្រៀមជូនភ្ញៀវទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិ រួមមានបឹងទន្លេសាប តំបន់ព្រៃរនាម និងព្រៃគុប។
លោកថ្លែងថា៖ «ពួកខ្ញុំអ្នកកាណូត ភ្ញៀវគឺមានអារម្មណ៍ថា នឹងអាចមានភ្ញៀវវិលមកវិញ ទោះជាវាមិនបានដល់ទៅ៥០% ក៏តែ៣០%ឬ៤០% ក៏ពួកខ្ញុំសប្បាយចិត្តដែរ»។
លោករំឭកថា សម្រាប់លោកជាអ្នកនេសាទផងនោះ ផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ១៩មកលើគួ្រសាររបស់លោកគឺមានកម្រិតតិចជាងអ្នករស់នៅទីក្រុង និងអ្នករស់នៅតាមទីប្រជុំជន។ ប៉ុន្តែសង្គ្រាមប្រទេសរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែនកំពុងធ្វើឱ្យសាំងឡើងថ្លៃ និងបង្កការលំបាកដល់អ្នករត់ទូកទេសចរណ៍ ខណៈចំនួនទេសចរមិនទាន់កើនឡើងច្រើននៅឡើយ។
លោកនិយាយថា៖ «ម៉្លោះហើយខ្ញុំ អ្នកទន្លេ ទោះជាថា ខ្ញុំយ៉ាប់ ក៏វាដូចមិនយ៉ាប់ប៉ុន្មាន។ ទីមួយពេលដែលខ្ញុំអត់មានភ្ញៀវទេសចរអ៊ីចេះ ពួកខ្ញុំអាចទៅរកត្រីបាន។ ក៏គិតទៅវាមិនយ៉ាប់ប្រហែលនឹងពេលប្រេងកំពុងឡើងថ្លៃដូចឥឡូវដែរ»។
កំពុងជួយលោក គន់ ថា ជួសជុលទូកទេសចរណ៍នោះ លោក ហែម មុំ អាយុ៤៧ឆ្នាំនិយាយថា ប៉ុន្មានខែនេះ ខណៈម្ចាស់ទូកទេសចរណ៍ និងទូកនេសាទកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ ក្រោយជំងឺកូវីដ១៩នោះ លោករវល់គ្មានថ្ងៃសម្រាកទេ។
លោកថ្លែងថា៖ «អូ បើនិយាយពីរឿងការងារជួសជុលទូកនេះវាមិនចេះអត់ទេ។ និយាយរួមថា ឱ្យតែមានកម្លាំងធ្វើ មានប្រចាំថ្ងៃអ៊ីចឹងឯង»។
កម្មកររកស៊ីជួសជុលទូកទេសចរណ៍ មានកូន៦នាក់នេះ ប្រាប់វីអូអេបន្ថែមថាលោកទទួលបានប្រាក់ឈ្នួល១០ដុល្លារក្នុងមួយថ្ងៃសម្រាប់ការងារ៨ម៉ោង ប៉ុន្តែបើមានម្ចាស់ទូកពីរនាក់ជួលលោកនោះ នោះលោកអាចរកប្រាក់បានបន្ថែមទៅតាមបរិមាណការងារ។
បញ្ហាសាំងឡើងថ្លៃនេះមានផលប៉ះពាល់មិនរើសមុខបន្តគ្នាពីអ្នកផលិត អ្នកលក់រហូតដល់អតិថិជន ហើយវាក៏ប៉ះពាល់ពីម្ចាស់អាជីវកម្មរហូតដល់កម្មករ។
កម្មករម្នាក់ទៀតដែលស៊ីឈ្នួលជួសជុល និងបើកទូកទេសចរណ៍ បានឱ្យដឹងថា លោកបានប្រាក់ខែតែ៥០ដុល្លារប៉ុណ្ណោះ។ លោកចង់បានប្រាក់ខែខ្ពស់ជាងនេះ ប៉ុន្តែលោកដឹងពីការលំបាករបស់ម្ចាស់ទូកពេលសាំងឡើងថ្លៃ។
លោកប្រាប់វីអូអេថា៖ «ចង់បានប៉ុន្តែថៅកែ គាត់រត់អត់រួចដែរ។ ប្រេងវាថ្លៃផងឆ្នាំណេះ»។
កម្មករដែលមានកូន៤នាក់នេះបានឱ្យដឹងថាចំណូលរបស់លោកភាគច្រើនបានពីលុយដែលភ្ញៀវឱ្យ។ លោកកំពុងរង់ចាំប្រភពចំណូលរបស់លោកគឺភ្ញៀវទេសចរ។
លោកនិយាយថា៖ «បានរស់ជាមួយភ្ញៀវ ។ ភ្ញៀវខ្លះ គេចេញមួយជើងចឹងទៅ បាន១ម៉ឺន ២ម៉ឺនអីណា៎!បានភ្ញៀវធីបឱ្យ។ បើរំពឹងលុយខែចិញ្ចឹម[ខ្លួន]មិនរស់ទេ។ មួយខែ៥០ដុល្លារ គ្មានអ្នកណាគេបើកទេ»។
ដូចទូកទេសចរណ៍នៅកំពង់ភ្លុកដែរ ទូកទេសចរណ៍នៅតំបន់ទេសចរណ៍ជាប់បឹងទន្លេសាបផ្សេងទៀត បានដេករណែលតាមមាត់អូរ ដោយសារការបិទប្រទេសដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។
ជំងឺកូវីដ១៩បានសម្លាប់ប្រជាជនកម្ពុជាជាង៣.០០០នាក់ ហើយរដ្ឋាភិបាលបានបិទប្រទេសអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីឆ្នាំ២០២១ និងមានការរឹតបន្តឹងជាបន្តបន្ទាប់មកទៀត ពាក់ព័ន្ធនឹងដំណើរការអាជីវកម្មមានលក្ខណៈប្រមូលផ្តុំ និងការប្រាស្រ័យទាក់ទងគ្នាតាមទីសាធារណៈ និងឯកជន។
ក៏ប៉ុន្តែ ដោយសារតែករណីឆ្លងថ្មី បានថយចុះគួរឱ្យកត់សម្គាល់ក្រោយពលរដ្ឋទទួលបានវ៉ាក់សាំងនោះ រដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញកាលពីខែវិច្ឆិកាឆ្នាំ២០២១ដដែលនោះ៕