ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ WHO ប្រាប់​សហភាព​អឺរ៉ុប​ឲ្យ​បន្ត​ប្រើ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ដើម្បី​សង្គ្រោះ​ជីវិត


រូបឯកសារ៖ គ្រូពេទ្យម្នាក់បានបង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Senftenberg ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ គ្រូពេទ្យម្នាក់បានបង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុង Senftenberg ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

នាយក​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​សហភាព​អឺរ៉ុប​លោក Hans Kluge បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អត្ថ​ប្រយោជន៍​នៃ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca មាន​ប្រសិទ្ធភាព​លើស​ហានិភ័យ​នានា ហើយ​បណ្តា​ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប​គួរតែ​បន្ត​ប្រើ​វ៉ាក់សាំង​នេះ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស។

លោក Hans Kluge បាន​កត់សម្គាល់​ថា និយតករ​វេជ្ជសាស្ត្រ​នៅ​អឺរ៉ុប​កំពុង​ស៊ើបអង្កេត​លើ​ករណី​កំណក​ឈាម​ដែល​កើត​ឡើង​លើ​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca មួយ​ចំនួន​តូច ដែល​ករណី​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជាង ១០ នៅ​សហភាព​អឺរ៉ុប ផ្អាក​ការ​ចាក់​វ៉ាក់សាំង​នេះ។

លោក​បាន​និយាយ​ថា៖ «ឥឡូវ​នេះ យើង​នៅ​ទាន់​មិន​ដឹង​ថា​តើ​ករណី​កកឈាម​មួយ​ចំនួន​ឬ​ទាំងអស់​នេះ​បាន​បង្ក​ឡើង​ដោយ​វ៉ាក់សាំង​នេះ ឬ​ដោយ​កត្តា​ចៃដន្យ​ផ្សេង​ទៀត​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «ទោះជា​យ៉ាង​នេះ​ក្ដី នៅ​ពេល​នេះ ប្រសិទ្ធភាព​វ៉ាក់សាំង​នេះ​គឺ​មាន​ច្រើន​លើស​ពី​ហានិភ័យ ហើយ​ការ​ចាក់​វ៉ាក់សាំង​នេះ​គួរតែ​បន្ត​ធ្វើ​ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស»។

ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA) បាន​ឲ្យ​ដឹង​ថា កន្លង​មក ខ្លួន​មិន​បាន​រក​ឃើញ​ថា​មាន​ទំនាក់ទំនង​ណា​មួយ​រវាង​ការ​ចាក់​វ៉ាក់សាំង​នេះ​និង​របាយការណ៍​អំពី​ការ​កក​ឈាម​នោះ​ទេ។

ទោះបីជា​មាន​ការ​ធានា​អះអាង​ទាំងនេះ​ក៏ដោយ ក៏​យ៉ាង​ហោច​ណាស់​មាន​ប្រទេស​ចំនួន ១៣ នៃ​សហភាព​អឺរ៉ុប ដូចជា​ប្រទេស​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី​ជាដើម បាន​ផ្អាក​ការ​ប្រើ​វ៉ាក់សាំង​នេះ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ពេញលេញ​ជាង​នេះ​របស់​ទីភ្នាក់ងារ EMA។

ក្រុមហ៊ុន AstraZeneca បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​ពិនិត្យ​ឡើង​វិញ​នូវ​ទិន្នន័យ​សុវត្ថិភាព​របស់​មនុស្ស​ជាង ១៧ លាន​នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន នៅ​ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប មិន​បាន​បង្ហាញ​ភស្តុតាង​ណា​មួយ​អំពី​ការ​កើនឡើង​នូវ​ហានិភ័យ​នៃ​កំណក​ឈាម​នោះ​ទេ៕

XS
SM
MD
LG