ក្រុមហ៊ុន AstraZeneca បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ការពិនិត្យមើលឡើងវិញនូវទិន្នន័យរបស់ខ្លួនមិនបានរកឃើញភស្តុតាងថា វ៉ាក់សាំងរបស់ខ្លួនដែលបង្ការជំងឺកូវីដ១៩ បណ្តាលឲ្យមានជំងឺកកឈាមក្នុងសរសៃទេ។ នៅថ្ងៃដដែលនោះ ប្រទេសអៀរឡង់និងហូឡង់ ជាប្រទេសថ្មីចុងក្រោយដែលបានផ្អាកការចាក់វ៉ាក់សាំងនោះ។
ក្រុមហ៊ុននោះបានបញ្ជាក់ថា៖ «ការពិនិត្យមើលឡើងវិញដ៏ហ្មត់ចត់នូវទិន្នន័យសុវត្ថិភាពទាំងអស់ មិនបានបង្ហាញភស្តុតាងនៃការកើនឡើងហានិភ័យនៃការស្ទះសរសៃឈាមក្នុងសួត ឬការកកឈាមក្នុងសរសៃឈាមក្នុងក្រុមមនុស្សអាយុណាមួយ យេនឌ័រ ឬនៅក្នុងប្រទេសជាក់លាក់ណាមួយទេ»។
ការពិនិត្យមើលឡើងវិញនេះពីទិន្នន័យមនុស្សជាង ១៧លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងនៅក្នុងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប ត្រូវបានធ្វើឡើងនៅពេលដែលប្រទេសអៀរឡង់បានចូលរួមជាមួយប្រទេសដាណឺម៉ាក ន័រវែស និងអ៊ីស្លង់ នៅក្នុងការផ្អាកការប្រើវ៉ាក់សាំងនេះ ពីព្រោះតែបញ្ហាកកឈាមក្នុងសរសៃ។ ប្រទេសអូទ្រីសបានបញ្ឈប់ការចាក់វ៉ាក់សាំងកាលពីសប្តាហ៍មុនខណៈស៊ើបអង្កេតការស្លាប់ពីការកកឈាមក្នុងសរសៃនេះ។
វេជ្ជបណ្ឌិត Ronan Glynn អនុប្រធានការិយាល័យវេជ្ជសាស្ត្រនៃប្រទេសអៀរឡង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ថ្វីបើមិនអាចសន្និដ្ឋានថាមានការជាប់ទាក់ទិនរវាងវ៉ាក់សាំង និងឧបទ្ទវហេតុនៃការកកឈាមក្នុងសរសៃក៏ដោយ លោកនឹងស្នើឲ្យផ្អាកការប្រើវ៉ាក់សាំងនេះដែលជាវិធានការប្រុងប្រយ័ត្នជាមុន។
ក្នុងព្រិត្តិការណ៍ទាក់ទងមួយទៀត ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសថៃនឹងចាប់ផ្តើមប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃអង្គារស្អែកនេះ បន្ទាប់ពីផ្អាកមួយរយៈខ្លី បណ្តាលមកពីការព្រួយកង្វល់អំពីសុវត្ថិភាពនេះ។ ក្រុមមន្ត្រីថៃបាននិយាយថា នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រីរបស់លោកនឹងត្រូវចាក់វ៉ាក់សាំងនេះមុនគេ៕