ក្រុមប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារដែលមានវិវាទជាមួយក្រុមហ៊ុនស្ករអំពៅនៅខេត្តកោះកុង នឹងផ្ដើមការតវ៉ាក្នុងរាជធានីភ្នំពេញ ប្រសិនបើរដ្ឋាភិបាលខកខានមិនអាចរកដំណោះស្រាយនិងផ្ដល់សំណងសមស្របមួយដើម្បីបញ្ចប់ជម្លោះដីធ្លីដែលបានអូសបន្លាយពេលជាង១០ឆ្នាំមកហើយ។ នេះបើយោងតាមការបញ្ជាក់របស់តំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ និងមន្ត្រីសិទ្ធិមនុស្ស។
ក្រុមប្រជាពលរដ្ឋជាង៣០០គ្រួសារនេះ មានវិវាទដីធ្លីស្រដៀងគ្នានឹងក្រុមប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារផ្សេងទៀតដែលបានទទួលដំណោះស្រាយពីរដ្ឋាភិបាលកាលពីខែមីនា ឆ្នាំ២០១៨។
អ្នកស្រី គុជ សុគន្ធ វ័យ៤៦ឆ្នាំ មកពីឃុំដងពែង ស្រុកស្រែអំបិលខេត្តកោះកុង តំណាងឲ្យប្រជាពលរដ្ឋជាង៣០០គ្រួសារដែលនៅមិនទាន់ទទួលបានដំណោះស្រាយថ្លែងថា ក្រុមប្រជាពលរដ្ឋដែលមានអ្នកស្រីជាតំណាង មិនបានធ្វើការតវ៉ាសកម្មដូចប្រជាពលរដ្ឋ ដែលទើបតែទទួលបានដំណោះស្រាយនោះទេ។
អ្នកស្រីបន្តថា ក្រុមប្រជាពលរដ្ឋដែលស្ថិតនៅជាមួយអ្នកស្រីបានព្រមព្រៀងធ្វើតាមការសន្យារបស់អាជ្ញាធរមូលដ្ឋាន ទើបធ្វើឲ្យពួកគេមិនធ្វើសកម្មភាពតវ៉ាដូចក្រុមប្រជាពលរដ្ឋផ្សេងទៀត តួយ៉ាងគឺក្រុមរបស់អ្នកស្រី ផាវ ញើង ដែលតំណាងឲ្យពលរដ្ឋ១៧៥គ្រួសារ។
អ្នកស្រីរៀបរាប់ថា៖
«ពួកខ្ញុំដូចថា ស្ដាប់តាមប៉ូលិសឃុំ ប៉ូលិសភូមិអីចឹង គាត់មកប្រាប់ថា មិនបាច់តវ៉ាឡើងទៅថ្នាក់លើអីទេ បើសិនជាគេដោះស្រាយ គេចុះមកដោះស្រាយ គឺដោះទាំងអស់គ្នា ព្រោះអីគេបានបំពេញសលាកប័ត្រឲ្យយើងគ្រប់ៗគ្នាអស់ហើយ។ គេមិនភូតភរយើងទេ អីចឹងខាងអ៊ី ផាវ ញើង គាត់ដូចថាមានភាពតស៊ូឡើងដល់ថ្នាក់លើ អាដេញទៅដល់កន្លែងមុខក្រសួង មុខអីមានការយំស្រែក តស៊ូទៅដេកអីហ្នុងអញ្ចឹងទៅ គាត់បានរបស់គាត់ អីចឹងមែន។ ដល់ពេលពួកខ្ញុំនេះ ស្ដាប់តាមអាជ្ញាធរភូមិឃុំ ដែលធ្វើតាមលំដាប់ពីតូចទៅធំចឹង បែរជាធ្វើតាមលំដាប់ភូមិឃុំ ទៅជាអត់វិញ»។
អ្នកស្រីថ្លែងថា ក្រុមតំណាងពលរដ្ឋផ្សេងទៀត និងអ្នកស្រី បានដាក់ញត្តិទៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ អ្នកស្រីថ្លែងថា មន្ត្រីក្រសួងរៀបចំដែនដីមួយរូប បានទទួលយកញត្តិនិងស្នើឲ្យប្រជាពលរដ្ឋកុំធ្វើសកម្មភាពតវ៉ាណាមួយនោះឡើយ។
អ្នកស្រីអះអាងថា មន្ត្រីក្រសួងរៀបចំដែនដីដដែលបានលើកឡើងថា ដំណោះស្រាយដែលបានផ្ដល់ជូនទៅប្រជាពលរដ្ឋជាង៣០០គ្រួសារផ្សេងទៀតនោះ គឺធ្វើឡើងដោយហេតុថាក្រុមប្រជាពលរដ្ឋទាំងនោះ មានការតវ៉ាខ្លាំង។ អ្នកស្រីថា ការណ៍នេះ ត្រូវបានក្រុមប្រជាពលរដ្ឋដែលមិនទាន់បានសំណងយល់ថា ជារឿងអយុត្តិធម៌ ហើយពួកគេនឹងឡើងមកតវ៉ានៅភ្នំពេញនាពេលដ៏ខ្លីខាងមុខនេះ។
«គាត់ឆ្លើយថាចឹង កូនណាយំ លួងកូនហ្នឹងសិន ព្រោះអីកូនដែលមិនទាន់យំ កុំអាលនៅក្រោយ។ ចឹង គាត់ ប្រជាពលរដ្ឋនៅ ៣០០ជាងគ្រួសារហ្នឹង គាត់អត់បានយំមែនកាលហ្នុង។ ចឹងឥឡូវ បន្ទាប់ពីក្រសួងថា អីចឹង អយុត្តិធម៌កន្លែងហ្នឹង ចឹងគាត់ឡើងទៅយំស្រែកហើយ ក្នុងពីរបីថ្ងៃទៀតហ្នឹងគាត់ គាត់ឆ្លើយថាចឹង»។
VOA ព្យាយាមសុំការអធិប្បាយពីអ្នកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តែមិនទាន់អាចទាក់ទងបាននៅឡើយទេកាលពីថ្ងៃពុធ។
ដំណោះស្រាយដែលបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារកាលពីថ្ងៃទី២២ ខែមីនា រូមមានដីទំហំពី ១,៥ហិកតា ដល់៣ហិកតា និងថវិកាចំនួន២៥០០ដុល្លារ ក្នុងមួយគ្រួសារ។ ដំណោះស្រាយនោះ ត្រូវបានធ្វើឡើងទៅតាមស្ថានភាពនៃជម្លោះរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុនKong Plantation Co.,Ltd ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ដែលមន្ត្រីសិទ្ធិមនុស្ស និងក្រុមតំណាងប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុនទាំងពីរនេះ ដើមឡើយជាកម្មសិទ្ធិរបស់លោកលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង ថ្លែងថា រដ្ឋាភិបាលគួរតែពន្លឿននីតិវិធី ដោះស្រាយវិវាទដីធ្លីរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុនស្ករអំពៅដែលនៅសេសសល់។
«ក្រសួងដែនដីត្រូវ ត្រូវតែដោះស្រាយ បញ្ចប់វិវាទហ្នឹងហើយ។ កាលណាដោះស្រាយតែមួយក្រុម ហើយមួយក្រុមទៀតទុកចោលដោយមិនបានដោះស្រាយមានន័យថា ដំណោះស្រាយដីធ្លីរបស់ក្រសួងសុរិយោដីហ្នឹងគឺៗ គ្មានបានលទ្ធផលឲ្យបានពេញលេញទេ។ ជនរងគ្រោះនៅតែមានអ្នករងគ្រោះដដែល។ អីចឹង មានន័យថា ទំនាស់ហ្នឹងមិនទាន់បានដោះស្រាយឲ្យចប់ជាស្ថាពរទេ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ថ្លែងបន្ថែមថា យុត្តិធម៌សម្រាប់ប្រជាជនមិនអាចកើតមានបានឡើយ ប្រសិនបើរដ្ឋាភិបាលអសមត្ថភាព ដោយមិនអាចផ្ដល់ដំណោះស្រាយដល់រាល់ភាគីដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅទាំងពីរ ដែលបានធ្វើឲ្យប្រជាជនអាក់ខានក្នុងការទាញប្រយោជន៍ពីដីដែលមានទំនាស់ជាង១០ឆ្នាំមកនេះ៕