ប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អារ៉ែង ព្រួយបារម្ភអំពីការបាត់បង់ទីតាំងជួបប្រជុំ និងផ្តល់សេវាដល់ភ្ញៀវទេសចរ ខណៈដែលអាជ្ញាធរមូលដ្ឋានបានស្នើឲ្យតំណាងសហគមន៍នេះ រុះរើទីស្នាក់ការសហគមន៍ស្ទឹងអារ៉ែង។ នេះបើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលឃុំជំនាប់ ស្ថិតក្នុងខេត្តកោះកុង និងតាមការបញ្ជាក់ពីតំណាងរបស់សហគមន៍។
តំបន់អារ៉ែង គឺជាទីតាំង ដែលធ្លាប់មានបញ្ហាចម្រូងចម្រាសទាក់ទិនគម្រោងសង់ទំនប់វារីអគ្គិសនី ដោយក្រុមហ៊ុនចិន ហើយតំណាងសហគមន៍នេះ មួយរូបធ្លាប់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ដាក់ក្នុងពន្ធនាគារ ដោយចោទថា ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
លិខិតរបស់រដ្ឋបាលឃុំជំនាប់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្កកោះកុង ចុះហត្ថលេខាដោយលោក មាស ជ្រាយ មេឃុំជំនាប់ កាលពីថ្ងៃទី ២១ ខែមីនា បានបញ្ជាក់ឲ្យដឹងថា ដោយរដ្ឋបាលឃុំតម្រូវឲ្យមានការរៀបចំទីតាំងដីសាលាឃុំ សម្រាប់ធ្វើសាលាឃុំស្តង់ដានាពេលខាងមុខ និងសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋក្នុងឃុំនោះ រដ្ឋបាលឃុំជំនាប់ សូមជម្រាបជូនដំណឹងដល់តំណាងសហគមន៍ស្ទឹងអារ៉ែង សូមធ្វើការរុះរើទីស្នាក់ការសហគមន៍ឲ្យបានមុនថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ ជាកំណត់។
រដ្ឋបាលឃុំជំនាប់ក៏ព្រមាន «ចាត់វិធានការតាមផ្លូវច្បាប់» ប្រឆាំងនឹងសហគមន៍ បើសហគមន៍មិនព្រមរុះរើទីស្នាក់ការ នៅពេលដល់ឱសានវាទ។
លោក ហឹង ពៅ ជនជាតិដើមភាគតិចជង និងជាអនុប្រធានសហគមន៍ស្ទឹងអារ៉ែង បានប្រាប់ VOA នៅថ្ងៃសៅរ៍ថា សហគមន៍បានទទួលលិខិតជូនដំណងពីអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី ២១ ខែមីនា ហើយថា ក្រុមប្រជាពលរដ្ឋសហគមន៍ជាង២០នាក់គ្រោងនឹងជួបប្រជុំគ្នាពិភាក្សារកដំណោះស្រាយ សម្រាប់ការស្នើឲ្យរុះរើទីស្នាក់ការសហគមន៍ដែលមានទំហំ៧ម៉ែត្រគុណ១២ និងបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋជាង១០០គ្រួសារមកពីសហគមន៍ចំនួនបី រួមមានឃុំថ្មដូនពៅ ឃុំជំនាប់ និងឃុំប្រឡាយ។
លោកបានបញ្ជាក់ថា ទីតាំងស្នាក់ការរបស់សហគមន៍ស្ទឹងអារ៉ែងគឺជាទីតាំងដែលអាជ្ញាធរបានគ្រោងទុកសម្រាប់សង់សាលាឃុំ ដោយសារឃុំមិនទាន់មានការិយាល័យរដ្ឋបាលសម្រាប់បំពេញការងារប្រចាំថ្ងៃនៅឡើយ។ យ៉ាងណាក៏ដោយ លោកមិនអាចបញ្ជាក់ថា សហគមន៍នឹងត្រូវទទួលយកការស្នើសុំរបស់រដ្ឋបាលឃុំជំនាប់ឬយ៉ាងណា ព្រោះត្រូវរង់ចាំលទ្ធផលនៃការប្រជុំនៅថ្ងៃអាទិត្យ។
«នៅពេលដែលខ្ញុំបានប្រជុំចប់ហើយ យើងនឹងយកមតិរួមមួយ ដើម្បីយកផ្លូវកណ្តាល ដើម្បីចរចាជាមួយគាត់ ក៏មិនដឹង ឬមួយក៏យើងគិតថា រើចេញ ឬមួយក៏គិតថា មិនរើ។ អាហ្នឹងអត់ទាន់សម្រេច ទាល់តែយើងប្រជុំចប់បង»។
លោក ហឹង ពៅ ថ្លែងបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានមិនបានកោះហៅប្រជាពលរដ្ឋមកជំនុំគ្នាមុនដើម្បីជជែកគ្នា ទាក់ទិនការស្នើឲ្យរុះរើស្នាក់ការនេះទេ ពោលគឺអាជ្ញាធរមូលដ្ឋានសុខៗក៏ចេញសេចក្តីជូនដំណឹងឲ្យមានការរុះរើនេះតែម្តង។ លោកមានប្រសាសន៍បន្តថា ប្រសិនបើអាជ្ញាធរប្រកាន់ជំហរដាច់អហង្ការឲ្យរុះរើទីស្នាក់ការនេះមែននោះ ប្រជាពលរដ្ឋសហគមន៍នឹងជួបផលវិបាកក្នុងការជួបប្រជុំ និងរៀបចំវេទិកាផ្សេងៗ ហើយនឹងបាត់ទីតាំងផ្តល់សេវាជូនភ្ញៀវទេសចរ ដែលអាចផ្តល់ចំណូលជូនប្រជាពលរដ្ឋក្នុងម្នាក់ជាង៣ម៉ឺនរៀលផងដែរ។
«បាទ នៅពេលដែលរុះអាហ្នឹងហើយ គឺយើងបាត់បង់កន្លែងប្រជុំគ្នា តាមបណ្តាញសហគមន៍របស់យើង ហើយមួយទៀត គឺបាត់បង់នូវកន្លែងដែលយើង ដាក់សម្ភារៈ ដែលយើងផ្គត់ផ្គង់សម្រាប់ទទួលភ្ញៀវទេសចរ ក៏ដូចជាសមាជិកផ្សេងៗ។ អាហ្នឹងគាត់ដូចជាធ្វើឲ្យគាត់ហ្នឹងមិនដឹងថា អារម្មណ៍គាត់ហ្នឹង គាត់អត់សូវមានជំនឿសោះបាទ ពីព្រោះអ្វីដែលយើងធ្វើបានហើយ ឲ្យគាត់រុះរើវិញ»។
តំបន់អារ៉ែងគឺជាជង្រុកសម្បត្តិធម្មជាតិមហាសាលរបស់កម្ពុជាដែលនៅសេសសល់ចុងក្រោយប្រចាំតំបន់អាស៊ី។ តំបន់នេះមានទាំងសត្វចម្រុះ ច្រើនប្រភេទ ធនធានរ៉ែ និងព្រៃឈើស្តុកស្តម្ភ។ នេះបើយោងតាមការបញ្ជាក់កន្លងមករបស់លោក Alex Gonzalez Davidson ស្ថាបនិក និងជានាយកអង្គការមាតាធម្មជាតិ ដែលពេលនេះត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ។
តំបន់អារ៉ែងក៏ជាទីតាំង ដែលភ្ញៀវទេសចរអាចធ្វើសកម្មភាពកម្សាន្តតាមរយៈការផ្សងព្រេង ក្នុងនោះមានការដើរឡើងភ្នំ និងការដើរក្នុងព្រៃជាដើម។ នេះបើតាមការបញ្ជាក់របស់លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជាដែលចុះទៅធ្វើការផ្ទាល់ក្នុងសហគមន៍ជំនាប់នេះ បានផ្តល់ហេតុផលជាច្រើន នៅក្រោយការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន ដែលឲ្យប្រជាពលរដ្ឋក្នុងសហគមន៍រុះរើទីស្នាក់ការសហគន៍ស្ទឹងអារ៉ែងនេះ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលមិនបានបង្ហាញចេតនាថា នឹងទម្លាក់ចោលនូវគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅទីនោះនៅឡើយ ដោយសាររដ្ឋាភិបាលបានលើកគម្រោងនេះទៅឆ្នាំ ២០២៣។ ហើយបើទោះបីមានការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនមានការសាងសង់ទំនប់វារីអគ្គិសនីនេះក្តី ក៏អ្វីៗស្ថិតក្នុងភាពមន្ទិល ពោលគឺតំបន់អារ៉ែងនៅប្រឈមនឹងហានិភ័យគ្រប់ពេលវេលា។ លោកថ្លែងយ៉ាងដូច្នេះ៖
«ទោះបីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសម្តង ជាពីរដង មកហើយថា មិនមានការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ក៏ប៉ុន្តែមិនមានចេញលិខិតផ្លូវការណាមួយទេ ហើយរដ្ឋាភិបាលក៏មិនបានសម្រេចដាក់ស្ទឹងអារ៉ែងទៅជាតំបន់ការពារទេសភាពអីជាដើម។ អីចឹងយើងឃើញថា តំបន់អារ៉ែងនៅតែស្ថិតនៅក្នុងហានិភ័យដដែល ហើយការរុះរើទីស្នាក់សហគមន៍នេះ វាអាចជាផ្នែកមួយនៃរឿងហ្នឹងដែរបាទ»។
លោក ស ម៉ូរី អះអាងបន្តថា ទំនាស់ផលប្រយោជន៍រវាងអង្គការ Wildlife Alliance និងប្រជាពលរដ្ឋសហគមន៍ក្នុងឃុំជំនាប់ក៏អាចជាផ្នែកមួយ ដែលនាំឲ្យអាជ្ញាធរមូលដ្ឋានតម្រូវឲ្យប្រជាពលរដ្ឋសហគមន៍រុះរើទីស្នាក់ការរបស់ពួកគេដែរ។
លោកបញ្ជាក់ថា អង្គការ Wildlife Alliance បានបង្កើតសហគមន៍ទេសចរមួយដែលមានទីស្នាក់ការនៅឃុំថ្មដូនពៅ ហើយដែលទទួលស្គាល់ដោយរដ្ឋាភិបាល ខណៈដែលប្រជាពលរដ្ឋ សហគមន៍មិនបានទទួលការអនុញ្ញាតពេញច្បាប់សម្រាប់ការបង្កើតទីតាំងស្នាក់ការរបស់ខ្លួន ដើម្បីទទួលភ្ញៀវទេសចរនោះទេ។
លោកបន្តថា ប្រជាពលរដ្ឋនៅឃុំជំនាប់មិនពេញចិត្តសហគមន៍ទេសចររបស់អង្គការ Wildlife Alliance ព្រោះអាជ្ញាធរបានហាមប្រជាពលរដ្ឋមិនឲ្យទទួលភ្ញៀវទេសចរ ក្រៅតែពីសហគមន៍នេះឡើយ។ លោកថ្លែងថា៖
«គាត់នៅទីនោះ គាត់ជាម្ចាស់ធនធាន ម្ចាស់ទឹក ម្ចាស់ដី ហើយគាត់ខិតខំប្រឹងប្រែងមែនទែនក្នុងការការពារតំបន់អារ៉ែង។ អីចឹង គាត់គួរតែជាអ្នកមានឱកាស ហើយគាត់មានជម្រើស ក្នុងការទទួលភ្ញៀវទេសចរ ហើយនិងផ្តល់សេវាកម្មទេសចរ។ ដោយសារតែមូលហេតុនេះហើយ ខ្ញុំគិតថា វាក៏ជាផ្នែកមួយដែលជំរុញឲ្យមាន បាទដែលៗធ្វើឲ្យមាន ដែលធ្វើឲ្យអាជ្ញាធរហ្នឹង ចេញសេចក្តីសម្រេចរុះរើទីស្នាក់ការសហគមន៍ហ្នឹងដែរ»។
VOA បានព្យាយាមទាក់ទងលោកមាស ជ្រាយ មេឃុំជំនាប់ដើម្បីសុំការអធិប្បាយតែមិនទាន់អាចបានទេ។ ចំណែកលោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង បដិសេធមិនផ្តល់ការអធិប្បាយទេ ដោយលោកជាប់រវល់ក្នុងកិច្ចប្រជុំ។
«អាឡូ បាទៗ អត់ឮកំពុងជាប់ប្រជុំបន្តិច»។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា បានស្នើឲ្យអាជ្ញាធរមូលដ្ឋានពិចារណាទុកឲ្យទីស្នាក់ការសហគមន៍ស្ទឹងអារ៉ែងនេះបានដំណើរការបន្តទៀត ហើយអាជ្ញាធរអាចសង់សាលាឃុំនៅក្បែរទីស្នាក់ការនេះ ដែលនឹងអាចបង្កើតបាននូវការកសាងទំនាក់ទំនងរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ លោកក៏បានដាក់ការសង្ស័យថា អាជ្ញាធរទំនងជាមានចេតនាបំបាត់ទីស្នាក់ការនេះ ព្រោះទីស្នាក់ការនេះជាកន្លែងផ្តល់ការបណ្តុះបណ្តាលផ្នែកច្បាប់ និងសិទ្ធិតស៊ូមតិនានា។ លោកថា ប្រជាពលរដ្ឋសហគមន៍ស្ទឹងអារ៉ែងក៏រងការឈឺចាប់ក្នុងការកសាងទីស្នាក់ការនេះដែរ ដោយហេតុថា តំណាងសហគមន៍មួយរូប គឺលោក វ៉ែន វ៉ន ត្រូវគេចាប់ដាក់គុក ក្រោមបទចោទថា បានប្រព្រឹត្តបទល្មើសព្រៃឈើ។
លោកលើកឡើងបន្ថែមថា ប្រសិនបើទីស្នាក់ការបច្ចុប្បន្នរបស់សហគមន៍ត្រូវបានរុះរើមែន នោះប្រជាពលរដ្ឋសហគមន៍នឹងគ្មានឱកាសកសាងទីស្នាក់ការរបៀបនេះទៀតបានទេ បើមើលទៅលើស្ថានភាពនយោបាយអាប់អួរ និងស្ថានភាពរឹតបន្តឹងលើសិទ្ធិប្រមូលផ្តុំ និងការបញ្ចេញមតិដូចសព្វថ្ងៃនេះ៕