ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្នុង​សហគមន៍​ស្ទឹង​អារ៉ែង​សម្រេច​ចរចា​ជាមួយ​អាជ្ញាធរ​ដើម្បី​ការពារ​ទីស្នាក់​ការ​សហគមន៍


រូបឯកសារ៖ រៀម សាវ ស៊ី និង​អ្នក​ភូមិ​នៅ​អារ៉ែង ប្រារព្ធ​ពិធី​ថ្វាយ​បង្គុំ​គ្រូ ដែល​ជា​ពិធី​ប្រពៃណី​មួយ​សម្រាប់​ជនជាតិ​ភាគតិច​ជង នៅ​អារ៉ែង។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)
រូបឯកសារ៖ រៀម សាវ ស៊ី និង​អ្នក​ភូមិ​នៅ​អារ៉ែង ប្រារព្ធ​ពិធី​ថ្វាយ​បង្គុំ​គ្រូ ដែល​ជា​ពិធី​ប្រពៃណី​មួយ​សម្រាប់​ជនជាតិ​ភាគតិច​ជង នៅ​អារ៉ែង។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)

គ្រា​ដែល​ប្រជាពល​រដ្ឋ​នៅ​សហគមន៍​ស្ទឹង​អារ៉ែង​មិន​រុះរើ​ទីស្នាក់​សហគមន៍​ដោយ​ហេតុថា ​ពួកគាត់​នឹង​​ពិបាក​រក​ទីតាំង​ថ្មី​នោះ​ ​ពួកគាត់​នឹង​ព្យាយាម​ចរចា​ជាមួយ​អាជ្ញាធរ​ដែល​​បង្គាប់​ឲ្យ​​សហគមន៍​ស្ទឹង​អារ៉ែង​រុះរើ​ទីស្នាក់ការ​​ឲ្យបាន​មុន​ថ្ងៃទី​ ២៥ ខែ​មេសា។

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ស្ទឹងអារ៉ែង​បាន​សម្រេច​មិន​ព្រម​រុះរើ​ទីស្នាក់​ការ​សហគមន៍ ហើយ​ពួក​គាត់​បានស្នើ​ឲ្យមាន​ការ​ចរចា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​ជំនាប់​ ​ ខេត្តកោះកុង។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពីតំណាង​សហគមន៍​ស្ទឹង​អារ៉ែងកាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ។​

កាល​ពី​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៨​ លោក មាស​ ជ្រាយ​ ​មេឃុំ​ជំនាប់​ ​ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្នើ​ឲ្យ​ប្រជាពល​រដ្ឋរុះរើ​ទីស្នាក់​ការ​សហគមន៍​ស្ទឹង​អារ៉ែង​ ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ​ខែ​មេសា​ ឆ្នាំ​២០១៨ជា​កំណត់។

លោក​ហឹង ពៅ​ ជនជាតិ​ដើម​ភាគ​តិច​ជង​ និង​ជា​អនុ​ប្រធាន​សហគមន៍​ស្ទឹង​អារ៉ែង​បាន​ប្រាប់​ VOA ថា ​ប្រជា​ពលរដ្ឋ​នៅក្នុង​សហគមន៍​បាន​សម្រេច​ចិត្ត​ថា​ នឹង​មិន​រុះរើ​ទីស្នាក់​ការ​សហគមន៍​ទៅ​តាម​ការ​ស្នើ​របស់​រដ្ឋបាល​ឃុំ​ជំនាប់​នោះឡើយ។​ លោក​បញ្ជាក់​ថា រូបលោក​ផ្ទាល់​ និង​លោក​ វ៉ែន វ៉ន​ ដែល​ជា​ប្រធាន​សហគមន៍ ​បាន​ផ្តើម​ការ​ចរចា​ជាមួយ​លោក​ មាស​ ជ្រាយ​ មេឃុំ​ ជំនាប់​ កាល​ពីថ្ងៃ​ច័ន្ទ​ ដើម្បី​បាន​ការ​អនុញ្ញាត​ឲ្យ​ទីស្នាក់​ការ​សហគមន៍​បាន​បន្ត​ដំណើរ​ការ​ទៅ​មុខ​ទៀត។

លោក​ថ្លែង​ថា៖​

«ខ្ញុំជួប​ជា​មួយ​មេឃុំ ​ប៉ុន្តែ​គាត់​បាន​និយាយ​ថា​ ចំាមើល​គាត់​ប្រជុំ​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​ទាំងអស់​ គាត់​នឹង​សម្រេច​ ​ហើយ​នឹង​វាស់​អារឿង​ដី​ហ្នឹង​សល់​ប៉ុន្មាន​ គាត់​នឹង​ទុក​[ប្រឡោះ​ចែក​ឲ្យ​សហគមន៍]»។​

តំណាង​សហគមន៍​ស្ទឹង​អារ៉ែង​រូប​នេះ​បាន​រំពឹង​ទុក​ជា​មុន​ថា​ អាជ្ញាធរ​ឃុំនឹង​ព្រម​ឲ្យ​ទីស្នាក់​ការ​សហ​គមន៍​នេះ​មាន​វត្តមាន​ដដែល​ ​ពីព្រោះ​ដី​ដែល​អាជ្ញាធរ​បានគ្រោង​ទុក​សង់​សាលាឃុំ​ ដែល​ស្ថិត​ក្នុង​ទីតាំង​តែមួយ​ជា​មួយ​ទីស្នាក់​ការ​សហគមន៍​នេះ ​មាន​ទំហំធំ​ល្មម​សម្រាប់ការ​សង់​សាលា​ឃុំ។​

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ឃុំ​ជំនាប់​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៨​ ​នោះ​ ​ ​លោក​មាស​ ជ្រាយ​ ​មេឃុំ​ជំនាប់​ក៏​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​តំណាង​សហគមន៍​ ​ប្រសិន​បើ​ដល់​ឱសានវាទ​ ហើយ​ប្រជា​ពល​រដ្ឋនៅ​ក្នុង​សហគមន៍មិន​ព្រម​រុះរើ​ទីស្នាក់​ការ​សហគមន៍​ស្ទឹង​អារ៉ែង។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពីលោក​ ​មាស ជ្រាយ​ ​មេឃុំ ​ជំនាប់​ ក្នុងស្រុក​ថ្ម​បាំង​ ខេត្តកោះកុង​ តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ។ ​ចំណែក​លោក​ អន សុធារិទ្ធ​ អភិបាល​ស្រុក​ថ្មបាំង​ បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​បាន​ស្នើ​ឲ្យ​អ្នក​យក​ព័ត៌មាន​របស់​ ​VOA ​ទៅ​ជួប​លោក​ផ្ទាល់​នៅ​សាលា​ស្រុក​ ដោយសារ​លោកមិន​ស្គាល់​អត្តសញ្ញាណ​របស់​អ្នក​យក​ព័ត៌មាន​របស់​ VOA ​ហើយ​ថា​ លោក​ក៏​ពិបាក​ពន្យល់​តាម​ទូរស័ព្ទ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​បង​ចង់​បាន​ព័ត៌មាន​ច្បាស់ បងមក​សាលា​ស្រុក​មក ​ដើម្បី​ខ្ញុំ​ងាយ​ស្រួល​ពន្យល់»។​

តំបន់​អារ៉ែង​គឺ​ជា​ជង្រុក​សម្បត្តិ​ធម្មជាតិ​មហា​សាល​របស់​កម្ពុជា​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី។​ តំបន់​នេះ​មាន​ទាំង​សត្វ​ចម្រុះ​ ច្រើន​ប្រភេទ​ ​ធន​ធាន​រ៉ែ​ និង​ព្រៃ​ឈើ​ស្តុក​ស្តម្ភ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​កន្លង​មក​របស់​លោក​ Alex Gonzalez Davidson ​ស្ថាបនិក​ និង​ជា​នាយក​អង្គ​ការ​មាតា​ធម្មជាតិ​ ដែល​ពេល​នេះ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​របស់​ក្រសួង​មហា​ផ្ទៃ។

តំបន់​អារ៉ែង​ក៏​ជា​ទីតាំង​ ដែល​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​សកម្មភាព​កម្សាន្ត​តាម​រយៈការ​ផ្សងព្រេង​ ក្នុង​នោះ​មាន​ការ​ដើរ​ឡើង​ភ្នំ​ និង​ការ​ដើរ​ក្នុង​ព្រៃ​ជាដើម។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ស ម៉ូរី​ អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា។​

លោក​ ​ស ម៉ូរី បាន​ប្រាប់​ ​VOA​ ​កាលពីថ្ងៃ​សៅរ៍​ថា​ ​មាន​ហេតុផល​ជាច្រើនស្ថិត​នៅ​ក្រោយ​គោល​បំណង​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ទាមទារ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ជំនាប់​រុះរើ​ទីស្នាក់ការ​របស់​ពួក​គេ។​

លោក​បញ្ជាក់​ថា​ គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​អារ៉ែង​ ដែល​បាន​ផ្អាក​នោះ អាច​ជា​ហេតុផល​នៃ​សំណើ​របស់​អាជ្ញាធរ​ដែលឲ្យ​ប្រជា​ពលរដ្ឋ​នៅក្នុង​សហគមន៍​ស្ទឹង​អារ៉ែង​រុះរើទីស្នាក់ការ ហើយ​គម្រោង​សហគមន៍​ទេសចរណ៍​របស់​អង្គការ​ Wildlife Alliance ​ដែល​បាន​បង្កើត​នៅ​ទីនោះ ​ក៏អាច​ជាផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​របស់​អាជ្ញាធរ​ឲ្យ​បញ្ឈប់​សកម្ម​ភាព​ទីស្នាក់ការ​សហគមន៍​ស្ទឹង​អារ៉ែង​ ដែល​ផ្តល់​សេវា​ដល់​ភ្ញៀវទេសចរ​ តែមិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល។​

លោក​ ​ស ម៉ូរី ​លើក​ឡើង​ថា​ អាជ្ញាធរ​គួរអនុញ្ញាត​ឲ្យ​ទីស្នាក់​របស់​ប្រជាពល​រដ្ឋ​សហគមន៍​ស្ទឹង​អារ៉ែង​ បាន​បន្ត​ប្រតិបត្តិការ​ទៅមុខ​ទៀត​ ហើយ​ថា ​អាជ្ញាធរ​អាច​សង់​សាលា​ឃុំ​ជំនាប់​នៅក្បែរ​ទីស្នាក់​នោះ​តែ​ម្តង​ ​ដែល​អាច​នឹង​បង្កភាព​ងាយ​ស្រួល​ដល់ប្រជា​ពលរដ្ឋ​ និងអាជ្ញាធរ​មាន​ការ​ប្រាស្រ័យ​ទាក់​ទងគ្នា​បាន​ល្អ។​

«អាជ្ញាធរ​គាត់​អាច​សាងសង់​នៅ​ជិត​ហ្នឹង​ទៅ​ ហើយ​ខ្ញុំគិត​ថា​ វាជា​ឱកាស​មួយ​ដែរ​ ដែល​ជំរុញ​ឲ្យ​មាន​ការ​ផ្សារ​ភ្ជាប់​គ្នា​ ពង្រឹង​ការ​ជជែក​គ្នា​ ការ​សន្ទនាគ្នា​រវាង​ សហគមន៍​ជាមួយ​នឹង​អាជ្ញាធរ​ដែរ ​អីចឹង​ទៅ។​ ​នៅពេល​ដែល​គាត់​មាន​ទីតាំង​នៅ​ជិត​គ្នា​អីចឹង​ចៀសវាង​ការ​សាចទឹក​ដាក់​គ្នា​ នាំឲ្យ​មាន​ការ​យល់​ច្រឡំ​ ​ការ​ឈ្លោះ​គ្នា​កន្លងមក​ ដូច​ជា​មាន​ការ​ចោទ​ប្រកាន់​ទៅលើ​សហគមន៍​ដែល​តវ៉ា​រឿង​ទំនប់​វារី​អគ្គិសនី​ ​ជា​ក្រុម​គណ​បក្ស​ប្រឆាំង​ ​ក្រុម​ប្រឆាំង»។​

លោក​ស ម៉ូរី​ អះអាង​ថា​ អាជ្ញាធរ​បាន​ហាមឃាត់​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​ស្ទឹង​អារ៉ែង​មិន​ឲ្យទទួល​ភ្ញៀវ​ទេសចរ​ លើក​លែង​តែ​សហគមន៍​ទេសចរណ៍​របស់​អង្គការ​ការពារ​សត្វព្រៃ​ Wildlife Alliance ​ដែល​ត្រូវបាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ខេត្ត។​

លោក​ ​ហឹង ពៅ​ ​អនុប្រធាន​សហគមន៍​ស្ទឹង​អារ៉ែង​ ថ្លែង​ថា​ លោក​មិន​មាន​យោបល់​ចំពោះការ​យល់​ឃើញ​របស់​ខាង​អង្គការ​ការពារ​សត្វព្រៃ​យ៉ាងណា​នោះ​ទេ​ តែអ្វី​ដែល​ប្រជា​ពលរដ្ឋ​ចង់​បាន​នោះ គឺ​រក្សា​ឲ្យ​បាន​ទីស្នាក់​ដែល​បាន​កសាង​រួច​ដោយ​លំបាក​នេះ។​

លោក​ត្អូញត្អែរ​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​សហគមន៍​ប្រមាណ​ជាង​១០០​គ្រួសារ​ មុខ​នឹងប្រឈម​ផល​វិបាក​រក​ទីតាំង​ថ្មី​ ​ប្រសិន​បើ​អាជ្ញាធរ​ប្រកាន់​ជំហរ​ដាច់​ខាត​ឲ្យ​ប្រជា​ពលរដ្ឋ​សហគមន៍​រុះរើ​ទីស្នាក់​ការ​សហ​គមន៍​ដែល​មាន​ទំហំ​ត្រឹម​៧​ម៉ែត្រ​គុណ​នឹង​១២​តែ​ប៉ុណ្ណោះ។​ ​លោក​និយាយ​ថា​ ដី​ដែល​អាជ្ញាធរបាន​គ្រោង​ទុក​សង់​សាលាឃុំ​នោះមាន​ទំហំ​បណ្តោយ​១០០​ម៉ែត្រ​គុណ​នឹង​ទទឹង​ប្រមាណ​៧០​ម៉ែត្រ​ ហើយ​អាជ្ញាធរ​ចង់​សង់​សាលា​ឃុំ​ទំហំ​ផ្ទៃក្រឡា​ជាង​៣០ម៉ែត្រ​តែ​ប៉ុណ្ណោះ។​

«បើទោះ​បី​ជា​យើង​សង់ស្នាក់​ការ​ហ្នឹង​នៅ​លើ​ដីភូមិ​វា​ពិត​មែន​ ប៉ុន្តែ​ដូចជា​មិន​ ចង្អៀត​អី​ណាស់​ណ៎ា​ទេ​ ពីព្រោះ​យើង​សង់​ឯ​ខាង​តើ​បាទ។​ ហើយ​នៅ​ចំណុច​កណ្តាល ​ចំណុចខាង​លិច​ហ្នឹង​ច្រើន​មែនទែន​ ហើយ​ដី​ជាង​១០០​ម៉ែត្រ​ ហើយ​យើង​សង់​ទំហំ​ធំ​បំផុត​៣០​ជាង​ម៉ែត្រ​បាទ»។​

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពីអង្គការ​ការ​ពារ​សត្វព្រៃ​ Wildlife Alliance​ បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

តំបន់​អារ៉ែង ​គឺ​ជា​ទីតាំង​ ដែល​ធ្លាប់​មាន​បញ្ហា​ចម្រូង​ចម្រាស​ទាក់​ទិន​គម្រោង​សង់​ទំនប់​វារី​អគ្គិសនី​ ដោយ​ក្រុមហ៊ុន​ចិន​ ហើយ​តំណាង​សហគមន៍​នេះ​មួយ​រូប​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ចចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ដោយ​ចោទ​ថា​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ។

លោក​ ​ស ម៉ូរី​ ​អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ ដែល​បាន​ចុះ​ទៅ​ធ្វើការ​ផ្ទាល់​ក្នុង​សហគមន៍​ស្ទឹង​អារ៉ែង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ប្រជា​ពលរដ្ឋ​សហគមន៍បានរង​ការ​ឈឺ​ចាប់​ក្នុង​ការ​កសាង​ទីស្នាក់​ការ​សហ​គមន៍​ស្ទឹង​អារ៉ែង​នេះ ដោយ​ហេតុថា​ ​តំណាង​សហគមន៍​មួយ​រូប​ គឺ​លោក​ ​វ៉ែន វ៉ន​ ​ត្រូវ​គេ​ចាប់​ដាក់​គុក​ ​ក្រោម​បទ​ចោទ​ថា​ បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ៕

XS
SM
MD
LG