ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ចារកម្ម​​អាមេរិក​​ព្រមាន​ពី​កិច្ចប្រឹងប្រែង​ត្រួតត្រា​ពិភពលោក​របស់​ចិន ខណៈ​​​​​កាសែត​ចិន​ព្រមាន​ថា ទំនាក់ទំនង​ខ្ទេចខ្ទាំ​


រូប​ឯកសារ៖ ទង់​ជាតិ​អាមេរិក​ត្រូវ​បាន​បង្ហូត​នៅ​ក្បែរ​​សញ្ញា​ជាតិ​របស់​ចិន​ក្នុង​អំឡុង​ទស្សនកិច្ច​លោក​ប្រធានាធិបតី Donald Trump នៅ​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ​២០១៧។
រូប​ឯកសារ៖ ទង់​ជាតិ​អាមេរិក​ត្រូវ​បាន​បង្ហូត​នៅ​ក្បែរ​​សញ្ញា​ជាតិ​របស់​ចិន​ក្នុង​អំឡុង​ទស្សនកិច្ច​លោក​ប្រធានាធិបតី Donald Trump នៅ​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ​២០១៧។

មន្ត្រី​ស៊ើបការណ៍​សម្ងាត់​កំពូល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កំពុង​បក​អាក្រាត​ប្រទេស​ចិន ដោយ​បាន​ពណ៌នា​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គឺ​ជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​ទៅ​លើ​សេរីភាព និងលទ្ធិប្រជាធិបតេយ្យ​ចាប់​តំាង​សម័យ​សង្គ្រាម​លោក​លើក​ទី​២​មក។​

ការ​ព្រមាន​របស់លោក ​John Ratcliffe នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋ​អាមេរិក មិនមែន​ជា​ការ​ព្រមាន​លើក​ដំបូង​អំពី​រឿង​នេះ​ពី​សំណាក់​មន្ត្រី​ស៊ើបការណ៍​ឬ​មន្ត្រី​អនុវត្ត​ច្បាប់​កំពូល​របស់​អាមេរិក​នោះ​ទេ ដែល​ជាច្រើន​ឆ្នាំ​មក​ហើយ​បាន​ព្រមាន​ថា​ការ​ពង្រីក​សេដ្ឋកិច្ច និង​យោធា​របស់​ចិន បង្ហាញ​ពី​ការ​កើន​ឡើង​នៃគ្រោះថ្នាក់​ដល់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែការ​អំពាវនាវរបស់លោក Ratcliffe ឲ្យ​ចាត់​វិធានការ​នេះ​អាច​ជា​ការ​អំពាវនាវ​ខ្លាំង​បំផុត​របស់​មន្ត្រី​កំពូល​ខាង​ចារកម្ម​របស់​អាមេរិក។

លោក ​Ratcliffe បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​បញ្ចេញមតិ​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​កាសែត The Wall Street Journal ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ត្រៀម​សម្រាប់​ប្រឈម​មុខ​ដាក់​គ្នាដែល​គ្មាន​ពេល​កំណត់​មួយ​ជាមួយ​សហរដ្ឋអាមេរិក»។ ហើយលោក​ថា៖​ «រដ្ឋាភិបាល​ក្រុង​Washington គួរ​តែ​ត្រៀម​ខ្លួន​ដូច​គ្នា»។

លោក Ratcliffe ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ខែ​ឧសភា តែង​បាន​កំណត់​យក​ប្រទេស​ចិនថា​ជា​អាទិភាព​ចម្បង​មួយក្នុង​កិច្ចការស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក។

នៅ​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា លោកបាន​ខ្វែង​គំនិត​គ្នា​ជាមួយ​អ្នក​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាធិបតេយ្យ ដោយ​បាន​រិះគន់​លោក​ថា បាន​«រៀបរាប់​ខុស» ដោយ​សារ​លោក​ទទូច​ថាចិន​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ជាង​រុស្ស៊ី។

លោក Ratcliffe បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ Fox Business News កាល​ពី​ខែ​សីហា​ថា៖ «ខ្ញុំ​មិន​ចង់​បន្ទាបប្រទេស​រុស្ស៊ី​ទេ។ ប៉ុន្តែ​ការ​គំរាមកំហែង​ពី​ចិន​ធ្ងន់ធ្ងរ​ជាង​ខ្លាំង។ អ្នក​ណា​ក៏​ដោយ​ដែល​ធ្វើ​ការ​ខាង​ការ​ស៊ើប​ការណ៍​សម្ងាត់​ដឹង​ពី​រឿង​នេះ»។

ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ព្រមានថា ទំនាក់​ទំនង​មួយ​ចំនួន​រវាងសហរដ្ឋ​អាមេរិក និងចិន​មាន​លក្ខណៈ​ខ្ទេចខ្ទាំ​«មិន​អាច​កែខៃ»​បាន​ទេ​ខណៈមានរលកថ្មី​នៃ​វិធានការ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ចិន។នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

ទំនាក់ទំនង​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លើ​ពិភពលោក​ទាំង​ពីរ​នេះ​បាន​ដំាក្បាល​ចុះ​ដល់កម្រិត​ទាប​បំផុត​ក្នុង​ប៉ុន្មាន​ទស្សវត្ស​ចុងក្រោយ​នេះ លើ​បញ្ហាដូច​ជា​ពាណិជ្ជកម្ម បច្ចេកវិទ្យា​ សន្តិសុខ សិទ្ធិមនុស្ស​ និង​កូវីដ​១៩។​

នៅ​ក្នុង​បទ​វិចារណកថា​មួយ​របស់​កាសែត China Daily ដែល​គាំទ្រ​រដ្ឋាភិបាលចិន​កាសែត​នេះ​ឱ្យ​ដឹង​ថា វា​ជា​«សញ្ញា​គួរ​ឱ្យ​ព្រួយ​បារម្ភ» ដែល​រដ្ឋាភិបាល​ក្រុង​Washingtonសម្រេច​ចិត្ត​កម្រិត​ចំនួនទិដ្ឋការ​ទេសចរណ៍​សម្រាប់​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​និង​គ្រួសារ​របស់​ពួក​គេ ព្រម​ទាំង​ហាម​ប្រាម​ការ​នាំចូល​កប្បាស​ពី​តំបន់ ​Xinjiang (ស៊ីនជាំង)​ ប្រទេស​ចិន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG