ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​លើក​សំណួរ​អំពី​ឥទ្ធិពល​ត្រួតត្រា​របស់​ចិន


នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc (ឆ្វេង) និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Tran Tuan Anh (ស្ដាំ) ទះដៃ​នៅ​ជិត​ផ្ទាំងកញ្ចក់​មួយ​ដែល​បង្ហាញ​រូប​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Zhong Shan កាន់​កិច្ចព្រមព្រៀង RCEP។
នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc (ឆ្វេង) និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Tran Tuan Anh (ស្ដាំ) ទះដៃ​នៅ​ជិត​ផ្ទាំងកញ្ចក់​មួយ​ដែល​បង្ហាញ​រូប​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Zhong Shan កាន់​កិច្ចព្រមព្រៀង RCEP។

មេដឹកនាំ​មក​ពី​ប្រទេស​ចំនួន ១៥ ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (Regional Comprehensive Economic Partnership) ឬ​ហៅ​កាត់​ថា RCEP កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា។ មេដឹកនាំ​ទាំងនោះ បាន​សរសើរ​ដល់​កិច្ចព្រមព្រៀង​ RCEP ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​នេះ។

សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP ដែល​រួម​មាន​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​បូក​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់​តំណាង​ឱ្យ​៣០%​នៃ​ប្រជាជន​ពិភពលោក​និង​២៨%​នៃ​សេដ្ឋកិច្ច​ពិភពលោក។ គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​ពន្ធ​គយ​លើ​ពាណិជ្ជកម្ម​មុខ​ទំនិញនិង​លុបចោល​របាំង​ពាណិជ្ជកម្ម​មិន​មែន​ពន្ធគយ​នានា។

លោក Hiroshi Kajiyama រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើត​«វិធាន​សេដ្ឋកិច្ច​ស្មើភាព​និង​សេរី»។ លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​បាន​ពណ៌នា​កិច្ចព្រមព្រៀង​នេះ​ថា​ជា «ពន្លឺ និង​ក្តីសង្ឃឹម​ក្នុង​ភាព​ស្រពិចស្រពិល»។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP ត្រូវ​បាន​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា ជា​កិច្ចព្រមព្រៀង​ដែល​មាន​ការ​គាំទ្រ​ពី​ចិន​ដើម្បី​ប្រជែង​ជាមួយ​នឹង​កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​ទូលំទូលាយ​សម្រាប់​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ Comprehensive and Progressive Agreement for Trans-Pacific Partnership ហៅ​កាត់​ថា CPTPP ដែល​រួម​មាន​ប្រទេស​ចំនួន​១១ នៅ​ជុំវិញ​មហាសមុទ្រ​ប៉ាស៊ីហ្វិក លើក​លែង​តែ​ប្រទេស​ចិន។

លោក Mohamed Azmin Ali រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ​ម៉ាឡេស៊ី​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​នេះ​ជា​សមិទ្ធិផល​នៃ «កិច្ចចរចា​រយៈពេល​៨ឆ្នាំ​ដោយ​មាន​កម្លាំង​ញើស ឈាម និង​ទឹកភ្នែក»។

រដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​លោក Tran Tuan Anh (កណ្តាល) និងនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc (ឆ្វេង) ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ RCEP អំឡុង​សន្និសីទ​កំពូល​អាស៊ាន​នៅ​ក្រុង​ហាណូយកាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
រដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​លោក Tran Tuan Anh (កណ្តាល) និងនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc (ឆ្វេង) ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ RCEP អំឡុង​សន្និសីទ​កំពូល​អាស៊ាន​នៅ​ក្រុង​ហាណូយកាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

បន្ទាប់​ពី​មាន​ការ​សង្ស័យ​យ៉ាង​ជ្រាលជ្រៅ​ជាច្រើន​ឆ្នាំ​ថា​ប្រទេស​ចិន​នឹង​ត្រួតត្រា​លើ​ប្លុក​ពាណិជ្ជកម្មនេះ ការ​ជជែក​ដេញដោល​មិន​ចាំបាច់​លើ​បណ្តា​គោលការណ៍ពាណិជ្ជកម្ម និង​ការ​សម្រេច​មិន​ចូលរួម​របស់​ឥណ្ឌា​ចុង​ក្រោយ​កិច្ចព្រមព្រៀង RCEP នេះ​គ្រាន់​តែ​ជា​កិច្ចព្រមព្រៀង​សាមញ្ញ​មួយ​ដែល​ផ្តោត​លើ​ពាណិជ្ជកម្ម​មុខ​ទំនិញ​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​តើ​កិច្ចព្រមព្រៀង​នឹង​ជួយ​ចិន​ឱ្យ​មាន​មុខម៉ាត់​ល្អ​ជា​សាកល​ដែរ​ឬ​ទេ នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋអាមេរិក?

លោក Gareth Leather អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ប្រចាំ​តំបន់​អាស៊ី នៅ​ក្រុមហ៊ុន Capital Economics បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP អនុញ្ញាត​ឱ្យ​ចិន​ចាត់​ទុក​ថា ខ្លួន​ជា​ជើងឯក​នៃ​សកលភាវូបនីយកម្ម និង​កិច្ចសហការ​ពហុភាគី។ វា​ក៏​ជួយ​ឱ្យ​ចិន​ស្ថិត​ក្នុង​គោលជំហរ​ល្អ​ជាង​មុន​ក្នុង​ការ​កំណត់​វិធានានា​ដែល​គ្រប់គ្រង​លើ​ពាណិជ្ជកម្ម​ក្នុង​តំបន់»។

លោក Leather បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ភាព​ធូរស្រាល​ចិត្ត​នៅ​ពេល​កិច្ចព្រមព្រៀង​ថ្មី​នេះ​មិន​ទាមទារ​ឲ្យ​បណ្តា​សមាជិក​បើក​ទីផ្សារ​សេវាកម្ម បើក​ឱ្យ​មាន​សេរីភាវូបនីយកម្ម​នៃ​លទ្ធកម្ម​រដ្ឋាភិបាល ឬ​មាន​ការ​កាត់បន្ថយ​គោលនយោបាយ​ឧស្សាហកម្ម ដែល​ទាំងនេះសុទ្ធ​តែ​ជា​ការ​ទាមទារលើបណ្តា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក CPTPP។

កិច្ចព្រមព្រៀង CPTPP បាន​ជំនួស​កិច្ចព្រមព្រៀង​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Trans-Pacific Partnership (TPP) ដែល​គាំទ្រដោយ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​រដ្ឋបាល​លោក Donald Trump បាន​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ។ សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​មាន​អូស្ត្រាលី ប្រ៊ុយណេ ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និង​វៀតណាម។

ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង RCEP​ បាន​បង្ក​ឱ្យ​មាន​សំណួរ​ថា​តើ​កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Joe Biden សម្រេច​ចិត្ត​ត្រឡប់​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ដូចជា CPTPP វិញ​ឬ​នៅ​តែ​មិន​ចូលរួម​ជាមួយ​ប្រទេស​ដទៃ។

លោក Matt Ferchen ប្រធាន​ផ្នែក​ស្រាវជ្រាវ​ចិន​ជា​សាកល​នៅ​អង្គការ Merics ដែល​ជា​អង្គការ​ស្រាវជ្រាវ​និង​វិភាគ​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​បែរឡាំង​ប្រទេស​អាល្លឺម៉ង់​បាន​ប្រាប់ VOA ក្នុង​ន័យ​ដើម​ថា៖ «ដោយសារ​តែ​មាន​បញ្ហា​ច្រើន​នៅ​ក្នុង​ស្រុក និង​ក្តីបារម្ភ​ដែល​មាន​ស្រាប់​ផង​នោះ​អំពី​ផលប្រយោជន៍​មិន​ស្មើភាព​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី វា​ច្បាស់​ណាស់​ថា លោក Biden នឹង​សម្រេច​ចូលរួម​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក CPTPP វិញ»។

លោក ​Ferchen បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖ «ប៉ុន្តែ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង RCEP នឹង​កាន់​តែ​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ព្យាយាម​កាន់​តែ​ខ្លាំង​ដើម្បី​ចូលរួម ហើយ​ប្រហែល​ជា​ធ្វើ​ឱ្យ​ឥណ្ឌា​ព្យាយាម​ដែរ​ដើម្បី​កុំ​ឱ្យ​មើល​ទៅ​ថា ត្រូវ​បាន​គេ​ទុក​ចោល​ឱ្យ​នៅ​ក្រៅ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក»។

ទោះ​ជា​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​មាន​ការ​សរសើរ​ខ្លាំង​ក្តី កិច្ចព្រមព្រៀង RCEP ​នេះ​នៅ​បន្សល់​បញ្ហា​ជាច្រើន​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ។

កិច្ចព្រមព្រៀង​នេះ​មិន​និយាយ​ពី​ជម្លោះ​ពាណិជ្ជកម្ម​ក្នុង​ចំណោម​ប្រទេស​សមាជិក ដូចជា​ចិន និង​អូស្ត្រាលី។ កិច្ចព្រមព្រៀង​នេះ​ផ្តោត​លើ​តែ​ការ​ផ្លាស់ប្តូរ​ទំនិញ ប៉ុន្តែ​មិន​បាន​និយាយ​ពី​ពាណិជ្ជកម្ម​ក្នុង​វិស័យ​សេវាកម្ម ដែល​កំពុង​តែ​មាន​ការ​វិវត្ត​យ៉ាង​លឿន​នៅ​ទូទាំង​ពិភពលោក​ជាង​ពាណិជ្ជកម្មទំនិញ។

លោក Lester Ross ដៃគូ​ម្នាក់​នៅ​ក្រុម​មេធាវី​អន្តរជាតិ WilmerHale បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «កិច្ចព្រមព្រៀង​នេះ​មិន​បាន​ដោះស្រាយ​លើ​របាំង​ពាណិជ្ជកម្ម​ធំៗ ដូចជា​ការ​ការពារ​កម្មសិទ្ធិបញ្ញា និង​ការ​ឧបត្ថម្ភធន​ពី​រដ្ឋ​នោះ​ទេ»។

លោក Ross​ បាន​លើក​ឡើង​ថា៖ «វា​មិន​ច្បាស់​ទេ​ថា​តើ​កិច្ចព្រមព្រៀង RCEP នឹង​មាន​ផល​ប៉ះពាល់​ដល់​របាំង​ពាណិជ្ជកម្ម​ដ៏​គ្រោតគ្រាត​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋ​សមាជិក​មួយ​ប្រឆាំង​នឹង​រដ្ឋ​សមាជិក​មួយ​ទៀត​ឬ​យ៉ាង​ណា។ ឧទាហរណ៍​ដូចជា ការ​រឹតត្បិត​នា​ពេល​ថ្មីៗ​របស់​ចិន​ទៅ​លើ​ទំនិញ​មួយ​ចំនួន​ពី​ប្រទេស​អូស្ត្រាលី»។

លោក Simon Birmingham រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​យល់​ថា កិច្ចព្រមព្រៀង RCEP ជា​ឱកាស​មួយ​ដើម្បី​បើក​ទ្វារ​ពាណិជ្ជកម្ម​ដែល​ប្រទេស​ចិន​បាន​បិទ។ លោក​បាន​ថ្លែង​ថា​កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចប្រឹងប្រែង​របស់​ចិន​ដើម្បី​មិន​ត្រឹម​តែ​គោរព​តាម​លក្ខខណ្ឌ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ទេ ប៉ុន្តែ​តាម​ស្មារតី​របស់​កិច្ចព្រមព្រៀង​នេះ​ផង​ដែរ។ ប្រទេស​អូស្ត្រាលី​សង្ឃឹម​ថា ចិន​នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដែល​ខ្លួន​បាន​ដាក់​លើ​ការ​នាំចូល​ទំនិញ​មួយ​ចំនួន​ពី​អូស្ត្រាលី។

ទោះ​ជា​កិច្ចព្រមព្រៀង RCEP បាន​ជួយ​កាត់​បន្ថយ​ពន្ធគយ​ក្តី ប្រទេស​តូចៗ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ដូចជា​សមាជិក​អាស៊ាន​ទាំង១០ មាន​មូលហេតុ​ផ្សេងៗ​គ្នា​ក្នុង​ការ​ព្រួយបារម្ភ។ ជា​ឧទារហណ៍ ការ​ពឹងផ្អែក​របស់​ពួកគេ​លើ​ប្រទេស​ចិន​អាច​នឹង​កើន​ឡើង ទោះ​ជា​វា​មិន​ច្បាស់​ថា​តើ​ចិន​នឹង​ទិញ​ទំនិញ​របស់​ពួកគេ​កាន់​តែ​ច្រើន​ឬ​ក៏​អត់​ក្តី។

លោក Ferchen បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ប្រទេស​ឡាវ និង​កម្ពុជា​ជា​សមាជិក​រួច​ហើយ​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន ដូច្នេះ​កិច្ចព្រមព្រៀង RCEP មិន​ប្រាកដ​ថា​ជា​ការ​ផ្លាស់ប្តូរ​សំខាន់​នៅ​ក្នុង​របាំង​ពាណិជ្ជកម្មជាមួយ​នឹង​ចិន​នោះ​ទេ»។ សមាជិក​អាស៊ាន​មាន​កម្ពុជា ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ប៊្រុយណេ សិង្ហបុរី ម៉ាឡេស៊ី និង​វៀតណាម។

លោក​Ferchen បាន​ពន្យល់​ថា៖ «បញ្ហា​ប្រឈម​ធំ​ជាង​នេះ​របស់​ពួកគេ​គឺ​ការ​ពឹងផ្អែក​ហួសហេតុ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​លើ​ប្រទេស​ចិន ជាពិសេស​នៅ​ពេល​ការ​ប្រកួត​យុទ្ធសាស្ត្រ​រវាង​ចិន និង​សហរដ្ឋអាមេរិក​កំពុង​កើន​ឡើង​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ប្រទេស​សមាជិក​នានា​ត្រូវ​បាន​គេ​ស្នើសុំ​ឱ្យ​ជ្រើសរើស​ភាគី​ដែល​ពួកគេ​គាំទ្រ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន​បាន​យល់​ថា នេះ​ជា​ឱកាស​ក្នុង​ការ​សរសើរ​ដល់​រដ្ឋាភិបាល​ខ្លួន។

សារព័ត៌មាន CGTN ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ឲ្យ​ដឹង​ថា៖ «កិច្ចព្រមព្រៀង RCEP រួម​មាន​សម្ព័ន្ធមិត្ត​ជាច្រើន​របស់​សហរដ្ឋអាមេរិក។ ការ​យល់​ព្រម​របស់​ពួកគេ​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ជា​ការ​បញ្ជាក់​ថា ប្រទេស​ចិន​នៅ​តែ​ជាដៃគូ​សេដ្ឋកិច្ច​មិន​អាច​ខ្វះ​បាន​សម្រាប់​ពួកគេ និង​ថា នៅ​ទី​បញ្ចប់​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​នឹង​ធ្វើការ និង​សហការ​ជាមួយ​គ្នា»។

វា​អាច​នឹង​ត្រូវ​ការ​ពេលវេលា​ខ្លះ​មុន​ពេល​ប្រទេស​ណា​មួយ​មើល​ឃើញ​ពី​ផលប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​នេះ ដោយសារ​តែ​ប្រទេស​ចំនួន​៩នៃ​ប្រទេស​ទាំង​១៥​ត្រូវ​ផ្តល់​សច្ចាប័នមុន​ពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន។​

លោក Nick Marro នៃ​អង្គភាព​ស្រាវជ្រាវ​និង​វិភាគ​នៃ​សារព័ត៌មាន The Economistបាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ផលប្រយោជន៍​សេដ្ឋកិច្ច​នៃ​កិច្ចព្រមព្រៀង​នេះ​អាច​នឹង​មាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​នឹង​មាន​ការ​វិវត្តន៍​ផ្នែក​ពន្ធគយ និង​ពាណិជ្ជកម្ម​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​យើង​តាម​ដាន​ក្នុងតំបន់​អាស៊ី​ភាគ​ឦសាន»។

លោក​Marro បាន​បន្ថែម​ថា៖ «ការ​ផ្តល់​សច្ចាប័ន​ទំនង​នឹង​មាន​ភាព​ស្មុគស្មាញ​បន្តិច​នៅ​ក្នុង​សភា​ជាតិ ដោយ​តែ​មាន​និន្នាការ​ប្រឆាំង​ចិន និង​ប្រឆាំង​ពាណិជ្ជកម្ម»៕

XS
SM
MD
LG