សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មកាលពីថ្ងៃចន្ទលើក្រុមហ៊ុនវិស្វកម្មនិងអេឡិចត្រូនិចដ៏សំខាន់មួយរបស់ប្រទេសចិន ដែលបានជួយប្រទេសវេណេស៊ុយអេឡារារាំងក្រុមអ្នកប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត។
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានរឹតបន្តឹងការធ្វើជំនួញជាមួយក្រុមហ៊ុនអាហរណនិងនីហរណជាតិរបស់ប្រទេសចិន (CEIEC) និងរាំងខ្ទប់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចិនណា ដែលរដ្ឋមានភាគហ៊ុនចាប់ពី៥០%ឡើងទៅ។
ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបានគូសបញ្ជាក់ថាក្រុមហ៊ុននាំចេញនាំចូលរបស់ចិនមួយនេះ បានផ្តល់អ្នកជំនាញទៅជួយក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេស វេណេស៊ុយអេឡាដែលបានធ្វើការរាំងខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការផ្សាយបន្តផ្ទាល់របស់មេដឹកនាំគណបក្សប្រឆាំងលោក Juan Guaido ដែលត្រូវបានគេចាត់ទុកថា ជាប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា ដោយប្រទេសយ៉ាងហោចណាស់ចំនួន៥០ដែលក្នុងនោះរួមមានសហរដ្ឋអាមេរិកផងដែរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកនឹងមិនស្ទាក់ស្ទើរក្នុងការកំណត់មុខសញ្ញានរណាម្នាក់ ដែលបានជួយបង្ក្រាបសុឆន្ទៈប្រជាធិបតេយ្យរបស់ពលរដ្ឋវេណេស៊ុយអេឡា និងពលរដ្ឋប្រទេសផ្សេងៗទៀត នៅលើពិភពលោកនោះទេ»។
ប្រទេសចិនជាអ្នកគាំទ្រ និងជាដៃគូពាណិជ្ជកម្មក្នុងការផលិតប្រេងដ៏សំខាន់មួយរបស់ប្រទេសវេណេស៊ុយអេឡា ដោយបានជួយមេដឹកនាំក្រុមឆ្វេងនិយមលោកNicolas Maduro ឲ្យបន្តអំណាចរបស់លោក ក្នុងរយៈពេលជិត២ឆ្នាំ នៃយុទ្ធនាការ ដែលដឹកនាំដោយអាមេរិកក្នុងការទម្លាក់គាត់ចេញពីតំណែងជាប្រធានាធិបតី ខណៈដែលការដឹកនាំរបស់លោក បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំង។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាហរណនិងនីហរណ របស់ប្រទេសចិនមួយនេះបានគាំទ្រសកម្មភាពព្យាបាទរបស់របបលោក Maduro ក្នុងការបង្រ្កាបក្រុមអ្នកប្រឆាំងនយោបាយនិងបានបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសវេណេស៊ុយអេឡាចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ៕