គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៃប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវនៅថ្ងៃអង្គារនេះឲ្យមានការដោះលែងអ្នកស្រី Aung San Suu Kyi និងមេដឹកនាំផ្សេងទៀតដែលយោធាបានឃុំខ្លួន ដោយបានហៅរដ្ឋប្រហារកាលពីមួយថ្ងៃមុនថាជា «ស្នាមប្រឡាក់» នៅក្នុងប្រវត្តិសាស្ត្ររបស់យោធា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកស្រី Suu Kyi ដែលជាមេដឹកនាំរបស់ប្រទេសមីយ៉ាន់ម៉ា រួមជាមួយនឹងលោកប្រធានាធិបតី Win Myint ផងដែរ ត្រូវបានយោធាឃុំខ្លួនកាលពីព្រឹកថ្ងៃច័ន្ទ។
យោធាបានបន្តុបអតីតនាយឧត្តមសេនីយម្នាក់ជាប្រធានាធិបតី ហើយបានប្រគល់ «អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និងអំណាចនីតិប្រតិបត្តិ» ទៅឲ្យអគ្គមេបញ្ជាការយោធាលោក Min Aung Hlaing ដោយបានបង្វិលប្រទេសឲ្យវិលទៅរកការគ្រប់គ្រងតាមបែបយោធាដោយផ្ទាល់វិញ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ាបានធ្វើការពិសោធន៍ជាមួយនឹងលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជិត ១០ ឆ្នាំមក។
កន្លងមក មិនទាន់មានព័ត៌មានផ្លូវការណាមួយអំពីទីកន្លែងឃុំខ្លួនរបស់អ្នកស្រី Suu Kyi នៅឡើយទេ ចាប់តាំងពីយោធាបានដណ្តើមគ្រប់គ្រងអំណាចមក ទោះបីជាប្រភពរបស់គណបក្ស NLD បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកគេជឿថា នៅពេលបច្ចុប្បន្ននេះ អ្នកស្រី Suu Kyi កំពុងស្ថិតក្រោម «ការឃុំឃាំងក្នុងផ្ទះ» នៅក្នុងរដ្ឋធានីណៃពិដោក៏ដោយ។
នៅថ្ងៃអង្គារនេះ គណបក្ស NLD របស់អ្នកស្រី Suu Kyi បានអំពាវនាវឲ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់ចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃច័ន្ទមក។
គណបក្សនេះបានបញ្ជាក់នៅលើឯកសារដែលបានចុះផ្សាយលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា៖ «ចូរដោះលែងអ្នកឃុំខ្លួនទាំងអស់ រួមទាំងលោកប្រធានាធិបតី Win Myint និងទីប្រឹក្សារដ្ឋរបស់អ្នកស្រី Suu Kyi ផងដែរ»។
គណបក្សនេះក៏បានទាមទារឲ្យយោធា «ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិឆ្នាំ ២០២០» ផងដែរ៕