ការដណ្តើមអំណាចដោយកងកម្លាំងយោធាក្នុងប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទកន្លងទៅនេះ បានជំរុញឲ្យដំណើរការកំណែទម្រង់លទ្ធិប្រជាធិបតេយ្យក្មេងខ្ចីរបស់ប្រទេសនេះ ដើរថយក្រោយ ក្នុងរយៈពេលយ៉ាងហោចណាស់ក៏១០ឆ្នាំដែរ ហើយហាក់ដូចជាជួយជំរុញទៅមុខ នូវអ្វីដែលជាចំណងទាក់ទងដែលកំពុងមានការរីកលូតលាស់ស្រាប់ ជាមួយប្រទេសចិននិងប្រទេសរុស្សីនោះ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគមួយចំនួន។
ក្រុមយោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់រយៈពេលមួយឆ្នាំ គឺប៉ុន្មានម៉ោងក្រោយពីការចាប់ឃុំខ្លួនសមាជិកជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ ដែលក្នុងនោះមានមេដឹកនាំអ្នកស្រី Aung San Suu Kyi ផងដែរ។
គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានឈ្នះគណបក្សសាមគ្គីភាពនិងអភិវឌ្ឍន៍សហភាពដែលតំណាងឲ្យក្រុមយោធាក្នុងការបោះឆ្នោតក្នុងអាណត្តិទី២របស់ខ្លួន ដោយទទួលបានសំឡេងភាគច្រើនលើសលប់ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ទោះជាអ្នកអង្កេតការណ៍បោះឆ្នោតជាតិនិងអន្តរជាតិ បានលើកឡើងពីការបាត់បង់សិទ្ធិអ្នកបោះឆ្នោត និងការលំអៀងរបស់
គណៈកម្មការរៀបចំការបោះឆ្នោតក៏ដោយ ក៏ពួកគេបានឯកភាពជាទូទៅថា ការរាប់សន្លឹកឆ្នោតជាផ្លូវការ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់អ្នកបោះឆ្នោតដែរ។
ទីភ្នាក់ងារព័ត៌មានReuters បានរាយការណ៍ថា ក្រុមកម្លាំងយោធាបានចូលកាន់កាប់ទីតាំងជាច្រើនកន្លែងក្នុងទីក្រុងណៃពិដោ និងទីក្រុងរ៉ង់ហ្គូន ដែលជារដ្ឋធានីនិងជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ា ហើយការទំនាក់ទំនងតាមបណ្តាញទូរស័ព្ទនិងប្រព័ន្ធអ៊ីនធឺណែត មានការពិបាកយ៉ាងខ្លាំង។
វីអូអេ មិនអាចស្វែងរកប្រភពព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ាបានទេ នៅព្រឹកថ្ងៃចន្ទ។
«ជាការពិតណាស់ នេះជាការដើរថយក្រោយមួយយ៉ាងខ្លាំង សម្រាប់កំណែទម្រង់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា»។ នេះបើតាមការលើកឡើងរបស់លោក Peter Mumford ដែលជាអ្នកវិភាគតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ក្រុមអាស៊ីអឺរ៉ុប។
ក្រុមយោធាដ៏មានអំណាចក្នុងប្រទេសមីយ៉ាន់ម៉ា បានចាក់ឫសយ៉ាងជ្រៅក្នុងនយោបាយរបស់ប្រទេសនេះ។ បន្ទាប់ពីគ្រប់គ្រងប្រទេសទាំងស្រុងអស់រយៈពេលជាច្រើនទសវត្សរ៍មក ក្រុមឧត្តមសេនីយ៍យោធា បានយល់ព្រមប្រគល់អំណាចខ្លះៗ ទៅឲ្យរដ្ឋាភិបាលស៊ីវិលក្នុងឆ្នាំ២០១១ ប៉ុន្តែបានធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញមួយជាមុន ដើម្បីធានាថាខ្លួននឹងនៅគ្រប់គ្រងក្រុមយោធា ប៉ូលិស ព្រំដែន និងគ្រប់គ្រងអាសនៈសភាចំនួន២៥% នៃចំនួនអាសនៈសភាសរុបទាំងអស់ ដែលជាចំនួនគ្រប់គ្រាន់ល្មម សម្រាប់ឲ្យក្រុមយោធា អាចធ្វើការជំទាស់រាំងខ្ទប់បាន ក្នុងករណីដែលចង់ឲ្យមានការផ្លាស់ប្តូរការរៀបចំនេះឡើងវិញនោះ។
អគ្គមេបញ្ជាការយោធាលោក Min Aung Hlaing ដែលមានគម្រោងថានឹងត្រូវចុះចេញពីតំណែងក្នុងឆ្នាំនេះ បន្ទាប់ពីលោកឈានចូលដល់អាយុ៦៥ឆ្នាំ ដែលជាអាយុចូលនិវត្តន៍ជាផ្លូវការនោះ ត្រូវបានគេរាយការណ៍ថា លោកបានសម្លឹងទៅរកកៅអីប្រធានាធិបតី។ ដោយសាររដ្ឋធម្មនុញ្ញរារាំងមិនឲ្យលោកស្រីកាន់តំណែងជាប្រធានាធិបតី លោកស្រី Aung San Suu Kyi ក្នុងនាមជាទីប្រឹក្សារដ្ឋ បានតែងតាំងគ្នាលោកស្រីម្នាក់ឲ្យកាន់តំណែងជាប្រធានាធិបតីទៅវិញ។
លោក Mumford ថ្លែងថា ការប៉ុនប៉ងចង់ក្លាយជាប្រធានាធិបតីរបស់មេបញ្ជាការរូបនេះ អាចទំនងជាមានពាក់ព័ន្ធនៅក្នុងអំពើរដ្ឋប្រហារនេះផងដែរ។
លោក Mumford បន្ថែមទៀតថា៖ «គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ មានការស្ទាក់ស្ទើរក្នុងការផ្តល់តួនាទីជាប្រធានាធិបតីដល់លោក Min Aung Hlaing ពីព្រោះការធ្វើដូចនេះ នឹងមានន័យថា ខ្លួនបានបាត់បង់អំណាចច្រើនពេក ហើយក្រុមយោធាទទួលបានអំណាចច្រើនពេក ដូច្នេះហើយទើបក្រុមយោធា សម្រេចចិត្តធ្វើរដ្ឋប្រហារពេញទំហឹងតែម្តង ហើយរឿងនេះនាំឲ្យយើងដើរថយក្រោយប្រហែល១០ឆ្នាំ»។
ក្រុមយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានដណ្តើមអំណាចគ្រប់គ្រងប្រទេសជាលើកដំបូងក្នុងឆ្នាំ១៩៦២ គឺតែ៤ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា បានទទួលឯករាជ្យពីប្រទេសអង់គ្លេស។ ចាប់តាំងពីពេលនោះមក ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្រោមការគ្រប់គ្រងនៃរបបយោធាដ៏ឃោរឃៅ និងវិបត្តិសេដ្ឋកិច្ច។
«ការដណ្តើមអំណាចរបស់ក្រុមយោធាមីយ៉ាន់ម៉ា នឹងធ្វើឲ្យមហន្តរាយជាថ្មីម្តងទៀត ដល់វិស័យសេដ្ឋកិច្ចនិងនយោបាយ» នេះបើតាមការលើកឡើងរបស់អ្នកស្រី Christina Fink សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ George Washington ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលសិក្សាពីប្រទេសមីយ៉ាន់ម៉ានោះ។
«នៅពេលដែលរដ្ឋាភិបាលស៊ីវិលពាក់កណ្តាលនេះចាប់ផ្តើមចាក់ឫស ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចាប់ផ្តើមមានអារម្មណ៍ថា គេអាចមានលទ្ធភាពក្នុងការនិយាយស្តី អាចជ្រើសរើសអ្នកតំណាងរបស់គេ អាចមានរដ្ឋាភិបាលមួយដែលព្យាយាមដោះស្រាយការព្រួយបារម្ភរបស់គេ។ តែពេលនេះរឿងទាំងនេះ ត្រូវបានគេដកយកចេញពីពួកគេជាថ្មីម្តងទៀតហើយ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Fink។
ដោយឡែកសម្រាប់សេដ្ឋកិច្ចវិញ អ្នកស្រី Fink បានគូសបញ្ជាក់ថា អ្នកទេសចរជាច្រើននិងអ្នកវិនិយោគជាច្រើន ដែលអាចមកឬត្រឡប់មកប្រទេសមីយ៉ាន់ម៉ាវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ សាបរលាបនោះ អាចបង្ខំចិត្តស្ថិតនៅឆ្ងាយពីប្រទេសនេះ ដោយសារតែរឿងការដណ្តើមអំណាចរបស់ក្រុមយោធានេះឯង។
ចំពោះបញ្ហាសេដ្ឋកិច្ច គឺអាស្រ័យទៅលើថាតើសកម្មភាពរបស់ក្រុមយោធាមីយ៉ាន់ម៉ា នឹងនាំឲ្យមានការដាក់ទណ្ឌកម្មជាថ្មីឬទេ ហើយបើមានតើជាទណ្ឌកម្មអ្វីខ្លះ។
«ផលប៉ះពាល់អាស្រ័យទៅលើថាតើមានប្រទេសប៉ុន្មាន ហើយប្រទេសណាខ្លះ ដែលសម្រេចដាក់ទណ្ឌកម្មនោះ ហើយថាតើនឹងមានអ្វីកើតឡើងផងដែរនៅក្នុងប្រទេសនេះ និងតើប្រទេសមហាអំណាចណាមួយ ដែលគាំទ្រក្រុមយោធាមីយ៉ាន់ម៉ានោះ»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Fink។
លោក Mumford ថ្លែងថា ប្រទេសចិន អាចទំនងក្លាយជាសម្ព័ន្ធមិត្តរបស់របបយោធា ដោយធ្លាប់បានជួយគាំទ្ររបបនេះអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ហើយពេលថ្មីនេះ ក៏បានជួយគាំទ្រប្រទេសមីយ៉ាន់ម៉ា ពីការអាប់អោនកិត្តិយសលើឆាកអន្តរជាតិ ជុំវិញការធ្វើទុក្ខបុកម្នេញដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ានោះផងដែរ។
«ប្រទេសចិន នឹងបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា តទៅទៀត និងចង់ធានាឲ្យមានយ៉ាងដូច្នេះ។ ដូច្នេះប្រទេសចិន នឹងរង់ចាំធ្វើការជាមួយរដ្ឋបាលយោធាបណ្តាះអាសន្ននេះ។ ដរាបណា រដ្ឋបាលបណ្តោះអាសន្នយោធានេះ ការពារដល់ផលប្រយោជន៍ចិន ឬក៏ធ្វើអ្វីដែលចិនមើលឃើញថាជាផលប្រយោជន៍របស់ខ្លួននោះ ប្រទេសចិនទំនងជាគាំទ្រពួកគេ»។ នេះបើតាមការបញ្ជាក់របស់លោក Mumford។
រដ្ឋាភិបាលក្រុងប៉េកាំង បានចំណាយលុយរាប់ពាន់លានដុល្លារ ទៅលើការកសាងផ្លូវរបៀងសេដ្ឋកិច្ច ដែលតភ្ជាប់ប្រទេសចិនភាគខាងលិច ទៅដល់មហាសមុទ្រឥណ្ឌា តាមរយៈប្រទេសមីយ៉ាន់ម៉ា ដើម្បីស្ថាបនានូវផ្លូវថ្មីមួយ សម្រាប់ការនាំចេញប្រេងនិងឧស្ម័នរបស់ខ្លួន ដោយជៀសវាងការដឹកជញ្ជូនតាមរយៈច្រកសមុទ្រMalacca ដែលជាកន្លែងងាយរាំងស្ទះបើសិនជាមានជម្លោះជាមួយនឹងសហរដ្ឋអាមេរិកនោះ។
លោក Mumford និយាយថា ផលប៉ះពាល់ ដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចណាមួយនោះ ក៏នឹងមិនធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ណា ដោយសារទំនាក់ទំនងវិនិយោគនិងពាណិជ្ជកម្មដែលកំពុងតែកើនឡើងរបស់ប្រទេសមីយ៉ាន់ម៉ា ជាមួយបណ្តាប្រទេសអាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍នោះ។
«ប្រទេសអាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍ទាំងនេះ ទំនងជាមិនខ្វាយខ្វល់អំពីបញ្ហាយោធានោះទេ ព្រោះពួកគេ តែងមានគោលនយោបាយជាយូរលង់មកហើយក្នុងការមិនជ្រៀតជ្រែករឿងផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ ដូច្នេះខ្ញុំគិតថា ការដាក់ទណ្ឌកម្មពីបស្ចិមប្រទេស នឹងធ្វើឲ្យប៉ះពាល់បន្តិចបន្តួចតែប៉ុណ្ណោះ ហើយទំនងជាមិនអាចធ្វើឲ្យមេដឹកនាំនៃរបបយោធានេះ ផ្លាស់ប្តូរចិត្តគំនិតភ្លាមៗនោះទេ»។ នេះបើតាមការអះអាងរបស់លោក Mumford ។
លោក Mumford បន្ថែមទៀតថា ក្រុមឧត្តមសេនីយ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ប្រហែលជាបានពិចារណាអំពីការដាក់ទណ្ឌកម្មពីបស្ចិមប្រទេសរួចជាស្រេចទៅហើយ មុននឹងសម្រេចដណ្តើមអំណាច ទោះបីជាខ្លួនកំពុងប្រឈមមុខរួចទៅហើយ ជាមួយការដាក់ទណ្ឌកម្មជុំវិញវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ក៏ដោយ។
អ្នកស្រី Fink ក៏រំពឹងផងដែរថា វិធានការណាមួយ ដែលធ្វើឡើងដោយបស្ចិមប្រទេសក្នុងការធ្វើឲ្យឯកោដល់របបយោធាដែលកំពុងដឹកនាំប្រទេសមីយ៉ាន់ម៉ានោះ នឹងជំរុញឲ្យប្រទេសនេះ ងាកកាន់តែជិតទៅរកប្រទេសរុស្សី ដែលផ្តល់ឲ្យខ្លួននូវសម្ព័ន្ធមិត្តទី២ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ។
«ក្រុមយោធាប្រទេសមីយ៉ាន់ម៉ា បានងាកកាន់តែជិតទៅៗទៅរកប្រទេសរុស្សី ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានទិញនូវអាវុធយុទ្ធភណ្ឌជាច្រើនពីប្រទេសរុស្សី។ ដូច្នេះវាហាក់ដូចជាពួកគេហាក់ដូចជា នឹងអាចពឹងពាក់ទៅលើការជួយគាំទ្រពីប្រទេសរុស្សីផងដែរ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ