ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងពិនិត្យមើលលើច្បាប់ដាក់ទណ្ឌកម្ម ហើយនឹង «ចាត់វិធានការសមស្រប» ប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាបានដណ្ដើមកាន់កាប់ប្រទេសនេះមក។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទម្សិលមិញថា៖ «អស់រយៈពេលជិតមួយទសវត្សរ៍កន្លងមក ប្រជាពលរដ្ឋភូមា [មីយ៉ាន់ម៉ា] បានធ្វើការជាបន្តបន្ទាប់ដើម្បីបង្កើតការបោះឆ្នោត ការគ្រប់គ្រងតាមបែបស៊ីវិល និងការផ្ទេរអំណាចដោយសន្តិវិធី»។
សេចក្ដីថ្លែងការណ៍របស់លោក Biden បានកត់សម្គាល់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដកទណ្ឌកម្មប្រឆាំងនឹងមីយ៉ាន់ម៉ាចេញ ក្នុងអំឡុងពេលនៃដំណាក់កាលអន្តរកាលរបស់មីយ៉ាន់ម៉ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដោយជំរុញឲ្យប្រទេសនានាធ្វើដូចគ្នានេះដែរថា៖ «ការធ្វើឲ្យដំណើរវិវឌ្ឍកន្លងមកត្រឡប់បញ្ច្រាសមកវិញដូច្នេះ នឹងតម្រូវឲ្យមានការពិនិត្យឡើងវិញជាបន្ទាន់នៃច្បាប់ដាក់ទណ្ឌកម្មនិងអំណាចរបស់សហរដ្ឋអាមេរិក ដោយនឹងមានការចាត់វិធានការដ៏សមស្រប»។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ខ្លួនបានឃ្លាំមើលយ៉ាងដិតដល់លើស្ថានការណ៍នេះ។
លោក Chuck Schumer មេដឹកនាំគណបក្សសំឡេងភាគច្រើននៃព្រឹទ្ធសភា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សភាត្រៀមរួចជាស្រេចដើម្បីរួមសហការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយស្ថានការណ៍នេះ»។
សហរដ្ឋអាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅជុំវិញពិភពលោក ក៏ដូចជាអង្គការសហប្រជាជាតិផងដែរ ដែលបានសម្តែងនូវក្ដីព្រួយបារម្ភខ្លាំងក្លាទាក់ទិននឹងការណ៍ដែលពួកយោធាដណ្ដើមគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា ហើយបានអំពាវនាវឲ្យដោះលែងជាបន្ទាន់នូវមេដឹកនាំនយោបាយមីយ៉ាន់ម៉ានានាដែលត្រូវបានឃុំខ្លួន៕