ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ត្រូវ​យោធា​ឃុំ​ខ្លួន


ពលករចំណាកស្រុកមីយ៉ាន់ម៉ាកាន់រូបមេដឹកនាំយោធា ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការឃុំខ្លួនរបស់មេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi និងថ្នាក់ដឹកនាំដទៃទៀតដោយយោធាមីយ៉ាន់ម៉ា នៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១។
ពលករចំណាកស្រុកមីយ៉ាន់ម៉ាកាន់រូបមេដឹកនាំយោធា ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការឃុំខ្លួនរបស់មេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi និងថ្នាក់ដឹកនាំដទៃទៀតដោយយោធាមីយ៉ាន់ម៉ា នៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ទូរទស្សន៍ Myawaddy ដែល​គ្រប់គ្រង​ដោយ​យោធា​មីយ៉ាន់ម៉ា បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា យោធា​បាន​ត្រួតត្រា​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្រោម​ស្ថានភាព​អាសន្ន ដោយសារតែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មិន​បាន​ចាត់​វិធានការ​ទាក់ទិន​នឹង​ការ​អះអាង​របស់​យោធា​ដែល​ថា ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ មាន​ការ​លួច​បន្លំ។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi និង​មន្ត្រី​គណបក្ស​កាន់​អំណាច​ផ្សេង​ទៀត ត្រូវ​បាន​ឃុំ​ខ្លួន។ ការ​ឃុំ​ខ្លួន​ទាំង​នេះ​កើតឡើង​នៅ​ចំ​ថ្ងៃ​ដែល​រដ្ឋសភា​ថ្មី​ត្រៀម​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន។

លោក Myo Nyunt អ្នក​នាំពាក្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​កាន់​អំណាច បាន​និយាយ​ថា អ្នកស្រី Aung San Suu Kyi និង​លោក​ប្រធានាធិបតី Win Myint ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

លោក Myo Nyunt បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​មុន​ពេល​លោក​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​ផងដែរ​ថា៖ «ខ្ញុំ​ចង់​ប្រាប់ពលរដ្ឋ​របស់​យើង​កុំ​ឲ្យ​ឆ្លើយតប​ដោយ​ពុំ​បាន​គិត​ហ្មត់ចត់​ជា​មុន ហើយ​ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ធ្វើ​ទៅ​តាម​ច្បាប់»។

លោក​បាន​បន្ថែម​ថា៖ «តាម​យើង​ដឹង មនុស្ស​សំខាន់ៗ​ទាំងអស់​ត្រូវ​បាន​យោធា​ចាប់​ខ្លួន។ ដូច្នេះ ឥឡូវ​នេះ យើង​អាច​និយាយ​បាន​ថា វា​ជា​រដ្ឋប្រហារ។ នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ ខ្ញុំ​បាន​ឮ​ថា អ្នកស្រី Aung San Suu Kyi និង​លោក​ប្រធានាធិបតី Win Myint ត្រូវ​បាន​ចាប់​ខ្លួន។ ប៉ុន្តែ យើង​មិន​ទាន់​ដឹង​ឲ្យ​ប្រាកដ​អំពី​សមាជិក​រដ្ឋសភា​នៅ​ក្នុង​រដ្ឋធានី​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ យើង​អាច​សន្មត​ថា ពួកគេ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផងដែរ»។

ការ​ចាប់​ខ្លួន​ទាំង​នេះ​ត្រូវ​បាន​ថ្កោលទោស​ដោយ​សហរដ្ឋ​អាមេរិក អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​អូស្ត្រាលី ឥណ្ឌា និង​សិង្ហបុរី​ជាដើម។

សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​អំពី​សេចក្ដី​រាយការណ៍​ ដែល​ថា​យោធា​មីយ៉ាន់ម៉ា​បាន​ចាត់​វិធានការ​បំផ្លាញ​ដំណើរការ​អន្តរកាល​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា»។

សេតវិមាន​បាន​បន្ត​ថា សហរដ្ឋ​អាមេរិក​ជំរុញ «យោធា​មីយ៉ាន់ម៉ា​និង​ភាគី​ផ្សេង​ទៀត​ទាំង​អស់​ឲ្យ​គោរព​តាម​បទដ្ឋាន​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ និង​ឲ្យ​ដោះលែង​អ្នក​ដែល​ជាប់​ឃុំ​នៅ​ថ្ងៃ​នេះ»។

សេតវិមាន​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ណា​មួយ​នៅ​ក្នុង​ការ​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ ឬ​ក៏​ការ​បង្អាក់​ដល់​ដំណើរការ​អន្តរកាល​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា។ សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ ប្រសិនបើ​ជំហាន​ទាំង​អស់​នេះ​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ដូច​ដើម​វិញ»៕

XS
SM
MD
LG