ការប្រកាសរបស់សហរដ្ឋអាមេរិកដែលថា ប្រទេសចិន បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិលើជនជាតិអ៊ុយហ្គ័រកាន់សាសនាឥស្លាមនៅខេត្ត Xinjiang ភាគខាងលិចប្រទេសចិននោះ ហាក់ដូចធ្វើឲ្យប៉ះពាល់តិចតួចប៉ុណ្ណោះលើអង្គការកិច្ចសហប្រតិបត្តិការឥស្លាមដែលមានសមាជិក៥៧ប្រទេសដែលនៅសប្តាហ៍នេះ បានផ្តល់កិត្តិយសដល់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅវេទិការកម្រិតខ្ពស់មួយ។
លោក Yi ត្រូវបានប្រទេសប៉ាគីស្ថានដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤៨របស់រដ្ឋមន្ត្រីការបរទេសក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការអង្គការឥស្លាម OIC អញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការនេះ នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថានក្នុងនាមជាភ្ញៀវពិសេសមួយរូប ហើយបានថ្លែងសុន្ទកថានៅក្នុងពិធីបើកសន្និសីទកំពូលនោះ។ បន្ទាប់មក លោកក៏បានទៅធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអាហ្វហ្គានីស្ថានដែលមានរដ្ឋាភិបាលបណ្តោះអាសន្នដឹកនាំដោយក្រុមតាលីបង់ដែលកំពុងអន្ទះសារចង់ឲ្យមានការគាំទ្ រនិងការធ្វើវិនិយោគរបស់ចិនជាខ្លាំង។
ព្រឹត្តិការណ៍ជួនគ្នានេះ បានធ្វើឲ្យអង្គការសិទ្ធិមនុស្សមួយដែលមានទីតាំងក្នុងសហរដ្ឋអាមេរិកដែលបានធ្វើយុទ្ធនាការគាំទ្រដល់ក្រុមជនជាតិភាគតិចអ៊ុយហ្គ័រ មានក្តីបារម្ភ ហើយបានថ្កោលទោសការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសចិននេះ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ OIC ក៏ដូចជាការរក្សាការស្ងៀមស្ងាត់របស់អង្គការនេះទៅលើការធ្វើបាបរបស់ចិនលើជនជាតិភាគតិចអ៊ុយហ្គ័រដែលក្នុងនោះ ក៏មានការឃុំឃាំងមនុស្សជាច្រើននៅក្នុងអ្វីដែលគេហៅថា ជាជំរំអប់រំជាថ្មី។
ក្រុមយុទ្ធនាការគាំទ្រជនជាតិអ៊ុយហ្គ័រ បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា «វាជារឿងមួយដែលគួរឲ្យភ័យខ្លាចដែលបានឃើញប៉ាគីស្ថានអញ្ជើញលោក Wang Yi ធ្វើជាភ្ញៀវកិត្តិ យស ខណៈដែលក្រុមជនជាតិភាគតិចអ៊ុយហ្គ័រកាន់សាសនាឥស្លាម មិនមានសិទ្ធិក្នុងការប្រកាសខ្លួនឯងថា ជាជនជាតិមូស្លីម ឬគោរពប្រតិបត្តិសាសនាឥស្លាមនោះ»។
បើតាមលោក Hasan Askari ជាអ្នកវិភាគកិច្ចការអន្តរជាតិមួយរូបបានឲ្យដឹងថា ការអញ្ជើញរបស់ប្រទេសប៉ាគីស្ថានឲ្យរដ្ឋមន្ត្រីចិនរូបនេះ ចូលរួមក្នុងវេទិការរបស់អង្គការ OIC ក្នុងនាមជាអ្នកសង្កេតការណ៍មួយរូបនោះ គឺជាផ្នែកមួយនៃប្រពៃណីរបស់អង្គការនេះ ដែលអនុញ្ញាតឲ្យប្រទេសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនោះ អាចអញ្ជើញមន្ត្រីការទូតជាន់ខ្ពស់ពីប្រទេសដែលមិនមែនជាសមាជិករបស់អង្គការនេះ។
សហរដ្ឋអាមេរិក បានចោទប្រកាន់ចិនថា បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មសង្គ្រាមទៅលើក្រុមជនជាតិភាគតិចអ៊ុយហ្គ័រកាន់សាសនាឥស្លាមនៅក្នុងតំបន់ Xinjiang ដែលស្ថិតនៅភាគខាងលិចប្រទេសចិនដែលក្នុងនោះរួមមានការបង្ខំឲ្យធ្វើការជាទំងន់ ការគ្រៀវស្ត្រីកុំឲ្យមានកូន និងការចាប់ឃុំឃាំងតាមទំនើងចិត្តលើជនជាតិអ៊ុយហ្គ័រជាង១លាន នាក់ក្នុងជំរំឃុំឃាំង។
ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយបាននិយាយថា ជនជាតិភាគតិចគ្រប់ជាតិសាសន៍ទាំងអស់ កំពុងរស់នៅដោយសេចក្តីសុខសាន្តក្នុងតំបន់ Xinjiang ប្រទេសចិន៕