របាយការណ៍ថ្មីមួយអំពីឧស្សាហកម្មថាមពលព្រះអាទិត្យរបស់ប្រទេសចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅនេះ បានចោទប្រកាន់ថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងរោងចក្រដែលនាំចេញបន្ទះថាមពលព្រះអាទិត្យទៅកាន់ពិភពលោក។
របាយការណ៍នេះបានចោទប្រកាន់ថា រដ្ឋាភិបាលចិន បានបង្ខំជាតិសាសន៍ភាគតិចអ៊ុយហ្គ័រ (Uyghur) និងពលរដ្ឋកាហ្សាក់ស្ថានឲ្យធ្វើការនៅក្នុងរោងចក្រដែលផលិតបន្ទះថាមពលព្រះអាទិត្យ និងផលិតផលផ្សេងៗទៀត។
ដោយយោងលើស្ថិតិរបស់រដ្ឋាភិបាលចិន អ្នកស្រាវជ្រាវបាននិយាយថា មនុស្សប្រហែល ២លាន ៦សែននាក់ ត្រូវបានដាក់ឲ្យធ្វើការនៅទូទាំងតំបន់ Xinjiang ក្នុងគម្រោងមួយដែលរដ្ឋាភិបាលក្រុងប៉េកាំងហៅថា គម្រោងផ្តួចផ្តើម «ពលកម្មលើសតម្រូវការ»។
របាយការណ៍របស់ចក្រភពអង់គ្លេសនេះ បានបញ្ជាក់ថា៖ «តម្រូវការរបស់ពិភពលោកនូវបន្ទះថាមពលព្រះអាទិត្យ បានជំរុញក្រុមហ៊ុនចិនឲ្យប្រឹងប្រែងធ្វើឲ្យមានការចំណាយទាបតាមដែលអាចធ្វើទៅបានសម្រាប់ការទទួលខុសត្រូវរបស់យើងលើបញ្ហាអាកាសធាតុ។ ប៉ុន្តែ ការប្រឹងប្រែងរបស់ចិននេះ បានបណ្ដាលឲ្យមានផលប៉ះពាល់ខ្លាំងក្លាចំពោះកម្មករដែលធ្វើការក្នុងរោងចក្រ ដែលជាចំណុចចាប់ផ្ដើមនៃខ្សែសង្វាក់ផ្គត់ផ្គង់នេះ»។
អ្នកស្រាវជ្រាវបាននិយាយថា សូម្បីតែក្រុមហ៊ុនដែលព្យាយាមចៀសឲ្យផុតពីការប្រើប្រាស់សម្ភារៈដែលផលិតដោយពលកម្មដោយបង្ខំក៏ដោយ ក៏ពួកគេពិបាកនឹងចៀសឲ្យផុតដែរ។
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Helena Kennedy សម្រាប់យុត្តិធម៌អន្តរជាតិ (Helena Kennedy Center for International Justice) នៃសាកលវិទ្យាល័យ Sheffield Hallam បានសរសេរថា៖ «ដោយសារមានការពាក់ព័ន្ធជាមួយនឹងកិច្ចប្រឹងប្រែងដែលជាអាទិភាពសំខាន់ៗរបស់រដ្ឋាភិបាល ក្រុមហ៊ុននានានិងកម្មករដែលបង្ខំឲ្យធ្វើការជាមួយនឹងក្រុមហ៊ុនទាំងនោះស្ទើរតែពិបាកនឹងចៀសឲ្យផុតណាស់»។
ប្រទេសចិនអះអាងថា កម្មករនៅក្នុងកម្មវិធីនេះ គឺធ្វើការដោយស្ម័គ្រចិត្ត។ កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធចំពោះការចោទប្រកាន់ដែលថា ពលកម្មដោយបង្ខំត្រូវបានប្រើនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះថាមពលព្រះអាទិត្យ ដោយបានហៅការចោទប្រកាន់នោះថា ជាការបង្ខូចកេរ្តិ៍ឈ្មោះដែលប្រព្រឹត្តិឡើងដោយអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលចិន។
ប៉ុន្តែ គេឃើញមានការតាមដានពិនិត្យពីខាងក្រៅលើឧស្សាហកម្មបន្ទះថាមពលព្រះអាទិត្យរបស់ប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
កាលពីឆ្នាំ២០១៤ អង្គការសម្ព័ន្ធភាពសម្រាប់ផលិតកម្មអាមេរិក (Alliance for American Manufacturing (AAM)) បានចេញផ្សាយរបាយការណ៍ចំនួន ៤ភាគ ដែលថា បន្ទះថាមពលព្រះអាទិត្យដែលមានតម្លៃទាបនិងផលិតនៅប្រទេសចិន «មិនផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ ឬបរិស្ថាននោះទេ។ ការអនុវត្តពាណិជ្ជកម្មបែបជញ្ជាក់ឈាមរបស់ចិន រួមជាមួយនឹងស្តង់ដារបរិស្ថានដែលមិនមានការយកចិត្តទុកដាក់ និងលក្ខខណ្ឌធ្វើការដ៏អាក្រក់ មានន័យថា បន្ទះថាមពលព្រះអាទិត្យនេះ បង្កឲ្យមានផលប៉ះពាល់ច្រើនជាងផលប្រយោជន៍»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Elizabeth Brotherton-Bunch ដែលជាអ្នកសរសេរប្លុករបស់អង្គការ AAM។
បន្ទះថាមពលព្រះអាទិត្យរបស់ចិន និងទីផ្សារសហរដ្ឋអាមេរិក
ការប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងឧស្សាហកម្មបន្ទះថាមពលព្រះអាទិត្យរបស់ចិន បង្កឲ្យមានបញ្ហាប្រឈមសម្រាប់សហរដ្ឋអាមេរិក ដោយហេតុថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងដឹកនាំកិច្ចប្រឹងប្រែងដើម្បីលើកទឹកចិត្តឲ្យមានការប្រើប្រាស់ថាមពលកកើតឡើងវិញឲ្យបានច្រើន ក្នុងគោលបំណងសម្រេចឲ្យបាននូវថាមពលអគ្គិសនីដែលមិនមានកាបូនឲ្យបាន ១០០% នៅត្រឹមឆ្នាំ ២០៣៥។
កាលពីខែមីនា មេដឹកនាំនៃអង្គការ AFL-CIO ដែលជាសហព័ន្ធការងារដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានអំពាវនាវដល់រដ្ឋបាលរបស់លោកប្រធានាធិបតី Biden និងសភាសហរដ្ឋអាមេរិកឲ្យបញ្ឈប់ការនាំចូលផលិតផលបន្ទះថាមពលព្រះអាទិត្យពីតំបន់ Xinjiang ប្រទេសចិន ដោយសារមានក្តីបារម្ភលើបញ្ហាសិទ្ធិមនុស្ស។
លោក William Reinsch អ្នកជំនាញផ្នែកពាណិជ្ជកម្មអន្តរជាតិនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) បានថ្លែងថា៖ «លោកប្រធានាធិបតី Biden បារម្ភអំពីបញ្ហាសិទ្ធិមនុស្ស។ ខ្ញុំគិតថា គោលជំហររបស់លោកនឹងមិនផ្លាស់ប្តូរនោះទេ ប៉ុន្តែករណីនេះ អាចនឹងប៉ះពាល់ដល់ឧស្សាហកម្មបន្ទះថាមពលព្រះអាទិត្យ»។
លោក Reinsch បានប្រាប់ VOA ដូច្នេះថា៖ «ផលិតផលបន្ទះថាមពលព្រះអាទិត្យនេះនឹងកាន់តែថ្លៃ ហើយវាក៏នឹងធ្វើឲ្យយឺតដល់ដំណើរការដំឡើងបន្ទះថាមពលព្រះអាទិត្យនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ចំណុចនេះ គឺផ្ទុយពីគោលនយោបាយរបស់លោក Biden នៅក្នុងការគាំទ្រដល់ថាមពលកកើតឡើងវិញ»។
អ្នកស្រី Suzanne Leta គឺជាប្រធានផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រនៃក្រុមហ៊ុន SunPower Corporation ដែលជាក្រុមហ៊ុនបន្ទះថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាស្តុកថាមពល។ អ្នកស្រីបានប្រាប់ VOA ថា ទោះបីជាការហាមឃាត់ការនាំចូលផលិតផលបន្ទះថាមពលព្រះអាទិត្យពីតំបន់ Xinjiang នឹងធ្វើឲ្យមានការផ្លាស់ប្តូរជាបណ្តោះអាសន្ននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ ក៏បញ្ហាសិទ្ធិមនុស្សគួរតែជាចំណុចសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់នៅក្នុងឧស្សាហកម្មនេះ។
អ្នកស្រីថ្លែងដូច្នេះថា៖ «នេះមិនមែនធ្វើឡើងដោយសំដៅលើប្រទេសចិននោះទេ ប៉ុន្តែសំដៅលើតំបន់ជាក់លាក់មួយនៅក្នុងប្រទេសចិន ពោល គឺតំបន់ Xinjiang ដែលជាកន្លែងដែលបញ្ហារំលោភសិទ្ធិមនុស្សកំពុងកើតឡើង។ មិនថាខ្សែសង្វាក់ផ្គត់ផ្គង់មានប្រភពមកពីណានោះទេ យើងមិនអាចអនុញ្ញាតឲ្យមានពលកម្មដោយបង្ខំនោះឡើយ»។
កាលពីពាក់កណ្តាលខែមេសា សហរដ្ឋអាមេរិកនិងប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ថា ប្រទេសទាំងពីរនឹង «ប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក» ដើម្បីដោះស្រាយវិបត្តិអាកាសធាតុរួមគ្នា។
ជាងនេះទៀត ទោះបីជាបញ្ហាសិទ្ធិមនុស្សនៅតំបន់ Xinjiang ជាឧបសគ្គដែលទំនងជាមិនអាចចៀសបានរវាងប្រទេសទាំងពីរក៏ដោយ ក៏យ៉ាងហោចណាស់ មន្ត្រីសហរដ្ឋអាមេរិកមួយរូបជឿលើច្បាប់អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ VOA កាលពីថ្ងៃទី១៤ ខែឧសភាថា៖ «នៅពេលនិយាយអំពីពាណិជ្ជកម្ម យើងចង់ធ្វើឲ្យប្រាកដថា គ្រប់ភាគីទាំងអស់អនុវត្តតាមក្បួនច្បាប់ ហើយនេះ រួមបញ្ចូលទាំងប្រទេសចិនផងដែរ។ នៅពេលគេមិនអនុវត្តតាមច្បាប់ យើងនឹងធ្វើការជាមួយគ្នាតាមរយៈយន្តការច្បាប់ដែលយើងមាន តាមរយៈវិធាននានាដែលយើងបានយល់ស្របជាមួយគ្នា និងតាមរយៈអង្គការដែលជួយអនុវត្តវិធានទាំងនេះ ដើម្បីធ្វើឲ្យច្បាស់ថា ប្រទេសចិនគោរពតាមវិធានទាំងនេះ»។
លោក Reinsch ជឿថា ដរាបណាសហរដ្ឋអាមេរិកនៅបន្តរិះគន់ប្រទេសចិនលើបញ្ហាមួយចំនួនដូចជា បញ្ហានៅទីក្រុងហុងកុង កោះតៃវ៉ាន់ តំបន់ Xinjiang និងតំបន់ទីបេជាដើម កិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងប្រទេសទាំងពីរទំនងជានឹងមិនអាចកើតមានឡើងនោះទេ។
លោក Reinsch ថ្លែងដូច្នេះថា៖ «ខ្ញុំគិតថា ចំពោះបញ្ហាអាកាសធាតុ ពួកគេនឹងបន្តដំណើរតាមទិសដៅរបស់ពួកគេ។ យើងនឹងបន្តដំណើរតាមទិសដៅរបស់យើង។ ប៉ុន្តែទិសដៅរបស់យើងនិងទិសដៅរបស់ពួកគេ គឺដូចគ្នា។ ខ្ញុំមិនច្បាស់ទេថាតើយើងអាចសហការគ្នាបានឬក៏អត់ ប៉ុន្តែយើងមានទិសដៅស្របគ្នា។ ទោះជាយ៉ាងណាក៏ដោយ វានៅតែផ្តល់ប្រយោជន៍ដល់គោលដៅអាកាសធាតុរបស់យើងដដែល»៕