ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសចិន នឹងទទួលផលវិបាកចំពោះការរំលោភសិទ្ធិមនុស្សរបស់ខ្លួន។ លោកថ្លែងយ៉ាងដូច្នេះនៅក្នុងការឆ្លើយតបទៅនឹងសំណួរនៅឯការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ស្តីពីរបៀបដែលចិន ចាត់ចែងរឿងបញ្ហាជនជាតិភាគតិចកាន់សាសនាឥស្លាមក្នុងតំបន់ Xinjiang ភាគខាងលិចប្រទេសចិន។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានាធិបតីចិនលោក Xi Jinping កន្លងមកបានធ្វើឲ្យមានការរិះគន់ពីសាកលលោកចំពោះការឃុំឃាំងជនជាតិភាគតិច Uighur (អ៊ុយហ្គ័រ) នៅក្នុងជំរំបិទជិត និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។
លោកប្រធានាធិបតី Biden បាននិយាយអំពីលោក Xi នៅពេលដែលត្រូវសង្កត់សួរលើបញ្ហានេះ នៅឯវេទិកាមហាជន town hall ដែលបានផ្សាយបន្តផ្ទាល់តាមបណ្តាញទូរទស្សន៍ CNN ថា៖ «នឹងមានផលវិបាកសម្រាប់ប្រទេសចិន ហើយលោក Xi បានដឹងអំពីបញ្ហានេះ»។
លោកប្រធានាធិបតី Biden បាននិយាយទៀតថា សហរដ្ឋអាមេរិក នឹងបញ្ជាក់ឡើងវិញនូវតួនាទីរបស់ខ្លួនក្នុងសាកលលោកនៅក្នុងការនិយាយអំពីសិទ្ធិមនុស្ស។ លោកបានបន្ថែមទៀតថា លោក នឹងធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីធ្វើឲ្យចិនការពារជនជាតិភាគតិចទាំងនោះ។
ក្នុងរឿងមួយទៀត ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នាវាចម្បាំងសហរដ្ឋអាមេរិក បានធ្វើដំណើរកាត់តាមប្រជុំកោះដែលទាមទារដោយចិននៅក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃពុធនេះ នៅក្នុងកិច្ចប្រតិបត្តិការសេរីភាពនាវាចរណ៍ ដែលនេះ ជាចំណាត់ថ្មីៗបំផុតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីប្រឈមតតាំងការទាមទារទឹកដីរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងដែនទឹកប្រទាញប្រទង់គ្នានេះ។
កងនាវាចម្បាំងទី៧របស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា នាវាពិឃាត USS Russell បាន «ប្រកាសការពារសិទ្ធិនិងសេរីភាពនៃការធ្វើនាវាចរណ៍នៅប្រជុំកោះ Spratly ស្របទៅតាមច្បាប់អន្តរជាតិ»៕