កាលពីថ្ងៃពុធ ប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្ស បាននាំគ្នាអំពាវនាវឲ្យប្រទេសចិន អនុញ្ញាតឲ្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចូលក្នុងតំបន់ស៊ីនជាំង ដោយគ្មានការរំខាន ដើម្បីស៊ើបអង្កេតអំពីស្ថានភាពរបស់ជនជាតិភាគតិចអ៊ុយហ្គ័រ និងជនជាតិភាគតិចតួកគីកាន់សាសនាឥស្លាម។
«យើងមកទីនេះដើម្បីស្នើឲ្យប្រទេសចិន អនុញ្ញាតជាបន្ទាន់ ប្រកបដោយអត្ថន័យ និងដោយគ្មានការរំខាន ឲ្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងការិយាល័យរបស់អ្នកស្រី ចូលក្នុងតំបន់ស៊ីនជាំង»។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោកស្រី Barbara Woodward។ រដ្ឋាភិបាលអង់គ្លេសស្ថិតក្នុងចំណោមរដ្ឋាភិបាល១៨ផ្សេងទៀត ដែលរួមគ្នារៀបចំការប្រជុំតាមអនឡាញនេះ។
ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet កំពុងជំរុញឲ្យរដ្ឋាភិបាលក្រុងប៉េកាំងអនុញ្ញាតឲ្យលោកស្រីធ្វើទស្សនកិច្ចទៅកាន់តំបន់ស៊ីនជាំងមួយរយ:មកហើយ។ កាលពីចុងខែកុម្ភ: រដ្ឋាភិបាលចិនបានឲ្យដឹងថា ខ្លួនបានអញ្ជើញលោកស្រី ប៉ុន្តែជាក់ស្តែងពុំមានការរៀបចំឲ្យមានទស្សនកិច្ចឡើយ។
លោកស្រី Bachelet និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សផ្សេងៗទៀត ចង់ចុះទៅស៊ើបអង្កេតដោយផ្ទាល់នូវស្ថានភាពរបស់ជនជាតិភាគតិចអុយហ្គ័រ និងជនជាតិភាគតិចតួកគីកាន់សាសនាឥស្លាម នៅក្នុងខេត្តស្វយ័តនៅភាគពាយព្យប្រទេសចិន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បាននិយាយកាលពីថ្ងៃពុធថា៖ «នៅតំបន់ស៊ីនជំាង មនុស្សត្រូវបានគេធ្វើទារុណកម្ម ហើយស្ត្រីត្រូវបានគេក្រៀវដោយបង្ខំ។ មានរបាយការណ៍ដែលគួរឲ្យទុកចិត្តបានដែលថា ជនជាតិអ៊ុយហ្គ័រ និងជនជាតិភាគតិច និងអ្នកកាន់សាសនាភាគតិចជាច្រើនផ្សេងទៀត ដែលគ្រាន់តែមានបំណងអនុវត្តសេរីភាពសាសនា ជំនឿ និងការបញ្ចេញមតិជាមូលដ្ឋានតែប៉ុណ្ណោះនោះ ត្រូវបានគេបង្ខំឲ្យធ្វើការរហូតដល់ធ្វើលែងរួច ដើម្បីផលិតសម្លៀកបំពាក់ និងទំនិញតាមបញ្ជារបស់រដ្ឋ»៕