សហភាពអឺរ៉ុបកំពុងស្វះស្វែងដាក់បម្រាមការនាំចូលផលិតផលនានា ដែលធ្វើឡើងដោយពលកម្មបង្ខំដែលជាកាយវិការមួយត្រូវបានគេមើលឃើញថាសំដៅទៅលើប្រទេសចិន ដែលបានធ្វើទុក្ខបុកម្នេញដល់ក្រុមជនជាតិភាគតិចអ៊ុយហ្គ័រនៅក្នុងប្រទេសនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ AFP។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាប្រចាំឆ្នាំមួយរបស់ប្រធានគណៈកម្មការសហ ភាពអឺរ៉ុបលោកស្រី Ursula von der Leyen ដែលបានថ្លែងទៅកាន់សភាសហភាពអឺរ៉ុបដែលបានផ្តល់សញ្ញាពីការបង្ហាញនូវជំហរដ៏តឹងរឹងមួយរបស់សភាពអឺរ៉ុបចំពោះចិន។
ច្បាស់ជាងនេះទៅទៀត លោកស្រី von der Leyenក៏បានអំពាវនាវដល់ប្រធានាធិបតីចិនលោក Xi Jinpingឲ្យបង្ហាញនូវភាពដឹកនាំរបស់លោកដោយដាក់ចេញនូវចំណុចលម្អិតអំពីរបៀបដែលប្រទេសរបស់លោកជាប្រទេសបញ្ចេញឧស្ម័ន្ធផ្ទះកញ្ចក់ដ៏ធំបំផុតក្នុងពិភពលោកនោះ មានគម្រោងផែនការយ៉ាងដូចម្តេចដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅមុនកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ COP26 នៅដើមខែវិច្ឆិកាខាងមុខនេះ។
លោកស្រីក៏បានគូសបញ្ជាក់ពីផែនការរបស់សហភាពអឺរ៉ុបក្នុងការបង្កើតនូវការតភ្ជាប់ពាណិជ្ជកម្មនិងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទៅកាន់ផ្នែកជាច្រើននៅជុំវិញពិភពលោកដែលរួមមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលចិនកំពុងមានឥទ្ធិពលដើម្បីប្រកួតប្រជែងជាមួយកម្មវិធីផ្តួចផ្តើមពាណិជ្ជកម្ម «វិថីនិងខ្សែក្រវាត់»របស់រដ្ឋាភិបាលក្រុងប៉េកាំង។
ទោះបីជាលោកស្រី von der Leyenមិនបានលើកឡើងចំឈ្មោះប្រទេសនោះក្តី តែការចោទប្រកាន់ថា ចិនកំពុងប្រើប្រាស់ជនជាតិភាគតិចអ៊ុយហ្គ័រដោយបង្ខំនៅក្នុងតំបន់ស៊ីងជាំងដើម្បីផលិតទំនិញនិងរបស់របរសម្រាប់ការនាំចេញនោះ បានក្លាយជាបញ្ហាដ៏ចម្បងនៅក្នុងទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុប។
លោកស្រី von der Leyen ដែលមានដើមកំណើតអាល្លឺម៉ង់និងពួកសកម្មជនសិទ្ធិមនុស្ស នៅខែនេះបានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុនលក់ទំនិញរាយចំនួន៥ រួមមានក្រុមហ៊ុន Hugo Boss និង C&A ដោយបានចោទប្រកាន់ពួកគេថា បានទទួលអត្ថប្រយោជន៍ពីការរំលោភធ្វើបាបរបស់រដ្ឋចិនលើជនជាតិភាគតិចអ៊ុយហ្គ័រ៕