ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​បាតុកម្ម​អហិង្សា​​ ដោយ​អះអាង​ថា​ វាមិន​បង្ក​អសន្តិសុខ​ទេ


លោក​សម រង្ស៊ី​ ​មេដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​​​រាក់ទាក់​​ជាមួយ​​អ្នក​ភូមិ​​ ពេល​លោក​​ទស្សន​កិច្ច​នៅ​វត្ត​​ចាក់អង្រែ។​​
លោក​សម រង្ស៊ី​ ​មេដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​​​រាក់ទាក់​​ជាមួយ​​អ្នក​ភូមិ​​ ពេល​លោក​​ទស្សន​កិច្ច​នៅ​វត្ត​​ចាក់អង្រែ។​​
មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ជំហរថា ​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​គឺ​ធ្វើ​ឡើង​ដោយពិធី​ស្មិង​ស្មាធិ៍​ និង​បួង​សួង​សុំ​សន្តិភាព​តែប៉ុណ្ណោះ មិនមាន​ឆន្ទៈទៅ​ធ្វើអំពើ​ហិង្សា​ទេ។​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​សម្តែងនូវ​ការ​ស្វាគមន៍ផង​ដែរ​ចំពោះ​ជំហរ​របស់​គណបក្ស​ប្រឆាំង។​

ការ​បង្ហាញ​ជំហរ​របស់​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះ​រាជ​សារ​លើក​ទីពីរ​កាល​ពី​ចុង​សប្តាហ៍​មុន​ដោយ​បាន​អំពាង​នាវ​គណបក្ស​នយោបាយ ​និង​ប្រជា​ពលរដ្ឋ​រក្សា​ភាព​ស្ងប់​ស្ងៀម​ដើម្បី​ដោះស្រាយ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។​

គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោកសម រង្ស៊ី​ និង​លោក​កឹម សុខា​បាន​ប្រកាសថា​ នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្រោយ​ពី​ការ​បោះឆ្នោត​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា​ ខ្លួន​បាន​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត​ ក៏ប៉ុន្តែ​លទ្ធផលបណ្តោះ​អាសន្ន​បង្ហាញ​ឲ្យឃើញ​ថា​ គណបក្ស​គ្រប់​គ្រង​អំណាច​បាន​ឈ្នះ​ឆ្នោត​ទៅវិញ។​

ភាព​តាន​តឹង​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​បាន​ជំរុញ​ឲ្យព្រះ​មហាក្សត្រ​សម្តេច​ព្រះ​នរោត្តម​សីហមុន្នី​បាន​ចេញ​ព្រះ​រាជសារ​ចំនួន​ពីរ​លើក​ផ្ទួនៗ​គ្នា។​ដោយ​ជំរុញ​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​ដែល​ប្រជា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យនោះ​ បន្ត​ដោះ​ស្រាយ​ដោយ​សន្តិវិធី។​

នៅ​ក្នុង​ព្រះ​រាជ​សារ​ចុង​ក្រោយ​របស់​ព្រះ​មហា​ក្សត្រ​កាល​ពី​សប្តាហ៍​មុន​ ព្រះ​អង្គ​មាន​បន្ទូល​ថា៖​«ប្រវត្តិ​សាស្ត្រ​បាន​បង្ហាញ​យើង​ថា ​ប្រទេស​ជាតិ​របស់​យើង​បាន​បែក​បាក់​គ្នា​ និង​រងគ្រោះ​ច្រើន​ណាស់។ ​ដូច្នេះ​ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យប្រជាជន​ទាំង​អស់​បន្តនៅ​ភាព​ស្ងប់​ស្ងៀម​ និង​មាន​សេចក្តី​ថ្លៃថ្នូរ»។​

លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ក្នុង​អង្គសន្និសីទ​ការ​សែត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដង្ហែតាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះ​មហាក្សត្រ​ ដោយ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​បាន​នូវ​ភាព​ស្ងប់​ស្ងៀម​ និង​ថ្លៃថ្នូរ។​

លោក​បាន​បញ្ជាក់​ថា​ គំរោង​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សា​គឺ​នឹង​ធ្វើ​ដដែល​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៧​ខែ​កញ្ញានេះ ​ក៏ប៉ុន្តែ​ធ្វើ​ដោយ​ពិធី​ស្មិង​ស្មាធិ៍​ និង​បួង​សួង​សុំ​សន្តិភាព​វិញ។​

លោក​និយាយ​ថា៖​«យើង​នឹង​បង្វែរ​អារម្មណ៍​ បង្វែរ​ស្មារតី​ បង្វែរ​ការ​រៀប​ចំ​អ្វី​ដែល​យើង​ហៅ​ថា ​មហា​បាតុកម្ម​អហិង្សា​ និង​សន្តិវិធី​ឲ្យទៅជា​ពិធី​ស្មិង​ស្មាធិ៍​ បួងសួង​ទូទាំង​ប្រទេស​ ស្មិង​ស្មាធិ៍​ និង​បួង​សួង​ដើម្បី​សន្តិភាព»។​

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​ម៉ិញ​នេះ ​គណបក្ស​ប្រឆាំង​បាន​បង្ហាត់​បង្រៀន​ប្រជា​ពលរដ្ឋ​អំពី​របៀប​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មាន​មនុស្ស​ចូល​រួម​ប្រមាណ​រាប់​ពាន់​នាក់។ ​ការ​បង្រៀន​ប្រជា​ពលរដ្ឋ​ឲ្យចូល​រួម​បាតុកម្ម​ដោយ​សន្តិវិធី​នេះ​បាន​ធ្វើ​ក្រោយ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​បន្ទាប់​ពី​កម្លាំងសមត្ថកិច្ច​បាន​ហ្វឹក​ហាត់​អំពី​របៀប​បង្រ្កាបបាតុកម្ម​ ដោយ​បំពាក់​ដោយ​ខែល​ ដំបង​ឆក់​ គ្រាប់​បែក​ផ្សែង​ និង​រថយន្ត​បាញ់​ទឹក។​

លោកកឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ផ្លាស់​ប្តូរ​ជំហរ​ទេ​គឺ​នៅតែ​បន្ត​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​សន្តិវិធី​ដដែល។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ថ្ងៃ​នេះ​យើង​ចង់​បញ្ជាក់​អំពី​បាតុកម្ម​របស់​យើង​ដែល​និង​ធ្វើ​នៅ​ថ្ងៃទី​៧​នេះ​គឺ​ជា​បាតុកម្ម​តាម​របៀប​អហិង្សា​ តាម​របៀប​ការ​ប្រើ​ប្រាស់​នៅ​ផ្លូវ​ចិត្ត​ និងអារម្មណ៍​ ចៀស​វាង​ការ​ប្រើ​នូវកាយ​វិការ​ ហើយ​និង​សម្តី​សំដៅ​ច្រើន»។​

លោក​ជាម យៀប​ សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ស្វាគមន៍ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់​ទិន​នឹង​ការ​ស្វះស្វែងរក​ដំណោះ​ស្រាយ​ឲ្យមាន​ភាព​ស្ងប់​ស្ងាត់។​

លោក​បាន​បញ្ជាក់​ថា៖​«យល់​ឃើញ​ថា​ នេះ​ក៏​ជា​សម្បទាន​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ចំពោះ​សភាព​ការណ៍​នៃ​មាតុភូមិ​យើង​នា​ពេល​បច្ចុប្បន្ន​នេះដែរ»។​

មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ​ពិធី​ស្មិង​ស្មាធិ៍​ដើម្បី​បួង​សួង​សុំ​សន្តិភាព​នឹង​ធ្វើ​ឡើង​នៅ​គ្រប់​ទិសទី​ និង​វត្ត​អារាម​ផង​ ហើយ​គ្រោង​នឹង​និមន្ត​ព្រះ​សង្ឃ​ចូល​រួម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG