ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​អាមេរិក​ត្រូវ​បាន​បដិសេធ​ទិដ្ឋាការ​ទៅ​តតាំង​ក្តី​នៅ​កម្ពុជា​


ពី​ឆ្វេង​ទៅ​ស្តាំ៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ លោក​ នុត រំដួល ​អ្នកស្រី​មូរ សុខហួរ​ ​និង​លោក​ឡុង  រី​​ ពាក់​ម៉ាស់​នៅ​មុខ​​ស្ថានកុងស៊ុល​កម្ពុជា​នៅ​ទីក្រុង ​Lowell (ឡូវែល) សហរដ្ឋ​អាមេរិក កាល​ពីថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១។ (ពិន ស៊ីសុវណ្ណ/វីអូអេ)
ពី​ឆ្វេង​ទៅ​ស្តាំ៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ លោក​ នុត រំដួល ​អ្នកស្រី​មូរ សុខហួរ​ ​និង​លោក​ឡុង  រី​​ ពាក់​ម៉ាស់​នៅ​មុខ​​ស្ថានកុងស៊ុល​កម្ពុជា​នៅ​ទីក្រុង ​Lowell (ឡូវែល) សហរដ្ឋ​អាមេរិក កាល​ពីថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

ក្រោយ​ពី​រង់​ចាំ​ជិត​ពីរ​ម៉ោង​អ្នកស្រី ​មូរ សុខហួរ​ លោក​ នុត រំដួល ​និង​លោក​ ឡុង រី ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​ទទួល​ការ​បញ្ជាក់​តាម​ទូរស័ព្ទ​ពី​លោក ​អ៊ូ​ សុវណ្ណ​ កុងស៊ុល​កិត្តិយស​ប្រទេស​កម្ពុជា​នៅ​ទីក្រុង ​Lowell (ឡូវែល)​ថា ​ស្ថានកុងស៊ុល​មិន​អាច​ផ្តល់​ទិដ្ឋាការ​ជូន​អ្នកស្រី​និង​តំណាង​រាស្ត្រ​ផ្សេង​ទៀត​បាន​ទេ​ដោយ​ស្ថានកុងស៊ុល​ត្រូវ​សុំ​គោល​ការណ៍​ពី​ក្រសួង​ការ​បរទេស​កម្ពុជា។​

លោក ​ឡុង រី ​ដែល​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក ​អ៊ូ សុវណ្ណ​ បាន​ប្រាប់​វីអូអេ​ថា​លោក​កុងស៊ុល​កិត្តិយស​ប្រាប់​ថា ដោយសារ​វា​ទាក់ទង​នឹង​បញ្ហា​នយោបាយលោក​ត្រូវ​សុំ​ប្រតិភូកម្ម​ពី​ក្រសួង​ឬ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។​

លោក ​ឡុង រី​ បញ្ជាក់​ថា៖ «ជា​ចម្លើយ​គាត់​ថា​វា​ជា​សេចក្តី​សម្រេច​នយោបាយ។​គាត់​ជា​មន្ត្រី​អនុវត្ត​ច្បាប់។​បើសិន​នយោបាយ​គេ​បើក​អា​ហ្នឹងវា​មិន​អី​ទេ។​ប៉ុន្តែ​ឥឡូវ​វា​អត់​បាន​លទ្ធផល​អី​ត្រូវ​ឆ្លើយ​បាន​ទេ។​អ៊ីចឹង​ជារួម​យើង​មិន​អាច​ទទួល​បាន​ទិដ្ឋាការ​នេះ​ទេ»។​

ក្រោយពី​អ្នកស្រី ​មូរ សុខហួរ​ និង​សហការី​ដែល​ជា​តំណាង​អ្នក​ចង់​ធ្វើ​មាតុភូមិ​និវត្តន៍​បាន​ចាក​ចេញ​ ​លោក​អ៊ូ​សុវណ្ណ​បាន​ទៅ​ដល់​ស្ថាន​កុងស៊ុល​របស់​លោក។​ ដោយ​សុំ​មិន​ឱ្យ​ថត​សំឡេង​និង​វីដេអូលោក​បាន​ប្រាប់​វីអូអេ​ថា​បើ​អ្នកស្រី​មូរ សុខហួរ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ លោក​ទទួល​ស្វាគមន៍​ឱ្យ​អ្នក​ស្រី​បំពេញ​ពាក្យ​ស្នើ​សុំ​ហើយ​លោក​នឹង​ធ្វើ​លិខិត​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ការ​បរទេស​ព្រោះ​លោក​ជា​មន្ត្រី​ស្ម័គ្រចិត្ត​បម្រើ​កិច្ចការ​កុងស៊ុល​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ ប៉ុន្តែ​សម្រាប់​អ្នកស្រី​មូរ សុខហួរ​ដែល​ជា​អ្នក​នយោបាយ​លោក​ត្រូវ​អនុវត្ត​តាម​ខ្សែ​រយៈ​នយោបាយ​បាន​ន័យថា​ លោក​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ការ​បរទេស​មុន​ចេញ​ទិដ្ឋាការ​ឱ្យ​អ្នកស្រី។

អ្នកស្រី ​មូរ សុខហួរ​ ប្រាប់​វីអូអេ​ថាអ្នកស្រី​ចង់​ទៅ​ចូល​រួម​ជាមួយ​សកម្ម​ជន​គណបក្ស​និង​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​តុលាការ​កោះ​ហៅ​នៅ​ថ្ងៃ​អង្គារ​រួម​មាន​កញ្ញា​សេង ធារី​ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​បន្ទាប់​ពី​អាក់​ខាន​ជាង​មួយ​ឆ្នាំ។​

អ្នកស្រី​សុំ​ទិដ្ឋាការ​លើ​លិខិត​ឆ្លងដែន​សហរដ្ឋ​អាមេរិក​ទៅ​ចូល​រួម​សវនាការ​តាម​ការ​កោះហៅ​របស់​តុលាការព្រោះ​លិខិត​ឆ្លងដែន​របស់​អ្នកស្រី​និង​តំណាងរាស្ត្រ​ផ្សេង​ទៀត​ត្រូវ​បាន​ធ្វើ​មោឃភាព​ក្រោយ​ពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​កាលពី​ថ្ងៃ​៩​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។​

អ្នកស្រី​មូរ សុខហួរ​ថ្លែង​ថា៖ «ឥឡូវ​នេះ​ថ្ងៃ​នេះ​ទៀត​ខ្ញុំ​នៅតែ​មិន​អស់​ចិត្ត​ទេ។​ ខ្ញុំ​មាន​ប៉ាស្ព័រ​(លិខិត​ឆ្លងដែន)​មួយ​ទៀត​ប៉ាស្ព័រ​អាមេរិកាំង​ចា៎។​នៅ​ក្នុង​ប៉ាស្ព័រ​អាមេរិកាំង​នេះ​យើង​អាច​សុំ​K-វីសា​(ទិដ្ឋាការ​ខ្មែរ)។​នេះ​វីសា​ខ្ញុំ​ម៉ា​គំនរ​ចា៎​ទៅ​ណា​មក​ណា​នៅ​លើ​ប៉ាស្ព័រ​អាមេរិកាំង​ហ្នឹង។​គេ​អត់​ទទួល​យក​របស់​ខ្ញុំ​ទៀត។​ តើ​ឱ្យ​ខ្ញុំ​ទៅ​តាម​ផ្លូវ​ណា?​អ៊ីចឹង​បិទ​ផ្លូវ​ទាំងអស់​ដូច្នេះ​ខ្ញុំ​សូម​បញ្ជាក់​ថា​អ្វី​ដែល​របប​លោក​ហ៊ុន សែន​ធ្វើ​នេះ​គឺ​យក​តុលាការ​ធ្វើ​ជា​ឧបករណ៍​សុទ្ធ​សាធ»។​

អ្នកស្រី​បន្ថែម​ថា​អ្នក​ដែល​រារាំង​កិច្ចការ​តុលាការ​ត្រូវ​មាន​ទោស​បើ​តាម​ច្បាប់។​

អ្នក​យក​ព័ត៌មាន​វីអូអេ​នៅ​ភ្នំពេញ​បាន​ព្យាយាម​ទាក់​ទង​លោក​ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន​និង​លោក​កុយ គួង​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​អង្គារ។

ពេល​អ្នកស្រី ​មូរ សុខហួរ ​សុំ​ទិដ្ឋាការ​មិន​បាន​សម្រេច​កាលពី​លើក​មុន​នៅ​ស្ថាន​កុងស៊ុល​នៅ​ក្រុង​Lowell (ឡូវែល)​និង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោនលោក​សុខ ឥសាន​ធ្លាប់​បាន​ប្រាប់​វីអូអេ​ថា​មន្ត្រី​ទាំង​នោះ​ជា​«ពួក​ឧទ្ទាម​ក្រៅ​ច្បាប់»​ដែល​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក​ហ៊ុន សែន។​

លោក ​សុខ ឥសាន បញ្ជាក់​ថា៖ «បក​មក​វិញ​រដ្ឋាភិបាល​ក៏មិន​ទទួល​ស្គាល់​អ្នក​ឯង​ជា​ពល​រដ្ឋ​កម្ពុជា​ដែរ។​អ្នក​ឯង​មាន​ទោស។ ​អ៊ីចឹង​ទេ​អ្នក​ឯង​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដើរ​តែ​បំផ្លាញ​ជាតិ​ពី​ក្រៅ​ប្រទេស​មក។​អ៊ីចឹង​រដ្ឋាភិបាល​មាន​ប្រយោជន៍​អី​ឲ្យ​អ្នក​ឯង​ប្រើ​លិខិត​គតិយុត្ត​របស់​រាជ​រដ្ឋាភិបាល?»

ដូច​មតិ​ជា​ច្រើន​ដែល​ថា​សំណុំ​រឿង​នេះ​ជា​រឿង​នយោបាយ​នោះ​កញ្ញា​ សេង​ ធារី​ ដែល​ស្លៀកពាក់​ជា​អប្សរា​និង​កោរ​សក់​ផង​នោះ​បាន​លើក​ឡើង​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​ ​កញ្ញា​នឹង​ត្រូវ​ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ខាង​មុខ​ ហើយ​ថា​សំណុំ​រឿង​របស់​កញ្ញា​គឺ​ជា​ឆាក​ល្ខោន​នយោបាយ​មួយ​ដែល​កញ្ញា​មិន​សម្តែង​តាម​នយោបាយ​ដែល​គេ​រៀបចំ​ទេ។​

កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស ក្នុង​សម្លៀក​បំពាក់​អប្សរា ចាកចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស ក្នុង​សម្លៀក​បំពាក់​អប្សរា ចាកចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

កញ្ញា ​សេង​ ធារី ​ថ្លែង​ថា៖ «បើ​អ៊ីចឹង​ថ្ងៃ​នេះ​សូម​ចង​ចាំ​ម្តង​ទៀត។​នេះ​ជា​ល្ខោន។​ល្ខោន​នយោបាយ​...​ហើយ​គេ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ចូល​សម្តែង​នៅ​ក្នុង​ល្ខោន​នយោបាយ​នេះ។ខុស​ពី​តួ​សម្តែង​ផ្សេងៗ​ដែល​ត្រូវការ​សូត្រ​តាម​អ្នក​នយោបាយខ្ញុំ​មាន​parole​[ពាក្យ​ពេចន៍]​ខ្ញុំ​មាន​script​[អត្ថបទ​រឿង]​ខ្លួន​ខ្ញុំ។​ ខ្ញុំ​បង្កើត​និពន្ធ​តួអង្គ​ខ្លួន​ខ្ញុំ​ ហើយ​ខ្ញុំ​ថ្ងៃ​នេះ​ជា​តួអង្គ​អប្សរា​តំណាង​ឲ្យ​ស្ត្រី​ខ្មែរ​យើង​ដែល​កំពុង​ឈឺ​ចាប់​ក្នុង​របប​ផ្តាច់​ការ​នេះ​ ហើយ​បុរសៗ​ដែល​ស្រឡាញ់​ពួក​គាត់»។​

យ៉ាង​ហោច​ណាស់​មាន​អ្នក​គាំទ្រ​សកម្មជន​មន្ត្រី​គណបក្ស​តាម​បណ្តា​ខេត្ត​និង​រាជធានី​និង​ថ្នាក់​ដឹកនាំ​របស់​បក្ស​នេះ​ជិត​១៤០​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ឬ​រង​ការ​ចាប់​ខ្លួន​ទាក់ទង​នឹង​បទ​«ក្បត់​ជាតិ»​ បទ​«រួម​គំនិត​ក្បត់»​ឬ​បទ​«ញុះ​ញង់​ឲ្យ​ប្រពឹត្ត​បទ​ឧក្រិដ្ឋ»​ជាដើម។​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។​

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក ស៊ឹង​ សែនករុណា ​និយាយ​ថា​សំណុំ​រឿង​ក្បត់​ជាតិ​ខាង​លើ​នេះ​មាន​ជាប់​ហេតុ​ផល​នយោបាយ​ទើប​មាន​ការ​អូស​បន្លាយ​ពេល​ក្នុង​ការ​ជំនុំ​ជម្រះ​ ហើយ​ថា​ស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ក្លាយ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​ដោយ​សារ​រង​គំនាប​ពី​អន្តរជាតិប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​នយោបាយ​ដើម្បី​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ដែល​ផ្តើម​ចេញ​ពី​រឿង​នយោបាយ​នោះ។​

អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ​ប្លង់ សុផល​ បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ដោយ​គ្រាន់​តែ​និយាយ​ថា​«តុលាការ​បាន​និង​កំពុង​ធ្វើ​ស្រប​តាម​នីតិវិធី​ដែល​ច្បាប់​បាន​អនុញ្ញាត»៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG