ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់​ដឹកនាំ​បក្ស​ជំទាស់​ចោទ​តុលាការ​ថា​ ត្រូវ​អ្នក​មាន​អំណាច​បញ្ជា​ឲ្យ​មក​បំបិទ​សំឡេង​ប្រឆាំង


រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន AP ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (AP)
រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន AP ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (AP)

អនុ​ប្រធានអតីត​គណបក្ស​ប្រឆាំង​អ្នក​ស្រី​ មូរ សុខហួរ​ ​ ដែល​ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពីបទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ថ្មី​ពីរ​បន្ថែមទៀត​ កាលពី​សប្តាហ៍​មុន​នោះ​ បាន​ប្រតិកម្ម​ទៅ​នឹង​ប្រព័ន្ធ​យុត្តិធម៌កម្ពុជា​ថា​ជា​ឧបករណ៍​នយោបាយ ដែល​អ្នកមាន​អំណាច​បញ្ជាឲ្យ​មកសម្លុត​ និង​គំរាម​ក្រុម​អ្នក​ជំទាស់​។

​កាលពី​ថ្ងៃទី​៧ ខែតុលា​ឆ្នាំ២០២១​ អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ចោទ​ប្រកាន់​អ្នកស្រី​មូរ សុខហួរ អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​ សម រង្ស៊ី​ លោក​ អ៊េង ឆៃអ៊ាង​ ជាអនុប្រធាន​គណបក្ស​មួយ​រូបទៀត​ និងលោក ​ហូរ វ៉ាន់​ អតីត​តំណាងរាស្ត្រ ពី​បទ​រួម​គំនិត​ក្បត់ ចំពោះ​សេចក្តី​អំពាវ​នាវ​តាមទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​សម រង្ស៊ី​ ដែល​កាលពី​ថ្ងៃទី​៥ខែតុលា​ដែលបានស្នើ​ឲ្យ​ពលរដ្ឋ​ និង​កម្លាំង​ប្រដាប់​អាវុធ​ផ្តួល​រំលំរដ្ឋាភិបាល​ស្រប​ច្បាប់​របស់​កម្ពុជា។

បន្ថែម​លើ​បទរួម​គំនិត​ក្បត់​នោះ​ ក្រុម​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​គណបក្ស​ជំទាស់​ទាំងបួន​រូបនោះ​ ក៏ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិអ្នក​ស្រី​ មូរ សុខហួរ​ ប្រាប់​វីអូអេ ក្រោយ​ពីរ​ថ្ងៃ​នៃ​ការ​ចោទ​ប្រកាន់​របស់​តុលា​ការ​ក្រុង​ភ្នំពេញ​ថា បទ​ចោទ​ប្រកាន់​ថ្មី​ទាំងពីរ​បន្ថែម​ទៀតនេះ​ មិន​បង្កការ​ព្រួយបារម្ភ​ដល់​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះទេ​ ក្រោមហេតុផលថា​តុលាការ​ធ្វើ​តាមតែបញ្ជា​របស់​អ្នកមាន​អំណាច​។

អ្នកស្រី​បន្ថែម​ថា​ ចេតនា​របស់​តុលាការ​ប្រទេស​កម្ពុជា​ គឺ​បំភិត​បំភ័យ​ ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​ឲ្យ​បន្ថយ​សកម្មភាព​ប្រមូល​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​មក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ងាក​មក​ដើរ​តាម​វិថី​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ដែលនឹងបើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​ជម្រើស​ច្រើន​ក្នុង​ការ​រើស​មេដឹកនាំ​ប្រទេស​ដោយ​សន្តិវិធី។

អ្នកស្រី​ថ្លែង​ថា​៖«​ដូច្នេះ​ការ​ចោទ​ប្រកាន់​នេះ​ គ្មាន​អ្វី​លើស​ពី​ចោទ​ប្រកាន់​ ដើម្បី​គំរាម​កំហែង​ឲ្យ​យើង​បន្ថយ​នៅ​ក្នុងការ​ដាក់​សម្ពាធ​លើឆាក​អន្តរជាតិ​ទេ​»។

អ្នក​ស្រី​បន្ថែម​ថា ការ​ចោទ​ប្រកាន់​ថ្មី​ចុង​ក្រោយ​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះនឹង​មិន​អាច​បញ្ឈប់ថ្នាក់​ដឹកនាំ​បក្ស​ក្នុង​ការ​ស្វះស្វែង​ការគាំទ្រ​អន្តរជាតិបន្ថែម​ទៀត​នោះ​ទេ​ ព្រោះអ្នកស្រី​នៅ​ជឿថា​ ប្រទេស​ជាហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសមាន​តួនាទី​សំខាន់​ក្នុង​ការ​ស្រោចស្រង់​ប្រជាធិបតេយ្យនៅ​កម្ពុជា​។

ការចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​ជាថ្មី​ទៀត​របស់​តុលាការ​ទីក្រុង​ភ្នំពេញ​មកលើ​ថ្នាក់​ដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស​ ​កើតឡើងយ៉ាង​ប្រញាប់​ប្រញាល់​បន្ទាប់ពី​មេដឹកនាំ​បក្ស​ជំទាស់​លោក​សម រង្ស៊ី​ ​បានចោទ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​ជន​ដែល​គ្មាន​ភក្តីភាព​ចំពោះ​ជាតិ​ព្រោះ​លោក​បាន​ទិញ​សញ្ជាតិ​និង​លិខិត​ឆ្លង​ដែន​ពី​ប្រទេស​អឺរ៉ុប​មួយ​ឈ្មោះ​ស៊ីប​ឬ​សាយប្រឹស​(Cyprus)។

រូបឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​វិមាន​សភា​ម៉ាឡេស៊ី ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP)
រូបឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​វិមាន​សភា​ម៉ាឡេស៊ី ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AP)

លោក ​សម រង្ស៊ី​ បាន​ផ្អែក​លើ​ការ​ចេញផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរជាតិ​មួយ​ចំនួន​ ក្នុង​នោះ​គឺ​កាសែត​The Guardian របស់​ចក្រភព​អង់​គ្លេស​ ដែល​គ្រា​ដំបូងផ្សាយ​ថា លោក​ហ៊ុន សែន​កាន់​លិខិត​ឆ្លងដែន​សញ្ជាតិ​ស៊ីប​។ ក៏ប៉ុន្តែ​ក្រោយមក​កាសែត​ល្បី​ឈ្មោះ​អន្តរជាតិ​មួយនេះ​ កែតម្រូវ​ថា​ លោក ​ហ៊ុន​ សែន​គ្មាន​លិខិត​ឆ្លង​ដែន​របស់​ប្រទេស​ដែលជា​ទឹក​ដី​ដែន​កោះនៅ​ទ្វីបអឺរ៉ុបមួយ​នោះទេ ពោល​គឺមាន​តែ​«បណ្ដា​ជន​ដែល​នៅក្នុង​រង្វង់​អ្នក​ស្និទ្ធ​បំផុត»​នឹង​លោក​នា​យក​រដ្ឋម​ន្ត្រី។

លោក ហ៊ុន សែន ​ប្រធាន​គណបក្ស​គ្រប់​គ្រង​ប្រទេស​បាន​ច្រាន​ចោល​ភ្លាមៗ​ការចោទ​ប្រកាន់​នេះ ហើយ​ក៏ចាត់​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​លោក​កើត​ រិទ្ធ​ រៀបចំ​សេចក្តីស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​ សម្រាប់​ការ​ឡើង​កាន់​តំណែង​សំខាន់​ៗ​បួន​ គឺ​«ប្រធាន​រដ្ឋសភា ​ប្រធាន​ព្រឹទ្ធសភា ​នាយក​រដ្ឋ​មន្ត្រី​ និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​»។ លោក​នាយក​រដ្ឋមន្ត្រី​ថា​ នេះ​ជា​ការ​បង្ហាញនូវ​ការ​ស្មោះស្ម័គ្រ​ចំពោះ​ប្រទេស​ជាតិ​ និង​បញ្ចៀស​ការ​លូក​ដៃ​ពី​ខាង​ក្រៅ។

អ្នកស្រី ​មូរ សុខហួរ​ ដែល​មាន​សញ្ជាតិ​អាមេរិកាំងផង​នោះ​ មិន​ផ្តល់​ការ​អធិប្បាយលើសំណួរ​ពាក់​ព័ន្ធ​នឹង​ការ​កំណត់​សញ្ជាតិ​នេះ​ទេ។ប៉ុន្តែ​អ្នកស្រី​មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ជំទាស់​ស្វាគមន៍​ការ​ចោទ​ប្រកាន់​បន្ថែម​ថ្មីៗ​ទៀត​។

អ្នក​ស្រី​បាន​បញ្ជាក់​បន្ថែមតាម​ប្រព័ន្ធទំនាក់​ទំនង​សង្គមមួយបន្ថែម​ទៀត​ថា​ គណបក្ស​ជំទាស់​គ្មាន​ចេតនា​ផ្តួល​រំលំ​ រដ្ឋាភិបាល​របស់​លោក​ហ៊ុន​ សែន​តាម​កម្លាំង​យោធា​ទេ គឺ​មានតែ​ហិប​ដាក់​សន្លឹក​ឆ្នោតប៉ុណ្ណោះ។ អតីតរដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារីរូប​នេះ​ថ្លែង​ថា៖

«ដូច្នេះ នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ​ យើង​ស្វាគមន៍​ឲ្យ​ចោទប្រកាន់​បន្ត​ទៅ​ទៀត​ចុះ​ តែ​អ្វីដែល​យើង​ត្រូវ​តែ​បំពេញ​ ជាកាតព្វកិច្ច​របស់​យើង គឺ​យើង​ត្រូវតែ​ធានា​ថា​ ពលរដ្ឋ​ខ្មែរ​ មាន​សិទ្ធិ​ មាន​សេរីភាព​ មាន​ឱកាស​គ្រប់​គ្រាន់​តាម​លទ្ធិប្រជាធិបតេយ្យ​ នៅ​ក្នុង​ការ​ជ្រើស​រើស​អ្នក​តំណាង​ ដែល​ជា​អ្នក​តំណាង​ចេញ​មក​ពី​ពល​រដ្ឋ​ មិនមែន​ជា​អ្នកតំណាង​ ដែល​ចេញ​មក​ពី​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ ដូច​ជា​ឆ្នាំ​២០១៨​ទេ»។

រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំនៅ​ក្រសួង​យុត្តិធម៌ នាថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ​លោក​ប្លង់ សុផល​ បដិសេធ​ផ្តល់​ការ​អធិប្បាយ​ ដោយ​ថា​ ការ​សម្រេច​របស់​អយ្យការ​ គឺ​មាន​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួច​រាល់​ហើយ​។

រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន ស្តីបន្ទោស​លើ​សារ​នយោបាយ​លោក​សម រង្ស៊ី​ ដែលមាន​ចរិត​ញុះញង់​ថា ជាដើម​ចម​នៃការ​ចោទ​ប្រកាន់​បន្ថែម​មកលើ​អ្នកស្រី​ មូរ សុខហួរ​ និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត។ លោក​ស្នើ​ឲ្យ​អ្នកស្រី​មូរ សុខហួរ​ «កុំបន្ទោស​»តុលាការ។

លោក​ថ្លែង​ថា​៖ «ហើយ​ទៅ​ពិនិត្យ​មើល​សារ​លោក​ប្រធាន​គាត់​ឡើង​វិញ​ តើ​ជាសារ​ដែល​ធម្មតា​ ឬមួយ​ក៏​សារ​ដែល​មាន​ចរិត​ញុះ​ញង់​បំផុសបំផុល​ឲ្យប្រជា​ពលរដ្ឋ​បះ​បោរ​ ផ្តួល​រំលំ​រាជរដ្ឋាភិបាល? ដោយ​សារ​ ការ​បញ្ចេញ​សារ​ជា​ចំហរ​ ដែល​មាន​លក្ខណៈ​ហិង្សា​ ហើយ​មាន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទើប​ជា​មាន​ការ​ចោទ​ប្រកាន់​»។

លោក​បន្ថែមថា៖ «ឬមួយក៏​អាច​ថា លោក​ប្រធាន​គាត់​ញៀន ញៀន​ទៅ​នឹង​ការ​រំលោភ​បំពាន​ច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ សូម្បី​ព្រះមហាក្សត្រ​ក៏ហ៊ាន​ប្រមាថ​ ជាចំហរ​ដែរ​ កុំ​ទៅ​បន្ទោស​តុលាការ​ នោះ​វា​ដោយសារ​យើង​ទេ​ ដោយ​សារ​លោក​ប្រធាន​គាត់​ទេ»។

កាលពីខែ​មីនា​ ឆ្នាំ​២០២១​ សាលា​ដំបូង​រាជធានីភ្នំពេញ​ បាន​សម្រេច​ចេញ​សាលក្រម​កាត់​ទោស​កំបាំងមុខលោក​សម រង្ស៊ី​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ភរិយាគឺអ្នកស្រី​ ជូឡុង សូមូរ៉ា​ឲ្យ​ជាប់​ពន្ធនាគារ​ រយៈ​ពេល​២៥​ឆ្នាំ​ក្នុង​ម្នាក់ៗ​។ ចំណែក​អ្នកស្រី​មូរ សុខហួរ​ ស្ថិត​ក្នុង​ចំណោម​អ្នក​នយោបាយ​ជាន់​ខ្ពស់​របស់​បក្ស​ជំទាស់នេះ​៧នាក់​ទៀត​ ដែលត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី​២០ឆ្នាំ​ដល់​២៥ឆ្នាំ។ ​

ក្រុម​ថ្នាក់​ដឹកនាំ​និងមន្ត្រីបក្ស​៩នាក់​នេះត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«ប៉ុនប៉ង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ» និង​«បទ​ឧបឃាត​» ក្រោម​មាត្រា ​២៧ និង​មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​ ​របស់​ពួកគេ​មក​កាន់​ប្រទេស​កម្ពុជា​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

ដោយ​ឡែក​ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ​ និងអន្តរជាតិ​ បាន​បន្តឃ្លាំមើល​ស្ថានការណ៍​នយោបាយដែល​វិវត្តន៍​ចុង​ក្រោយ​នៅកម្ពុជា​។កាល​ពី​សប្តាហ៍​មុន​ លោក​សាស្ត្រា​ចារ្យ​ Vitit Muntarbhorn ប្រេសិតពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្សនៅ​ប្រទេស​កម្ពុជា បានស្នើពី​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីសឲ្យ​រដ្ឋា​ភិបាល​លោក​ហ៊ុន សែន​ ​បញ្ឈប់​ការ​តាម​រុក​កួនអ្នក​ជំទាស់​ និង​ជំរុញ​ឲ្យ​មាន​ការ​ផ្សះ​ផ្សាយ​នយោបាយ​នៅ​កម្ពុជា ព្រមទាំង​បញ្ចប់​ការក្តោប​ក្តាប់អំណាច​ផ្តាច់មុខ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG