ឆ្លើយតបនឹងសាររិះគន់ចំៗរបស់លោក កឹម សុខា ទៅលើដៃគូសម្ព័ន្ធភាពនយោបាយរបស់លោក គឺលោក សម រង្ស៊ី មន្រ្តីគណបក្សសង្រ្គោះជាតិបានអះអាងថា លោក កឹម សុខារងសម្ពាធពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទើបលោកបង្ហោះសារបែបនេះ។
លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅខាងក្រៅប្រទេស ប្រាប់វីអូអេពីសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទថាលោក កឹម សុខា «ស្ថិតក្នុងគុកឥតជញ្ជាំង» មិនមានសេរីភាពឡើយ ដូច្នេះលោកថាសាររបស់មេដឹកនាំបក្សប្រឆាំងរូបនោះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់លោកឡើយ។
លោកថ្លែងថា៖ «យើងដឹងហើយនៅក្នុងស្ថានភាពបែបហ្នឹង ដូចលោក ហ៊ុន សែន ភ្ជង់គាត់ជានិច្ច។ អ៊ីចឹងយើងត្រូវមើលជំហររបស់គាត់។ ជំហររបស់គាត់ ពេលដែលគាត់មានសេរីភាពគឺគាត់បានថ្លែងច្បាស់ណាស់ គ្រោះមហន្តរាយនៃប្រទេសកម្ពុជា វាមិនមែនបង្កដោយអ្នកអត់អំណាចទេ បង្កដោយអ្នកដែលមានអំណាច។ អ៊ីចឹងគ្មានហេតុផលអីដែលគាត់និយាយរិះគន់អ្នកអត់អំណាចទេ»។
លោកបន្ថែមថា៖ «អ៊ីចឹងសាររបស់គាត់ គឺជាសារស្ថិតនៅក្រោមការគំរាមកំហែង ការគាបសង្កត់ពីរបបហ៊ុន សែន មិនមែនចេញពីឆន្ទៈរបស់គាត់នោះទេបាទ»។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកជាអក្សរ និងមិនមានសំឡេងថា លោក សម រង្ស៊ី និងសហការីនៅតែបន្តយកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពនានា ដែលលោកថា«មិនមានការអនុញ្ញាត ឬការគាំទ្រពី»រូបលោកឡើយ។
លោកបន្ថែមថា៖ «លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួមដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះ គឺការត្រឡប់ទៅគាំទ្រដោយចំហ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន»។
លោកបញ្ជាក់បន្ថែមថា៖ «ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះមិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ»។
ក្រោយការបង្ហោះសាររិះគន់របស់លោក កឹម សុខា លោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុកថា សាររបស់លោក កឹម សុខា «ជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់លោក ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុតចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សម រង្ស៊ី តាមសារអ៊ីម៉ែលនៅថ្ងៃច័ន្ទបាននៅឡើយទេ។
មេធាវីម្នាក់របស់លោក កឹម សុខា គឺលោក ផែង ហេង បានបដិសេធមិនអត្ថាធិប្បាយលើរឿងនេះ ដោយថា នេះជាការងាររបស់អ្នកនយោបាយហើយលោកឆ្លើយតបតែការងារការពារក្តីតែប៉ុណ្ណោះ។
លោក មុត ចន្ថា មន្រ្តីម្នាក់ដែលស្និទ្ធនឹងលោក កឹម សុខា ប្រាប់វីអូអេនៅថ្ងៃច័ន្ទថា សេចក្តីថ្លែងការណ៍របស់លោក កឹម សុខា «ឈរលើឆន្ទៈរឹងមាំនិងច្បាស់លាស់» ដើម្បីឆ្លើយតបចំពោះលោក សម រង្ស៊ី និងក្រុមរបស់គាត់ដែលបានយកឈ្មោះនិងរូបថតរបស់លោកកឹម សុខាទៅប្រើប្រាស់។
លោកបញ្ជាក់ថា៖ «ការណ៍ពិតដែលមិនអាចប្រកែកបាន គឺលោក សម រង្ស៊ី បានចុះចោលនិងដកខ្លួនចេញពីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ តាមរយៈការណ៍ដែលគាត់បើកដៃ និងគាំទ្រឲ្យគណបក្សភ្លើងទៀន អតីតគណបក្សសម រង្ស៊ីដំណើរការឡើងវិញ ធ្វើសកម្មភាពនយោបាយជាថ្មី និងត្រៀមលក្ខណៈចូលរួមការបោះឆ្នោតនាពេលខាងមុខ»។
លោក អេង ឆៃអ៊ាង ដែលស្និទ្ធិនឹងលោក សម រង្ស៊ី វិញ បញ្ជាក់ថា អ្វីដែលសំខាន់គឺលោក ហ៊ុន សែនចង់ឲ្យលោក កឹម សុខាបោះបង់តួនាទីជាប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់បណ្តឹងនៅតុលាការ ក្នុងសំណុំរឿង«ក្បត់ជាតិ» ហើយតុលាការបានពន្យារតាំងពីខែមីនាឆ្នាំ២០២០មក។
លោក អេង ឆៃអ៊ាងបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សនៅតែខិតខំបន្តសកម្មភាពតស៊ូមតិនៅក្រៅប្រទេស ដោយសារអ្នកនៅក្នុងប្រទេសមិនមានសេរីភាពក្នុងការនិយាយស្តីឡើយ។ លោកបន្ថែមថា ថ្នាក់ដឹកនាំមិនបោះបង់គណបក្សសង្រ្គោះជាតិ ហើយតស៊ូក្រោមឆ័ត្រគណបក្សសង្រ្គោះជាតិ ហើយការបន្តសកម្មភាពរបស់គណបក្សភ្លើងទៀន មិនជាប់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំនៅក្រៅប្រទេស ដោយសារថ្នាក់ដឹកនាំមិនបានចូលរួមជាមួយគណបក្សនោះឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ថ្លែងថា ការលើកឡើងរបស់លោក សម រង្ស៊ី ថា លោក ហ៊ុន សែន យកលោក កឹម សុខា ជា«ចំណាប់ខ្មាំង»ជា«នយោបាយលាបពណ៌» ហើយវាមិនពាក់ព័ន្ធនឹងគណបក្សកាន់អំណាចឡើយ។ លោកបន្ថែមថា លោក កឹមសុខា បានការពារសិទ្ធិរបស់លោកតែប៉ុណ្ណោះ។
លោកប្រាប់វីអូអេថា៖ «គ្មានពាក់ព័ន្ធអីជាមួយគណបក្សប្រជាជន គ្មានពាក់ព័ន្ធអីជាមួយរដ្ឋាភិបាលទេ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា សំឡេងគាំទ្ររបស់គណបក្សប្រឆាំងកើនឡើងដោយសារការច្របាច់បញ្ចូលគ្នារវាងគណបក្សដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា។ លោកបន្ថែមថា សាររបស់លោក កឹម សុខា បើទោះមិនទាន់ដឹងថា ពិតប្រាកដកម្រិតណា ប៉ុន្តែវាធ្វើឲ្យអ្នកគាំទ្រ«អស់សង្ឃឹម» និង«អល់ឯក»ក្នុងការគាំទ្រ។ ទោះជាយ៉ាងណា លោកថាអ្នកនយោបាយទាំងពីរហាក់ពិបាកនឹងបែកគ្នា ដោយសារសំឡេងគាំទ្ររបស់គណបក្សនីមួយៗនៅមានកម្រិតនៅឡើយ។ លោកបញ្ជាក់ថាអ្នកប្រកាសបែកគ្នានឹងធ្លាក់ប្រជាប្រិយភាពក្នុងការគាំទ្រពីប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «អ្នកណាមួយដែលប្រកាសដើរចេញ អ្នកហ្នឹងហើយដែលជាអ្នកធ្វើឲ្យភាពចុះខ្សោយរបស់ខ្លួនឯងហ្នឹង វាកើតឡើង ឬក៏ធ្វើឲ្យការគាំទ្រហ្នឹងបាត់បង់ទៅលើខ្លួន»។
គួរបញ្ជាក់ថាលោក កឹម សុខា ដែលត្រូវបានចាប់ខ្លួន កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ បច្ចុប្បន្ននេះកំពុងរង់ចាំសវនាការសំណុំរឿងក្បត់ជាតិ ដែលត្រូវបានពន្យារដោយមិនកំណត់ពេលវេលា។ លោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការគឺមិនអនុញ្ញាតឲ្យចេញក្រៅប្រទេស មិនឲ្យធ្វើនយោបាយ ហើយការធ្វើដំណើរក្នុងប្រទេសក៏ត្រូវបានដាក់កំហិតផងដែរ៕