ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​បេះដូង​ជាតិ​ប្តឹង​ទៅ​តុលាការ​កំពូល​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​គណបក្ស​


ស្ថាបនិក​ ​គណបក្ស​បេះដូង​ជាតិ​ លោក សៀម​ ភ្លុក ​​និយាយ​ជាមួយ​​សំឡេង​សហរដ្ឋ​អាមេរិក​(វីអូអេ)​នៅ​ក្រៅ​របង​តុលាការ​កំពូល​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃសុក្រ​ ទី​២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)
ស្ថាបនិក​ ​គណបក្ស​បេះដូង​ជាតិ​ លោក សៀម​ ភ្លុក ​​និយាយ​ជាមួយ​​សំឡេង​សហរដ្ឋ​អាមេរិក​(វីអូអេ)​នៅ​ក្រៅ​របង​តុលាការ​កំពូល​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃសុក្រ​ ទី​២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)

គណបក្ស​បេះដូង​ជាតិ​ដែល​មន្ត្រី​គណបក្ស​កាន់​អំណាច​សង្ស័យ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​អ្នក​នយោបាយ​ដែល​ស្និទ្ធ​នឹង​មេដឹក​នាំ​បក្ស​ជំទាស់​លោក​សម រង្ស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ដែល​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​បាន​ចុះ​បញ្ជី។

កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១​ក្រសួង​មហាផ្ទៃ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ថ្មី​ថ្មោង​មួយ​នេះ​បាន​ចុះ​បញ្ជី​ក្រោម​ហេតុ​ផល​ថា​គណបក្ស​នយោបាយ​នេះ​ក្លែង​បន្លំ​ស្នាម​មេដៃ​សមាជិក​គណបក្ស។​

អមដំណើរ​ដោយ​មេធាវី​គឺ​លោក​ សំ សុគង់​ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក​សៀម​ភ្លុក​បាន​នាំយក​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ដាក់​ទៅ​កាន់​តុលាការ​កំពូល​នា​រសៀល​ថ្ងៃ​សុក្រ​នេះ។

ខ្លោងទា្វរ​ចូល​ទៅ​តុលាការ​កំពូល​ រាជធានីភ្នំពេញ​ ថ្ងៃសុក្រ​ ទី​២៦ ខែ វិច្ឆិកា​ ឆ្នាំ​២០២១។​ (ហ៊ុល រស្មី/វីអូអេ)
ខ្លោងទា្វរ​ចូល​ទៅ​តុលាការ​កំពូល​ រាជធានីភ្នំពេញ​ ថ្ងៃសុក្រ​ ទី​២៦ ខែ វិច្ឆិកា​ ឆ្នាំ​២០២១។​ (ហ៊ុល រស្មី/វីអូអេ)

នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ​លោក​សៀម​ភ្លុក​បាន​ប្រាប់​តុលាការ​កំពូល​ថា​គណបក្ស​បេះដូង​ជាតិ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​នៅ​ថ្ងៃទី​៩​ខែ​កក្កដា​ឆ្នាំ​២០២១​ទៅ​ក្រសួង​មហាផ្ទៃ​តាម​នីតិវិធី​ហើយ​ក្រសួង​ក៏​បាន​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​គណបក្ស​កែសម្រួល​លក្ខន្តិកៈ​ចំនួន​៣​ដង​រួច​មក​ហើយ​ ប៉ុន្តែ​ក្រសួង​មិន​បាន​ជូន​ដំណឹង​អំពី​បញ្ហា​ស្នាម​មេដៃ​របស់​សមាជិក​នោះ​ទេ​ហើយ​គណបក្ស​បេះដូង​ជាតិ​បាន​កែសម្រួល​តាម​ការ​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​មិន​ដែល​អាក់​ខាន​ម្តង​ណា​ឡើយ។​ ក្រោយ​មក​ទៀត​ក្រសួង​នៅ​តែ​សម្រេច​មិន​ទទួល​ស្គាល់​គណបក្ស​បេះដូង​ជាតិ​ដដែល។​

លោក​ សៀម ភ្លុក ​ប្រាប់​វីអូអេ​នៅ​ក្រៅ​របង​តុលាការ​កំពូល​ថា​ ក្រសួង​មហាផ្ទៃ​នៅ​បន្ត​លើក​យក​ភាព​មិន​ប្រក្រតី​នៃ​ស្នាម​មេដៃ​និង​កង្វះ​ឯកសារ​ពាក់​ព័ន្ធផ្សេង​ទៀត​ដែល​លោក​ថា​នេះ​ជា​«លេស»​ដើម្បី​ច្រាន​ចោល​សំណើ​សុំ​ចុះ​បញ្ជី។

ហេតុ​ដូច្នេះ​លោក​ក៏​សម្រេច​ចិត្ត​ប្តឹង​មក​តុលាការ​កំពូល​ដើម្បី​រក​យុត្តិធម៌​និង​បើក​ផ្លូវ​ឲ្យ​គណបក្ស​នយោបាយ​របស់​លោក​បាន​ក្លាយ​ជា​គណបក្ស​ជំទាស់​ថ្មី​មួយ​ដើម្បី​ចូលរួម​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។​

លោក​បញ្ជាក់​ថា៖ «ខាង​ខ្ញុំ​ចូល​រួម​បង្កើត​គណបក្ស​ប្រឆាំង​ដើម្បី​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច»។​

លោក​ សៀម ភ្លុក ​ដែល​អះអាង​ថា​មិន​ធ្លាប់​ជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា​តុលាការ​កំពូល​នឹង​ពិចារណា​អំពី​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ។​ ប៉ុន្តែ​លោក​ថាដោយសារ​សំណុំ​រឿង​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នេះ​ជា​រឿង​នយោ​បាយ​នោះ​មាន​តែ​ឆន្ទៈ​របស់​អ្នក​នយោបាយ​ទេ​ដែល​អាច​ទម្លាយ​ភាព​ទ័ល​ច្រក​នៃ​ការ​ស្នើ​សុំចុះ​បញ្ជី​គណ​បក្ស​នយោបាយ​របស់​លោក​បាន។​

អ្នក​នយោបាយ​រូប​នេះ​បន្ថែម​ថា​លោក​មិន​ខ្វល់​នឹង​ការ​លើក​ឡើង​នានា​ថា​គណបក្ស​របស់​លោក​មាន​ទំនាក់​ទំនង​ជាមួយ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«ច្បាប់​គេ​មិន​បាន​ហាម​ឃាត់​ថា​ អ្នក​ដែល​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​អ្នក​នយោបាយ​នៅ​ក្នុង​សង្គ្រោះ​ជាតិ​មិន​អាច​ធ្វើ​នយោបាយ​បាន​ឯណា។​ខ្ញុំ​អត់​មាន​អ្នក​នយោបាយ​ជាប់​បម្រាមរឿង​អី​ដែល​ពួក​ខ្ញុំ​ធ្វើ​នយោបាយ​មិន​បាន?»​

ការ​ត្រៀម​បង្កើត​គណបក្ស​នយោបាយ​របស់​លោក ​សៀម ភ្លុក ​ធ្វើ​ឡើង​នៅ​ពេល​មាន​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ​បន្ថែម​ទៀត​ដោយ​អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នោះ​មាន​គណបក្ស​កែ​ទម្រង់​កម្ពុជា​របស់​លោក​អ៊ូ ច័ន្ទរ័ត្ន​អតីត​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ​និង​គណបក្ស​កម្ពុជា​និយម​របស់​លោក​យ៉ែម​ប៉ុញ្ញាឫទ្ធិ​ដែល​ជា​អ្នក​នយោបាយ​មកពី​ក្រុម​លោក​ កឹម សុខា​មេដឹកនាំ​គណបក្ស​ជំទាស់​មួយ​រូប​ទៀត​ដែល​កំពុង​ជាប់​បម្រាម​នយោបាយ។​

លោក សំ សុគង់​ និង​លោក សៀម ភ្លុក​ នាំ​យក​ពាក្យបណ្តឹងចូល​ទៅ​តុលាការ​កំពូល​ ពាក់ព័ន្ធនឹង​ការ​ចុះ​បញ្ជីគណបក្ស កាល​ពី​ថ្ងៃសុក្រ​ ទី​២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)
លោក សំ សុគង់​ និង​លោក សៀម ភ្លុក​ នាំ​យក​ពាក្យបណ្តឹងចូល​ទៅ​តុលាការ​កំពូល​ ពាក់ព័ន្ធនឹង​ការ​ចុះ​បញ្ជីគណបក្ស កាល​ពី​ថ្ងៃសុក្រ​ ទី​២៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២១។ (ហ៊ុល រស្មី/វីអូអេ)

លោក​ សំ សុគង់ ​ដែល​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​គណបក្ស​បេះដូង​ជាតិ​ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​ថា​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​កំពូល​របស់​កូន​ក្តី​លោក​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​២៥​ដែល​ចែង​ពី​ករណី​ដែល​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​ចុះ​បញ្ជី។​

លោក​ថ្លែង​ថា៖​«ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ព្រម​ចុះ​បញ្ជី​ឲ្យ​ហ្នឹង​គឺ​នៅ​ក្នុង​មាត្រា​២៥​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​នយោបាយ​ហ្នឹង​គឺ​តម្រូវ​ឲ្យ​អ្នក​ដាក់​ពាក្យ​សុំ​ដែល​ជា​ស្ថាបនិក​គណបក្ស​អាច​ដាក់​ពាក្យ​ប្តឹង​មក​តុលាការ​កំពូល​ឲ្យ​ពិនិត្យ​ឡើង​វិញ។ ​អ៊ីចឹង​ហើយ​បាន​យើង​យោង​ទៅ​តាម​ច្បាប់​យើង​គោរព​ច្បាប់​អ៊ីចឹង​ហើយ​បាន​កូន​ក្តី​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​មក​តុលាការ​កំពូល»។​

ទាក់ទិន​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​គណបក្ស​បេះដូង​ជាតិ​ទៅ​តុលាការ​កំពូល​លោក​នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​អត្ថាធិប្បាយ​អំពី​មូលហេតុ​ដែល​ក្រសួង​ច្រាន​ចោល​ការ​ចុះ​បញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ​ចំនួន​៣​លើក​មក​ហើយ​នេះ​ទេ​នៅ​ពេល​វីអូអេ​សាក​សួរ​តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ។​

លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា៖ ​«គាត់​ដាក់​ពាក្យ​ប្តឹង​ហើយ​ ​ពូ​សុំ​មិន​ជម្រាប​ប្រាប់​តាម​សារព័ត៌មាន​ទេ​ ចាំ​ទៅ​ដល់​កន្លែង​សវនាការ​តែ​ម្តង​ទៅ»។​

អ្នក​វិភាគ​នយោបាយ​លោក​សេង សារី​យល់​ថា​ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​មក​លើ​គណបក្ស​បេះដូង​ជាតិ​ថា​មាន​លោក​សម រង្ស៊ី​នៅ​ពី​ក្រោយ​ខ្នង​នោះ​ជា​ការ​ចោទ​ប្រកាន់​ដែល​មិន​មាន​ភស្តុតាង​ជាក់លាក់​នៅ​ឡើយ​ទេ។​ លោក​មើល​ឃើញ​ថា​គណបក្ស​បេះដូងជាតិ​នៅ​តែ​ពុះពារ​ក្នុង​ការ​ទាម​ទារ​ឲ្យ​បាន​សិទ្ធិ​ក្នុង​ការ​ចុះ​បញ្ជី​ក្នុង​គណ​បក្ស​នយោបាយ​សម្រាប់​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០២២​និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អ្វី​ដែល​ខ្ញុំ​បាន​ដឹង​កន្លង​មកយើង​ឃើញ​ថា​ស្នាម​មេ​ដៃ​នេះ​វា​ជា​បញ្ហា​ចុង​ក្រោយ​ដែល​តាម​ពិត​ទៅ​ក្រសួង​គួរ​តែ​ប្រើ​យន្តការ​នៅ​ក្នុង​ការ​ឲ្យ​គណបក្ស​បេះដូង​ជាតិ​កែ​សម្រួល​ជា​ជាង​ការ​ប្រើ​ប្រាស់​យន្តការ​តុលាការ​ឬ​ក៏​បដិសេធ»។​

លោក​បន្ថែម​ថា៖​ «ក្នុង​ករណី​ប្រសិន​បើ​មាន​ភាព​មិន​ច្បាស់​លាស់​ឬ​ក៏​ស្នាម​មេ​ដៃ​មិន​មាន​គុណភាព​អី ហ្នឹង​យើង​អាច​ដាក់​កែ​ទៅ​ព្រោះ​អី​កន្លង​មក​យើង​ឃើញ​ក្រសួង​មហា​ផ្ទៃ​បាន​អនុវត្ត​នីតិវិធី​ហ្នឹង​ឲ្យ​គណបក្ស​បេះដូង​ជាតិ​កែ​សម្រួល​លក្ខន្តិកៈ​ស្រប​ទៅ​តាម​ច្បាប់។ប៉ុន្តែ​នៅ​ក្នុង​ការ​ស្នើ​ឲ្យ​មាន​ការ​កែ​នោះ​មិន​បាន​រួម​បញ្ចូល​នៅ​ក្នុង​ការ​ឲ្យ​គណបក្ស​បេះដូង​ជាតិ​អាច​កែ​សម្រួល​ស្នាម​មេដៃ​ឬ​ក៏​ជំនួស​ស្នាម​មេ​ដៃ​អី​ផ្សេង​ទេ​ក៏​មាន​ការ​បដិសេធ​តែ​ម្តង» ។​

យ៉ាង​ណាក៏​ដោយលោក​មិន​ទាន់​អាច​ប៉ាន់​ប្រមាណ​ពី​កម្លាំង​គាំទ្រ​របស់​គណបក្ស​បេះដូង​ជាតិ​ដែល​ចូល​ខ្លួន​មក​ជំនួស​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។​

គិត​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧​មាន​គណបក្ស​នយោបាយ​បង្កើត​ដោយ​ក្រុម​អតីត​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ​យ៉ាង​តិច​៦​គណបក្ស​ហើយ។​ប៉ុន្តែ​មាន​តែ​គណបក្ស​បី​បួន​ប៉ុណ្ណោះ​ដែល​ទទួល​បាន​សុពលភាព​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ។​ នេះ​បើ​តាម​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​បាន​បង្កើត​គណបក្ស​ថ្មីៗ​សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG