គណបក្សភ្លើងទៀន អំពាវនាវទទូចសុំឱ្យអាជ្ញាធរដោះលែងសកម្មជនគណបក្សភ្លើងទៀនជាង ២០ នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារឱ្យមានសេរីភាពឡើងវិញ ដើម្បីពួកគេអាចមកជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
ការអំពាវនាវរបស់គណបក្សភ្លើងទៀនកើតមានឡើង នៅពេលអតីតសកម្មជនគណបក្សភ្លើងទៀនមួយចំនួនបានចេញវីដេអូ ឬធ្វើលិខិតសុំទោសប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន និងរដ្ឋាភិបាល ហើយត្រូវបានតុលាការសម្រេចដោះលែងពីពន្ធនាគារ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ គណបក្សភ្លើងទៀនបានសាទរចំពោះការដោះលែងសកម្មជនគណបក្សភ្លើងទៀនឱ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែគណបក្សជំទាស់មួយនេះបានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែងសកម្មជនគណបក្សភ្លើងទៀនដែលកំពុងជាប់ឃុំផ្សេងទៀត ឱ្យមានសេរីភាព នាពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីបានមកជួបជុំគ្រួសារ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហានយោបាយនៅកម្ពុជាឱ្យបានជ្រះស្រឡះ ដើម្បីទាញយកផលប្រយោជន៍នានាត្រឡប់មកជូនប្រទេសជាតិវិញ។
លោកនៅតែចាត់ទុកថា ការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀនដាក់ពន្ធនាគារ គឺជារឿងនយោបាយច្រើនជាជាងការអនុវត្តច្បាប់ ព្រោះរាល់ពេលសកម្មជននយោបាយណាម្នាក់ ធ្វើលិខិតសុំទោសគឺតែងតែមានការដោះលែង។
លោកថ្លែងថា៖ «គណបក្សក៏ចង់ឃើញអ្នកផ្សេងៗទៀត ដូចជាលោក ថាច់ សេដ្ឋា លោក កាក់ កុម្ភារ លោក ខឿន វីរ៉ាត់ ទាំងអស់មានសេរីភាព... ពីព្រោះយើងគិតថា ពេលវេលានេះ សមល្មមហើយ។ ហើយពុំមានទោសកំហុសអ្វីណាទេ គ្រាន់តែរឿងនយោបាយ គួរតែបញ្ចប់ទៅដើម្បីទាក់ទាញអន្តរជាតិ ក៏ដូចជាអឺរ៉ុបក្តី ដើម្បីទទួលបាន EBA ក៏ដូចជា GSP ពីសហរដ្ឋអាមេរិកមកវិញ។ ហើយក៏ដូចជាការទទួលបាននូវទេសចរមកកម្ពុជាវិញ នៅពេលដែលគេឃើញថា យើងស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
លោក រ៉ុង ឈុន ចង់ឃើញរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងបើកលម្អសេរីភាពពលរដ្ឋ សេរីភាពនយោបាយឡើងវិញផងដែរ ជាពិសេសធ្វើយ៉ាងណាឱ្យមានវត្តមានគណបក្សភ្លើងទៀនចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា នាឆ្នាំ ២០២៤។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
ស្របពេលដែលគណបក្សភ្លើងទៀនអំពាវនាវឱ្យមានការដោះលែងអ្នកទោសមនសិការ ឬអ្នកទោសនយោបាយ អ្នកស្រី វង រុន្នី អតីតប្រធានចលនាស្ត្រីថ្នាក់ជាតិ និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន ត្រូវបានតុលាការសម្រេចដោះលែងពីពន្ធនាគារ។
ការដោះលែងអតីតមន្ត្រីគណបក្សជំទាស់រូបនេះធ្វើឡើង ក្រោយការចេញវីដេអូសុំទោសអតីតនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាច ដោយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ។
អ្នកនាំពាក្យក្រសួងយុតិ្តធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេថា ការស្នើសុំឱ្យដោះលែងអ្នកណាម្នាក់នៅក្រៅឃុំជាបណ្តោះអាសន្នអាចធ្វើឡើងទៅបាន តាមនីតិវិធីតុលាការតែប៉ុណ្ណោះ ហើយក៏ជាការស្នើសុំរបស់ជនជាប់ចោទ ឬមេធាវីការពារក្តី។
លោកថ្លែងថា៖ «យើងចង់បញ្ជាក់ថា ការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន គឺដោយសារការវិនិច្ឆ័យ ការពិនិត្យមើលជាសិទ្ធិ[និង]អំណាចឆន្ទានុសិទ្ធិរបស់ចៅក្រម ដោយផ្អែកទៅលើលក្ខខណ្ឌមួយចំនួន ដូចជាការនៅក្រៅឃុំ។ វាមិនប៉ះពាល់ដល់ដំណើរការនីតិវិធីតុលាការ។ ទីពីរ គឺបង្ហាញឆន្ទៈក្នុងការធ្វើកិច្ចសហការជាមួយតុលាការ សមត្ថកិច្ច បានន័យថា គឺចូលរួមគ្រប់ដំណើរការនីតិវិធី ដោយមិនគេចខ្លួនទៅណាទេ។ ហើយទីបី គឺថា អាចសាមីខ្លួន ជនជាប់ចោទហ្នឹងគាត់បង្ហាញនូវការសោកស្តាយ ទទួលស្គាល់នូវកំហុសរបស់ខ្លួន និងបង្ហាញឆន្ទៈក្នុងការកែប្រែខ្លួន។ អាហ្នឹងជាចំណុចដែលចៅក្រម គាត់ធ្វើការពិចារណា មុននឹងសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ឬមិននៅ»។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃស ក៏ធ្លាប់ស្នើសុំឱ្យតុលាការ ដាក់លោកនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយភ្ជាប់លក្ខខណ្ឌថា លោកមានតួនាទីជាអនុប្រធានគណបក្សប្រឆាំង មានតួនាទីជាប្រធានសមាគមខ្មែរក្រោម មានទីលំនៅច្បាស់លាស់ មានជំងឺប្រចាំកាយត្រូវព្យាបាល និងថាលោកមិនគេចខ្លួនទៅណាទេ។ ប៉ុន្តែទាំងសាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងតុលាការកំពូល បានបដិសេធសំណើរបស់លោក ថាច់ សេដ្ឋា ជាបន្តបន្ទាប់ក្នុងសំណុំរឿង «ចេញសែកគ្មានសាច់ប្រាក់» និងបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលត្រូវតែផ្តល់សិទ្ធិសេរីភាពពេញលេញសម្រាប់ពលរដ្ឋគ្រប់រូបក្នុងការចូលរួមនយោបាយ។
លោកប្រាប់វីអូអេថា៖ «រដ្ឋាភិបាល ទោះបីថាមកពីគណបក្សណាមួយក៏ដោយ [គឺ] ការដឹកនាំរដ្ឋាភិបាល ត្រូវតែផ្តល់ និងគោរពសិទ្ធិសេរីភាពរបស់អ្នកនយោបាយ ឬប្រជាពលរដ្ឋគ្រប់រូបក្នុងការចូលរួមសកម្មភាពនយោបាយ ដោយមិនមានការរឹតត្បិត និងបំបិទនូវសិទ្ធិសេរីភាព។ អាហ្នឹងគឺជាហេតុផល និងមូលដ្ឋានគ្រឹះសំខាន់នៃសេរីភាពទាំងអស់នោះនៅក្នុងសង្គមប្រជាធិបតេយ្យ»។
លោកបន្ថែមថា ប្រសិនបើអ្នកដឹកនាំណាម្នាក់មានគំនិតគុំកួន ឬរើសអើងលើក្រុមនយោបាយមានគំនិតផ្ទុយ ដោយប្រើឥទ្ធិពល ឬអំណាច ទៅបិទសិទ្ធិសេរីភាពរបស់ក្រុមដែលខ្លួនមិនពេញចិត្ត នោះគឺជាការបំពានគោលការណ៍ប្រជាធិបតេយ្យ ព្រោះគណបក្សទាំងអស់ ត្រូវតែចូលរួមកសាងប្រទេសជាមួយគ្នាទៅតាមចំណេះជំនាញ ទើបធ្វើឱ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យពេញលេញ និងអភិបាលកិច្ចត្រឹមត្រូវ៕