គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏ធំមួយប្រកាសថាខ្លួននឹងសរសេរលិខិតទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីសុំអន្តរាគមន៍លើបញ្ហាឯកសារដើមចុះបញ្ជីរបស់គណបក្ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស ចេញផ្សាយនាថ្ងៃចន្ទនេះ។
ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយករបស់គណបក្ស ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
ការសម្រេចសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ក្រោយគណបក្សមួយនេះមានជំនួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនលើក ប៉ុន្តែមិនទទួលបានដំណោះស្រាយ។ គណបក្សភ្លើងទៀនថាក្រសួងមហាផ្ទៃនៅតែមិនអាចផ្តល់ឯកសារដើមឬនីត្យានុកូលកម្មដល់គណបក្សភ្លើងទៀន ដើម្បីគណបក្សអាចបង្ហាញទៅស្ថាប័នរៀបចំការបោះឆ្នោតសម្រាប់ចូលរួមការបោះឆ្នោតពេលក្រោយទៀត។
ក្រសួងមហាផ្ទៃបញ្ជាក់ថានៅក្នុងបញ្ញត្តិច្បាប់មិនមានចែងអនុញ្ញាតឱ្យក្រសួងមហាផ្ទៃចេញច្បាប់ដើមឡើងវិញដល់គណបក្សនយោបាយឡើយ។
គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ធំមួយក្នុងប្រទេសកម្ពុជាត្រូវបានស្ថាប័នជាតិរៀបចំការបោះឆ្នោតផាត់ចេញពីការបោះឆ្នោតជាតិកាលពីខែកក្កដាកន្លងទៅ ដោយសារគ្មានឯកសារដើមបញ្ជាក់ពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោត។
គណបក្សភ្លើងទៀនតែងតែបញ្ជាក់ថាឯកសារដើមប្រកាសលេខ១៩៣ ដែលជាឯកសារចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាំងពីឆ្នាំ១៩៩៨ គឺបានបាត់នៅអំឡុងឆ្នាំ២០១៧ នៅពេលដែលស្នាក់ការគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ ហើយពេលនោះ សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍មិនអនុញ្ញាតឱ្យមន្ត្រីគណបក្សភ្លើងទៀន ចូលទៅយកឯកសារអ្វីទាំងអស់។
គណបក្សជំទាស់មួយនេះអះអាងថាគណបក្សបានដាក់លិខិតទៅក្រសួងមហាផ្ទៃជាច្រើនលើកច្រើនសា ដើម្បីសុំច្បាប់ដើម ឬសេចក្តីចម្លង ដែលមានបញ្ជាក់នីត្យានុកូលកម្ម នៃប្រកាសលេខ១៩៣នោះ ចាប់តាំងពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែគណបក្សមិនទទួលបានលិខិតបញ្ជាក់ឡើយ ទើបជាហេតុធ្វើឱ្យគណបក្សបាត់បង់ឱកាសចូលរួមការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា៕