គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏ធំមួយ នៅថ្ងៃព្រហស្បត៍នេះ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតដែលយកឈ្មោះឥស្សរជននយោបាយជាន់ខ្ពស់មួយចំនួន មកប្រើប្រាស់ក្នុងគោលដៅបង្កការមិនទុកចិត្តគ្នា និងភាពស្អប់ខ្ពើមគ្នានៅក្នុងសង្គម។
បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គណបក្សបដិសេធមិនទទួលស្គាល់ ព្រមទាំងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់បុគ្គលទាំងឡាយណា ដែលបានប្រឌិតព័ត៌មានមិនពិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនានាធ្វើឱ្យប៉ះពាល់ដល់បុគ្គល ឬឥស្សរជននយោបាយណាមួយឡើយ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ក្នុងន័យដើមថា៖ «គណបក្សភ្លើងទៀន សូមបញ្ជាក់នូវជំហររបស់ខ្លួនជាសាធារណៈថាគណបក្សភ្លើងទៀនធ្វើសកម្មភាពនយោបាយដោយអហិង្សា និងគោរព អនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ»។
គួរបញ្ជាក់ថាកាលពីកន្លងទៅ អ្នកគាំទ្រ និងសកម្មជនគណបក្សជំទាស់មួយចំនួនត្រូវបានអាជ្ញាធរហៅសាកសួរ ឬចោទប្រកាន់ បញ្ជូនទៅតុលាការ ក្រោយផ្សព្វផ្សាយឬចែករំលែកព័ត៌មានមិនពិតនៅលើបណ្តាញសង្គមរបស់ពួកគេ។
គណបក្សភ្លើងទៀនក៏អំពាវនាវឱ្យសមាជិករបស់ខ្លួនទាំងអស់គោរពទៅតាមច្បាប់ និងកុំចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិតនានា៕