ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​មិន​អាច​បញ្ជាក់​ឯកសារ​ដើម​ដល់​គណបក្ស​ភ្លើង​ទៀន ដើម្បី​អាច​ចូលរួម​ការ​បោះ​ឆ្នោត


រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ចូល​រួម​​មុន​ពេល​ហែ​ក្បួន​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។
រូបឯកសារ៖ អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀន ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ចូល​រួម​​មុន​ពេល​ហែ​ក្បួន​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០២២ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០២២។

ក្រោយ​ជំនួប​ជា​មួយ​មន្រ្តី​ជាន់​ខ្ពស់ក្រសួង​មហា​ផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីម សួរ​ភិរិទ្ធ​ លើក​ឡើង​ថា​ក្រសួង​មហាផ្ទៃ​នៅ​តែ​មិន​អាច​ផ្តល់​ឯ​កសា​រ​ដើម​ឬ​នីត្យានុកូលកម្មដល់​គណបក្ស​ភ្លើង​ទៀន ដើម្បី​គណ​បក្ស​អាច​បង្ហាញ​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​សម្រាប់​ចូលរួម​ការបោះ​ឆ្នោត​ពេល​ក្រោយ​ទៀត។

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ មន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​លើក​ហេតុ​ផល​ថា​ការ​មិន​អាច​ចេញ​ឯកសារ​ដើម​ជា​ទុតិយតា​បាន ដោយ​សារ​តែ​រនាំង​ផ្លូវ​ច្បាប់។

ហេតុ​ផល​នេះ​ត្រូវ​បាន​លោក គីម សួរភិរិទ្ធ ចាត់​ទុក​ករណី​នេះពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ។

លោក​ប្រាប់​វីអូអេ​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ថា៖ «ក្រសួង​ប្រាប់​យើង​ថា​គាត់​អស់​សមត្ថ​ភាព​បច្ចេក​ទេស​តែ​ប៉ុណ្ណឹង​ហើយ​ អ៊ី​ចឹង​បើ​ដោះ​ស្រាយ​មិន​ចេញ មាន​តែ​រឿង​នយោ​បាយ​ហើយ។ អត់​ចាំ​បាច់​និយា​យ​អី​ច្រើន​ទៀត​ទេ​ តែ​បច្ចេក​ទេស អ្នក​ទទួល​ការងារ​បច្ចេក​ទេស​ថា​គាត់​អស់​សមត្ថភាព​ធ្វើ​បាន​ត្រឹម​ប៉ុណ្ណឹង​ហើយ។អាហ្នឹង​ផុត​បច្ចេក​ទេស​ មាន​តែ​រឿង​នយោបាយ​»។

នៅ​ពេល​សួរ​ថា​តើ​គណបក្ស​ភ្លើង​ទៀន​នឹង​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត លោក គីម សួរភិរិទ្ធ​ ថ្លែង​ថា​គណបក្ស​នឹង​រិះ​រក​មធ្យោបាយ​ផ្សេង ដើម្បី​ធានា​ថា​ខ្លួន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​លើក​ក្រោយ​បាន។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ លោក ប៊ុន ហុន ​ដែល​បាន​ជួប​ជាមួយ​មន្រ្តី​គណបក្ស​ភ្លើង​ទៀន ប្រាប់​វីអូអេ​ថា​នៅ​ក្នុង​បញ្ញត្តិ​ច្បាប់​មិន​មាន​ចែង​អនុញ្ញាត​ឱ្យ​ក្រសួង​មហាផ្ទៃ​ចេញ​ច្បាប់​ដើម​ឡើង​វិញ​ដល់​គណបក្ស​នយោបាយ​ឡើយ។

លោក​បញ្ជាក់​ថា​៖ «អ៊ីចឹង​ចម្លើយ​មាន​ប៉ុណ្ណឹង​ ដោយ​សារ​យើង​ដែល​សិក្សាផ្លូវ​ច្បាប់​ វា​អត់​មាន​ផ្លូវ​អី​ផ្សេង​ហ្នឹង​ទៀត​ទេ»។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ថា​ជា​រឿង​នយោបាយ លោក ប៊ុន ហុន ថា​វា​ជា​រឿង​របស់​គណបក្ស​ភ្លើង​ទៀន។

គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ជំទាស់​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផាត់​ចេញ​ពី​ការ​បោះ​ឆ្នោត​ជាតិកាល​ពីខែ​កក្កដា​កន្លង​ទៅ ដោយ​សារ​គ្មាន​ឯកសារ​ដើម​បញ្ជាក់​ពី​ការ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហា​ផ្ទៃ​សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត។

​គណ​បក្ស​ភ្លើងទៀន​តែង​តែ​បញ្ជាក់​ថាឯក​សារ​ដើម​ប្រកាស​លេខ​១៩៣​ ដែល​ជា​ឯក​សារ​ចុះ​បញ្ជីគ​ណ​បក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ​ ​តាំង​ពីឆ្នាំ​១៩៩៨ គឺ​បាន​បាត់​នៅ​អំឡុង​ឆ្នាំ​២០១៧ ​នៅពេល​ដែល​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលា​ការ​រំលាយ ហើយ​ពេល​នោះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍​មិន​អនុ​ញ្ញា​ត​ឱ្យ​មន្ត្រី​គណ​បក្ស​ភ្លើង​ទៀន ចូល​ទៅ​យក​ឯកសារ​អ្វី​ទាំង​អស់។

គណ​បក្ស​ជំទាស់​មួយ​នេះ​អះអាង​ថា​គណបក្ស​បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហា​ផ្ទៃ​ជា​ច្រើន​លើក​ច្រើន​សា ដើម្បីសុំ​ច្បាប់​ដើម ​ឬ​សេច​ក្តី​ចម្លង​ ដែល​មាន​បញ្ជាក់​នីត្យា​នុ​កូល​កម្ម ​នៃ​ប្រកាស​លេខ​១៩៣​នោះ​ ចាប់​តាំង​ពី​ថ្ងៃ​ទី៣ ខែ​មេសា ​ឆ្នាំ​២០​២៣ ប៉ុន្តែ​គណ​បក្ស​មិន​ទ​ទួល​បាន​លិខិត​បញ្ជាក់​ឡើយ ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​គ​ណ​បក្ស​បាត់​បង់​ឱកាស​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​កក្កដា៕

XS
SM
MD
LG