ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើងទៀន​គ្រោង​ប្រមូលផ្តុំ​មនុស្ស​មួយ​ម៉ឺន​នាក់​ទាមទារ​ចូលរួម​ការបោះឆ្នោតជាតិ


រូបឯកសារ៖ អ្នក​គាំទ្រ​​គណបក្ស​ភ្លើង​ទៀន ដង្ហែ​ក្បួន​​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ អំឡុង​​ថ្ងៃ​ដំបូង​​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ខាង​មុខ។ (AP)
រូបឯកសារ៖ អ្នក​គាំទ្រ​​គណបក្ស​ភ្លើង​ទៀន ដង្ហែ​ក្បួន​​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ អំឡុង​​ថ្ងៃ​ដំបូង​​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ខាង​មុខ។ (AP)

គណ​បក្ស​ភ្លើង​ទៀន​ដែល​មិន​ត្រូវ​បាន​ចុះ​ឈ្មោះ​សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ បាន​ប្រកាស​ថា ខ្លួន​គ្រោងជួប​ជុំ​សមាជិក ​និង​អ្នក​គាំទ្រ​ប្រមាណ​មួយ​ម៉ឺន​នាក់​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​នា​ចុង​សប្តាហ៍​នេះ ​ដើម្បី​តស៊ូ​មតិ​ទាម​ទារ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ។​

គណបក្ស​ជំទាស់​មួយ​នេះ​បាន​ជំរុញ​ឱ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ពិចារណា​សេចក្តី​សម្រេច​របស់​ខ្លួន​ឡើង​វិញ។​

លោក ​រ៉ុង ឈុន ​អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា គម្រោង​ប្រមូល​ផ្តុំ​សមាជិក ​និង​អ្នក​គាំទ្រ​ប្រមាណ​មួយ​ម៉ឺន​នាក់​នេះ ​ជា​ការ​សម្រេច​ចិត្ត​របស់​គណៈ​កម្មាធិការ​នាយក​គណ​បក្ស​ភ្លើង​ទៀន ​ដែល​បាន​ប្រជុំ​សម្រេច​នៅ​ទីស្នាក់​ការ​គណ​បក្ស​ភ្លើង​ទៀន ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​២៨ ​ខែ​ឧសភា។ ​លោក​បន្ថែម​ថា​ គណ​បក្ស​ភ្លើងទៀន​នឹង​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្នើ​សុំ​ការ​ជួបជុំ​ដោយ​សន្តិ​វិធី។​

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ឧសភា លោក ​ហ៊ុន ​សែន ​ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ត្រៀម​កម្លាំងដើម្បីចាប់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ភ្លើង​ទៀន​ ដាក់​ពន្ធនាគារ​ បើ​សិន​ជា​អ្នក​ណា​ហ៊ាន​ចេញ​ប្រមូល​ផ្តុំ។​

លោក​ រ៉ុង ឈុន ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ កាល​ពីឆ្នាំ​២០២០​ ​ពី​បទ​ញុះញង់ ​ពាក់ព័ន្ធ​នឹង​ការ​អត្ថា​ធិប្បាយ​របស់​លោក​លើ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ​បញ្ជាក់​ថា ​លោក​មិន​ព្រួយ​បារម្ភ​អំពី​ការចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ម្តង​ទៀត​នោះទេ។ ​លោក​ថា​ការ​គ្រោង​ប្រមូល​ផ្តុំ​នេះ​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ ​ហើយ​មាន​ការ​ដាក់​លិខិត​ទៅ​ក្រសួង​មហា​ផ្ទៃ។​

លោក​ថ្លែង​ថា៖​ «គ្មាន​អ្វី​ដែល​ត្រូវ​មាន​ចំណាត់ការ​ទេ ​លុះត្រា​តែ​យើង​ដើរ​មិន​មាន​ជូន​ដំណឹង​ មិន​បាន​ធ្វើ​ទៅ​តាមនីតិវិធី​ ហើយ​យើង​ប្រមូលផ្តុំ​គ្នា​តែ​ម្តង។ ​អាហ្នឹង​អាជ្ញាធរ​គេ​នឹង​មាន​វិធានការ​មក​លើ​យើង​ហើយ។ ​ប៉ុន្តែ​បើ​សិន​ជា​យើង​ធ្វើ​តាម​នីតិវិធី​ អាជ្ញាធរ​ម៉េច​បាន​មាន​វិធាន​ការ​មក​លើ​យើង? ​ ដូច្នេះ​យើង​មិន​មាន​ការ​ព្រួយ​បារម្ភអ្វី​ទេ ​ព្រោះ​បំណង​យើង​ទាមទារ​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នៅថ្ងៃ​២៣ ​កក្កដា ​ខាង​មុខ»។​

លោក ​ហង្ស ពុទ្ធា ​អ្នកនាំ​ពាក្យ​គ.ជ.ប ​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​ថា ​ការ​ទាមទារ​របស់​គណបក្ស​ភ្លើងទៀន​ឱ្យ​ស្ថាប័ន​គ.ជ.ប ​ពិនិត្យ​ និង​សម្រេច​ឡើង​វិញ​គឺមិន​អាច​ទៅ​រួច​ទេ។​

លោក​ថ្លែង​ថា៖​ «មិន​មាន​នីតិវិធី​ណា​មួយ​ដែល​គ.ជ.ប​អាច​ធ្វើ​ការ​សម្រេច​ឡើង​វិញ​ ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​ជា​ដំណើរ​ការ​ទៅ​មុខ​សម្រាប់​ការ​រៀបចំ​បោះឆ្នោត​នោះ​ទេ»។​

បញ្ហា​តែ​មួយ​គត់​ដែល​គណ​បក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​ចុះ​បញ្ជី​ចូលរួម​ការ​បោះ​ឆ្នោត ​គឺ​ដោយ​សារ​គណ​បក្សមួយនេះ​បាត់​ប្រកាស​លេខ​១៩៣ ​ស្តី​ពី​«ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណ​បក្ស​នយោ​បាយ»។ ​ស្ថាប័ន​គ.ជ.ប​តម្រូវ​ឱ្យ​ថត​ចម្លងប្រកាស​លេខ​១៩៣ ​ដែល​មាន​បញ្ជាក់នីត្យា​នុកូល​កម្ម​ដោយ​រដ្ឋបាល​រាជធានី ​ខេត្ត ​ក្រុង​ ស្រុក​ខណ្ឌ​ចំនួន​មួយ​ច្បាប់។​

លោក ​ហង្ស ពុទ្ធា ​បញ្ជាក់​ថា ​បើ​សិនគណបក្ស​ភ្លើងទៀន​បាត់​ប្រកាស​លេខ​១៩៣​ គណបក្សត្រូវ​ទៅ​សុំ​ពី​ក្រសួង​មហា​ផ្ទៃ។ ​ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​ថា ​ខ្លួន​បាន​ស្នើ​សុំ​ពី​ក្រសួង​មហាផ្ទៃ ​ប៉ុន្តែ​មិន​ទទួល​បាន​លិខិត​បញ្ជាក់​ដែល​ស្ថាប័ន​គ.ជ.ប​តម្រូវ​ឡើយ។​

ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​បញ្ជាក់​មួយ​ថា​ គណបក្ស​ភ្លើង​ទៀន​បាន​ចុះ​បញ្ជី​គណ​បក្ស​នៅ​ក្រសួង​មហា​ផ្ទៃ​ស្រប​តាម​ច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ។ ​ប៉ុន្តែ​គ.ជ.ប​បញ្ជាក់​ថា ​លិខិត​នេះ​មិន​អាច​ជំនួស​ឱ្យប្រកាស​លេខ​១៩៣ ​ដែល​មាន​បញ្ជាក់​នីត្យា​នុកូល​កម្ម​នោះ​ទេ។​

លោក ​ប៊ុន ហុន ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ បដិសេធ​មិន​ធ្វើការ​អត្ថា​ធិប្បាយ។​

លោក​ថ្លែង​ថា៖ ​«​ទីមួយ​ ខ្ញុំ​មិន​មែន​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ទេ ​ អ៊ីចឹង​ខ្ញុំ​មិន​អាច​ទៅ​នាំ​ពាក្យ នាំអី​ទេ ​ព្រោះ​អាហ្នឹងគេ​បែង​ចែក​ភារកិច្ច។ ​ហើយ​ទីពីរ ​រឿង​នេះ​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​អស់ហើយ។ ​អ៊ីចឹង​ បង​ចង់​ដឹង​អី ​សួរ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទៅ! ​ មក​សួរ​ខ្ញុំ​ ខ្ញុំមិន​មាន​សមត្ថកិច្ច​ក្នុង​ការ​បញ្ជាក់​រឿង​ហ្នឹង​ទេ ​ព្រោះ​វា​ពាក់​ព័ន្ធ​ជា​មួយ​រឿង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ដែល​ជា​អំណាច​កំពូល​របស់​រដ្ឋ»។​

នៅ​ពេល​សួរ​ថា​ ហេតុអ្វី​បាន​ជាក្រសួង​មហាផ្ទៃ​មិនបញ្ជាក់​ច្បាប់​ដើម​នៃ​ប្រកាស​លេខ​១៩៣​ឱ្យ​គណបក្ស​ភ្លើងទៀន​ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក ​ខៀវ សុភ័គ ​ប្រាប់​វីអូអេ​ថា​ ក្រសួង​បាន​ចេញ​«លិខិត​បញ្ជាក់»​មួយ​ច្បាប់​ឱ្យ​គណ​បក្ស​ភ្លើង​ទៀន​ ហើយបើ​យក​ទៅ​ប្រើ​ប្រាស់​បាន ​ឬប្រើប្រាស់​មិន​បាន​គឺ​ជា​រឿង​របស់​គណ​បក្ស​ភ្លើង​ទៀន។​

លោក​ថ្លែង​ថា៖ ​«លិខិត​បញ្ជាក់​ហ្នឹង​មាន​ចេញ។ ​ឧទាហរណ៍​ក្រសួង​មហាផ្ទៃ​ក្តី ​ឬ​ពូ​ក្តី​ធ្វើ​ការ​បញ្ជាក់ ​បាន​បញ្ជាក់​ហើយ​តើ! ​ពូ​បាន​ចេញ​សំបុត្រ​កំណើត​ ហើយ​យក​ទៅ​ប្រើ​ប្រាស់​តាម​ការ​ដែល​អាច​ប្រើបាន​តើ! ប្រើ​បាន ​ឬ​ប្រើ​មិន​បាន ​វា​រឿង​ផ្សេង!​ ​ទៅ​យក​លេស ​យកអី​ដល់​ណា​ទៀត​ហ្នឹង? ហើយ​ចង់​បង្ក​លក្ខណៈ​ស្អី​បន្ត​ទៀត ទៅ​មិន​រួចទេ!​ កុំ​មក​ចង់​បះ​បោរ ​បះ​អី។​ គេ​ដឹង​[ទម្លាប់]​អាក្រក់​របស់​ពួក​មេ​ដឹកនាំ​នោះ ​ដាច់​ក្បាល ​ដាច់​កន្ទុយ​ឱ្យ​វា​ស្រឡះ​ទៅ!»​

លោក ​ខៀវ សុភ័គ ​បន្ថែម​ថា ​ក្រសួង​មហាផ្ទៃ​នឹង​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ប្រមូល​ផ្តុំអ្វី​នោះ​ទេ ​ព្រោះ​លោក​ថា ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដែល​ជា​ស្ថាប័ន​កំពូល​របស់​រដ្ឋ​ បាន​សម្រេច​បិទ​ផ្លូវ​តវ៉ា​រួច​រាល់​ហើយ។​

វីអូអេ​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លោក ​ព្រហ្ម​ វិចិត្រ​អក្ខរា​ ​បាន​នៅឡើយ​ទេ។​

ដោយ​ឡែក​លោក ​រ៉ុង ឈុន​ បញ្ជាក់​ថា​ ប្រកាស​លេខ១៩៣ ​ដែល​ជា​ច្បាប់​ដើម​ ដើម្បី​អាច​យក​ទៅ​បញ្ជាក់​នីត្យា​នុកូល​កម្ម​ដែលស្ថាប័ន​គ.ជ.ប ​តម្រូវ ​គឺ​បាត់ពិត​ប្រាកដ​មែន។​

លោក ​រ៉ុង ឈុន ​បន្ត​ថា​ បើ​សិន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ថា​ គណ​បក្ស​ភ្លើង​ទៀន​មាន​ល្បិច​កល​មិន​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​ខាង​មុខ ​ដូច្នេះ​លោក ​ហ៊ុន សែន ​គួរ​តែ​សម្រួល​ឱ្យ​គណបក្ស​បាន​ចុះ​បញ្ជី ​ហើយ​រង់ចាំ​មើល​ថា ​គណ​បក្ស​ចូលរួម​ការ​បោះ​ឆ្នោត​ ឬយ៉ាង​ណា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG