ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​មួយ​ចំនួន​គាំទ្រ ខ្លះ​រិះគន់​ការ​សម្រេច​មិន​ចុះ​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​សម្រាប់​ការ​បោះ​ឆ្នោត


អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ដង្ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២។ (ស៊ុន ណារិន/វីអូអេ)
អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ដង្ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២។ (ស៊ុន ណារិន/វីអូអេ)

គណបក្ស​មួយ​ចំនួនសម្តែង​ការ​គាំទ្រ​ចំពោះ​ការ​បដិសេធ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា​ គ.ជ.ប ដែល​មិន​ចុះ​បញ្ជីគណ​បក្ស​ភ្លើង​ទៀន សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ខាង​មុខ​នេះ។ រីឯ​គណបក្សខ្លះ​ទៀត​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​បដិសេធ​នេះ។

កាល​ពី​ថ្ងៃ​ចន្ទ គ.ជ.ប បាន​ចេញ​សេចក្តី​សម្រេច​បដិសេធ​ការចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ ដោយ​ហេតុ​ថា«គណបក្ស​ភ្លើង​ទៀន​មិន​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ការ​ប្រកាស​ស្តី​ពី​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​មាន​បញ្ជាក់​នីត្យានុ​កូលកម្ម​ ដោយ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ ឱ្យ​បាន​ត្រឹម​ត្រូវ​ ឱ្យ​ស្រប​តាម​កថាខណ្ឌ​ទី២​ និង​ចំណុច​ទី​១ ក្នុង​មាត្រា​ ២៧ នៃ​ច្បាប់​ស្តី​ពី​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត»។

ក្រោយ​ការ​ប្រកាស​បដិសេធ​របស់ ​គ.ជ.ប គណបក្ស​ជាង ​១០​ បាន​សម្តែង​ការគាំទ្រ​ចំពោះ​សេចក្តី​សម្រេច​មួយ​នេះ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ពួកគេ​ដែល​វីអូអេ​ទទួល​បាន។

គណបក្ស​ទាំង​អស់​នោះ​រួម​មាន​គណ​បក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​នគរ​ប្រជាធិបតេយ្យ គណ​បក្ស​ខ្មែរ​តែ​មួយ គណបក្ស​ជន​ជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ គណ​បក្ស​ឯកភាព​ជាតិ​ខ្មែរ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ លោក​ ញឹក​ ប៊ុនឆៃ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​គណបក្ស​របស់​លោក​គាំទ្រ​ការ​បដិសេធ​នេះ ដោយ​សារ​វា​ជា​ការ​អនុវត្ត​ស្តង់ដា​តែ​មួយ ដូច​នឹង​គណបក្ស​នយោបាយ​ដទៃ​ទៀត។ លោក​បញ្ជាក់​ទៀត​ថា​ នេះ​ក៏​ជា​ការ​ធ្វេស​ប្រហែស​របស់​គណ​បក្ស​ភ្លើង​ទៀន​ខ្លួន​ឯង។

លោក​ថ្លែង​ថា៖ «អា​នេះ​មក​ពី​គាត់​ធ្វេសប្រហែសរបស់​គាត់​[គណបក្ស​ភ្លើង​ទៀន]​ហើយ​ក៏​មិន​មែន​ជា​ការ​ដាក់​បន្ទុក​អី​ទេ​តាម​ខ្ញុំ​មើល​ ព្រោះ​ចង់​មិន​ចង់​ ការ​បោះ​ឆ្នោត​នោះ​ចង់​មាន​រូបភាព​គណបក្ស​ច្រើន​ ហើយ​មាន​ខាង​ប្រឆាំង​មាន​អី​ ចូល​រួម​ទៅ​បាន​បរិយាកាស​វា​ល្អ។ ប៉ុន្តែ​នេះ​គឺ​ជា​ការ​ធ្វេស​ប្រហែស​អ៊ីចឹង​ទៅ​ ក៏​មាន​ការ​អនុវត្ត​នូវ​ស្តង់​ដារ​តែ​មួយ​ដូច​គ្នា​ទៀត​ទៅ​បាទ»។


ចំណែក​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ប្រាប់​វីអូអេ​ថា​ ការ​គាំទ្រ​សេចក្តី​សម្រេច​របស់ ​គ.ជ.ប គឺ​បង្ហាញ​ពី​តម្លាភាព ភាព​ស្មើ​គ្នា​ចំពោះ​គណបក្ស​នយោបាយនីមួយៗ​ ដែល​ត្រូវ​តែ​បំពេញ​លក្ខខណ្ឌឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​កំណត់​របស់​ គ.ជ.ប។

លោក​បញ្ជាក់​ថា៖ «បើ​គណបក្ស​ភ្លើង​ទៀន​បំពេញ​លក្ខខណ្ឌ​មិន​គ្រប់​ទេ​គឺ​ថា​ត្រូវ​តែ​រុញ​ចេញ​ អ៊ីចឹង​យើង​គាំទ្រ​ស្មារតី​រុញ​ចេញ​ មាន​ន័យ​ថា​មិន​ទទួល​ពាក្យ​ ឬ​ក៏​បដិសេធ​ពាក្យ ពី​ព្រោះ​គណបក្ស​ទាំង​អស់​គឺ​មាន​សិទ្ធិ​ស្មើ​គ្នា​ តែ​បើ​គណបក្ស​ណា​មួយ​ខុស​លក្ខខណ្ឌ​ ឬ​ក៏​មិន​គ្រប់​គ្រាន់​នូវ​លក្ខខណ្ឌ​ទេ​ បើ គ.ជ.ប ទទួល​ក្នុង​ហេតុ​ផល​នយោបាយ​ គណបក្ស​យុវ​ជន​យើង​ គឺ​យើង​ប្រឆាំង​ដាច់​ខាត»។

ទោះ​ជា​យ៉ាងណា ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បដិសេធ​មិន​ចុះ​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ។ លោក​បន្ថែម​ថា ​បើ​ទោះ​បី​គណបក្ស​ភ្លើង​ទៀន​មិន​មាន​សក្តានុពល​ប្រហាក់​ប្រហែល​នឹង​គណបក្ស​កាន់​អំណាច​ក៏​ដោយ​ តែ​គួរ​ណាស់​តែ​មាន​វត្តមាន​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​ ដើម្បី​កុំ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ​ខ្លាំង​ពេក។

លោក​បញ្ជាក់​ថា៖ «គណបក្ស​ដទៃ​វិញ​យល់​ឃើញ​ថា​រឿង​នេះ​គ្រាន់​តែ​ធ្វើ​ប៉ុណ្ណឹង​វា​ស្មើ​ភាព​គ្នា​ខ្ញុំ​យល់​ថា​ វា​គឺ​ជា​រឿង​កំប៉ិក​កំប៉ុក​ខ្លាំង​ពេក​ហើយ​ ប្រសិន​ជា​យល់​ថា​អ៊ីចឹង។ គួរតែ​ពង្រឹង​ មែន​ទែន​ទៅ​គឺ​ ជួយ​ជំរុញ​ដើម្បី​ឱ្យ​ គ.ជ.ប ទទួល​យក​គណ​បក្ស​ភ្លើង​ទៀន​ឱ្យចូល​រួម​ប្រកួត​ប្រជែង​ នេះគឺ​ជា​រឿង​ប្រសើរ​ជា​ជាង​ ទៅ​គាំទ្រ​អាជ្ញា​កណ្តាល​ ទៅ​ឱប​ជើង​អាជ្ញា​កណ្តាល​ ទៅ​លើក​ទឹក​ចិត្ត​អាជ្ញា​កណ្តាល​ នេះ​គឺ​មាន​ន័យ​ថា​យ៉ាង​ហោច​ណាស់​គឺ​ខ្លួន​បាន​ទៅ​យក​ចិត្ត​អាជ្ញាកណ្តាល ដើម្បី​ការពារ​ខ្លួន​ហើយអ៊ីចឹង​ហាស»។

ចំណែកឯ​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​ក៏​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅថ្ងៃ​អង្គារ​នេះ​ថា​ គណបក្ស​ពិត​ជា​សោក​ស្តាយ​ចំពោះ​ការ​បដិសេធ​ការ​ចុះ​បញ្ជី​គណ​បក្ស​ភ្លើង​ទៀន​ ដោយ​លើក​ឡើង​ថា ហេតុ​ផល​នៃ​ការបដិ​សេធ​នេះ​គឺ​ជា​បញ្ហា​បច្ចេក​ទេស​ដែល​មាន​ភាព​ស្មុគស្មាញ​ទាក់​ទិន​នឹង​ទម្រង់​នៃ​ឯក​សារ​គតិយុត្តិ។

គណបក្ស​មួយ​នេះ​ក៏​ជំរុញ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​គួរ​តែ​ចេញ​លិខិត​ជូន​គណបក្ស​ភ្លើង​ទៀន តាម​តម្រូវ​ការ​របស់ ​គ.ជ.ប សម្រាប់​ការ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នេះ។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​យល់​ថា​ការ​បដិសេធ​ការ​ចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន​បាន​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​សេរី ​និង​យុត្តិធម៌ និង​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា»។


ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​បាន​ពន្យល់​មូល​ហេតុ​ដែល​បណ្តាល​ឱ្យគណ​បក្ស​មិន​មាន​ឯក​សារ​ចុះ​បញ្ជី​ដើម​នៅ​ក្រសួង​មហាផ្ទៃ គឺ​ដោយ​សារ​តែ​កន្លង​មក​គណ​បក្ស​ភ្លើង​ទៀន​ធ្លាប់​ជួល​ទីស្នាក់ការ ដែល​នៅ​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ លុះ​ពេល​ដល់​តុលាការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ គឺថ្នាក់​ដឹក​នាំគណ​បក្ស​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​យក​ឯកសារ​ទាំង​នោះ រហូត​ដល់​អគារ​គណ​បក្ស​សង្គ្រោះ​ជាតិនោះ​ត្រូវ​បាន​វាយ​បំផ្លាញ​ខ្ទេច​ខ្ទី​ ដែល​ធ្វើ​ឱ្យ​ឯក​សារ​ទាំង​នោះ​បាត់​បង់។

លោក សុន ឆ័យ ​ឱ្យដឹង​ទៀត​ថា​ ឯក​សារ​ដើម​ត្រូវ​បានក្រសួង​មហា​ផ្ទៃ​ទុក​មួយ​ច្បាប់ ដើម្បី​ផ្ទៀង​ផ្ទាត់។ លោក​បន្ថែម​ថា​ក្រសួង​មហាផ្ទៃ កាល​ពីថ្ងៃ​ទី៥ ​ខែ​ឧសភា ​បានចេញ​បញ្ជាក់​មក​ឱ្យ​គណ​បក្ស​ភ្លើង​ទៀន​ថា​ គណ​បក្ស​ពិត​ជា​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ និងមាន​ការ​បញ្ជាក់​អាស័យ​ដ្ឋាន​ត្រឹម​ត្រូវ។ ប៉ុន្តែ​ឯក​សារ​នេះ ត្រូវ​បាន​ស្ថាប័ន​ ​គ.ជ.ប ​អះអាង​ថា​មិន​ទាន់​គ្រប់​គ្រាន់​តាម​ច្បាប់​កំណត់​នៅ​ឡើយ។

គួរ​បញ្ជាក់​ថា គណ​បក្ស​ភ្លើង​ទៀន​ជា​គណ​បក្ស​ជំទាស់​ដ៏​ធំមួយ​ និង​ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋជាង​១​លាន ​៦​សែន​នាក់ កាល​ពីការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ខែ​មិថុនា ឆ្នាំ​២០២២៕

XS
SM
MD
LG