អ្នកតាមដានមើលឃើញថា ប្រសិនបើគណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏ធំជាងគេ មិនមានវត្តមាននៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះទេ ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅក្នុងខែកក្កដា នឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ថយក្រោយ ដោយសារតែការបន្តដឹកនាំដោយឯកបក្សនៅក្នុងរដ្ឋសភា។
ការលើកឡើងរបស់ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាបែបនេះ ធ្វើឡើងក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចមិនចុះឈ្មោះគណបក្សមួយនេះ សម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខ។ គណបក្សភ្លើងទៀនថានឹងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នសម្រេចចុងក្រោយ។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិច (NICFEC) ដែលឃ្លាំមើលការបោះឆ្នោត ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គណបក្សភ្លើងទៀនជាគណបក្សដែលមានប្រជាប្រិយភាពបន្ទាប់ពីគណបក្សកាន់អំណាច ហេតុនេះបើសិនមិនមានវត្តមានគណបក្សមួយនេះ វាធ្វើអ្នកបោះឆ្នោតមានការខកចិត្ត ដែលនេះវាបង្ហាញពីការរឹតត្បិតសិទ្ធិនយោបាយនិងសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «វាប៉ះពាល់ទាំងពីរទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ សិទ្ធិនយោបាយ គណបក្សនយោបាយអត់បានធ្វើនយោបាយផង អត់បានឈរឈ្មោះបោះឆ្នោតផង ហើយសិទ្ធិពលរដ្ឋទៀត សិទ្ធិអ្នកបោះឆ្នោតទៀត។ គេខកខានមិនបានទៅបោះឱ្យគណបក្សណាដែលគេពេញចិត្ត»។
បើតាមអ្នកឃ្លាំមើលរូបនេះ ការមិនមានវត្តមានគណបក្សភ្លើងទៀនមិនត្រឹមតែធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យដើរថយក្រោយទេ ប៉ុន្តែវាអាចមានការប៉ះពាល់ដល់ភាពស្របច្បាប់នៃការបោះឆ្នោតផងដែរ។
លោក សំ គន្ធាមី អះអាងថា ការមានពហុគណបក្សនៅក្នុងសភា ជារឿងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យ ពីព្រោះថា វានាំឱ្យមានតុល្យភាពអាសនៈនៃតំណាងរាស្ត្រ ហើយច្បាប់ ក៏ដូចជាគោលនយោបាយផ្សេងៗ ត្រូវឆ្លងកាត់ការជជែកដេញដោល មុននឹងអនុម័ត។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លើកឡើងថា លោកមានការសោកស្តាយ បើសិនជាគណបក្សភ្លើងទៀនមិនមានវត្តមាន និងថាការណ៍នេះក៏នឹងអាចធ្វើឱ្យបាត់បង់សន្លឹកឆ្នោតដែរ ដោយសារតែមិនមានគណបក្សជម្រើសសម្រាប់អ្នកបោះឆ្នោតដែលគាំទ្រគណបក្សមួយនេះ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងប្រសិនបើអត់មានការប្រកួតប្រជែងឆ្នាំ២០២៣ នោះសំឡេងភាគច្រើននៃការចូលរួមគាំទ្រ ក៏វាមានការបាត់បង់ បាត់បង់ទៅតាមហ្នឹងដែរ។ បាត់បង់យ៉ាងម៉េច? បាត់បង់ដោយសារតែវាអត់មានគណបក្សដែលអ្នកគាំទ្រចង់បាន»។
អ្នកតាមដានរូបនេះអះអាងថា ការមានគណបក្សប្រឆាំងក្នុងសភា ជាការល្អសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថ្លែងថា៖ «នៅក្នុងសភាមិនអាចមានតែសំឡេងស្របមួយទេ វាត្រូវតែមានសម្លេងមិនស្របមួយទៀត ពីព្រោះសំឡេងមិនស្របនេះជាចំណុចសំខាន់ណាស់ ដែលជាកញ្ចក់នៅក្នុងការឆ្លុះបញ្ចាំងអំពីការអនុវត្តសកម្មភាព ឬក៏ដំណើរការរបស់អង្គនីតិប្រតិបត្តិ»។
រដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងស្រុង ក្រោយមានការរំលាយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៧។
អ្នកវិភាគនយោបាយមើលឃើញថា ប្រសិនជាគ្មានវត្តមានគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងនៅតែឈ្នះយ៉ាងភ្លូកទឹកភ្លូដី។ ប៉ុន្តែលោកថាការឈ្នះនេះប៉ះពាល់ដល់ភាពស្របច្បាប់នៃការបោះឆ្នោតផងដែរ។
លោក មាស នី អ្នកវិភាគនយោបាយប្រាប់វីអូអេថា៖ «បើសិនជាយើងមើលពីលក្ខខណ្ឌនៃប្រជាធិបតេយ្យ កាលណាគណបក្សមួយដែលមានសំឡេងគាំទ្រគួរឱ្យកត់សម្គាល់បែបនេះ កាលណាបើសិនមិនបានចូលរួមនៅក្នុងការបោះឆ្នោតទេ អាចទទួលរងនូវការរិះគន់ ជាពិសេសរដ្ឋាភិបាលមិនបានអនុវត្តទៅតាមអ្វីដែលជាលទ្ធិប្រជាធិបតេយ្យ បានន័យថានៅតែបង្ហាញនូវចេតនានៃការរារាំងគណបក្សប្រឆាំង»។
បើតាមអ្នកវិភាគរូបនេះ ភាពស្មុគស្មាញនៃការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ក៏ទំនងជាចេតនានៅក្នុងការបង្អាក់ដំណើររបស់គណបក្សមួយនេះផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថាអ្នកដែលលើកឡើងថាជាចេតនារបស់រដ្ឋាភិបាលនៅក្នុងការរឹតត្បិតគណបក្សប្រឆាំង ជាការអត្តនោម័តិ និងមានគំនិតមិនល្អ ខណៈថាអ្នកវាយតម្លៃថាស្របច្បាប់ ឬក៏អត់ គឺអាស្រ័យលើប្រជាពលរដ្ឋ មិនមែនគណបក្សនយោបាយឡើយ។
លោកបញ្ជាក់ថា៖ «ការលើកឡើងរបស់គាត់គ្រាន់តែជាគំនិតអត្តនោម័តិរបស់គាត់ប៉ុណ្ណោះទេ ហើយមិនអាចចាត់ទុកថាជាគំនិតល្អត្រឹមត្រូវទេ ពីព្រោះថាមិនមែនអត់គណបក្សភ្លើងទៀនមួយ ប្រជាពលរដ្ឋមិនអាចរស់នៅបានប្រកបដោយសេចក្តីថ្កុំថ្កើង រុងរឿងក្នុងដំបូលសន្តិភាពបានទេ»។
គួរបញ្ជាក់ថានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ គណបក្សភ្លើងទៀនទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋប្រមាណ១,៦លាននាក់។ បើគិតតាមសំឡេងនេះ គណបក្សភ្លើងទៀននឹងទទួលបានអាសនៈជាង២០ក្នុងចំណោមអាសនៈសរុបចំនួន១២៥នៅក្នុងរដ្ឋសភា៕