គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប នៅថ្ងៃចន្ទនេះ បានបដិសេធសំណើសុំចុះឈ្មោះរបស់គណបក្សភ្លើងទៀនដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនាខែកក្កដាខាងមុខ។
គណបក្សភ្លើងទៀនជាគណបក្សជំទាស់ដ៏ធំមួយ និងធ្លាប់ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង១លាន ៦សែននាក់ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនា ឆ្នាំ២០២២។ គេមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីបានជាគណបក្សមួយនេះអាចចូលរួមការបោះឆ្នោតឃុំសង្កាត់បានកាលពីឆ្នាំមុន ដោយស្ថាប័នគ.ជ.ប មិនទាមទារឯកសារដើម ដែលជាប្រធានបទចម្រូងចម្រាសនៃការខ្វែងគំនិតគ្នារវាងគណបក្សភ្លើងទៀន និងស្ថាប័នរៀបចំការបោះឆ្នោត ដែលរងការរិះគន់ថា ដឹកនាំដោយអ្នកដែលមានអតីតភាពជាមួយគណបក្សកាន់អំណាច។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃចន្ទនេះ គ.ជ.ប បញ្ជាក់ថា៖ «បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥មណ្ឌលរាជធានីខេត្ត ដោយមូលហេតុគណបក្សភ្លើងទៀនមិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម»។
កាលពីពេលកន្លងទៅ គ.ជ.ប បានទាមទារឱ្យគណបក្សភ្លើងទៀនដាក់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនមួយច្បាប់។ ហើយឯកសារចុះបញ្ជីគណបក្សនយោបាយដើម ដែលស្ថាប័ន គ.ជ.ប ទាមទារ គឺបានបាត់អំឡុងពេលតុលាការរំលាយគណបក្សសង្គ្រោះជាតិ។ នេះបើតាមអ្នកនាំពាក្យគណបក្សភ្លើងទៀន។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គណបក្សបានព្យាយាមស្នើសុំសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ ពីក្រសួងមហាផ្ទៃ ដោយបានទៅជួបជាមួយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហ៊ុន កាលពីថ្ងៃទី១២ ខែឧសភា ប៉ុន្តែរដ្ឋលេខាធិការរូបនេះថា ក្រសួងមហាផ្ទៃមិនអាចបញ្ជាក់លិខិតមាននីត្យានុកូលកម្ម ដែលគ.ជ.ប ទាមទារនោះឱ្យមកគណបក្សបានទេ និងបញ្ជាក់ថា លិខិតដែលក្រសួងមហាផ្ទៃបញ្ជាក់កាលពីថ្ងៃទី៥ ខែឧសភា គឺស្របច្បាប់ និងអាចយកទៅប្រើប្រាស់តាមតម្រូវការបាន។ ប៉ុន្តែស្ថាប័នគ.ជ.ប មិនព្រមទទួល។
លោក គីមសួរ ភិរិទ្ធ បន្ថែមថា ក្រសួងមហាផ្ទៃ មិនបានបញ្ជាក់មូលហេតុជាក់លាក់ថា ហេតុអ្វីបានជាក្រសួងមិនអាចចម្លងច្បាប់ដើម ដែលមាននីត្យានុកូលកម្ម ទៅតាមអ្វីដែលស្ថាប័នគ.ជ.ប ទាមទារនេះទេ ដោយគ្រាន់តែថា ក្រសួងមហាផ្ទៃមិនលូកលាន់ចូលក្នុងសមត្ថកិច្ចរបស់ស្ថាប័នគ.ជ.ប នោះទេ។
លោកថ្លែងថា៖ «យើងបានទទូចសុំម្តងទៀត ប៉ុន្តែគេ[ក្រសួងមហាផ្ទៃ]ថា គេអត់អាចចម្លងច្បាប់ដើមហ្នឹងឱ្យបានទេ។ គេថាលិខិតដែលគេចេញបញ្ជាក់ហ្នឹងគឺ វាមានអត្ថន័យគ្រប់គ្រាន់តាមផ្លូវច្បាប់ ពីព្រោះយើងអាចយកទៅប្រើប្រាស់ តាមអ្វីដែលត្រូវការ ដែលស្របច្បាប់។ អ៊ីចឹងគេប្រាប់យើងថាលិខិតហ្នឹង ប៉ុនហ្នឹង បើសិនជាយើងយកទៅប្រើ គឺគ្រប់គ្រាន់ហើយ ដោយសារយើងគណបក្សដែលបានចុះបញ្ជី ដែលក្រសួងមហាផ្ទៃទទួលស្គាល់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហ៊ុន បាននៅឡើយទេ។
លោក ប៊ុន ហ៊ុន កាលពីថ្ងៃទី៥ខែឧសភា បានចេញលិខិតបញ្ជាក់ថា ក្រសួងមហាផ្ទៃសូមការបញ្ជាក់ថា គណបក្សភ្លើងទៀនបានចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលមានលោក ទាវ វណ្ណុល ជាប្រធានគណបក្ស និងមានអាសយដ្ឋានទីស្នាក់ការកណ្តាលបច្ចុប្បន្ននៅផ្ទះលេខ៣២០ អឺសេរ៉ូ ផ្លូវលេខ១០ ម៉ែត្រថ្មី(បុរីពិភពថ្មី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ថ្លែងថា គណបក្សនឹងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញតាមនីតិវិធីបន្តទៀត។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ហង្ស ពុទ្ធា លោក ឌឹម សុវណ្ណរុំ និងលោក ខន កែវមនោ ដែលជាអ្នកនាំពាក្យគ.ជ.ប បាននៅឡើយទេ គិតត្រឹមថ្ងៃចន្ទនេះ។
កាលពីសប្តាហ៍មុន គណបក្សភ្លើងទៀន បានប្រកាសប្រមូលផ្តុំដើម្បីតស៊ូមតិ ប្រសិនបើគណបក្សជំទាស់មួយនេះមិនត្រូវបានចុះឈ្មោះដោយគ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្រោយការប្រកាសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ព្រមានចាប់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដាក់ពន្ធនាគារ និងប្រើប្រាស់វិធានការច្បាប់ ប្រសិនបើនៅតែមានការប្រមូលផ្តុំតវ៉ាណាមួយ នៅពេលស្ថាប័នគ.ជ.ប សម្រេចមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងមួយនេះចូលរួមប្រកួតប្រជែងការបោះឆ្នោត៕