គណបក្សភ្លើងទៀនដែលគេរំពឹងថា ជាគណបក្សជំទាស់មួយដែលអាចប្រជែងជាមួយនឹងគណបក្សគ្រប់ប្រទេស ដណ្តើមយកអាសនៈនៅរដ្ឋសភានឹងខកខានមិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ខាងមុខ ក្រោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានសម្រេចមិនឱ្យគណបក្សនេះ បានចុះបញ្ជីគណបក្ស និងបេក្ខជននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក៩រូប មានសិទ្ធិពិនិត្យនិងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ប្រធាននៃស្ថាប័នធម្មនុញ្ញកំពូលនេះ គឺជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រឹក្សាធម្មនុញ្ញក្រៅពីច្រានចោលពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀន ស្ថាប័នច្បាប់មួយនេះ ក៏បានបដិសេធចោលពាក្យបណ្តឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលត្រូវបានគ.ជ.ប បដិសេធចុះបញ្ជី ដោយសារតាមអ្វីដែលគ.ជ.ប ថា គណបក្សមួយនេះ មិនបានបំពេញទម្រង់បែបបទត្រឹមត្រូវកំណត់ដោយគ.ជ.ប។
ថ្លែងក្នុងសិន្និសីទព័ត៌មាននៅវិមានរដ្ឋចម្ការមន នាទីក្រុងភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្ម វិចិត្រ អក្ខរា ប្រាប់អ្នកកាសែតថា ការអនុវត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានសម្រេចជាឯកច្ឆន្ទ បដិសេធចោលនូវបណ្តឹងរបស់គណបក្សភ្លើងទៀននោះ គឺធ្វើឡើងដោយផ្អែកលើការថ្លឹងថ្លែងទៅលើកម្មវត្ថុបណ្តឹងគណបក្ស និងការអនុវត្តរបស់ គ.ជ.ប។
លោកថ្លែងថា៖«អ៊ីចឹងក្រុមប្រឹក្សាធម្មនុញ្ញនៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃនេះ គឺបានពិនិត្យទៅលើក្របខ័ណ្ឌមាត្រា២៧ និងមាត្រា៣១ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្តហ្នឹង ថាតើ គ.ជ.ប បានចេញសេចក្តីសម្រេចស្របតាមមាត្រាហ្នឹងហើយឬនៅ។អ៊ីចឹងនៅក្នុងការប្រជុំនៅថ្ងៃនេះ ការប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងសំឡេង ៩លើ៩ ជាឯកច្ឆន្ទ គឺបានសម្រេចថា ការអនុវត្តរបស់ គ.ជ.ប កន្លងមកទៅលើគណបក្សទាំងពីរគឺស្របតាមមាត្រា២៧ និងមាត្រា៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តហើយ»។
លោកបានផ្តល់សេចក្តីពន្យល់បន្ថែមថា គ.ជ.ប បានអនុវត្តស្របតាមមាត្រា២៧ និងមាត្រា៣១នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តគឺ ផ្តោតទៅលើលក្ខខណ្ឌទម្រង់រដ្ឋបាល១០ ចំណុច ដែលគណបក្សនយោបាយទាំងអស់ចូលរួមការប្រកួតត្រូវដាក់បំពេញភ្ជាប់ជាមួយនិងពាក្យសុំចុះបញ្ជី ដាក់ជូនមកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបន្ថែមថា សម្រាប់គណបក្សភ្លើងទៀន និងគណបក្សសាមគ្គីជាតិខ្មែរ មិនបានបំពេញឯកសារទាំងអស់នោះបានគ្រប់ចំនួននោះឡើយ។
ទោះជាយ៉ាងណាក្តី គណបក្សភ្លើងទៀនមិនអស់សង្ឈឹមទេ ហើយនឹងបន្តដើរទៅមុខទៀត បើទោះបីជាមានឧបសគ្គដែលត្រូវជួបជាច្រើនក៏ដោយក្តី។ នេះបើតាមលោកគីមសួរ ភិរិទ្ធ។
អនុប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរលោក ហ៊ាង គឹមស្រឿន មិនបានបង្ហាញការខកចិត្តទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ដោយលោកចាត់ទុកថាការបដិសេធនេះជាបទពិសោធន៏មេរៀនសម្រាប់គណបក្សត្រូវរៀបចំឯកសារឱ្យបានគ្រប់គ្រាន់មុននឹងយកទៅដាក់នៅគ.ជ.ប។
ខណៈក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គ.ជ.បបានទទួលស្គាល់គណបក្ស១៨ ឱ្យឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោកអ៊ូ ច័ន្ទរ័ត្ន ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាធិបតេយ្យនៅកម្ពុជាអាចនឹងស្រុតចុះកាន់តែខ្លាំង នៅពេលគ្មានវត្តមានរបស់គណបក្សភ្លើងទៀនក្នុងពេលបោះឆ្នោត។
លោកបញ្ជាក់ថា៖«បើសិនជា គណបក្សកាន់អំណាចលោកនៅតែបន្តកាន់អំណាចម្នាក់ឯងនៅក្នុងសភាក៏បក្សតែមួយ រដ្ឋាភិបាលបក្សមួយ ទាំងតុលាការក៏ចេញពីមន្ត្រីបក្សមួយ ជឿថាប្រជាធិបតេយ្យនៅក្នុងកម្ពុជា ស្រុតចុះខ្លាំង សឹងតែពិបាកនឹងកែខៃនៅពេលខាងមុខ ដែលខ្ញុំមើលឃើញ»។
បើសិនជាដំណើរការបោះឆ្នោតនៅតែបន្តបែបនេះ ទៅមុខទៀតនោះ ប្រជាពលរដ្ឋអាចនឹងលែងខ្វល់ខ្វាយពីរឿងធ្វើនយោបាយ ហើយវប្បធម៌នយោបាយនៅកម្ពុជាអាចនឹងមានការផ្លាស់ប្តូរច្រើន។ នេះបើតាមលោកអ៊ូ ច័ន្ទរ័ត្ន។
លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត Nicfec បង្ហាញការសោកស្តាយដែលគណបក្សប្រឆាំងទាំងពីរមិនបានចូលរួមបោះឆ្នោត។
លោកប្រាប់វីអូអេបន្ថែមថា៖«សិទ្ធនយោបាយ សិទ្ធិពលរដ្ឋ វាប៉ះពាល់ហើយ ប្រជាធិបតេយ្យជាពិសេស ខាងគណបក្សនយោបាយគាត់ខកខានការចូលរួមដែលគេបដិសេធចឹង វាប៉ះពាល់ប្រជាធិបតេយ្យ ព្រោះយើងប្រជាធិបតេយ្យសេរីពហុបក្ស យើងប្រកាន់របបហ្នឹង ហើយយោងទៅតាមកតិកាសញ្ញា អនុសញ្ញាអន្តរជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស គឺមានសិទ្ធធ្វើនយោបាយ សិទ្ធិអ្វីៗទាំងអស់ហ្នឹង»។
ក៏ប៉ុន្តែ អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធាប្រាប់វីអូអេ មុនការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញថា ទោះបីជាមានក៏ដោយឬមិនមានគណបក្សជំទាស់ក៏ដោយ ក៏ការបោះឆ្នោតនឹងដំណើរការទៅជាប្រក្រតី។ លោកបន្ថែមដោយស្នើរឱ្យអ្នកបញ្ចេញមតិទាំងឡាយសិក្សាឱ្យបានច្បាស់អំពីទិដ្ឋភាពច្បាប់ និងនយោបាយ ចៀសវាងមានការភាន់ច្រឡំ។
លោកថ្លែងថា៖ «អ៊ីចឹងចំពោះអវត្តមានគណបក្សណាមួយ ឬច្រើនដែលមានចុះបញ្ជី ក្នុងក្រសួងមហាផ្ទៃហើយនោះ គឺមិនមានប៉ះពាល់ដល់ដំណើរការបោះឆ្នោត ឬក៏ដល់ដំណើរការនៃការរីកចម្រើននៃលទិ្ធប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានោះទេ ចឹងអ្នកបញ្ចេញមិតិទាំងឡាយគឺសូមឱ្យសិក្សាឱ្យបានច្បាស់អំពីទិដ្ឋភាពច្បាប់ ហើយនិងទិដ្ឋភាពនយោបាយ កុំយកទិដ្ឋភាពបច្ចេកទេសទាញទៅរកតែទិដ្ឋភាពនយោបាយ ធ្វើឱ្យមានការភាន់ច្រឡំចំពោះសាធារណៈមតិឬក៏បើមានបញ្ហាសុំឱ្យធ្វើការសាកសួរមកខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
គណបក្សភ្លើងទៀនជាគណបក្សជំទាស់ដ៏ធំមួយ និងធ្លាប់ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង១លាន ៦សែននាក់ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។
កាលពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ដែលបានឈរឈ្មោះបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ធំមួយ មិនបានស្ថិតនៅសន្លឹកឆ្នោតនាពេលនោះទេ ព្រោះគណបក្សធ្លាប់ទទួល៥៥កៅអី នៅសភាជាតិ ត្រូវបានតុលាការកំពូលរំលាយចោល បន្ទាប់ពីអាជ្ញាធរកម្ពុជាសង្ស័យថា គណបក្សនេះមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមានបរទេសនៅពីក្រោយ៕