ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​នយោបាយ​ស្វែង​រក​អន្តរាគមន៍​ពី​ក្រុម​សិទ្ធិ​មនុស្ស ខណៈ​ប្រឈម​​ការ​គំរាម និង​ការ​ចាប់​ខ្លួន


រូបឯកសារ៖ ក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​រូបថត​លោក សម រង្ស៊ី នៅ​ក្នុង​ការដង្ហែ​ក្បួន​ឃោសនា​ថ្ងៃ​ចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ​២០១៧។ (VOA)
រូបឯកសារ៖ ក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​រូបថត​លោក សម រង្ស៊ី នៅ​ក្នុង​ការដង្ហែ​ក្បួន​ឃោសនា​ថ្ងៃ​ចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ​២០១៧។ (VOA)

សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រឈម​នឹង​ការចាប់​ខ្លួន និង​ការគំរាម​កំហែង​ជា​បន្តបន្ទាប់។ អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គឺ​សុំ​ជំនួយ​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស។

ខណៈដែល​ការ​ចាប់​ខ្លួន​និង​ការ​ចោទ​ប្រកាន់​លើ​សហសេវិក​របស់​ពួក​គេ​មាន​ការ​កើន​ឡើង សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វែង​រកជំនួយ​ពី​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​នាំមុខ​ចំនួន​ពីរ​គឺសមាគម​អាដហុក និងអង្គការ​លីកាដូ។

រូបឯកសារ៖ លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ថ្លែង​ទៅ​កាន់​អ្នកកាសែត នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ថ្លែង​ទៅ​កាន់​អ្នកកាសែត នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក ស៊ឹង សែន​ករុណា ​អ្នក​នាំ​ពាក្យសមាគម​អាដហុក បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ជា​លាយ​លក្ខណ៍​អក្សរ និង​ផ្ទាល់​មាត់​ពី​ក្រុម​គ្រួសារ​របស់​សកម្មជន​នយោបាយ អំពី​ការ​ចាប់​ខ្លួន ការ​គំរាម​កំហែង ការ​ដែល​សមត្ថកិច្ច​ហៅ​ទៅសាកសួរ និង​អំពើ​ហិង្សា​លើ​សកម្មជន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ថា​ ស្ថានភាពអាច​នឹង​កាន់​តែ​តាន​តឹង​នៅ​ពេល​ខាង​មុខ​ទៀត។

«ហើយ​យើង​គិត​ថា​រឿង​ទាំង​អស់​នេះ អាច​នឹង​បន្ត​កើត​ឡើង​មាន​ទៅ​មុខ​ទៀត ប្រសិន​ជា​មិន​មាន​ការ​រក​ដំណោះ​ស្រាយ​នយោបាយ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ធូរ​ស្រាល​ឡើង​វិញ​ទេ»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នោះ​បន្ត​ថា អ្នក​មក​ស្វែង​រក​ជំនួយ​បាន​ប្រាប់​សមាគម​របស់​លោក​ថា ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ពួកគេ​យល់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​រឿង​អយុត្តិធម៌។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩ មក ​យ៉ាង​តិចមាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ជាង​៣០​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់។ ​ដោយ​ឡែក ​អ្នក​គាំទ្រ​នយោបាយ​ប្រឆាំង​ចំនួន​ប្រមាណ​១៦០​នាក់ ​ត្រូវ​បាន​កោះ​ហៅ​មក​សាក​សួរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស។

រូបឯកសារ៖ លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយចេញពីសាលសវនាការ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយចេញពីសាលសវនាការ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)​ បាន​ឲ្យ​ដឹង​ថា​ក្រោយពីលោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក កំណើន​នៃ​ការ​បំភិតបំភ័យ ការ​គំរាម​កំហែង និង​ការ​ចាប់​ខ្លួន មាន​ការ​កើន​ឡើង ហើយ​បទ​ចោទ​ប្រកាន់​ក៏​កាន់​តែ​ធ្ងន់ធ្ងរ។

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​បញ្ជាក់​ថា​អង្គការ​របស់​លោក​ក៏​បាន​ទទួល​ពាក្យ​បណ្ដឹង​ជា​បន្ត​បន្ទាប់​ផងដែរ​ពី​សកម្មជន​នយោបាយ​របស់​គណ​បក្ស​ប្រឆាំង និង​ក្រុម​គ្រួសារ​របស់​ពួកគេ ក្នុង​នោះ​មាន​ការ​ស្នើ​សុំ​មេធាវី ការ​ពិគ្រោះ​ផ្នែក​ច្បាប់ និង​ការ​ស្វែង​រក​ជំនួយ​ឲ្យ​ឃ្លាំមើល​ករណី​របស់​ពួកគេ​ផង​ដែរ។

«ជា​ធម្មតា​ គ្រួសារ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ហ្នឹង គឺ​គាត់​និយាយ​ថា​ការ​ចាប់​ខ្លួន​ហ្នឹង ជា​រឿង​ខុស​នឹង​នីតិវិធី ជា​រឿង​អយុត្តិធម៌ ក្រុម​គ្រួសារ​គាត់ ​មិន​បាន​ប្រព្រឹត្ត​អី​ដូច​ការ​ចោទ​ប្រកាន់​អី​ជា​ដើម»។

អ្នកស្រី សុខ ថៃ អាយុ​៣៧​ឆ្នាំ ជា​ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ខេត្ត​កំពង់ធំ បាន​ស្វែង​រក​ជំនួយ​ពី​សមាគម​អាដហុដ និង​អង្គការ​លីកាដូ ក្រោយ​ប្ដី​របស់​អ្នកស្រី​ គឺ​លោក នូ ភឿន ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ដើម​ខែ​កញ្ញា​ ជាមួយ​នឹង​សកម្មជន​ដូច​គ្នា​ចំនួន​បី​នាក់​ផ្សេង​ទៀត។ ប្តី​របស់​អ្នក​ស្រី​គឺជា​សកម្មជន​ម្នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ។ ​ហើយ​ការ​ចាប់​ខ្លួន​រូប​លោក​ក្រោយ​ពី​លោក​បាន​សម្ដែង​មតិ​ទាក់​ទិន​នឹង​រឿង​នយោបាយ​តាម​បណ្ដាញ​សង្គម​និង​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ដូច​គ្នា។

អ្នកស្រី សុខ ថៃ បាន​ចាត់​ទុក​ថា ប្ដី​អ្នកស្រី​មិន​មាន​កំហុស ហើយ​អ្វីៗ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។

«មក​ដល់​ចាប់​ប្រតាយ​ទៅ យក​ឡើង​ឡាន​ទៅ​តែ​ម្ដង។ សម្រាប់​ខ្ញុំ​ ​វា​អយុត្តិធម៌​ ខ្លោច​ផ្សា​សម្រាប់​ខ្ញុំ​ណាស់​ ព្រោះ​អី​គ្រួសារ​ខ្ញុំ​មាន​ទោស​អី​ដល់​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​យ៉ាង​នេះ»។

គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។ បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ សកម្មភាព​ និង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ជា​ពិសេស​សកម្មជន​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ ​ ត្រូវ​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​មាន​ជំនាញ។ ករណី​ខ្លះ​ សកម្មជន​ទាំង​នោះ​ត្រូវ​បាន​កោះ​ហៅ​ទៅ​សាកសួរ និង​ចាប់​ដាក់​ពន្ធនាគារ​ផង​ដែរ។

លោក សែន​ករុណា ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​នេះ​ប្រជាជន​មួយ​ចំនួន ​ក៏​បាន​ចាប់​ផ្ដើម​គេច​ចេញ​ពី​ភូមិ​ផង​ដែរ ដោយសារ​ការ​បារម្ភ​ខ្លាច​ត្រូវ​គេ​ចាប់​ខ្លួន។

បើ​តាម​ដីកា​តុលាការ​ដែល​VOAទទួល​បាន យ៉ាង​តិច​មាន​សកម្មជន​នយោបាយចំនួន​ប្រាំពីរ​នាក់​របស់​អតីតគណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់​ និង​ញុះញង់​ឲ្យ​មាន​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ទាក់ទង​នឹង​ការ​គាំទ្រ​ការ​វិល​មក​វិញ​របស់​លោក សម រង្ស៊ី។

មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​អះអាង​ថា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​ធ្លាក់​ចុះ និង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទៅៗ ដែល​មិន​ស្រប​តាម​ការ​ចង់​បាន​របស់​សហគមន៍​អន្តរ​ជាតិ​នោះ​ទេ។

ភាព​តាន​តឹង​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជាមាន​សភាព​កាន់​តែ​ខ្លាំង​ឡើង ក្រោយ​លោក សម រង្ស៊ី បាន​ប្រកាស​ចូល​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា​ការ​គាំទ្រ​ការ​ត្រឡប់​របស់​លោក សម រង្ស៊ី ជា​រឿង​ខុស​ច្បាប់ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG