សាលាដំបូងខេត្តឧត្តរមានជ័យបានចោទប្រកាន់សកម្មជននយោបាយអតីតគណបក្សសង្គ្រោះជាតិម្នាក់នៅថ្ងៃចន្ទនេះពីបទ «រួមគំនិតក្បត់» ជាមួយលោក សម រង្ស៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ការចោទប្រកាន់នេះធ្វើឲ្យអ្នកគាំទ្រនយោបាយរបស់អតីតគណបក្សប្រឆាំងដែលត្រូវរំលាយចោលនេះ កើនដល់ចំនួនប្រមាណជា៣០នាក់ហើយដែលត្រូវចោទប្រកាន់និងឃុំខ្លួនចាប់តាំងពីដើមឆ្នាំ២០១៩មក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ លោក ម៉ោញ សារ៉ាត់ អាយុ៥៤ឆ្នាំ ត្រូវបានរងការចោទប្រកាន់ដោយសារលោកបានគៀងគរពលករខ្មែរដែលធ្វើចំណាកស្រុកនៅប្រទេសថៃ ឲ្យចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង «ផែនការវិលត្រឡប់មកកម្ពុជារបស់ឧក្រិដ្ឋជន សម រង្ស៊ី» បន្ទាប់ពីរូបលោកបានផ្តល់បទសម្ភាសន៍ជាមួយនឹងសំឡេងសហរដ្ឋអាមេរិក(វីអូអេ)កាលពីសប្តាហ៍មុន។
លោក ម៉ោញ សារ៉ាត់ បច្ចុប្បន្នកំពុងភៀសខ្លួននៅក្រៅប្រទេស។
កាលពីសប្តាហ៍មុនសាលាដំបូងខេត្តរតនគីរីបានចោទប្រកាន់បុរសចំនួនពីរនាក់គឺលោក ងិន សុផាត អាយុ៥៦ឆ្នាំនិងលោកធឿន ប៊ុនធន អាយុ៥០ឆ្នាំពីបទរួមគំនិតក្បត់ដូចគ្នាបន្ទាប់ពីពួកគេបានប្រមូលផ្តុំប្រជាពលរដ្ឋ និងការបង្ហោះសារ«វាយប្រហារ»និង«បំផុសបំផុល» លើបណ្តាញសង្គមហ្វេសប៊ុកដើម្បីគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន។
ក្នុងសប្តាហ៍មុននេះដែរ តុលាការខេត្តព្រះសីហនុ បានចេញដីកាតាមចាប់ខ្លួនស្ត្រីអតីតសកម្មជនគណបក្សសង្គ្រោះជាតិ កញ្ញា សៅ ឧសភា អាយុ២៥ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ«រួមគំនិតក្បត់» ដូចគ្នា។
បើសិនជាតុលាការរកឃើញថាជនទាំងនេះមានទោសពីបទ «រួមគំនិតក្បត់» ពួកគេនឹងត្រូវផ្តន្ទាទោសពី០៥ទៅ១០ឆ្នាំតាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) បានប្រាប់វីអូអេតាមទូរស័ព្ទនៅរសៀលថ្ងៃចន្ទនេះថា វិធានការចាប់ខ្លួននិងដាក់ទោសសកម្មជននយោបាយរបស់រដ្ឋាភិបាលមិនត្រឹមតែអាចធ្វើឲ្យសកម្មជនផ្សេងទៀតមានការខ្លាចរអានោះទេ ប៉ុន្តែប្រជាពលរដ្ឋសាមញ្ញក៏មានការភ័យខ្លាចដូចគ្នា ដោយសារតែវាបានប៉ះពាល់ទៅដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការប្រមូលផ្តុំ និងសេរីភាពក្នុងការធ្វើនយោបាយរបស់ពួកគាត់។
«បាទហើយរឿងនេះវាធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សេរីភាពរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ពួកគាត់បាទ»។
ការចោទប្រកាន់និងចាប់ខ្លួនអតីតសកម្មជននយោបាយប្រឆាំងពីបទមានបំណងផ្តួលរលំរដ្ឋាភិបាលបានកើតឡើងជាបន្តបន្ទាប់ ក្រោយពីលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងប្រកាសថានឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃ០៩ វិច្ឆិកា ខាងមុខ។ លោកសម រង្ស៊ីបានបញ្ជាក់ថាការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់លោកគឺដើម្បីធ្វើការផ្លាស់ប្តូរការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់កាប់អំណាចយូរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជាបានហៅការចោទប្រកាន់និងការចាប់ខ្លួនអតីតអ្នកគាំទ្របក្សប្រឆាំងថាបានធ្វើឲ្យប្រទេសកម្ពុជារំកិលទៅរកការគ្រប់គ្រងបែបកុម្មុយនីស្ត។
«អាហ្នឹងខ្ញុំឃើញថា ស្ថានការណ៍នេះវិវឌ្ឍទៅរក គេហៅថាពីដើមគឺនៅប្រទេសកុម្មុយនីស្ត ណា៎ ជារបៀបប្រើប្រាស់អំពើហិង្សាទៅទៀត មិនមែនត្រឹមតែចាប់ចងឃុំឃាំងដាក់ពន្ធនាគារអីទេ»។
អ្នកវិភាគនយោបាយរូបនេះបន្ថែមថា ការចាប់ខ្លួននិងចោទប្រកាន់សកម្មជនអតីតគណបក្សប្រឆាំងនឹងនៅតែបន្តរហូតទោះបីជាលោក សម រង្ស៊ីមិនវិលត្រឡប់តាមការប្រកាសក៏ដោយ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលធ្លាប់បានអធិប្បាយជាបន្តបន្ទាប់ជុំវិញការចាប់ខ្លួននិងចោទប្រកាន់លើអតីតអ្នកគាំទ្រនយោបាយប្រឆាំងនេះថាពួកគេបានប្រព្រឹត្តល្មើសនឹងច្បាប់ក្នុងប្រទេស។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ខែកញ្ញា បានចោទប្រកាន់លោកសម រង្ស៊ី និងអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិប្រាំបីនាក់ផ្សេងទៀតពីបទ«ឧបឃាត»ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលសព្វថ្ងៃ។
កាលពីថ្ងៃពុធសប្តាហ៍មុនលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកស្រីក៏បានទទូចឲ្យរដ្ឋាភិបាលធានាឡើងវិញអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនេះ៕