អង្គុយនៅលើគ្រែក្រោមផ្ទះឈើ សសរថ្ម លោក ស៊ិន បូណា អតីតចៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ របស់គណបក្សសង្រ្គោះជាតិដែលត្រូវរំលាយចោលបានយកក្រមាដណ្តប់ព័ទ្ធជុំវិញខ្លួន ដោយបក់រំហើយខ្លួនដោយកង្ហារមួយនៅពីចំហៀងខ្លួនរបស់លោក។
កំភួនដៃឆ្វេងរបស់លោកដាក់កល់លើខ្នើយដែលទ្រដោយភ្លៅឆ្វេង ត្រូវរុំជិតដោយស្បៃរុំរបួសពណ៌ស ដិតដាមដោយស្នាមថ្នាំលាបរបួសពណ៌ក្រហម។
កាលពីថ្ងៃពុធទី២៥ ខែកញ្ញានេះ អតីតចៅសង្កាត់អាយុ៥៩ឆ្នាំ រូបនេះត្រូវជនមិនស្គាល់មុខ ធាក់ផ្តួលម៉ូតូរបស់លោកនៅពេលដែលលោកកំពុងធ្វើដំណើរតាមដងផ្លូវ រួចជនមិនស្គាល់មុខដែលពាក់មួកឃ្លុបបិទមុខជិត បានដេញវាយសំពងពីក្រោយ។ រូបភាពដែលបង្ហាញតាមបណ្តាញសង្គមនិងត្រូវគេចែកចាយតគ្នា បង្ហាញថាអ្នកវាយប្រហារដែលមានមាឌធំដំបងស្លៀកសម្លៀកបំពាក់ជាជនស៊ីវិល មានសៀតកាំភ្លើងខ្លីនៅជាប់នឹងចង្កេះក្នុងពេលកំពុងដេញវាយសំពងលើស៊ិន បូណា។
លោករៀបរាប់ នៅផ្ទះរបស់លោកក្នុងភូមិកោះដាច់ កាលពីថ្ងៃព្រហស្បតិ៍គឺមួយថ្ងៃក្រោយពីការវាយប្រហារថា លោកត្រូវជនមិនស្គាល់អត្តសញ្ញាណតាមដានជាច្រើនថ្ងៃមុននឹងពួកគេវាយប្រហារមកលើរូបលោកជាចំហនេះ។
«មុនហ្នឹង គឺមានជនមិនស្គាល់មុខ គាត់បានថតស្លាកលេខឡានខ្ញុំម្តង។ ហើយក្រោយមកទៀត ក៏បានមានប្រជាពលរដ្ឋគាត់បានប្រាប់ខ្ញុំថាឲ្យប្រយ័ត្នខ្លួន ព្រោះមានគេតាមដាន។ ហើយខ្ញុំប្រាប់គាត់ទៅវិញថា ខ្ញុំអត់មានរឿងអី ហេតុអីមកតាមដាន។ខ្ញុំអត់ដែលគិតថាខ្លួនខ្ញុំសត្រូវជាមួយអ្នកណាទេ»។
ឆ្អឹងដៃឆ្វេងរបស់លោក បូណា បានបាក់ ហើយត្រូវពេទ្យវះកាត់និងដាក់តដែក។ លោកអះអាងថា ជនប្រព្រឹត្តប៉ុនប៉ង វាយបំបែកក្បាលរបស់លោក តែលោកបានពាក់មួកសុវត្ថិភាពការពារខ្លួនពេលកំពុងជិះម៉ូតូ ដូច្នេះជនដៃដល់បានព្យាយាមវាយសំដៅ ក របស់លោក តែលោកបានយកដៃធ្វេងរង រហូតដល់បាក់កដៃ។
ការវាយប្រហារជាចំហនេះ បានធ្វើឲ្យសកម្មជននយោបាយរូបនេះបាក់ស្បាត។
«ការដើរហើរបស់ខ្ញុំ ចាប់ពីពេលនេះតទៅ លែងមានសិទ្ធិសេរីភាពអីទៀតទេ។ ខ្ញុំដើរលេងបានហើយ។ គេប៉ុនប៉ងខ្ញុំប៉ុននេះហើយ ខ្ញុំដើរម៉េចបានទៀត»។
អំពើហិង្សាទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិបានកើតឡើងផ្ទួនៗ ហើយក្នុងរយៈពេលបួនថ្ងៃអ្នកគាំទ្រនយោបាយអតីតបក្សប្រឆាំងដ៏ធំមួយនេះចំនួនពីរនាក់រងការវាយប្រហារដោយដំបងដែកដូចគ្នា។
លោក ពូក ចន្តា ប្រធានក្រុមកងការពាររបស់លោកសម រង្ស៊ី ត្រូវជនមិនស្គាល់មុខវាយដោយដំបងដែកលើក្បាល នៅពេលលោកចេញពីទិញម្ហូបនៅផ្សារនិងដើរសំដៅទៅផ្ទះលោកសម រង្ស៊ី ដែលលោកយាមនៅទីនោះជាប្រចាំថ្ងៃ។ ក្បាលរបស់លោករយះ និងត្រូវដេរចំនួនប្រាំថ្នេរ។ នៅពេលនេះរបួសរបស់កងការពារលោកសម រង្ស៊ី រូបនេះមិនទាន់ជាសះស្បើយនៅឡើយទេ។
ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយ វីអូអេ នៅទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ លោកមានប្រសាសន៍ថា ការវាយប្រហារលើរូបលោកមិនមែនទាក់ទងនឹងគំនុំនោះទេ ប៉ុន្តែទាក់ទងនឹងការត្រៀមទទួលមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
«ខ្ញុំមិនដែលជម្លោះជាមួយពីណាផង ហើយអញ្ចឹងបានន័យថាលបវាយខ្ញុំ ដើម្បីចង់សម្លាប់ខ្ញុំ [ដើម្បី]គំរាមសកម្មជនសង្រ្គោះជាតិដែលគេចាំទទួលលោកប្រធានសម រង្ស៊ី»។
លោកសម រង្ស៊ី បានប្រកាសជាសាធារណៈថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ក្រោយពីលោកស្ថិតក្នុងជីវិតនិរទេសអស់រយៈពេលជាច្រើនឆ្នាំ។
រដ្ឋាភិបាលបានព្រមានចាប់ខ្លួនពលរដ្ឋណាដែលចេញមុខទៅទទួលលោកសម រង្ស៊ី ហើយអាចប្រឈមនឹងទោសជាប់ពន្ធនាគារ ដោយសារតែរដ្ឋាភិបាលចាត់ទុកថាការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ដោយមានចេតនាធ្វើរដ្ឋប្រហាររដ្ឋាភិបាលបច្ចុប្បន្ន។
អង្គរក្សរបស់លោក សម រង្ស៊ី លោកពូក ចន្តា បញ្ជាក់ថា លោកបានត្រៀមខ្លួនទៅការពារលោក សម រង្ស៊ី ប្រសិនបើលោកត្រឡប់មកកម្ពុជាវិញ។
មុនការវាយប្រហារលើសកម្មជនទាំងពីរគឺលោកស៊ិន បូណា និងលោកពូក ចន្តា ក៏មានការវាយប្រហាររលើលោក ស៊ីន សំអាត អតីតចៅសង្កាត់ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅសង្កាត់ផ្សារអូរឬស្សីទី៣ រាជធានីភ្នំពេញ រហូតដល់បែកក្បាលផងដែរ។
មន្រ្តីគណបក្សសង្រ្គោះជាតិ កញ្ញា កឹម មនោវិទ្យា និងជាកូនស្រីរបស់លោក កឹម សុខា បានចាត់ទុកថា«នេះជាការលួចវាយប្រហារជាប្រព័ន្ធមកលើសកម្មជនគណបក្សសង្រ្គោះជាតិ ដែលជាអំពើព្រៃផ្សៃនិងកំសាកបំផុត»។
កញ្ញា កឹម មនោវិទ្យា បានហៅអំពើហិង្សាមកលើសកម្មជនអតីតបក្សប្រឆាំងថា ជាចេតនាគំរាមកំហែងមកលើពួកគេ។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានច្រានចោលការចោទប្រកាន់នេះ។
«អាហ្នឹងគឺជាប្រពៃណីសម្រាប់គាត់លើក។ ឲ្យតែមានជនរងគ្រោះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ។ ទាល់តែស្វែងរកការពិតវាយ៉ាងម៉េច។ ខ្ញុំមិនហ៊ានវិនិច្ឆ័យថាយ៉ាងម៉េច ចាំមើលការស្រាវជ្រាវរបស់អាជ្ញាធរវាយ៉ាងម៉េច»។
ជនរងគ្រោះដោយសារការលបវៃរបស់ជនដៃដល់ លោកស៊ិន បូណា និងលោកពូន ចន្តា បានជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីរបស់ពួកខ្លួន និងចាប់ជនដៃដល់មកផ្តន្ទាទោសឲ្យបាន។
លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់VOA នៅថ្ងៃសុក្រនេះថា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវរកជនដៃដល់។
«ខ្ញុំបានបញ្ជាទៅតាមបណ្តាខណ្ឌ ហើយនិងការិយាល័យជំនាញ ដើម្បីសហការណ៍គ្នាហើយនិងស្រាវជ្រាវវែកមុខរកអ្នកប្រព្រឹត្តហ្នឹងហើយ។ ពិបាកបន្តិចដែរ ដោយសារគាត់ពាក់មួកសុវត្ថិភាពអីចឹងណា។ ប្រសិនបើគាត់អត់ពាក់មួយអីទេ យើងឃើញមុខវាច្បាស់»។
គណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ទាប់ពីការរំលាយគណបក្សប្រឆាំង សកម្មភាព និងការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់អតីតមន្រ្តីបក្សប្រឆាំងជាពិសេសសកម្មជនថា្នក់ជាតិនិងក្រោមជាតិ ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមានជំនាញ។ ករណីខ្លះ សកម្មជនទាំងនោះត្រូវបានកោះហៅទៅសាកសួរ និងចាប់ដាក់ពន្ធនាគារផងដែរ។
យោងតាមគណបក្សប្រឆាំង រហូតមកដល់ពេលនេះ យ៉ាងហោចណាស់សកម្មជនរបស់ខ្លួនចំនួន២៦នាក់ត្រូវបានកម្លាំងអាជ្ញាធរចាប់ឃុំឃាំងនៅពន្ធនាគារនិង១៤៧នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅសួរនាំរឿងការគាំទ្ររបស់ពួកគេចំពោះគណបក្សដែលត្រូវបានតុលាការកំពូលរំលាយ។
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានអំពាវនាវកាលពីថ្ងៃពុធ ឲ្យកម្ពុជាស្តារសិទ្ធិ និងសេរីភាពរបស់ប្រជាជនកម្ពុជាឡើងវិញ ដោយអ្នកស្រីចាត់ទុកថាបញ្ហាទាំងពីរកំពុងស្ថិតជាបញ្ហាកង្វល់នៅក្នុងប្រទេសកម្ពុជា៕