អ្នកគាំទ្រលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីពនិងជាទីប្រឹក្សាគណបក្សកម្លាំងជាតិ កំពុងធ្វើយុទ្ធនាការរៃអង្គាសប្រាក់ឲ្យលោក ដើម្បីបង់សំណងការខូចខាតជាង ៤០០ លានរៀល ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅក្នុងសំណុំរឿង «ញុះញង់» ពាក់ព័ន្ធនឹងការចេញសេចក្តីថ្លែងការណ៍អំពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ អំឡុងឆ្នាំ ២០២០។
នៅលើបណ្តាញសង្គមហ្វេសប៊ុកនាដើមសប្តាហ៍នេះ គេឃើញមានការចែកចាយសារអំពាវនាវឲ្យមានការចូលរួមបរិច្ចាគជួយលោក រ៉ុង ឈុន ដោយសារអំពាវនាវខ្លះមានភ្ជាប់នឹងរូបថតនៃការបរិច្ចាគចាប់ពី ១ ដុល្លារ ដល់ ១០០ ដុល្លារ និងខ្លះដល់ចំនួន ១.០០០ ដុល្លារ។
ការធ្វើយុទ្ធនាការនេះចាប់ផ្តើមឡើង បន្ទាប់ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញលោក យី សុខវួច បានបង្គាប់ឲ្យលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល រួមគ្នាសងសំណងការខូចខាតចំនួន ៤០០ លានរៀល ឬស្មើនឹងប្រមាណជា ១០ ម៉ឺនដុល្លារអាមេរិក ទៅឲ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក្នុងរយៈពេល ១ ខែ។ ក្នុងករណីមិនអនុវត្តតាម នោះតុលាការនឹងបន្តអនុវត្តតាមនីតិវិធីច្បាប់។ នេះបើយោងតាមលិខិតជូនដំណឹងស្តីពីការអនុវត្តដោយស្ម័គ្រចិត្ត ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលវីអូអេទទួលបាន។
លោក សុខ ធី ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ដែលបានចូលរួមបរិច្ចាគប្រាក់ចំនួន ៥ ដុល្លារឲ្យលោក រ៉ុង ឈុន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោកចូលរួមបរិច្ចាគដោយសារមិនចង់ឃើញលោក រ៉ុង ឈុន ប្រឈមមុខនឹងផ្លូវច្បាប់នៅពេលគ្មានលុយបង់ឲ្យគណៈកម្មាធិការចម្រុះព្រំដែន។
លោកថ្លែងថា៖ «ដោយសារអាណិតស្រណោះគាត់អ្នកប្រជាធិបតេយ្យ គាត់ជួយប្រទេសជាតិ រងអំពើអយុត្តិធម៌ ចេះតែជួយគ្នាអ៊ីចឹងហើយ។ ជួយម្នាក់តិចៗ ម្នាក់មួយដុល្លារ ម្នាក់ពីរដុល្លារ អ្នកស្រឡាញ់ប្រជាធិបតេយ្យមួយគគោក ជួយគ្នាទៅ។ បើយើងមិនជួយគ្នា អាចគាត់មានបញ្ហាផ្លូវច្បាប់ ផ្លូវអីអ៊ីចឹង»។
ចំណែកអ្នកស្រី ចៅ រតនៈ មន្រ្តីគណបក្សប្រឆាំងដែលអះអាងថាជាអ្នកគាំទ្រគណបក្សកម្លាំងជាតិ ប្រាប់វីអូអេថា ការចូលរួមបរិច្ចាគប្រាក់នេះគឺបង្ហាញពីទឹកចិត្ត មិនចង់ឃើញលោក រ៉ុង ឈុន ប្រឈមនឹងការឃុំខ្លួន។
អ្នកស្រី ចៅ រតនៈ ប្រាប់វីអូអេនៅថ្ងៃពុធថា៖ «នាងខ្ញុំ ទាំងបងប្អូនទាំងអស់គ្នាដែលកំពុងចូលរួម [យុទ្ធនាការមួយដុល្លារ] គឺមិនចង់ឃើញលោកគ្រូមានការឃុំខ្លួន និងការឃាត់ខ្លួនពីដីកាតុលាការទេ ព្រោះអីខ្លាចលោកគ្រូមិនមានថវិកាបង់ ឬមួយប្រឈមណាមួយ ធ្វើឲ្យមានការចាប់ចង ឬមួយឃុំខ្លួនលោកគ្រូ។ អ៊ីចឹងអ្វីដែលពួកខ្ញុំចូលរួមគឺពួកខ្ញុំមិនចង់ឃើញរូបភាពបែបនេះកើតឡើង»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការទាមទារសំណងជំងឺចិត្ត ១០ ម៉ឺនដុល្លារនេះ គឺជាសម្ពាធដ៏ធំសម្រាប់លោក។
លោកថ្លែងថា៖ «១០ម៉ឺនដុល្លារៗ ឃើញថា វាសម្បើមណាស់ វាធ្ងន់ធ្ងរណាស់ ដាក់សម្ពាធមកលើខ្ញុំធ្ងន់ធ្ងរមែនទែន ចំពោះបញ្ហាទារសំណង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាមិនអាចដាក់សម្ពាធឲ្យខ្ញុំធ្វើការផ្លាស់ប្តូរនូវជំហររបស់ខ្ញុំបានទេ។ ខ្ញុំនៅតែឈរជាមួយប្រជាពលរដ្ឋទន់ខ្សោយ។ ខ្ញុំនៅតែធ្វើការទាមទាររកសេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិខ្មែររបស់យើងផងដែរ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះបន្ថែមថា យុទ្ធនាការមួយដុល្លារដើម្បីប្រមូលលុយឲ្យរូបលោកដើម្បីបង់សំណងក្នុងសំណុំរឿងព្រំដែននេះ គឺបង្ហាញពីទឹកចិត្តរបស់ប្រជាពលរដ្ឋនិងសាមគ្គីភាព។
លោក រ៉ុង ឈុន ថ្លែងថា៖ «យើងឃើញថាទំហំលុយធំ ប៉ុន្តែទំហំទឹកចិត្តរបស់បងប្អូនជនរួមជាតិ នឹងមានទំហំធំជាងទឹកលុយថែមទៀត បើសិនជាយើងសាមគ្គីគ្នាម្នាក់បន្តិចៗ»។
លោក រ៉ុង ឈុន ថា លោកមិនទាន់អាចកំណត់ពេលវេលាដើម្បីបង់ប្រាក់ជំងឺចិត្តឲ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៅពេលណានៅឡើយទេ ដោយលោកថា លោកមិនមានប្រាក់ច្រើនបែបនោះទេ។
ក្នុងសំណុំរឿង«ញុះញង់»ពាក់ព័ន្ធនឹងព្រំដែននេះ ទាំងលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពី ២០ ខែ ដល់ ២ ឆ្នាំ។ ពួកគេត្រូវបានដោះលែងក្រោយបានអនុវត្តទោសក្នុងពន្ធនាគារបានជាង ១០ ខែ ហើយទោសនៅសល់ត្រូវបានតុលាការព្យួរ។
វីអូអេបានទាក់ទងអ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ប៉ុន្តែអ្នកស្រីបដិសេធមិនអត្ថាធិប្បាយ និងប្រាប់អ្នកសារព័ត៌មានវីអូអេឲ្យសួរទៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
គួរបញ្ជាក់ថា ការផ្តន្ទាទោសលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ បានរងការរិះគន់ពីក្រុមអង្គការសង្គមស៊ីវិលផ្នែកការពារសិទ្ធិមនុស្ស ដោយពួកគេបានចាត់ទុកការផ្តន្ទាទោសនោះថាប៉ះពាល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ៕
វេទិកាបញ្ចេញមតិ