ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី៖ លោក ស៊ុន ចន្ធី សម្រេច​​មិន​ប្តឹង​ទាស់​នឹង​ការ​កាត់​ទោស​​រូប​លោក​ដាក់​ពន្ធនាគារ​២ឆ្នាំ


រូបឯកសារ៖ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី លើកដៃស្វាគមន៍សមាជិក និងអ្នកគាំទ្ររបស់គណបក្សនៅទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី លើកដៃស្វាគមន៍សមាជិក និងអ្នកគាំទ្ររបស់គណបក្សនៅទីស្នាក់ការគណបក្សកម្លាំងជាតិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោក ស៊ុន ចន្ធី ប្រធាន​គណ​បក្ស​កម្លាំង​ជាតិ​បាន​សម្រេច​ចិត្ត​មិន​ប្តឹង​ទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់​នៅ​ក្នុង​សំណុំ​រឿង​របស់​លោក ​ដែល​លោក​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ញុះញង់ ​ក្រោម​ហេតុ​ផល​ថា​ លោក​មិន​មានជំនឿ​ចិត្ត​លើ​តុលាការ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​រូប​លោក​។ ​នេះ​បើ​តាម​មេធាវី​ការ​ពារ​ក្តី​របស់​ប្រធាន​គណ​បក្ស​ជំទាស់រូប​នេះ​។

កាល​ពី​ធ្នូ ​ឆ្នាំ​២០២៤ ​លោក ស៊ុន ចន្ធី ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ២ឆ្នាំ និង​បាន​ដក​សិទ្ធិ​របស់​លោក​មិន​ឱ្យបោះ​ឆ្នោត ​និង​ដក​សិទ្ធិ​មិនឱ្យឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​ស្ថាពរ និង​ពិន័យ​ជា​ប្រាក់ ​៤​លាន​រៀល ​ក្រោម​បទ​ចោទ​ប្រកាន់​«ញុះ​ញង់​បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ​បទ​ចោទ​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​រិះគន់​របស់​លោក​ក្នុង​ប្រទេស​ជប៉ុន ដែល​លោក​បាន​ជួប​ជាមួយ​អ្នក​គាំទ្រ ​ហើយ​និយាយ​អំពី​ការ​រើស​អើង​ខាង​នយោ​បាយ​នៅ​កម្ពុជា និង​ភាព​លម្អៀង​ខាង​នយោ​បាយ​នៅ​ក្នុង​ការ​ទទួល​បាន​បណ្ណ​ក្រីក្រ​។

លោក ​ជូង ជូងី មេធាវី​ការ​ពារក្តី​របស់លោក ស៊ុន ចន្ធី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា ​លោក ស៊ុន ចន្ធី ​សម្រេច​ចិត្ត​មិនប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ ​និង​តុលាការ​កំពូលនោះ​ទេ​។

លោក​បញ្ជាក់​ថា៖ ​«​លោក ស៊ុន ចន្ធី ​គាត់​សម្រេច​មិន​ប្តឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​ទេ​។ ហើយ​តាម​គាត់​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា​ គាត់​មិន​មាន​ជំនឿ​ថា​ ប្តឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​បាន​រួច​ខ្លួន​ទេ ​ដូច្នេះ​គាត់​ប្រាប់​ខ្ញុំ​ថា​ គាត់​សម្រេច​មិន​ប្តឹង​ទេ»។

ការ​បញ្ជាក់​របស់​លោក​មេធាវី ជូង ជូងី ​បន្ទាប់​ពី​មាន​លិខិត​សរសេរ​ដៃ​មួយ​ច្បាប់​ដែល​ត្រូវ​បាន​ចែក​ចាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដែល​មាន​ការ​អះអាង​ថាជា​អក្សរ​របស់​លោក ស៊ុន ចន្ធី ដែល​សរសេរ​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ពោធិ៍​សាត់ ទី​ដែលលោក​ត្រូវ​បាន​ឃុំ​ខ្លួន​។

ក្នុង​លិខិត​ដែល​ត្រូវ​បាន​ចែក​ចាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ ​លោក ស៊ុន ចន្ធី រៀប​រាប់​ថា​ ការ​ចាប់ខ្លួន ​និង​ការ​ដាក់​ពន្ធនាគារ​រូប​លោក​ជា​«ហេតុ​ផល​នយោ​បាយ​សុទ្ធ​សាធ»​ដែល​ធ្វើ​ឡើង​ក្រោម​រូបភាព​«បង្ក្រាប​យ៉ាង​ឃោរ​ឃៅ» ដើម្បី​បំបាត់​សំឡេង​ប្រឆាំងនៅ​កម្ពុជា​។

ក្នុង​លិខិត​នោះ លោក​បាន​រៀប​រាប់ថា​៖ ​«ខ្ញុំ​[លោក ស៊ុន ចន្ធី​] បាន​ត្រៀម​ចិត្ត​ ត្រៀម​កាយ​ ដោយ​បាន​ដឹង​ជាមុន​រួច​ទៅ​ហើយ​ថា ​នឹង​មាន​គ្រោះ​ថ្នាក់​អាក្រក់​កើត​ឡើង​លើ​រូប​ខ្ញុំ ​ចាប់​តាំង​ពីថ្ងៃ​ដំបូង​នៃការ​ចេញ​មុខតស៊ូ​នយោ​បាយ ដើម្បី​បុព្វ​ហេតុ​ សេរី​ភាព និង​យុត្តិ​ធម៌ ​ដោយ​សារ​ផ្លូវ​ឆ្ពោះ​ទៅ​គោល​ដៅ​ សេរី​ភាព យុត្តិ​ធម៌ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា ​គឺ​គ្មាន​ក្រាល​ដោយ​កម្រាល​ព្រំផ្កា​កូឡាប​ស្រស់​នោះ​ទេ​។​...​ជាមួយ​គ្នា​នេះ​ដែរ ​ខ្ញុំក៏​មិនចាំ​បាច់​ប្តឹង​ជំទាស់​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ផ្សេងទៀត​ឡើយ​ ដែល​នាំ​ឱ្យ​តុលាការ​ទាំង​នោះ ខាត​ពេល​វេលា​ឥត​ប្រយោជន៍​ ពីព្រោះ​ខ្ញុំ​បាន​ស្គាល់​ច្បាស់​ថា ​តុលាការ​សព្វ​ថ្ងៃ​ គឺ​គ្មាន​ឯក​រាជ្យ គ្មាន​យុត្តិ​ធម៌​ មហា​ពុក​រលួយ និង​ធ្វើ​តាម​បញ្ជា​នៃ​អំណាច​របស់​រដ្ឋា​ភិបាល ដើម្បី​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ឃោរ​ឃៅបំផុត​ទៅ​លើ​សកម្ម​ជន​នយោ​បាយ​បក្ស​ប្រឆាំង​ សកម្ម​ជន​សិទ្ធិ​មនុស្ស សកម្ម​ជន​សហ​ជីព សកម្ម​ជន​បរិស្ថាន សកម្ម​ជន​រង​គ្រោះ​ដីធ្លី និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ជាដើម​...​»។

លោក ស៊ុន ចន្ធី ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​ឧសភា​ ឆ្នាំ២០២៤ នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ ​គ្រា​ដែល​លោក​ទើបមកពី​ប្រទេស​ជប៉ុន​។

​វីអូអេ​បាន​សុំការ​អត្ថា​ធិប្បាយ​ពី​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ​តែ​លោក​ប្រាប់​ឱ្យអ្នក​សារព័ត៌​មាន​វីអូអេ​សួរ​ទៅ​តុលាការ​ជំនួស​វិញ។

វីអូអេ​មិន​ទាន់​អាច​សុំការ​ឆ្លើយ​តប​ពី​ លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​តុលាការ​ក្រុងភ្នំពេញ​បាន​នៅ​ឡើយ​ទេ​។

លោក​ រ៉ុង ឈុន ទីប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ ​ប្រាប់​វីអូអេ​ថា ​លិខិត​ដែល​ត្រូវ​បាន​ចែក​ចាយ​តាម​បណ្តាញ​សង្គម​នោះ ​ពិត​ជា​សរសេរ​ដោយ ​លោក ស៊ុន ចន្ធី ពិត​ប្រាកដ​មែន។ ​លោក​បន្ថែម​ថា ​អ្វី​ដែល លោក ស៊ុន ចន្ធី មិន​ប្តឹង​ទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់​ គឺ​ដោយ​សារ​តែ​ករណី​ភាគ​ច្រើន​នៅ​ពេល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចេញ​សាល​ក្រមបែប​ណា គឺ​តុលាការជាន់​ខ្ពស់​ ក៏​នៅតែ​រក្សា​ការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​ដដែល​ ហើយភាគ​តិច​ណាស់​ដែល​តុលាការ​ជាន់​ខ្ពស់​សម្រេច​ផ្ទុយ​ពី​តុលាការ​ជាន់​ទាប​។

លោក​ថ្លែង​ថា៖ ​«​អ្វី​ដែល​គាត់​មិន​ប្តឹង​ទាស់​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ដែល​គាត់​អះ​អាងនៅ​ក្នុង​លិខិត​របស់​គាត់ ​ដោយ​សារ​គាត់​មើល​ឃើញ​ថា​ប្រព័ន្ធ​តុលាការ ​ដែល​គាត់​បង្ហាញ​ការ​មិន​ទុក​ចិត្ត​ពី​ព្រោះ​គាត់​មើល​ឃើញ​ថា​ថ្នាក់​ក្រោម ក៏​ដូចជា​ថ្នាក់​លើ អ៊ីចឹង​បើ​ថ្នាក់​ក្រោម​សម្រេច​ម៉េច​ហើយ អាហ្នឹង​ថ្នាក់​លើ​ក៏សម្រេច​ គេ​ហៅ​ថា​រក្សា​ការ​សម្រេច​របស់​ថ្នាក់​ក្រោម»។

លោក រ៉ុង ឈុន មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​ លោក ​ស៊ុន ចន្ធី នឹង​ឈប់​ធ្វើ​នយោបាយ​ទាំង​ស្រុង ឬ​យ៉ាង​ណា​នោះ​ទេ ​ខណៈ​ លោក ស៊ុន ចន្ធី បាន​សម្រេច​ផ្ទេរ​សិទ្ធិ​ឱ្យ​គណបក្ស​ រៀប​ចំ​សមាជ​ដើម្បី​ជ្រើស​រើស​ប្រធាន​គណ​បក្ស​ថ្មី ​ជំនួស​រូប​លោក។

លោក រ៉ុង ឈុន បន្ថែមថា ​បើ​សិន​ជា​មានដំណោះ​ស្រាយ​នយោ​បាយ​ណា​មួយ នោះ​លោក ស៊ុន ចន្ធី នឹង​ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យគេ​បោះ​ឆ្នោត​ឡើង​វិញ​៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG