ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​គណបក្ស​កម្លាំង​ជាតិ​ខេត្តតាកែវ​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​ពី​បទញុះញង់


លោក ផាន់ សារ៉ាត់ ត្រូវបាន​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ថា លោក​បាន​ញុះញង់​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ខុស​ពី​ការពិត មាន​ចេតនា​ញុះញង់ និង​នាំឲ្យ​មាន​ការរើសអើង​ថ្នាក់​ដឹកនាំ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ (FACEBOOK / ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
លោក ផាន់ សារ៉ាត់ ត្រូវបាន​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ថា លោក​បាន​ញុះញង់​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ខុស​ពី​ការពិត មាន​ចេតនា​ញុះញង់ និង​នាំឲ្យ​មាន​ការរើសអើង​ថ្នាក់​ដឹកនាំ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ (FACEBOOK / ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

មន្រ្តី​គណបក្ស​កម្លាំង​ជាតិ​ក្នុង​ខេត្ត​តាកែវ​លោក ផាន់ សារ៉ាត់ ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ​លោកបាន​ញុះញង់​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ខុស​ពី​ការ​ពិត មាន​ចេតនា​ញុះញង់​ និង​នាំឲ្យ​មាន​ការ​រើស​អើង​ថ្នាក់​ដឹកនាំ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ។

តុលាការ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​រូប​លោក​ទៅ​ឃុំ​ខ្លួនក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ។

លោក ឃៀង សុណាឌីន ​អ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ ប្រាប់​វីអូអេ​ជា​សារ​អក្សរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​សុក្រ​ថា ​លោក ផាន់ សារ៉ាត់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញសម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី ​១ កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​មករា ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ឲ្យ​ដឹងថា ​តាម​ចម្លើយ​សារភាព​និង​ភស្តុតាង​ក្រោយ​ការ​សាកសួរ​របស់​សមត្ថកិច្ច​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ «លោក ផាន់ សារ៉ាត់ ពិត​ជា​បាន​ប្រព្រឹត្ត​សកម្មភាព​បំភ្លៃ​ព័ត៌មាននិង​ចែក​ចាយ​ព័ត៌មាន​មិនពិត​ ដែល​មាន​លក្ខណៈ​ញុះញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិ​សុខ​សង្គមពិតប្រាកដ​មែន»។

សមត្ថកិច្ច​មិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​តើ​លោក ផាន់ សារ៉ាត់ បង្ហោះ​សារ​បែប​ណារហូត​ដល់​រង​ការ​ចោទ​ប្រកាន់​ពី​បទញុះញង់​នោះ​ទេ។ សមត្ថកិច្ច​គ្រាន់​តែ​បញ្ជាក់​ថា​ ការ​ឃាត់​ខ្លួន​លោក ផាន់ សារ៉ាត់ មិន​ជាប់​ពាក់ព័ន្ធ​និង​ការ​គាប​សង្កត់​ ឬ​បំភិត​បំភ័យ​ផ្នែក​នយោបាយ​លើ​សិទ្ធិ​បញ្ចេញ​មតិនោះ​ទេ។

នៅ​លើ​ហ្វេសប៊ុក​របស់​លោក ផាន់ សារ៉ាត់ គេ​ឃើញ​មាន​ការ​ចែក​រំលែក​ការ​បង្ហោះ​សារ​របស់​មនុស្ស​មួយ​ចំនួន ក្នុង​នោះ​មាន​ករណី​កោះគុត​ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស ករណី​ធ្វើ​ឃាត​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិលោក លិម គិមយ៉ា ​និង​ករណី​តម្លៃ​ស្រូវ​ចុះ​ថ្លៃ​ជា​ដើម។

លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ប្រាប់​វីអូអេ​ថា ​តុលាការ​គួរតែ​ពិចារណា​ដោះលែង​លោក ផាន់ សារ៉ាត់ ឲ្យមាន​សេរីភាព​ឡើង​វិញ ដោយ​លោក​អះអាង​ថា​ លោក ផាន់ សារ៉ាត់ គ្រាន់​តែបញ្ចេញ​មតិ​ក្នុង​ន័យ​ស្ថាបនា​តែប៉ុណ្ណោះ។

លោក​ថ្លែងថា​៖ «យើង​ឃើញ​រូបភាព​បែប​ហ្នឹង​ចំពោះ​គណបក្ស​កម្លាំង​ជាតិ យើង​ចង់ឲ្យ​បញ្ឈប់​ទៅ​ ហើយ​អ្នក​ដែល​ប្រើប្រាស់​សិទ្ធិ​ បើសិន​ជា​មាន​ការ​ប៉ះទង្គិច​បែប​ណា​ យើង​ហៅ​គាត់​មក​អប់រំ​ម្តង ពីរ​ដង​សិន។ បើគាត់​នៅ​តែ​បន្ត​ យើង​ចាំ​ឈាន​ទៅ​ដល់​ការ​នាំ​ខ្លួន​ វា​ជា​រូបភាព​ល្អ​ប្រសើរជាង។ ស្អីនាំ​ខ្លួនៗ វា​ធ្វើ​ឲ្យ​អន្តរ​ជាតិនិងជាតិគេ​រិះគន់​ដល់​រដ្ឋាភិបាល​កម្ពុជា»។

អ្នកស្រី អឿន ម៉ៅ អាយុ ៤៥ ឆ្នាំ ភរិយា​របស់​លោក ផាន់ សារ៉ាត់ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា ​អ្នកស្រី​ស្នើឲ្យ​មាន​ការ​ដោះលែង​ស្វាមី និងថា ​អ្នកស្រី​ក៏​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​បុគ្គល​ណា​ឡើយ​អំពី​ស្វាមី​របស់​អ្នកស្រី​ បើទោះបី​ជា​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​ពីអ្នកនាំពាក្យនៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ក៏​ដោយ។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ប្លង់ សុផល អ្នកនាំ​ពាក្យ​អយ្យការនៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក អ៊ី រិន្ទ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​ លោក ផាន់ សារ៉ាត់ អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​ក្រុង​ដូនកែវ ខេត្តតាកែវនៃគណបក្សកម្លាំងជាតិ ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ​ ២០២៥ វេលា​ម៉ោង​៤​ល្ងាច នៅ​ភូមិ​ធន់មន សង្កាត់​បារាយ​ណ៍ ក្រុង​ដូនកែវ ខេត្តតាកែវ ដោយ​ជន​ស្លៀក​ពាក់​ស៊ីវិលដោយ​មិន​ដឹង​ពី​មូល​ហេតុ និង​មិនមាន​ការបង្ហាញ​ពី​ដីកា​ចាប់​ខ្លួន​ឡើយ។ នេះ​បើ​តាម​ក្រុម​គ្រួសារ​របស់​លោក ផាន់ សារ៉ាត់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG