ក្រុមគ្រួសាររបស់មន្រ្តីគណបក្សកម្លាំងជាតិដែលត្រូវចាប់ខ្លួនកាលពីថ្ងៃអង្គារបានស្នើឲ្យអាជ្ញាធរដោះលែងលោក ផាន់ សារ៉ាត់ អនុប្រធានគណៈកម្មាធិការប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវនៃគណបក្សកម្លាំងជាតិ ខណៈពួកគេអះអាងថា មកដល់ពេលនេះ ពួកគេមិនទាន់មានដំណឹងអ្វីអំពីលោក ផាន់ សារ៉ាត់ ឡើយ។
អ្នកស្រី អឿន សំអន អាយុ ៤២ ឆ្នាំដែលត្រូវជាប្អូនថ្លៃរបស់លោក ផាន់ សារ៉ាត់ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា លោក ផាន់ សារ៉ាត់ ពិតជាត្រូវបានជនស្លៀកពាក់ស៊ីវិលជិះរថយន្តពីរគ្រឿងបានចុះមកចាប់នៅផ្ទះកាលពីថ្ងៃទី ២៨ ខែមករាកន្លងទៅ។ អ្នកស្រីថា ជនទាំងនោះមិនបានប្រាប់ពីមូលហេតុអ្វីឡើយនៅពេលចាប់ខ្លួនលោក ផាន់ សារ៉ាត់។ អ្នកស្រីបន្ថែមថា មកដល់ពេលនេះ ក្រុមគ្រួសារក៏មិនមានដំណឹងអ្វីអំពីលោក ផាន់ សារ៉ាត់ ថាតើលោកស្ថិតនៅទីកន្លែងណាដែរ។
អ្នកស្រីថ្លែងថា៖ «សំណូមពរគ្រាន់តែថា បើនាំគាត់ទៅដល់ណា សូមផ្តល់ដំណឹងដល់គ្រួសាររបស់គាត់ដឹងផង ជួយផ្តល់ដំណឹង និងដោះលែងគាត់មក។ គ្រួសារគាត់បារម្ភ។ គាត់ស្លូតបូតណាស់ អ្នកភូមិគេអាណិតស្រឡាញ់ទាំងអស់ហ្នឹង ឥឡូវអ្នកភូមិ បងប្អូន ប្រជាជន គេមកសួរពេញផ្ទះ»។
បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ លោក ផាន់ សារ៉ាត់ អាយុ ៤៧ ឆ្នាំ អនុប្រធានគណ:កម្មាធិការប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៤ល្ងាច នៅភូមិធន់មន សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដោយជនស្លៀកពាក់ស៊ីវិលដោយមិនដឹងពីមូលហេតុ និងគ្មានការបង្ហាញពីដីកាចាប់ខ្លួនឡើយ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ម៉ែន លី ស្នងការខេត្តតាកែវ បាននៅឡើយទេ។
លោក នុត សារុម នាយករងផ្នែកព្រហ្មទណ្ឌនៅក្រុងដូនកែវ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា លោក ផាន់ សារ៉ាត់ ត្រូវបានបញ្ជូនទៅរាជធានីភ្នំពេញហើយ។ ប៉ុន្តែលោកក៏មិនបានបញ្ជាក់អំពីមូលហេតុនៃការចាប់ខ្លួននេះឡើយ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបដិសេធមិនអត្ថាធិប្បាយ ដោយឲ្យវីអូអេទាក់ទងទៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានដែរ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន យល់ថា ការចាប់ខ្លួននេះគឺជាការធ្វើ «ទុក្ខបុកម្នេញ» ដល់អ្នកនយោបាយជាថ្មីម្តងទៀត។ លោកស្នើឲ្យបញ្ឈប់ការចាប់ចងសកម្មជននយោបាយ។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា នេះជាសារថ្មីមួយទៀតក្នុងការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ ការគំរាមកំហែងដល់អ្នកនយោបាយ ក៏ដូចជាសកម្មជននយោបាយគណបក្សប្រឆាំង»។
បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ការចាប់ខ្លួនលោក ផាន់ សារ៉ាត់ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការអនុវត្តគោលការណ៍លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា។
គណបក្សមួយនេះក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចដោះលែងលោក ផាន់ សារ៉ាត់ និងអ្នកជាប់ឃុំនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវបរិយាកាសនយោបាយល្អ ដល់គ្រប់គណបក្សនយោបាយក្នុងការធ្វើសកម្មភាពនយោបាយ ដោយមិនមានការព្រួយបារម្ភ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា៕
វេទិកាបញ្ចេញមតិ